គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានសម្រេចឯកភាពរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៧៦ និងបង្កើតជំពូកទី១៥ថ្មីនៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែក្រុមកិច្ចការនេះ បានសម្រេចមិនផ្តល់អភ័យឯកសិទ្ធិដល់សមាជិកគ.ជ.ប.។ នេះយើងយោងតាមការឲ្យដឹងរបស់ក្រុមការងារចម្រុះធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់គណបក្សទាំងពីរនៅថ្ងៃស្រុកនេះ ដែលបានប្រកាសបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលជាង៤ម៉ោងនៅវិមានរដ្ឋសភា។
មាត្រាទី៧៦ថ្មីបានចែងថា រដ្ឋសភាត្រូវមានសមាជិកតំណាងយ៉ាងតិច១២០រូប ហើយត្រូវជ្រើសរើសដោយការបោះឆ្នោត ជាដើម។
រីឯជំពូកទី១៥ថ្មីស្តីពីអង្គការរៀបចំការបោះឆ្នោតវិញមានចែង២មាត្រាថ្មីគឺមាត្រា១៥០ និង១៥១ថ្មី។ ត្រង់ជំពូកថ្មីនេះ មន្ត្រីគណបក្សទាំងពីរបានសម្រេចបដិសេធចោលសំណើស្នើដែលសុំឲ្យសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមានអភ័យឯកសិទ្ធិនោះ។ ក៏ប៉ុន្តែសមាជិកទាំងនោះនឹងត្រូវការពារតាមផ្លូវច្បាប់ ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការដែរ។
លោក សុខ ឦសាន តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារចរចា បានហៅការចរចានៅថ្ងៃសុក្រនេះថា បានជោគជ័យប្រហែលជាង៩៥%។
លោកនិយាយថា៖ «បើយើងនិយាយ១០០%ហ្នឹង យើងបាន៩៥%ហើយ។ ចំណុចមាត្រា៧៦ដែលយើងធ្វើវិសោធនកម្មហ្នឹងគឺសម្រេចបាន១០០% ចំពោះជំពូកទី១៥ថ្មីគឺយើងសម្រេចបានជាង៩៥%ហើយ នៅសល់តិចតួចតែប៉ុណ្ណោះ»។
លោកគឹមសួរ ភិរិទ្ធ សមាជិកចរចារបស់គណបក្សសង្រ្គោះជាតិ បានសារទរនឹងលទ្ធផលនៃការចរចានៅថ្ងៃដដែលនេះដែរ។ លោកបញ្ជាក់ថា នៅសល់ចំណុចតិចតួចទៀតផ្នែកបច្ចេកទេសផ្លូវច្បាប់តែប៉ុណ្ណោះដែលរង់ចាំមេដឹកនាំកំពូលរបស់គណបក្សសម្រេចជាបន្តទៀត។
«ស្ទើរតែសម្រេចបាន១០០%ហើយ គឺ៩០%ជាងហើយ។ វាបានខ្ពស់។ ចំណុចដែលនៅសេសសល់ចុងក្រោយគឺយើងទុកឲ្យមេដឹកនាំកំពូលរបស់យើងសម្រេច។ ហើយអ្វីៗ ការកែរដ្ឋធម្មនុញ្ញនឹងដើរទៅដោយរលូននាពេលខាងមុខ»។
ទោះបីជាយ៉ាងណាក្តី ចំណុចសេសសល់ដែលមន្ត្រីគណបក្សទាំងពីរនៅមិនទាន់សម្រេចនៅឡើយគឺទាក់ទិននឹងស្វ័យភាពនៃការរៀបចំ និងចាត់ចែងការងាររបស់គ.ជ.ប.ថ្មី ដោយទុកឲ្យមេដឹកនាំថ្នាក់កំពូលរបស់គណបក្សទាំងពីរជាអ្នកសម្រចនៅពេលខាងមុខ៕