មន្រ្តី​ថា​ ​ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ហាម​ឃាត់​ស្លៀកពាក់​ខើចលើ​ខើច​ក្រោម​បង្ហាញ​កេរ​ភេទ​ ​ខណៈ​មាន​ការ​រិះគន់​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី

រូបឯកសារ៖ សម្លៀកបំពាក់​​ដាក់​លក់​នៅ​ក្នុង​ផ្សារ​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​តំបន់​ឧស្សាហកម្ម ជាយ​ក្រុង​ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៣។

ការ​ចែង​អំពី​«ការ​ស្លៀកពាក់​ខ្លី​ ខើច​លើ​ ខើច​ក្រោម​នៅ​ទីសាធារណៈ» ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​សណ្តាប់​ធ្នាប់​សាធារណៈ ​នាំ​ឲ្យ​មាន​ការ​រិះគន់​អំពី​ការ​កំហិត​ហួស​ហេតុ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សេរីភាព​ក្នុង​ការ​ស្លៀកពាក់​របស់​ស្រ្តី។ ​ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ដែល​តាក់​តែង​ច្បាប់​នេះ​លើក​ឡើង​ថា ​ចំណុច​នេះ​សំដៅ​សំខាន់​លើ​ការ​ស្លៀកពាក់​ឲ្យ​ឃើញ​«កេរ​ភេទ»​នៅ​ទីសាធារណៈ​តែ​ប៉ុណ្ណោះ។​

ខ្លឹម​សារ​បឋម​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ​ គ្រប​ដណ្តប់​ទូលំ​ទូលាយ​ទាំង​ការ​និយាយ​ស្តី ការ​ធ្វើ​ដំណើរ​និង​សោភ័ណ​ភាព​សាធារណៈ​ជាដើម​ ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​រឹត​ត្បិត​យ៉ាង​ច្រើន​រាល់​សកម្មភាព​សាធារណៈ។​

មាត្រា​៣៦​នៃ​សេចក្ដី​ព្រាង​ច្បាប់​បឋម​នេះ​ចែង​អំពី​ការ​ស្លៀក​ពាក់​ គ្រប​ដណ្ដប់​កាយ​របស់​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ ដែល​បុរស​ហាម​មិន​ឲ្យ​ព្រលែង​ខ្លួន​ល្វែង​លើ​ ដោយ​មិន​ពាក់​អាវ ​និង​ហាម​មិន​ឲ្យ​«ស្លៀក​តែ​ខោ​ទ្រនាប់ ​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ»។​សម្រាប់​ស្ត្រី ​មាត្រា​នេះ​ហាម​«ស្លៀកពាក់​ខ្លី​ ខើច​លើ​ខើច​ក្រោម ​ឬ​ស្លៀក​ពាក់​ស្ដើង​មើល​ឃើញ​កេរ​ភេទ​ ឬ​ស្លៀក​ពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ។​ នេះ​ជា​ចំណុច​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​មួយ​ចំនួន។​

មាត្រា​នេះ​បន្ថែម​ថា​ការ​អនុវត្ត​កថា​ខណ្ឌ​ខាង​លើ ត្រូវ​លើក​លែង​ចំពោះ​វិស័យ​ទេសចរណ៍​ សិល្បៈ​កីឡា​ប្រពៃណី ​ឬ​តំបន់​ដែល​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​បឋម​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​សាធារណជន ​និង​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​នោះមាន​ការ​បង្កើត​យុទ្ធនាការ​តាម​អនឡាញ​ស្វែង​រក​ការ​គាំទ្រ​តាម ​Change.org ​ដែល​មាន​អ្នក​ចូលរួម​គាំទ្រ​ជាង​១​ម៉ឺន​នាក់​ និង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ យុទ្ធនាការ​នោះ​មាន​ឈ្មោះ​ថា​«សូម​កុំ​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី​តាម​រយៈ​ការ​បង្កើត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ ​សារ​នៅ​ក្នុង​យុទ្ធនាការ​នេះ​លើក​ឡើង​ទៀត​ថា​ការ​ចែង​ទាក់ទង​នឹង​ការ​ស្លៀក​ពាក់​របស់​ស្រ្តី​មាន​ន័យ​ថា​«ជំរុញ​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព​ជុំវិញ​អំពើ​ហិង្សា​ផ្លូវ​ភេទ»។ ​សារ​នៃ​យុទ្ធនាការ​នេះ​បន្ថែម​ថា ច្បាប់​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ​មិន​មែន​រឹត​បន្តឹង​នោះ​ទេ។​

