សមាជិកមេធាវីការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីមបាវ៉េ លោក Douglas Coltart និង លោក Tapiwa Muchineripi បានមកកាន់តុលាការនៅក្នុងរដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ។
ពួកគេត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីបានស្នើសុំប៉ូលិសកុំឲ្យសាកសួរកូនក្ដីពីររូប ដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កូនក្ដីទាំងពីរនាក់នោះ ឈ្មោះ Womberaishe Nhende និង Sonele Mukhuhlani ដែលជាសមាជិកគណបក្សសម្ព័ន្ធពលរដ្ឋដើម្បីការផ្លាស់ប្ដូរ(Citizens Coalition for Change) បាននិយាយថា ពួកគេគឺជាជនរងគ្រោះនៃអំពើចាប់ពង្រត់ ការធ្វើទារុណកម្ម និងត្រូវបានដាក់ថ្នាំ កាលពីថ្ងៃសៅរ៍ ដោយក្រុមមួយដែលគេសង្ស័យថាជាភ្នាក់ងាររបស់រដ្ឋ។
លោក Jeremiah Bamu នៃក្រុមមេធាវីការពារសិទ្ធិមនុស្សស៊ីមបាវ៉េ បានធានាមេធាវីទាំងពីររូបនេះឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយបង់ប្រាក់ធានាចំនួន ១០០ ដុល្លារអាមេរិក សម្រាប់ពួកគេម្នាក់ៗ។
លោក Bamu ថ្លែងដូច្នេះថា៖ «យើងបានដាក់បណ្ដឹងទៅតុលាការ ដោយបញ្ជាក់ថា ការចាប់ខ្លួនពួកគេគឺស្មើនឹងការប្រព្រឹត្តបទឧក្រិដ្ឋទៅលើវិជ្ជាជីវៈរបស់ក្រុមមេធាវី។ អ្វីដែលមេធាវីទាំងពីររូបបានធ្វើ គឺស្របទៅតាមការផ្ដល់យោបល់ពីបុគ្គលិកពេទ្យ អំពីស្ថានភាពរបស់កូនក្ដីពួកគេ និងជំហររបស់កូនក្ដីក្នុងការមិនឆ្លើយតបទៅនឹងការសាកសួររបស់ប៉ូលិស។ ដោយគ្រាន់តែពាំនាំនូវព័ត៌មានដែលគេទទួលបាន ក៏ដូចជាការការពារកូនក្តីប៉ុណ្ណោះ ពួកគេក៏ត្រូវបានចាប់ខ្លួនតែម្ដង ហើយបច្ចុប្បន្ននេះ ពួកគេត្រូវចូលខ្លួនទៅបំភ្លឺទៅតាមការកោះហៅ។ នេះជាការវាយប្រហារដោយផ្ទាល់ទៅលើឯករាជ្យភាពនៃវិជ្ជាជីវៈមេធាវី និងជាការវិវត្តមួយដែលយើងអាចមើលឃើញថា ជាការធ្វើឲ្យមេធាវីមិនអាចបំពេញភារកិច្ចរបស់ពួកគេបាន»។
លោកបន្តថា លោកមេធាវី Coltart និងលោកមេធាវីMuchineripi ត្រូវចូលបំភ្លឺនៅតុលាការជាថ្មីម្ដងទៀតនៅថ្ងៃទី ២០ ខែតុលា ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃបទចោទលើពួកគេ ពាក់ព័ន្ធនឹងការរារាំងលើបុព្វហេតុយុត្តិធម៌។
អ្នកស្រី Lucia Masuka នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស Amnesty Internationalក្នុងប្រទេសស៊ីមបាវ៉េ បាននិយាយថា គ្មានបុគ្គលណាម្នាក់គួរត្រូវបានកាត់ទោសដោយគ្រាន់តែអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ក្នុងនោះក៏រួមមានទាំងសិទ្ធិក្នុងការការពារអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ។
អ្នកស្រីថ្លែងដូច្នេះថា៖ «មនុស្សគ្រប់រូប មិនថាពួកគេមាននិន្នាការនយោបាយទៅខាងណានោះទេ គួរតែអាចចូលរួមក្នុងសកម្មភាពណាមួយ ដែលធ្វើឡើងដោយសន្តិវិធី ដោយគ្មានការភ័យខ្លាចការចាប់ពង្រត់ ឬការធ្វើទុកបុកម្នេញ។ អាជ្ញាធរស៊ីមបាវ៉េ ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការចេញសេចក្ដីថ្លែងការណ៍ដែលមានលក្ខណៈអុជអាល ដែលអាចញុះញង់ឲ្យមានការវាយប្រហារទៅលើសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមនុស្សដទៃទៀត។ អាជ្ញាធរត្រូវតែធានានូវបរិយាកាសសន្តិភាពនៅក្រោយការបោះឆ្នោត ដោយគោរពឲ្យបានពេញលេញនូវការការពារ ក៏ដូចជាការធានាសិទ្ធិ និងសេរីភាពនៃការជួបជុំដោយសន្តិវិធី ការចូលរួមជាសមាគម និងការបញ្ចេញមតិជាដើមផងដែរ»។
វីអូអេបានព្យាយាមសុំអត្ថាធិប្បាយពីលោក Kazembe Kazembe រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីមបាវ៉េ ប៉ុន្តែមិនទទួលបានចម្លើយតប ដោយលោកមិនលើកទូរស័ព្ទ។
ការចាប់ខ្លួនមេធាវីការពារសិទ្ធិមនុស្សទាំងពីររូបកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតី ស៊ីមបាវ៉េ លោក Emmerson Mnangagwa បានស្បថចូលកាន់តំណែងក្នុងអាណត្តិទីពីររបស់លោក ដោយលោកបានប្ដេជ្ញាគោរពតាមរដ្ឋធម្មនុញ្ញ។
លោក Mnangagwa បានថ្លែងដូចនេះថា៖ «ក្រោមការដឹកនាំរបស់ខ្ញុំនិងរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស Zanu PF លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច នីតិរដ្ឋ និងនយោបាយអត់ធ្មត់ នឹងត្រូវបានការពារ ស្របទៅតាមស្មារតីនិងសារលិខិត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាតិដ៏ពិសិដ្ឋនិងច្បាប់នានារបស់យើង»។
ការមិនអត់ឱននិងការមិនអនុវត្តនីតិរដ្ឋ គឺជាអ្វីដែលរដ្ឋាភិបាលស៊ីមបាវ៉េ បានរងចោទប្រកាន់ចាប់តាំងពីឆ្នាំ ១៩៨០មក នៅពេលដែលប្រទេសនេះទទួលបានឯករាជ្យ៕