ស្មាក្តីសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ១៣ រូប បានស្នើនៅក្នុងសាលសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ នៅមុនការប្រកាសសាលក្រមដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ នេះ។
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់នីតិវិធីធ្វើសេចក្តីសន្និដ្ឋានសំណុំរឿងក្តីរបស់សកម្មជនទាំង១៣នាក់ ពាក់ព័ន្ធនឹងបទចោទ«ញុះញង់ និងរួមគំនិតក្បត់» ដែលមានជាប់ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ និងចលនាសង្គ្រោះជាតិ ដែលទាមទារឲ្យដោះលែងមេដឹកនាំនយោបាយជំទាស់លោកកឹម សុខា និងអ្នកជាប់ឃុំឯទៀតដោយសាររឿងនយោបាយ និងការដំណើរការឡើងវិញនៃគណបក្សសង្គ្រោះជាតិ។
មេធាវីការពារក្តីឲ្យជនជាប់ចោទលោក សំ សុគង់ ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការបានបញ្ចប់សវនាការលើកចុងក្រោយរបស់ជនជាប់ ១៣ នាក់ខាងលើ បន្ទាប់ពីបានធ្វើសេចក្តីសន្និដ្ឋានការពារ និងចោទប្រកាន់លើបទចោទ ដែលតំណាងអយ្យការស្នើឲ្យតុលាការបន្តរក្សាទុកដើម្បីផ្តន្ទាទោសជនជាប់ចោទទាំង ១៣ នាក់ និងជនជាប់ចោទ ៧ នាក់ផ្សេងទៀតជាថ្នាក់ដឹកនំា និងមន្ត្រីជាន់ខ្ពស់របស់អីតតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស។
លោក សំ សុគង់ និយាយថា៖ «ទាក់ទងនឹងការសវនាការអស់រយៈពេលជាច្រើនថ្ងៃ ហើយបន្តរហូតដល់ថ្ងៃសន្និដ្ឋាននេះ ទាំងក្រុមមេធាវីការពារ ក៏ដូចជាកូនក្តីហ្នឹងបានស្នើសុំឲ្យតុលាការទម្លាក់បទចោទ ឲ្យកូនក្តីទាំងអស់រួចផុតពីបទចោទ ហើយជនជាប់ចោទខ្លួនឯងហ្នឹង ក៏សុំឲ្យតុលាការហ្នឹង ឲ្យខ្លួនរួចផុតពីបទចោទ និងដោះលែងឲ្យមានសេរីភាព ដោយសារពួកគាត់ហ្នឹងបានជាប់ឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំសវនាការហ្នឹងក្នុងម្នាក់ៗជិតពីរឆ្នាំហើយ ហើយពួកគាត់សុទ្ធតែមិនបានប្រព្រឹត្តនូវបទល្មើសដែលដូចការចោទប្រកាន់នោះទេ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត រំពឹងថា តុលាការនឹងលើកលែងការចោទប្រកាន់លើសកម្មជនទាំង ១៣ រូប នៅក្នុងសំណុំរឿងដែលមានជាប់ហេតុផលនយោបាយមួយនេះ។
បើតាមលោកមេធាវី សំ សុគង់ លោកចៅក្រម រស់ ពិសិដ្ឋ នឹងដឹកនាំក្រុមប្រឹក្សាជំនុំជម្រះធ្វើការប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែមីនា ខាងមុខដល់ជនជាប់ឃុំចំនួន ១៣ នាក់ដែលរួមមាន លោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ស៊ុន ធន់ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និងលោក ងិន ឃាន៕