មេធាវី៖ ខៀវ សំផន​មាន​សុខភាព​ល្អ​អាច​ចូលរួម​សវនាការ​កាត់​ទោស​បាន

ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​​នឹង​ឈាន​ចូល​អាយុ​៨៣​ឆ្នាំ​​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

សហ​មេធាវី​អន្តរជាតិ​របស់​ជនជាប់​ចោទ​ខៀវ សំផន បាន​ប្រកាស​ថា ​កូន​ក្តី​របស់​ខ្លួន​មាន​សុខ​ភាព​រឹង​មាំ​អាច​បន្ត​ឈរ​ក្នុង​សវនាការ​កាត់​ទោស​តទៅទៀត។

លោក​អាទួ​ វែកិន(Arthur Verken) ​បាន​និយាយ​នៅ​ក្នុង​សវនាការ​ស្តី​ពី​វិសាល​ភាព​នៃ​ការជំនុំ​ជម្រះ​សំណុំ​រឿង​០០២​វគ្គទី​២​កាលពី​ថ្ងៃ​អង្គារ​ថាខៀវ សំផន ​មិនទាន់​ជិត​ស្លាប់​ទេ។

«លោកខៀវ សំផន ​សុខសប្បាយ​ទេ។គាត់​មិនទាន់​ជិត​ស្លាប់​នោះ​ឡើយ។គាត់​នៅ​ទីនេះ។​គាត់នៅ​មាន​សុខ​ភាព​ល្អទេ»។

​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហមនឹង​ឈាន​ចូល​អាយុ​៨៣​ឆ្នាំនៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​មេធាវី​អាទួ វែកិន ដោយ​ប្រៀប​ធៀប​បញ្ហា​សុខភាពរបស់​កូន​ក្តី​ខ្លួន​ទៅ​នឹង​សុខភាព​របស់​ជនជាប់​ចោទ​នួន ជា​ ដែលជា​អតីតប្រធាន​សភា​ខ្មែរ​ក្រហម​និង​ជា​បងធំ​ទី​២​បន្ទាប់​ពី​ប៉ុល ពត។

«នៅ​ក្នុងនេះ​ព្រះ​ប្រទាន​ជីវិត​ដល់​គាត់​ហើយ​គាត់​ចង់ទទួល​ការ​កាត់​ទោសដោយ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់»។

ខៀវ សំផន ​ធ្លាប់​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​គេបញ្ជូន​ចូល​មន្ទីរ​ពេទ្យ​កាល់​មែត​ជា​បន្ទាន់។

ក្រោយ​ពី​ពេល​នោះ​មក​ជនជាប់ចោទ​រូប​នេះ​មាន​អាការៈ​ប្រទាញ​រាង​កាយ​បន្តិច​និងធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​សំឡេង​និយាយ​បន្តិច។

លោក​គង់ សំអុន ​សហមេធាវី​កម្ពុជា​របស់​ខៀវ សំផន ​បញ្ជាក់​ថា​ជំងឺ​លើស​ឈាម​នោះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បាន​របស់​ក្រុម​គ្រូ​ពេទ្យ​នៃ​សាលា​ក្តី​ខ្មែរក្រហម។

«សុខភាព​របស់​គាត់​អត់​មាន​អីទេ។​គ្រាន់​តែ​គាត់​ធ្លាប់​ផ្តាសាយធម្មតា​កាល​ពី​ជាង​មួយ​ខែ​មុន​នេះ​ពេល​ដែល​មាន​ការ​ប្តូរ​អាកាស​ធាតុ​ប៉ុន្តែ​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​គឺ​អត់​មាន​ទេ។​ដូច​លោក​បាន​ឃើញ​ហើយ​ គាត់​តែង​តែ​ចូល​រួម​សវនាការ​គ្រប់​លើក​ទាំង​អស់​មិន​ដែល​ខាន​ទេ»។

ជា​ការពិត​ខៀវ សំផន ​គឺជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់ដែល​មាន​សុខ​ភាព​មាំទាំក្នុង​ចំណោម​ជនជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២។​អៀង សារី ​អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ក្រហម​និង​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​មាន​អំណាច​ខ្ពស់​លំដាប់​ទី​៣​បាន​ស្លាប់កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១៣​នៅ​អាយុ​៨៧​ឆ្នាំ។​រីឯ​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ ​ដែល​ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​កើត​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ​ហើយ​ត្រូវ​ដោះ​លែងឲ្យ​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំ​ឃាំង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២។​ដោយ​ឡែកជន​ជាប់​ចោទ​នួន ជា ​អាយុ​៨៧​ឆ្នាំ​មិន​អាច​ចូល​រួមសវនាការ​ដោយ​ផ្ទាល់​បាន​ទេ​ដោយ​សារ​បញ្ហា​សុខ​ភាព។

លោក​នេត្រ ភក្ត្រា​ អ្នកនាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហមបញ្ជាក់​បន្ថែម​ថា​ខៀវ សំផន ​នៅ​មាន​សុខ​ភាព​ល្អ។​

«យើង​ឃើញ​ថា​លោកខៀវ សំផន​បានចូលរួម​សវនាការ​ជា​ប្រចាំ​ដោយសារ​គាត់​មាន​សុខភាព​ល្អ​ប្រសើរ​ជាងស្ថានភាព​សុខភាព​របស់​លោក​នួន ជា»។

ខៀវ សំផន​និង​នួន ជា ​ជាប់ចោទ​ពី​ឧ​ក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជ​សាសន៍។​ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ចុងឆ្នាំ​២០០៧​ពោល​គឺ​នួន ជា​និង​ខៀវ សំផន​ ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​អស់រយៈ​ពេល​ជិត​៧​ឆ្នាំ​ហើយ៕