ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​មិន​កោះហៅ​មន្ត្រី​នគរបាល​មក​បំភ្លឺ​ពីការ​ចាប់​ខ្លួន​លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។

តុលាការ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ច្រាន​ចោល​សំណើ​របស់​សហ​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម សុខា​ ដែល​ស្នើ​សុំ​ឱ្យ​មាន​ការ​កោះ​ហៅ​មន្ត្រី​នគរបាល​មក​បំភ្លឺ​ការ​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ​កាល​ពី​ឆ្នាំ​ ២០១៧​ ក្រោម​ហេតុផល​ថា ​ការ​កោះ​ហៅ​មន្ត្រី​នគរបាល​គួរ​តែ​ធ្វើ​ឡើង​ក្នុង​តំណាក់​កាល​ស៊ើប​សួរ។ ​នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា។​

សវនាការ​លោក​ កឹម សុខា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គឺ​ជា​សវនាការ​លើក​ទី​ ៩ ​ដែល​មាន​ការ​ចូលរួម​ឃ្លាំ​មើល​ពី​មន្ត្រី​ទូត​មួយ​ចំនួន​ និង​តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស។​

ក្រោយ​បញ្ចប់​សវនាការ​លើក​ទី​៩​របស់​លោក ​កឹម សុខា​ នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​សវនាការ​លោក ​កឹម សុខា ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ តុលាការ​បាន​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​អាន​កំណត់​ហេតុ ​ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា។ ​ ប៉ុន្តែ​ខាង​តុលាការ​ក៏​មាន​ការ​សម្រេច​ចិត្ត​មួយ​ ដោយ​បាន​បដិសេធ​សំណើ​របស់​សហ​មេធាវី​របស់​លោក ​កឹម សុខា ​ចំពោះ​ការ​ស្នើ​ឱ្យ​កោះហៅ​មន្រ្តី​នគរបាល​យុត្តិធម៌​មក​បំភ្លឺ​ ពាក់​ព័ន្ធ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​កាល​ពី ​៧ ​ឆ្នាំ​មុន។​

លោក​ថ្លែង​ថា៖​ «តុលាការ​បាន​ធ្វើ​ការ​បដិសេធ​នូវ​ការ​ស្នើ​សុំ​របស់​មេធាវី​ក្នុង​ការ​កោះហៅ​មន្រ្តី​នគរបាល​យុត្តិធម៌​មក​ធ្វើ​ការ​សាក​សួរ​ ដោយ​លើក​ឡើង​ថា ​ដំណាក់​កាល​ហ្នឹង​គឺ​ត្រូវ​ធ្វើ​នៅ​ដំណាក់​កាល​ចៅ​ក្រម​ស៊ើប​សួរ​ មិន​មែន​ធ្វើ​នៅ​ដំណាក់​កាល​ជំនុំ​ជម្រះ​ទេ។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​យើង​ឃើញ​ថា សហ​មេធាវី​របស់​ឯក​ឧត្តម​ កឹម សុខា ​ហាក់​ដូច​ជា​មិន​អស់​ចិត្ត​នៅ​ក្នុង​រឿង​នេះ​ទេ»។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី ៣​ ខែ​កញ្ញា​នៅ​ឆ្នាំ​ ២០១៧ ​ភ្លាមៗ​ក្រោយ​ពេល​វីដេអូ​របស់​លោក​ជាង​ ១​ម៉ោង ​ដែល​លោក​បាន​ថ្លែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​អំពី​យុទ្ធ​សាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​គេ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ឡើង​វិញ។ ​វីដេអូ​នេះ​បាន​ក្លាយ​ជា​ភស្តុតាង​ក្នុង​ការ​កាត់​ក្តី​លោក ​កឹម សុខា​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ក្រោយ​មក​បាន​ផ្តន្ទាទោស​លោក ​កឹម សុខា ​ឱ្យ​ជាប់​ពន្ធនាគារ​ដោយ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈ​ពេល ​២៧ ​ឆ្នាំ។​

សហ​មេធាវី​ការពារ​ក្តី​របស់​លោក ​កឹម សុខា ​អ្នកស្រី ​ម៉េង សុភារី ​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​មុខ​សាលា​ឧទ្ធរណ៍​ថា ការ​ស្នើ​ឱ្យ​មាន​ការ​កោះ​ហៅ​មន្រ្តី​នគរបាល​យុត្តិធម៌​នេះ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​កូន​ក្តី។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ទាក់ទង​ទៅ​នឹង​សំណើ​កោះ​ហៅ​មន្រ្តី​នគរបាល​យុត្តិធម៌​នេះ ​ដោយ​យើង​យល់​ឃើញ​ថា​ វា​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ឯកឧត្តម ​កឹម សុខា។​ អ៊ីចឹង​ហើយ​ ទើប​បាន​ជា​សហ​មេធាវី​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​មាន​ការ​កោះហៅ​មន្រ្តី​នគរបាល​យុត្តិធម៌»។​

អ្នកស្រី ម៉េង សុភារី សហមេធាវីលោក កឹម សុខា ឈរមុខសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
អ្នកស្រី ម៉េង សុភារី សហមេធាវីលោក កឹម សុខា ឈរមុខសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក ផែង ហេង សហមេធាវីលោក កឹម សុខា ឈរមុខសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
លោក ផែង ហេង សហមេធាវីលោក កឹម សុខា ឈរមុខសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

