ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក​កឹម សុខា ​ព្រោះ​ដាច់​ចរន្ត​អគ្គិសនី​


ប៉ូលិស​ល្បាត​រថយន្តដឹក​អតីតមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃអង្គារ​កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ប៉ូលិស​ល្បាត​រថយន្តដឹក​អតីតមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃអង្គារ​កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​លើក​សវនាការ​លើក​ទី៧​របស់​លោក ​កឹម សុខា ​ក្រោម​ហេតុផល​ដាច់​ចរន្ត​អគ្គិសនី។​ នេះ​បើ​តាម​សហមេធាវី​ការពារ​ក្តី​លោក កឹម សុខា។​

សវនាការ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​ចូលរួម​តាម​ដាន​ដោយ​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​បណ្តា​អង្គទូត​បរទេស​មួយ​ចំនួន​ផង​ដែរ។​

លោក អាង ឧត្តម ផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មាន ក្រោយសវនាការត្រូវបានរំសាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក អាង ឧត្តម ផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មាន ក្រោយសវនាការត្រូវបានរំសាយនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក អាង ឧត្តម​ សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយ​សវនាការ​ត្រូវ​បាន​រំសាយ​ថា ​នៅពេល​ដែល​សវនាការ​ចាប់​ផ្តើម​នៅ​នាទី​ដំបូង ​សហ​មេធាវី​ការពារ​ក្តី​បាន​លើក​ឡើង​បាន​៣​ទៅ​៤​សំណួរ​ ហើយ​បម្រុង​នឹង​បន្ត​សំណួរ​ផ្សេង​ទៀត​ ស្រាប់តែ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​សាល​សវនាការ។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក៏​ប្រកាស​លើក​ពេល​ ដោយសារ​តែ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​សាល​សវនាការ​ ហើយ​សវនាការ​របស់​អតីត​មេបក្ស​ប្រឆាំង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃទី​៩ខែ​ឧសភា​វិញ។​

លោក​ថ្លែង​ថា៖​ «ថ្ងៃ​នេះ​យើង​អត់​បាន​ធ្វើ​សវនាការ​អី​ធំដុំ​ទេ​ដោយសារ​តែ​ដាច់​ភ្លើង​ម៉ោង​៩:២០​នាទី បន្ទាប់​ពី​រង់ចាំ​ប្រហែល​កន្លះ​ម៉ោង​តុលាការ​សម្រេច​ថា​ លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​៩​ ខែ​ឧសភា ​ខែ​ក្រោយ​ទៅ​វិញ។ ​

ហើយ​មុន​នឹង​ដាច់​ភ្លើង​យើង​បាន​ធ្វើ​សវនាការ​ខ្លី​មួយ​ដែរ ​គឺ​ដល់​ពេល​ដែល​យើង​ខ្ញុំ​ជា​មេធាវី​ហ្នឹង​សួរ​សំណួរ​ឯកឧត្តម​ កឹម សុខា ​បន្ត​ពី​ភាគ​មុន​ទាក់ទង​នឹង​អង្គហេតុ​ចោទ​ប្រកាន់​នានា»។​

សវនាការ​របស់​លោក​កឹម សុខា ​ដែល​បាន​បន្ត​ដំណើរ​ការ​ជា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង​ជា​រឿយៗ​ប្រើ​ពេល​យ៉ាង​តិចណាស់​ជាង​៣​ម៉ោង​ ​ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សវនាការ​បាន​ប្រព្រឹត្ត​ទៅ​មិន​ដល់​៣០​នាទី​ផង។​

ទោះយ៉ាង​ណា​ សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​មួយ​រូប​ទៀត​គឺ​អ្នកស្រី ​ម៉េង សុភារី ​បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ ​ក្រុម​មេធាវី​ការពារក្តី​បាន​បន្ត​សួរ​សំណួរ​លោក ​កឹម សុខា​ ពាក់​ព័ន្ធ​នឹង​អង្គ​ហេតុ​មួយ​ចំនួន​អំពី​អំពើ​ក្បត់​ជាតិ និង​គម្រោង​ការ​នៃ​គប់គិត​ជាមួយ​បរទេស​ ដើម្បី​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុខសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៦ នៅពីមុខសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី​បាន​បន្ថែម​ថា ​មេធាវី​ការពារ​ក្តី​បាន​សួរ​លោក ​កឹម សុខា ​អំពី​ទំនាក់​ទំនង​ជាមួយ​អង្គការ​បរទេស​មួយ​ចំនួន​ដូចជា ​NDI ​និង ​IRI​ ហើយ​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ឬ​យ៉ាង​ណា​ពី​អង្គការ​អន្តរជាតិ​ទាំង​ពីរ​នេះ។​

