សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសួរដេញដោលអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អំពីបាតុកម្មនានាដែលផ្ទុះឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ នៅក្នុងសវនាការលើកទី៥ដែលបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមសហមេធាវីការពារក្តីលោកកឹម សុខា និងមន្ត្រីសិទ្ធិមនុស្ស។
ថ្លែងជាមួយអ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ សហមេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានថ្លែងថា បាតុកម្មដែលធ្វើឡើងដោយអតីតគណបក្សសង្គ្រោះជាតិ មានគោលដៅចម្បងមួយ គឺទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតស្វែងរកភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត ពោលគឺមិនមែនជាលេសដើម្បីបំផ្ទុះហិង្សាឈានទៅធ្វើបដិវត្តន៍ដើម្បីច្បាមយកអំណាចនោះទេ។
អ្នកស្រី ម៉េង សុភារី ថ្លែងថា៖ «វាមិនមែនជាលេសណាមួយក្នុងការផ្តួលរំលំរដ្ឋាភិបាលទេ ហើយគាត់ក៏គ្មានគំនិតក្នុងច្បាមយកអំណាចខុសច្បាប់ណាមួយនៅក្នុងកម្ពុជាដែរ។ ហើយបាតុកម្មនេះ មិនមែនជាបាតុកម្មដើម្បីប្រឆាំងនឹងកម្ពុជាទេ ប៉ុន្តែជាបាតុកម្មដែលមានគោលដៅជាក់់លាក់គឺដើម្បីទាមទារឱ្យមានការបង្កើតគណៈកម្មការជុំវិញការបោះឆ្នោតពិតប្រាកដមែន»។
ក្នុងសវនាការលើកទី ៥ នេះ គេសង្កេតឃើញថា មន្ត្រីស្ថានទូត និងមន្ត្រីសិទ្ធិមនុស្សមួយចំនួនបានបន្តចូលរួមឃ្លាំមើលការសួរដេញដោលលោក កឹម សុខា ដែលនៅមិនអាចបង្ហាញមុខជាសាធារណៈរាល់ពេលលោកមកបង្ហាញខ្លួននៅសាលាឧទ្ធរណ៍ភ្នំពេញ។
លោក កឹម សុខា ដែលបាត់បង់អស់សិទ្ធិធ្វើនយោបាយ ក៏បន្តការពារខ្លួនថា លោកមិនបានប្រព្រឹត្តអំពើប្រទូសរ៉ាយ ដោយគប់គិតជាមួយបរទេសមកប្រឆាំងនឹង ឬ ឈា្លនពានកម្ពុជាទេ ពេលតុលាការឧទ្ធរណ៍ដេញដោលសួរលោករឿងបាតុកម្ម។
អ្នកស្រី ម៉េង សុភារី បន្ថែមថា បាតុកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ កើតឡើងដោយសាររឿងបោះឆ្នោតតែប៉ុណ្ណោះ ហើយក៏គ្មានគោលដៅបង្កហិង្សា ចូលព័ទ្ធអគាររដ្ឋាភិបាលដូចបណ្តាប្រទេសមួយចំនួននោះដែរ។
អ្នកស្រីប្រាប់អ្នកកាសែតថា៖ «បើសិនជាមានគំនិតបង្កើតអំពើហិង្សា ដូចនៅប្រទេសមួយចំនួនតែកាលណាគេមកដល់អគាររដ្ឋស្ថាប័ន មកដល់កន្លែងស្ថាប័នរដ្ឋគេចូល កាន់កាប់ហើយ តែនេះគឺអត់មាន ដែលវាបង្ហាញថាបាតុកម្មហ្នឹងគឺអហិង្សាពិតប្រាកដមែន»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងថា លោក កឹម សុខា ទទួលស្គាល់តែបាតុកម្មដែលធ្វើឡើងដោយស្របច្បាប់នៅទីលានប្រជាធិបតេយ្យចាស់ ចំណែកឯបាតុកម្មនៅទីតាំងផ្សេងដូចជានៅខេត្តកំពង់ចាម គឺជាការតវ៉ារបស់កម្មករ ហើយលោកទៅទីនោះក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។
លោកបន្ថែមថា លោក កឹម សុខា ក៏បានបដិសេធមិនឆ្លើយសំណួរមួយចំនួនដែលលោកធ្លាប់បកស្រាយរួចហើយនៅសាលាដំបូង ហើយឆ្លៀតពេលជិតចូលឆ្នាំប្រពៃ ណីខ្មែរនេះ លោកសុំឱ្យតុលាការផ្តល់សេរីភាពឱ្យលោកខ្លះ បានជួបជុំប្រពន្ធកូន។
លោកថ្លែងថា៖ «ក្នុងនោះដែរ ក៏លោកកឹម សុខា ស្នើសុំថា ពេលចូលរដូវចូលឆ្នាំនេះ គឺលោកសុំឱ្យមានសេរីភាពបន្តិច ដើម្បីជួបជុំប្រពន្ធកូន»។
លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញរកឃើញថា មានទោសពីបទ ក្បត់ជាតិ ហើយត្រូវដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ ជាមួយនឹងការផ្តន្ទាទោសនោះ សិទ្ធិធ្វើនយោបាយទាំងអស់របស់លោក កឹម សុខា ត្រូវបានដកហូត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
គេមិនទាន់ដឹងថា លោកកឹម សុខា មានលទ្ធភាពបានជួបកូនៗលោក ឬយ៉ាងណា នៅពេលលោកត្រូវតុលាការដាក់ឱ្យជាប់ឃុំតែក្នុងផ្ទះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មិនឆ្លើយសំណួររបស់វីអូអេ ដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះនៅឡើយទេ។
ដោយឡែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានលើកឡើងថា លោកបានចូលរួមសវនាការឧទ្ធរណ៍ក្នុងករណីលោក កឹម សុខា ដែលជាដំណើរការពិបាកមួយដែលចាប់ផ្តើមឡើងជាមួយការចាប់ខ្លួនគាត់នៅឆ្នាំ ២០១៧។ នេះបើតាមការអត្ថាធិប្បាយរបស់លោកលើប្រព័ន្ធទំនាក់ទំនងសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកមិនកាន់ជើងភាគីនយោបាយណាមួយទេ ប៉ុន្តែគាំទ្រប្រជាជនកម្ពុជានៅក្នុងការយកឱ្យបានលទ្ធិប្រជាធិបតេយ្យដែលរាប់បញ្ចូលគ្រប់ភាគីទាំងអស់ ហើយការបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូបអាចធ្វើទៅបានដោយគ្មានការភ័យខ្លាច»។
ផ្អែកតាមដំណាក់កាលនៃការបើកសវនាការដែលបានគ្រោងទុក លោក កឹម សុខា នឹងវិលត្រឡប់មកកាន់សាលាឧទ្ធរណ៍ភ្នំពេញម្តងទៀត នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ដើម្បីចូលរួមសវនាការលើកទី ៦ របស់លោក៕