សហ​មេធាវី​ លោក ​កឹម​ សុខា ​ម្នាក់​ទៀត​គឺ​លោក ​ផែង ហេង ​បាន​បញ្ជាក់​ថា ​ក្នុង​សវនាការ​ថ្ងៃ​នេះ​ សហ​មេធាវី​មិន​បាន​ដាក់​ភស្តុតាង​អ្វី​បន្ត​ទៀត​ទេ ​គ្រាន់​សហ​មេធាវី​ស្នើ​ឱ្យ​តុលាការ​កោះហៅ​មន្រ្តី​នគរបាល​យុត្តិធម៌​មក​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​ទាំង​យប់​កណ្តាល​អាធ្រាត្រ​ដើម្បី​សាកសួរ​បន្ថែម​នៅ​ចំពោះ​មុខ​សវនាការ ​ប៉ុន្តែ​ខាង​ចៅក្រម​បាន​បដិសេធ​សំណើ​នេះ។​

លោក​បន្ថែម​ទៀត​ថា​ លោក ​កឹម សុខា​ នៅ​តែ​រក្សា​ជំហរ​ដដែល​ថា ​លោក​មិន​បាន​ក្បត់​ជាតិ​ និង​មិន​បាន​នាំ​បរទេស​មក​ឈ្លានពាន​ជាតិ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ឯកឧត្តម​ កឹម សុខា ​គាត់​នៅ​តែ​ប្រកាន់​គោល​ការណ៍​ថា​ គាត់​មិន​បាន​ក្បត់​ជាតិ ​មិន​បាន​នាំ​បរទេស​មក​ឈ្លាន​ពាន​ឬ​ក៏​កាត់​ដី​ឱ្យ​បរទេស​ឬ​ក៏​ផ្តល់​មធ្យោបាយ​ជា​សព្វាវុធ​ឬ​ជា​ព័ត៌មាន​ចារកម្ម​ទៅ​ឱ្យ​បរទេស​ទេ។ ​គាត់​ជា​អ្នក​ស្រឡាញ់​ជាតិ​ ស្រឡាញ់​ប្រទេស​កម្ពុជា​ គោរព​ព្រះ​មហា​ក្សត្រ ​និង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​គាត់​តែងតែ​ចង់​ឃើញ​ការ​ដឹកនាំ​មួយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក៏​ដូច​ជា​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ការ​ផ្សះ​ផ្សា​ជាតិ»។​

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លោក​ឃុន លាងម៉េង​ប្រាប់​វីអូអេ​ថា ​សំណើ​របស់​សហ​មេធាវី​របស់​លោក​ កឹម សុខា ​ក្នុង​ការ​ហៅ​មន្ត្រី​នគរបាល​មក​បំភ្លឺ​ម្តង​ទៀត​ចំពោះ​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ ជា​រឿង​មិន​ចាំបាច់​ ដោយ​សារ​មន្ត្រី​ទាំង​នោះ​ធ្លាប់​ត្រូវ​បាន​កោះហៅ​មក​សួរនាំ​រួច​ហើយ។​ ​

លោក​ថ្លែង​ថា៖​ «បាទ!​ ដោយ​សារ​តែ​អត់​មាន​ភាព​ចាំបាច់​ដើម្បី​ធ្វើ​ការ​សួរ​ឡើង​វិញ​ ព្រោះ​ថា​ មន្រ្តី​ដែល​ចុះ​បំពេញ​កាតព្វ​កិច្ច​ហ្នឹង​គឺ​ត្រូវ​បាន​សាកសួរ​រួច​ហើយ ​អស់​ហើយ»។​

បន្ទាប់ពី​សវនាការ​លើក​ទី ៩​ បាន​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ កឹម សុខា​ នឹង​មក​ចូល​រួម​សវនាការ​ជា​ថ្មី​ទៀត​ នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ៦ ​ខែ​មិថុនា​ខាង​មុខ​នេះ។​

គួរ​រំឭក​ថា​ លោក​ កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​រួម​គំនិត​ជាមួយ​បរទេស​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពីក្រោយ។ ​តែ​ទាំង​លោក ​កឹម សុខា​ និង​សហ​រដ្ឋ​អាមេរិក​បដិសេធ។ ​

លោក​ កឹម សុខា ​ធ្លាប់​ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ អ្វី​ដែល​ជា​យុទ្ធ​សាស្រ្ត​នយោបាយ​របស់​លោក​គឺ​ផ្តោត​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។​ ហើយ​យុទ្ធ​សាស្រ្ត​របស់​លោក​ដែល​គេ​ថា ​ឬ​ គេ​មិន​យល់​ច្បាស់​នោះ​គឺ​យុទ្ធ​សាស្រ្ត​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ខ្លៅ ​ខ្លាច​ ឃ្លាន។​

បើ​តាម​លោក​ កឹម​ សុខា​ ​យុទ្ធ​សាស្រ្ត​នេះ​គឺ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ កុំ​ឱ្យ​ខ្លាច​ ឱ្យ​ហ៊ាន​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ​លោក​បន្ថែម​ថា​ គោល​ដៅ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ មិន​មែន​បដិវត្តន៍​ពណ៌​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG