មនុស្ស​យ៉ាង​តិច ៩ នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Kramatorsk ប្រទេស​អ៊ុយក្រែន

រូបថត​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​ប៉ូលិស​អ៊ុយក្រែន​នេះ​បង្ហាញ​ មន្ត្រី​ប៉ូលិស​ម្នាក់​និង​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​ម្នាក់​ដើរ​​ពី​មុខ​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​រង​ការ​ខូចខាត​ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ទី​ក្រុង Kramatorsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង Kramatorsk នៃ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៩ នាក់​ស្លាប់ និង​ជាង ៥០ នាក់​ទៀត​រង​របួស។

ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​បាន​បង្ហោះ​រូបភាព​នៃ​ក្រុម​ជួយ​សង្គ្រោះ​រុករក​តាម​គំនរ​បាក់បែក​នៃ​អគារ​នានា​នៅ​កន្លែង​កើត​ហេតុ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភោជនីយដ្ឋាន​មួយ​កន្លែង​ផង​ដែរ។

ទីក្រុង Kramatorsk ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ខ្សែ​ត្រៀម​ជួរ​មុខ ដែល​នៅ​ទី​នោះ​ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត Donetsk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kramatorsk កាលពី​ខែ​មេសា​ឆ្នាំ​មុន​បាន​សម្លាប់​មនុស្ស ៦៣ នាក់។

អ៊ុយក្រែន​ក៏​បាន​រាយការណ៍​ផង​ដែរ​អំពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង Kremenchuk ដែល​បាន​កើតឡើង​ក្នុង​ពេល​មួយ​ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ទី​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២០ នាក់​នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អង្គារ​ថា៖ «ការ​បង្ហាញ​ឡើង​នីមួយៗ​នូវ​អំពី​ភេរវកម្ម​ដូច​នេះ​បាន​បញ្ជាក់​ឱ្យ​យើង​និង​ពិភពលោក​ទាំង​មូល​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា រុស្ស៊ី​សក្ដិសម​នឹង​ទទួល​បាន​នូវ​រឿង​មួយ​តែ​ប៉ុណ្ណោះ​ដោយសារតែ​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​បាន​ធ្វើ ដែល​នោះ​គឺ​ការ​បរាជ័យ​និង​ការ​កាត់ទោស​ដែល​មាន​សវនាការ​ដោយ​យុត្តិធម៌​និង​ស្រប​ច្បាប់​កាត់ទោស​លើ​ឃាតករ​និង​ភេរវករ​រុស្ស៊ី​ទាំង​អស់»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។