អ្នកស្រី​ថ្លែង​ថា៖​ «សំណួរ​ដែល​យើង​សួរ​គឺ​ទាក់ទង​ទៅ​នឹង​រឿង​ថា​ តើ​គាត់​បាន​មាន​គំនិត​គប់គិត ​រៀបចំ​ផែនការ​សម្ងាត់​ជាមួយ​បរទេស​ណា​ដើម្បី​ប្រឆាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែរ​ឬទេ?​ ថា​ តើ​បរទេស​ដែល​គាត់​ធ្លាប់​ទំនាក់​ទំនង​កន្លង​មក​ដូចជា ​NDI​ (​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ) ​IRI​ (វិទ្យាស្ថាន​អន្តរ​ជាតិ​សាធារណ​រដ្ឋ​របស់​សហ​រដ្ឋ​អាមេរិក)​ USAID ​តើ​អង្គការ​ទាំង​អស់​ហ្នឹង​ដែល​គាត់​ធ្លាប់​បាន​ទំនាក់​ទំនង​ក្នុង​គោល​បំណង​ដើម្បី​ប្រឆាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឬ​មួយ​ក៏​ដើម្បី​ផល​ប្រយោជន៍​កម្ពុជា?»​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លោក ​ឃុន លាងម៉េង​បាន​នៅ​ឡើយ​ទេ។​

ពាក់​ព័ន្ធ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​អំ សំអាត ​យល់​ឃើញ​ថា ​ជា​ករណី​នៃ​ការ​សិក្សា​ថ្មី​មួយ​សម្រាប់​តុលាការ ​និង​ក្រសួង​យុត្តិធម៌​ ដើម្បី​យក​ទៅ​ពិនិត្យ​មើល​ និង​ស្វែង​រក​ដំណោះ​ស្រាយ​មិន​ឱ្យ​បញ្ហា​នេះ​កើត​មាន​តទៅ​ទៀត​ ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា។​

លោក​ថ្លែង​ថា៖​ «កាល​ណា​ប្រសិន​បើ​មាន​ការ​ដាច់​ភ្លើង​ហើយ​មិន​អាច​ភ្លើង​ភ្ជាប់​បាន​ ហើយ​មាន​ការ​លើក​ពេល​ហ្នឹង​ក៏​វា​ប៉ះពាល់​ដែរ​សម្រាប់​សិទ្ធិ ​ឬ​ក៏​ការ​ធ្វើ​ដំណើរ​ ប្រសិន​បើ​ជា​សាក្សី ​ឬក៏​ជន​ត្រូវ​ចោទ​ដែល​បញ្ជូន​ពី​ពន្ធនាគារ​មក​ដើម្បី​សវនាការ​ហើយ​លើក​ពេល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ​ ត្រឡប់​ទៅ​ត្រឡប់​មក​ ហើយ​សាក្សី​ត្រូវ​ចូល​បំភ្លឺ​អី​ត្រូវ​លើក​ពេល​គាត់​ត្រូវ​ចំណាយ​ពេល​ផ្សេង។​ហ្នឹង​សុទ្ធ​តែ​រឿង​ប៉ះពាល់។ ​មួយ​ទៀត​ក៏​វា​ជា​ការ​ប៉ះពាល់​ដល់​អារម្មណ៍​សម្រាប់​មន្រ្តី​ ចៅក្រម​ ព្រះ​រាជអាជ្ញា​ដែល​គាត់​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ដែរ​ ព្រោះអី​ដាច់​ភ្លើង​វា​នឹង​ប៉ះពាល់​នឹង​បរិស្ថាន ​ពាក់ព័ន្ធ​នឹង​ភាព​ស្អុះស្អាប់​អី​ជាដើម»។​

យ៉ាងណាមិញ ​កាលពី​ថ្ងៃទី​៧ ខែ​មេសា​នេះ ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ក្នុង​រដូវប្រាំង​ ឆ្នាំ​២០២៤​នេះ ​ស្ថិត​ក្នុង​បាតុភូត​អែលនីញ៉ូ ​(El Nino)​ ដែល​ចាប់​ពី​ដើម​ខែ​មេសា ​សីតុណ្ហភាព​កើន​កម្តៅ​ខ្លាំង​ បណ្តាល​ឱ្យ​ការ​ប្រើប្រាស់​អគ្គិសនី​ចេញ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​របស់​អគ្គិសនី​កម្ពុជា​កើន​ឡើង​ប្រមាណ​ជា​៣០% ​បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំមុន។​ អគ្គិសនី​កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី​សន្សំ​សំចៃ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​ក្នុង​អំឡុង​ពេល​មាន​ការ​ខ្វះខាត​ប្រភព​អគ្គិសនី។​

អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​គប់​គិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ​កាល​ពី​ឆ្នាំ ​២០២៣ ​ហើយ​តាម​ការ​ផ្តន្ទាទោស​នោះ​ លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈពេល ​២៧ ​ឆ្នាំ។​

ស្រប​ពេល​ការ​ជំនុំ​ជម្រះ​បណ្តឹង​សាទុក្ខ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​បាន​បន្ត​នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ ដូចជា​លោក​គង់ សភា​ កូន​ប្រុស​លោក​គង់ គាំ ​និង​លោក​ជា ប៉ូច​ បាន​ចេញ​លិខិត​សុំ​ការ​អភ័យទោស​ពី​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ ចំពោះ​សកម្មភាព​កន្លង​មក​ដែល​នាំ​ដល់​ការ​កសាង​សំណុំ​រឿង​នៅ​តុលាការ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​និង​ការ​ដក​សិទ្ធិ​នយោបាយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG