កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល ៣ គ្រាប់​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

បុរស​ម្នាក់​ទស្សនា​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​យ៉ាង​តិច ១០ គ្រាប់​កាលពី​ថ្ងៃ​ពុធ ដែល ៣ គ្រាប់​សំដៅ​ឆ្ពោះ​ទៅ​ដែនដី​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រទេស​នេះ​បាន​បាញ់​មីស៊ីល ៣ គ្រាប់​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ផង​ដែរ ដែល​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​នៅ​ក្នុង​អាណាខេត្ត ៣ របស់​ប្រទេស​ជប៉ុន​ចេញ​បញ្ជា​ឱ្យ​ពលរដ្ឋ​រក​ទីជម្រក​សុវត្ថិភាព។

ពលរដ្ឋ​ជប៉ុន​នៅ​ក្នុង​អាណាខេត្ត Miyagi អាណាខេត្ត Yamagata និង​អាណាខេត្ត Niigata ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ឱ្យ​រត់រក​កន្លែង​ជ្រក​កោន​ជា​បន្ទាន់ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល ៣ គ្រាប់​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រា​អាសន្ន​របស់​ប្រទេស​ជប៉ុន​ដំបូង​បាន​ផ្សាយ​ថា មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​ហោះ​កាត់ពី​លើ​និង​ផុត​ដែនដី​ប្រទេស​ជប៉ុន ប៉ុន្តែ​ក្រោយ​មក ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ផ្សាយ​ច្រឡំ ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Yasukazu Hamada បាន​និយាយ​ថា មន្ត្រី​ផ្នែក​ការពារ​ជាតិ​បាន​បាត់​សញ្ញា​តាមដាន​មីស៊ីល​នេះ​នៅ​ពេល​ដែល​វា​ហោះ​ពី​លើ​សមុទ្រ​រវាង​ឧបទ្វីប​កូរ៉េ​និង​ប្រទេស​ជប៉ុន។

មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​ហោះ​បាន​ចម្ងាយ​ប្រហែល ៧៦០ គីឡូម៉ែត្រ ប៉ុន្តែ​បាន​បរាជ័យ​នៅ​ក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការ​ហោះហើរ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង​ដែល​យោង​លើ​សម្ដី​របស់​មន្ត្រី​យោធា។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាមេរិក «ថ្កោលទោស​ខ្លាំងក្លា» លើ​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​នេះ និង​សន្យា «ចាត់​វិធានការ​ចាំបាច់​ទាំង​អស់» ដើម្បី​ធានា​សុវត្ថិភាព​របស់​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន។

នៅ​ពេល​ក្រោយ​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ទៀត​ចូល​ក្នុង​មហា​សមុទ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។

តាំងពី​ព្រឹក​ថ្ងៃ​ពុធ​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​យ៉ាង​តិច ២៧ គ្រាប់ រួម​ជាមួយ​នឹង​គ្រាប់​កាំភ្លើង​ធំ​ជាង ១០០ គ្រាប់ ស្រប​ពេល​ដែល​ប្រទេស​នេះ​បន្ត​បង្ហាញ​កំហឹង​របស់​ខ្លួន​ដាក់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ដែល​នៅ​កំពុង​បន្ត​ធ្វើ៕