ក្រុមមេធាវីការពារក្តីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជូនសំណុំរឿងកូនក្តីរបស់ពួកគេទៅជំនុំជម្រះ ដោយមិនមានការសាកសួរអ្នកពាក់ព័ន្ធ។
បណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីបួនរូបដែលការពារក្តីលោក កឹម សុខា បានបញ្ជាក់ឲ្យដឹងថា មេធាវីសម្រេចប្តឹងឧទ្ធរណ៍ដោយសារតែ «ចៅក្រមស៊ើបសួរបានរក្សាទុកជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល» និង «មិនបានស៊ើបអង្កេតឲ្យបានពេលលេញចំពោះភាគីពាក់ព័ន្ធ» ដើម្បីឆ្លើយតបទៅនឹងនីតិវិធីដែលថា ចៅក្រមស៊ើបសួរមានកាតព្វកិច្ចស៊ើបទាំងដោះបន្ទុក និងដាក់បន្ទុក មុននឹងចេញដីកាបញ្ជូនទៅជំនុំជម្រះ។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបដែលការពារក្តីឲ្យលោកកឹម សុខា ប្រាប់ VOA នៅថ្ងៃពុធនេះថា ការសម្រេចបញ្ជូនសំណុំរឿងរបស់លោកកឹម សុខាទៅជំនុំជម្រះនេះ មានភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរលើកូនក្តីរបស់លោក។
«កន្លងមកខាងសមត្ថកិច្ចបានចោទប្រកាន់កូនក្តីខ្ញុំថា បានប្រព្រឹត្តបទល្មើសដោយឃុបឃិតគ្នាជាមួយបរទេស ហើយរហូតដល់ពេលនេះ យើងអត់ទាន់ឃើញជនបរទេសណាមួយដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញហៅមកធ្វើការស៊ើបសួរនៅឡើយទេ។ ហើយមួយទៀត តាមនីតិវិធី ចៅក្រមគាត់ស៊ើបទាំងធ្វើការដាក់បន្ទុក និងធ្វើការដោះបន្ទុកនៅក្នុងរឿងក្តី។ ប៉ុន្តែក្នុងរឿងក្តីនេះ ចៅក្រមគាត់បានស៊ើបតែរឿងដាក់បន្ទុកលើកូនក្តីរបស់ខ្ញុំបាទទេ ចំណែកការស៊ើបអង្កេតដោះបន្ទុកលើកូនក្តីខ្ញុំបាទ គឺអត់ទាន់មានទេ»។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញបានសម្រេចបញ្ជូនសំណុំរឿងលោកកឹម សុខាទៅជំនុំជម្រះដោយបញ្ជាក់ថា ចៅក្រមស៊ើបសួរពិនិត្យឃើញថា«មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់»ដើម្បីកាត់ទោសលោកកឹម សុខាពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»តែមិនទាន់កំណត់កាលបរិច្ឆេទ។
នៅថ្ងៃទី៣ ខែធ្នូ ពោលគឺមួយថ្ងៃក្រោយពីការសម្រេចរបស់សាលាដំបូងនោះ ក្រុមមេធាវីការពារក្តីឲ្យលោកកឹម សុខាបានសម្រេចប្តឹងឧទ្ធរណ៍ ក្រោមហេតុផលថា លោកកឹម សុខាមិនសុខចិត្តនឹងការសម្រេចនេះ។
រហូតមកដល់ពេលនេះ សំណុំរឿងរបស់លោកកឹម សុខាត្រូវបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ ដោយតុលាការមិនទាន់កំណត់ពីកាលបរិច្ឆេទជាក់លាក់ណាមួយ ដើម្បីកាត់ទោសនៅឡើយ។
លោក ចាន់ ចេន បន្ថែមថា ក្រុមមេធាវីនៅតែទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោកកឹម សុខាទាំងស្រុង។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និយាយថា ការសម្រេចបញ្ជូនសំណុំរឿងឪពុករបស់កញ្ញាទៅកាត់ទោសនោះគឺបង្ហាញពីចេតនាអាក្រក់របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះអះអាងថា ដីកាបញ្ជូនទៅជម្រះ ចុះថ្ងៃទី២ខែធ្នូឆ្នាំ២០១៩នេះ ធ្វើឡើងចំពេលដែលការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបលើមុខទំនិញអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) កំពុងប្រឈមនឹងការដកចេញ ហើយសភាអាមេរិកក៏កំពុងជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់លាក់មួយចំនួនលើរដ្ឋាភិបាលកម្ពុជាផងដែរ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ រហូតមកដល់ល្ងាចថ្ងៃពុធនេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា ជាទូទៅ មេធាវីតែងប្រកាសមិនសុខចិត្តទៅនឹងការសម្រេចរបស់តុលាការដែលមានផលមិនល្អដល់កូនក្តីរបស់ពួកគេ។ លោកបន្តថា មេធាវីរបស់ភាគីមួយៗអាចប្តឹងទៅតុលាការ ប្រសិនបើពួកគេមិនសុខចិត្តទៅនឹងការសម្រេចណាមួយ ហើយរង់ចាំការកាត់ក្តីរបស់តុលាការបន្ទាប់។
លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពីផ្ទះទាំងកណ្តាលយប់កាលពីដើមខែកញ្ញាឆ្នាំ ២០១៧ ហើយបានយកទៅដាក់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ មុននឹងដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ កាលពីដើមខែវិច្ឆិកាកន្លងទៅ។
លោក កឹម សុខា អតីតអនុប្រធានទីមួយនៃរដ្ឋសភាជាតិ រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយការរួមគំនិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។ ទាំងលោកកឹម សុខានិងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា ចាប់តាំងពីការចាប់ខ្លួន ចោទប្រកាន់ និងដោះលែងពីការជាប់ឃុំក្នុងផ្ទះនោះគឺមានការជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ ជាជាងការអនុវត្តច្បាប់។
«ករណីឯកឧត្តមកឹម សុខា ឬក៏ករណីអ្នកនយោបាយផ្សេងទៀតហ្នឹង វាមានជម្រើសក្នុងការដោះស្រាយ បើសិនជាអ្នកនយោបាយទាំងអស់ហ្នឹងព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ចប់វិបត្តិនយោបាយដោយសន្តិវិធី ដោយឈរលើការចរចាគ្នា»។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងមុនបន្តិចនៃការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។
ការចាប់ខ្លួនមេបក្ស និងការរំលាយគណបក្សប្រឆាំងដ៏ធំនេះបាននាំឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ សហគមន៍អន្តរជាតិ ដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងបានទាមទារឲ្យដោះលែងលោកកឹម សុខា ដោយគ្មានលក្ខខណ្ឌ ព្រមទាំងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) ពីកម្ពុជា ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកដូចដើមវិញទេនោះ។ សហភាពអឺរ៉ុបបានទុកពេលឲ្យកម្ពុជារហូតដល់ថ្ងៃទី១២ ខែធ្នូ មុននឹងសម្រេចជាចុងក្រោយនៅខែកុម្ភៈឆ្នាំ២០២០ថា ត្រូវព្យួរការអនុគ្រោះពន្ធ EBA ឬយ៉ាងណានោះ។ ការអនុគ្រោះពន្ធ EBA បានអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗពីការនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ៕