«ស្រ្តី​គួរ​អាច​អនុវត្ត​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ហើយ​នេះ​បញ្ចូល​ស្វ័យ​ភាព​ផ្ទាល់​ខ្លួន​ តាម​រយៈ​សម្លៀក​បំពាក់​ដែល​ពួកគេ​ជ្រើស​រើស​យក​មក​ពាក់»។ ​នេះ​បើ​តាម​សារ​របស់​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​នេះ។

នាយិកា​អង្គការ​ក្លាហាន​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​ស្រ្តី​កញ្ញា​ ប៊ុន រចនា​ មាន​ប្រសាសន៍​ថា​ មិន​គួរ​មាន​ការ​ចែង​អំពី​ការ​ស្លៀក​ពាក់​របស់​ស្រ្តី​នោះ​ទេ ​ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេង​គ្នា។​កញ្ញា​បន្ត​ថា ​ការ​ចែង​ស្លៀក​ខ្លី​ពេក​ និង​ស្តើង ​ជា​ការ​ចែង​បែប​«ស្រពេច​ស្រពិល»។ ​កញ្ញា​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្តល់​យោបល់។​

កញ្ញា​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «វា​អត់​មាន​អី​ចាំ​បាច់ ​ទាល់​តែ​សោះ​តែ​ម្តង​សម្រាប់​រាជ​រដ្ឋាភិបាល​គាត់​ត្រូវ​ចំណាយ​ពេល​វេលា ​ចំណាយ​ធនធាន ​មក​លូក​លាន់​ជីវិត​ឯកជន​របស់​ប្រជា​ពលរដ្ឋ ​ជា​ពិសេស​ទាក់ទង​នឹង​ការ​ស្លៀក​ពាក់​តែ​ម្តង ព្រោះ​អាហ្នឹង​ជា​សិទ្ធិ​សេរី​ភាព​ និង​ជា​ស្វ័យភាព​របស់​បុគ្គល​សុទ្ធ​សាធ»។​

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​មាន​ការ​គិត​បែប​«ទស្សនៈ​អភិរក្ស​និយម» ​និង​«វប្បធម៌​បន្ទោស​ជន​រង​គ្រោះ» ​ដោយសារ​ការ​ស្លៀក​ពាក់​របស់​ស្រ្តី ​នៅ​ពេល​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ។ ​កញ្ញា​បន្ថែម​ថា ​វប្បធម៌​នៃ​ការ​ស្តី​បន្ទោស​ជន​រង​គ្រោះ ​និង​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ​កើន​ឡើង។​

កញ្ញា​បញ្ជាក់​ថា៖ ​«ការ​ស្លៀក​ពាក់​របស់​ស្រ្តី ​វា​មិន​មែន​ជា​ប្រភព​នៃ​ការ​កកើត​ឡើង​ ឬ​ក៏​កើន​ឡើង​នៃ​អំពើ​បៀត​បៀន​ផ្លូវ​ភេទ​ទេ»។​

ជា​ការ​ឆ្លើយ​តប​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ ​ លោក​ អ៊ុក គីមលេខ ​មាន​ប្រសាសន៍​ថា​នេះ​ជា​សេចក្តី​ព្រាង​បឋម ​ហើយ​ក្រសួង​ដាក់​ទៅ​ដល់​ខេត្ត​ក្រុង ​ដើម្បី​ពិគ្រោះ​យោបល់។ ​លោក​បន្ត​ថា​ ក្រសួង​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ដូច​ជា​ក្រសួង​វប្បធម៌​ជាដើម​ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ លោក​ថា​ក្រសួង​នឹង​ស្តាប់​មតិ​ភាគ​ច្រើន​លើ​ចំណុច​នេះ។​

រូបឯកសារ៖ ស្ត្រី​នាំ​គ្នា​ទិញ​រើស​សម្លៀកបំពាក់​នៅ​ផ្សារ​រាត្រី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០១០។

