មេធាវី​ថា សេរីភាព​ធ្វើ​នយោ​បាយ​របស់​លោក កឹម សុខា មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការរក្សា​បាន​ការអនុគ្រោះ​ពន្ធ

រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (AP Photo/Heng Sinith)

សហ​មេធាវី​ការពារ​ក្តីឱ្យ​លោក កឹម សុខា​ ផ្តល់​ការ​កត់​សម្គាល់​សេរីភាព​នយោបាយ​របស់​លោក ​កឹម សុខា ​ថា មាន​ទំនាក់​ទំនង​នឹង​ការ​រក្សា​បាន​ចំណង​ពាណិជ្ជកម្ម​មាន​លក្ខណៈអនុគ្រោះ​ជាមួយ​សហ​ភាព​អឺរ៉ុប​ ខណៈ​តុលាការ​បាន​បន្ត​បើក​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​អតីត​មេបក្ស​ជំទាស់​រូប​នេះ​ចំនួន​៣៩​លើក​ហើយ​ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​។

កាល​ពីដើម​ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ សមាជិក​សភារបស់​សហភាព​អឺរ៉ុប​ច្រើន​លើស​លប់​ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ​ដែល​បានបង្ហាញ​ការព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ និងបាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ» (Everything But Arms ឬ​ EBA) ​ទាំង​ស្រុង​ប្រសិនបើ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​មិនមាន​ភាពសេរី និង​យុត្តិធម៌។ ពួកគេ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ផង​ដែរ។

អ្នកស្រី ​ម៉េង​ សុភារី​ សហមេធាវី​លោក កឹម សុខា ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ខែ​ឧសភា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)​

ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អ្នក​ស្រី ម៉េង​ សុភារី​ សហមេធាវី​មួយរូប​ក្នុង​ចំណោម​សហ​មេធាវី​បួន​រូប​របស់​លោក​ កឹម សុខា​ ប្រាប់​អ្នក​កាសែត​ថា​ សវនាការ​នៅថ្ងៃ​ពុធ​នេះ​ មិន​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​ភាគី​តំណាង​អយ្យការ​ និង​មេធាវី​ដើម​បណ្តឹងបាន​បន្ត​សួរ​សំណួរ​ច្រំដែល​ ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ដែល​មាន​ភាព​ចន្លោះ​ប្រហោង​ និង​មិន​ត្រូវ​គ្នា​នឹង​បទ​ចោទ​សន្ទិដ្ឋិភាព​ជា​មួយ​រដ្ឋ​បរទេស​។

អ្នកស្រីបន្ត​ថា​ បើ​សិន​ជាគ្មាន​ភស្តុតាង​ច្បាស់​លាស់​គាំទ្រ​ដល់​បទ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ហើយ​សំណុំ​រឿង​នេះ​នៅ​តែ​បន្ត ប្រជាពលរដ្ឋ​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ប្រយោជន៍​ពាណិជ្ជកម្ម​ដែល​អនុ​គ្រោះ​ពន្ធ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម។

អ្នកស្រី​និយាយ​ថា៖ «អ្វី​ដែល​ជា​ការ​ទាមទារ​កន្លង​មក​ហ្នឹង​ គឺ​ទាមទារ​ទាក់​ទង​ទៅ​នឹង​បញ្ហា​រឿង​បោះឆ្នោត។ ដូច្នេះ​ហើយ​ បញ្ហា​ចោទ​ប្រកាន់​ទៅលើ​ឯក​ឧត្តម​ កឹម សុខា​ ពី​បទ​សន្ទិដ្ឋិភាព​ជា​មួយ​នឹង​បរទេសហ្នឹង​យើង​ឃើញ​ថា​ មាន​ការ​ប៉ះពាល់​ទៅ​ដល់​ទំនាក់​ទំនង​អន្តរជាតិ​ ហើយ​ដែល​បញ្ហា​នេះ​ គឺ​ហាក់​ដូច​ជា​ការ​ដើរ​បញ្ច្រាស​ទិស​រវាង​រដ្ឋាភិបាល​ដែល​ខិត​ខំ​កសាង​ ខិតខំ​រក្សា​ទំនាក់​ទំនង​អន្តរជាតិ​ ដើម្បី​ជា​ប្រយោ​ជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏ដូច​ជា​ សង្គម​ជាតិ​យើង​ផង​ដែរ​»។

អ្នក​ស្រី​បន្ថែម​ថា៖ «​ត្រង់​ចំណុច​នេះ​ ថាតើ​ប្រយោជន៍​ខ្មែរ​យ៉ាង​ម៉េច​? ទីមួយ​ គឺ​ដូច​ជា​បញ្ហា​ រឿង​ EBA។ បើ​ជា​បញ្ហា​ទំនាក់​ទំនង​នេះ​ ត្រូវបាន​រង្គោះ​រង្គើ​ នោះ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង​ ក៏ត្រូវ​បាត់​បង់​ទៅតាម​នោះ។ នេះ​ហើយ​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ បែប​ហ្នឹង​ទេ​។ ហើយ​បើសិន​ជា​ ប៉ះ​ពាល់​បែប​ហ្នឹង​ថាតើ​ អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​បាត់​បង់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ក៏ដូច​ជា​ផល​ប្រយោជ​ន៍របស់​ប្រជាពលរដ្ឋយើង»។

លោក កឹម សុខា​ ចាកចេញ​ពីសាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ​២០២២។ (ហ៊ុល​ រស្មី/វីអូអេ)

ស្រប​ពេល​តុលាការ​បើក​សវនាការ​លោក​ កឹម សុខា​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គេ​សង្កេត​ឃើញ​អ្នក​គាំទ្រ​ជាច្រើន​នាក់​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ឈរនិង​អង្គុយ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក ​កឹម សុខា ​បាន​ចាក​ចេញ​ពី​តុលាការ​ ក្រោយ​សវនាការ​រយៈពេល​ជាង៣ម៉ោង​។

លោក ​ហ៊ុន កុសល​ ដែល​ជាអ្នកគាំទ្រលោក ​កឹម សុខា​ អះអាង​ថា អវត្តមានរបស់​លោក​ កឹម សុខា​ ក្នុង​ឆាក​នយោបាយ​កម្ពុជា អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ និង​អាចធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​អនុ​គ្រោះសម្រាប់​ការ​នាំ​ទំនិញ​ចេញ​ដោយ​មិន​ជាប់​ពន្ធ​។

អ្នកគាំទ្រលោក ​កឹម សុខា​ គឺ​លោក​ ​ហ៊ុន កុសល ថ្លែង​ទៅកាន់សារព័ត៌មាន ភ្នំពេញ​ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០២២​។ (ហ៊ុល រស្មី/វីអូអេ)​

«​សិទ្ធិ​នយោបាយរបស់​លោក ​កឹម សុខា​ ក៏​តំណាង​ឱ្យអត្ថ​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ផង​ពាក់​ព័ន្ធនឹង​បញ្ហា​ការ​អនុគ្រោះ​ពន្ធ​ EBA ក្តី​ GSP ​របស់​សហរដ្ឋ​អាមេរិក​ក្តី​ ឬ​នយោបាយ​ការបរទេស​របស់កម្ពុជា​ទាំង​មូល​ក្តី​ គឺ​យើង​បាន​ឃើញ​ទាំង​អស់​គ្នា​ហើយ​ ទាំង​អូស្រ្តាលីក្តី​ ទាំង​សហរដ្ឋ​អាមេរិក​ក្តី​ សហគមន៍​អឺរ៉ុប​ទាំង​មូល​ក្តី​បាន​កំណត់​នូវ​សិទ្ធិ​សេរីភាព​របស់​លោកកឹម សុខា​ គឺ​ជា​លម្ហ​ប្រជាធិប​តេយ្យ​។ ដូច្នេះ គឺ​តំណា​ងឱ្យ​នយោបាយ​ការ​បរទេស​កម្ពុជា​ទាំង​មូល​ទៅ​ទៀត មិន​ត្រឹម​តែ​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ទេ»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​ក្តីក្តាំ​ដែល​ជាប់​ហេតុផល​នយោបាយរបស់​អតីត​មេបក្ស​ប្រឆាំង​មិន​គួរ​ត្រូវ​បាន​យក​ចាត់​ការ​តាម​ប្រព័ន្ធតុលាការ​ទេ ហើយ​រឿងនេះ​គួរ​តែ​ត្រូវ​បាន​សម្របសម្រួល​ទៅតាម​ការ​ចរ​ចា​នយោបាយ​ដោយ​ផ្ទាល់​ជាមួយ​គណបក្ស​កាន់​អំណាច​ ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ក្នុងដំណើរការ​កសាង​ប្រជាធិប​តេយ្យ​ និង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​។

លោក​និយាយ​ថា​៖ «មាន​តែមធ្យោបាយ​មួយ​ទេ​ គឺ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​កិច្ច​ជំនួប​ចរចា​រក​ដំណោះ​ស្រាយ​នយោ​បាយ​រវាង​អ្នក​នយោបាយ​ជា​ជាង​យើង​នៅ​តែ​បន្ត​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​តុលាការ​ ក្នុង​ការ​ដាក់​សម្ពាធ​គូភាគី​បែបនេះ​ វាធ្វើ​ឱ្យ​បញ្ហា​ទាំង​អស់​នេះ​ មិន​អាច​ដោះស្រាយ​បាន​ទេ។ ហើយ​ផល​ជះ​នៃ​អំពើ​ ការ​អនុវត្ត​កន្លងមក​ហ្នឹ​ងគឺ​ នឹង​ជះ​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទៅវិញ​ អាហ្នឹង​គឺ​ជា​អ្វីដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។

ស្ថាន​ទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តបសំណួរ​របស់​ VOA ​ផ្ញើតាម​សារ​អេឡិច​ត្រូនិក​អ៊ីមែល។ ចំណែក​មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​លោក​ Chad Roedemeier ស្នើ​ឱ្យ​អ្នក​យក​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​យោងទៅតាម​ការ​ធ្វើ​ការ​អត្ថាធិប្បាយ​របស់​លោក​ឯកអគ្គទូត​ W. Patrick Murphy ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

បើ​តាម​ការ​ធ្វើ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង Twitter នោះ លោក​ឯកអគ្គរដ្ឋ​ទូត​បាន​លើក​ឡើង​ថា​ លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក កឹម សុខា និង​បាន​បន្ថែមក្នុងន័យ​ដើមថា៖ «​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពីការ​ផ្តល់​ឡើងវិញ​នូវ​សេរីភាព​ និង​សិទ្ធិនយោបាយ​របស់​លោក កឹម សុខា ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត»។ ​

គួររំឭក​ឡើង​វិញ​ផងដែរ​ថា​ មុនពេល​ឡើង​តុលាការ​នៅថ្ងៃ​ពុធនេះ​ លោក កឹម សុខា​បាន​ជួបប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹងឯក​អគ្គរដ្ឋទូត​បីរូបសំខាន់​ៗរួមមានលោក​ ឯកអគ្គរដ្ឋ​ទូត​ W. Patrick Murphy អ្នកស្រី​ឯកអគ្គរដ្ឋ​ទូត​សហ​ភាពអឺរ៉ុប​ Carmen Moreno និង​លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ Christian Berger។ នេះបើតាម​សារបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការណ៍​របស់​អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា។

លោក​ កឹម សុខា​ ផ្តល់​ការអត្ថាធិប្បាយ​ថា​ ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ផ្សេង​ៗគ្នានោះ លោកបាន​ពិភាក្សា​ផ្លាស់​ប្តូរ​ព័ត៌មាន ​និង​ទស្សនៈ​គ្នា ​ដោយ​ធ្វើ​បច្ចុប្បន្នភាព​នូវព្រឹត្តិការណ៍​សំខាន់ៗដែលកើតមាន នៅ​សហភាព​អឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅកម្ពុជាថ្មីៗនេះ និង​ ជាពិសេសអំពីទំនាក់ទំនងនានា ដូចជា កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាតំបន់។ ដំណាលគ្នា​នោះ​ដែរ តំណាង​ប្រទេស​ជាមិត្ត​ក៏​លើក​ពី​បញ្ហា​លម្ហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ក៏ដូច​ជា​ការទាម​ទារ​រក​យុត្តិធម៌​ និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូល​រួម​សកម្មភាព​នយោបាយ​ផងដែរ។

លោក​បន្ថែម​ថា​ ជំនួបរបស់​លោកជាមួយ​តំណាងរដ្ឋ​បរទេស​ជាមិត្ត​មានន័យ​ពីរយ៉ាង​គឺ ទី១ លោក​គឺ​ជា​តួអង្គ​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​អាច​ចូល​រួម​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​ រវាង​ខ្មែរ​ និង​ ខ្មែរ​ដោយ​មាន​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ​បាន។ ទី២ ផ្តល់តម្លៃដល់លោក ដែល​ប្តេជ្ញា​ចិត្ត​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា​ និង​មិន​បោះ​បង់​ចោល​ឆន្ទៈ​ប្រជាពលរដ្ឋខ្មែរ ដោយ​មាន​ការ​អត់ធ្មត់​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជាធិបតេយ្យ​ជាធំ​ មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ និង​ដោយ​ប្រកាន់​យក​នូវ​គោល​ការណ៍​អហិង្សា។

អ្នក​នាំ​ពាក្យ​គណបក្សកាន់​អំណាច​លោក សុខ ឥសាន ប្រាប់វីអូអេ​នៅថ្ងៃ​ ពុធនេះថា​ សំណុំរឿង​លោក​ កឹម សុខា កំពុង​ស្ថិត​ក្នុងដៃ​តុលាការ​ដែលគ្មាន​ស្ថាប័ន​ណាលូកដៃ​បាន​ឡើយ។

លោក​ថ្លែង​ថា៖ «រឿង​ក្តី​កឹម សុខា​ហ្នឹង​ កំពុង​ស្ថិត​នៅក្នុង​តុលាការ​ដែល​តុលាការ​កំពុង​តែ​ដំណើរការ​តាម​នីតិវិធី​។អ៊ីចឹង​គឺ​អ្នក ដទៃ​ ក្រៅពី​តុលាការ​ អត់មាន​នរណា​ហ៊ាន​លូកដៃ​ជ្រៀត​ជ្រែក​ចូលកិច្ច​ការ​តុលាការ​ទេ»។ ​

ទាក់​ទិន​លទ្ធភាព​ដែល​សហភាពអឺរ៉ុប​ អាច​ដក​ប្រព័ន្ធអនុ​គ្រោះពន្ធ​ EBA ទាំងស្រុងពីកម្ពុជា​នោះ​ លោក សុខ ឥសានថា សហភាព​អឺរ៉ុបមាន​សិទ្ធិក្នុងការ​សម្រេច​លើ​បញ្ហានេះ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBAចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​នេះ​កើត​ឡើង ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