ត្រង់​មាត្រា​៣៦​នៃ​សេចក្តី​ព្រាង​ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ដែល​ចែង​អំពី​ការ​ស្លៀកពាក់​ក្នុង​ទី​សាធារណៈ ​ លោក ​អ៊ុក គីមលេខ ​ពន្យល់​ថា​«ពាក្យ​ក្នុង​ច្បាប់ ត្រូវ​មើល​ក្នុង​ឃ្លា​ទាំង​អស់។ ​បើ​កាត់​យក​តែ​ពាក្យ​ខ្លះ​ មិន​គ្រប់​ន័យ​ទេ»។ ​លោក​ថា​ពាក្យ​សំខាន់​ គឺ​ផ្តោត​លើ​ការ​ស្លៀកពាក់​បង្ហាញ​ឲ្យ​ឃើញ​កេរ​ភេទ។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ច្បាប់​គេ​សរសេរ​ត្រឹម​ណា ​យើង​អនុវត្ត​ត្រឹម​ហ្នឹង។​ប្រសិន​បើ​ច្បាប់​មាន​សរសេរ​ត្រឹម​ថា ខើច​លើ​ខើច​ក្រោម​អាហ្នឹង​យើង​គិត​ទៀត។​ តែ​ច្បាប់​នេះ​មិន​បាន​សរសេរ​ថា​ខើច​លើ​ ខើច​ក្រោម​ផង​...​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​...​ត្រូវ​មើល ​ឲ្យ​អស់»។

លោក​បន្ថែម​ថា៖​ «យើង​គួរ​គិត​ពី​ប្រពៃណី​ ទំនៀម​ទម្លាប់​ល្អ​របស់​ខ្មែរ​យើង​នេះ​មាន​ស្លៀក​លេច​លើ​លេច​ក្រោម​ មាន​ស្លៀក​លេច​កេរ​ភេទ​កណ្តាល​ផ្សារ​ទេ?​អានេះ​យើង​គួរ​គិត​ ​ព្រោះ​យើង​បាន​សរសេរ​លេច​ខ្លះ​នៃ​កេរ​ភេទ។ ​ប្រសិន​បើ​យើង​ថា​ ពេញ​ចិត្ត ​ឬ​មិន​ពេញ​ចិត្ត ​ច្បាប់​ខ្ញុំ​នេះ ​មិន​ទាន់​បាន​ហាម​ឃាត់​ទេ។ ​វា​នៅ​ជា​សេចក្តី​ព្រាង។​ បើ​ថា​យើង​ពេញ​ចិត្ត​អា​ដើរ​បញ្ចេញ​កេរ​ភេទ​នៅ​ទីផ្សារ ​អា​នោះ​យើង​ជជែក​គ្នា​ទៀត»។​

ទោះ​ជា​យ៉ាង​ណា ​មន្រ្តី​តាក់​តែង​ច្បាប់​រូប​នេះ​លើក​ឡើង​ថា​នេះ​ជា​ការ​ហាម​ឃាត់​ការ​ស្លៀក​ពាក់​នៅ​ទី​សាធារណៈ​តែ​ប៉ុណ្ណោះ។ ​លោក​បញ្ជាក់​ថា៖ ​«បើ​ស្លៀក​ពាក់​នៅ​ផ្ទះ ​ឯកជន​ ស្លៀក​នៅ​អី ​គឺ​ច្បាប់​នេះ​មិន​បាន​ហាម​ឃាត់​ទេ។​តែ​បើ​ស្លៀក​ពាក់​នៅ​ទីសាធារណៈ​ហ្នឹង​វា​ប៉ះពាល់​ដល់​សិទ្ធិ​នារី​ដទៃ​ទៀត»។

កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ អ្នក​លក់​ផលិត​ផល​អនឡាញ​ម្នាក់​ឈ្មោះ​ថៃ ស្រីនាង​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ ​ពាក់ព័ន្ធ​នឹង​ការ​ស្លៀក​ពាក់​ដែល​គេ​មើល​ឃើញ​ថា​«ស៊ិចស៊ី» ​រួច​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​សារ​នាង​ជា​អ្នក​លក់​ផលិត​ផល​អនឡាញ។​ស្រីនាង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦​ខែ ​ក្រោម​ច្បាប់​ស្តីពី​អាជីវ​កម្ម​ផ្លូវភេទ​ និង​តាម​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។ ​ការ​ចាប់​ខ្លួន ​ថៃ ស្រីនាង ​កើត​ឡើង​ក្រោយ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ថា ​នឹង​ចាត់​វិធាន​ការ​ចំពោះ​ស្ត្រី​រូប​ណា ​ដែល​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​ទាក់​ទង​នឹង​សម្ផស្ស ​ដោយ​មាន​ការ​ស្លៀក​ពាក់​បែប​«ស៊ិច​ស៊ី​ជ្រុល»​ នៅ​តាម​គេហ​ទំព័រ​ ឬ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ព័ត៌មាន​ទាក់ទង៖ ប៉ូលិស​ចាប់​ស្រ្តី​ម្នាក់​ដែល​បង្ហោះ​រូប​ស្លៀក​ពាក់​អាក្រាត​កាយ​តាម​ហ្វេសប៊ុក

កញ្ញា ​ប៊ុន រចនា ​នាយិកា​នៃ​អង្គការ​ក្លាហាន ​មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នេះ​ជា​ចំណុច​មួយ​នៃ​ការ​រឹត​បន្តឹង​សិទ្ធិ​ស្រ្តី​ក្នុង​ការ​ស្លៀក​ពាក់ ហើយ​កញ្ញា​បារម្ភ​ថា​ ច្បាប់​ថ្មី​នេះ​នឹង​រឹត​បន្តឹង​បន្ថែម​ទៀត។​

កញ្ញា​មាន​ប្រសាសន៍​ថា៖​ «កន្លែង​ហ្នឹង​សុទ្ធ​តែ​ជា​ចំណុច​ព្រួយ​បារម្ភ​របស់​យើង។​ កន្លង​មក​ខណៈ​ដែល​យើង​មិន​ទាន់​មាន​ច្បាប់​មាន​អី ជាក់​លាក់​ផង​យើង​ឃើញ​ថា ​មាន​ការ​រឹត​បន្តឹង​ មាន​ការ​ប្រើប្រាស់​ប្រពៃណី​ទំនៀម​ទម្លាប់​មួយ​ចំនួន​ហ្នឹង​យក​មក​រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ស្រ្តី ​រួម​ទាំង​ការ​ដាក់​ពិន័យ​ជា​ទោសទណ្ឌ​អី​ផង។​ អ៊ីចឹង​ប្រសិន​បើ​ច្បាប់​ដែល​មាន​លក្ខណៈ​ស្រពេច​ស្រពិល ​ហើយ​មាន​លក្ខណៈ​រឹត​ត្បិត​បែប​នេះ​ចូល​ជាធរមាន​ទៀត ​អ៊ីចឹង​យើង​នឹង​អាច​ឃើញ​មាន​បញ្ហា​ប្រឈម​ច្រើន​ចំពោះ​ស្រ្តី»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ បណ្ដា​សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ទី​សាធារណៈ ​រួម​មាន​ការ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ការ​សុំទាន​ ការ​វាយ​ប្រតប់​ឈ្លោះ​ប្រកែក​ជេរ​ប្រមាថ​គ្នា ​ប្រព្រឹត្ត​អំពី ​«អាស» ​និង ​«សេព​សន្ថវៈ»​ ការ​ហាល​ ឬ​ព្យួរ​សម្លៀក​បំពាក់​ ការ​បង្ហូរ​ចោល​កាក​សំណល់ ​ការ​លក់​ដូរ​នៅ​ទី​សាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​និង​សូម្បី​តែ​ «ការ​ចារឹក​អក្សរ ​ការ​គូរ​គំនូរ​ការ​គូរ​និមិត្ត​សញ្ញា​ ការ​បាញ់​ថ្នាំ ​ការ​បិទ​ផ្សាយ​ព័ត៌មាន ​ឬ​ការ​ដាក់​តាំង​រូបភាព​ ដែល​មាន​ខ្លឹមសារ​ប៉ះ​ពាល់​ដល់​សោភ័ណ​ភាព​នៅ​ទី​សាធារណៈ»។ ​

សេចក្ដី​ព្រាង​ច្បាប់​ដដែល​នេះ​ ក៏​មាន​ចែង​ផង​ដែរ​អំពី​ការ​រឹតត្បិត​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​កង​រំពង​ខ្លាំង​រំខាន​ដល់​អ្នក​ដទៃ។​ ​រាល់​សំឡេង​បង្ក​ឲ្យ​ឮ​ខ្លាំង​ រំខាន​អ្នក​ដទៃ​ត្រូវ​បញ្ឈប់​ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ដល់​ម៉ោង​២​រសៀល ​និង​ចាប់​ពី​ម៉ោង ​១០​យប់ ​ដល់​ម៉ោង​ ៥​ទៀប​ភ្លឺ។​

ទាក់ទង​នឹង​ការ​ដាក់​ទោស​ទណ្ឌ​វិញ ​មាត្រា​៤២​ចែង​ថា​ជន​ណា​រារាំង​បង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​នេះ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ឬ​មន្រ្តី​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​សាធារណៈ ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ថ្ងៃ​ ទៅ​៦​ថ្ងៃ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​ម៉ឺន​រៀល​ទៅ ​៥០​ម៉ឺន​រៀល៕​