គំនិត​របស់​លោក​ វណ្ណ មូលីវណ្ណ ​ត្រូវ​បាន​រំឭក ​ខណៈ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ភ្នំពេញ

ក្មេងស្រី​ម្នាក់​ឈរ​ក្នុង​ទឹក​ដែល​លិច​នៅ​មុខ​ផ្ទះ​របស់​លោក ឃឹន សុវាត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកក់ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា)

អតីត​ស្ថាបត្យករ​គឺ​លោក វណ្ណ មូលីវណ្ណ​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​សប្តាហ៍​មុន ​បាន​ចាត់​ទុក​បឹង​នៅ​រាជធានី​ភ្នំពេញ​ ជា​កន្លែង​រំដោះ​ទឹក​ជំនន់​ដ៏​សំខាន់។​ គំនិត​របស់​លោក​ត្រូវ​បាន​រំឭក​ច្រើន​ ​ខណៈ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ភ្នំពេញ។

រាជធានី​ភ្នំពេញមាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​តុលា​ ដោយ​សារ​រង​ប្រព័ន្ធ​សម្ពាធ​ទាប។ ​ភ្លៀង​កន្លង​ទៅ​នេះ​បាន​នាំ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ។ ​មាន​ការ​អះអាង​ផ្សេងៗ​គ្នា​ពី​កត្តា​ដែល​នាំ​ឲ្យ​ភ្លៀង​លិច​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ​ហើយ​ការ​លុប​បឹង​គឺ​ជា​មូលហេតុ​មួយ។​

អតីត​ស្ថាបត្យករ​ និង​អ្នក​ជំនាញ​ខាង​រៀបចំ​ទីក្រុង​ដ៏ល្បី​ម្នាក់​គឺលោក ​វណ្ណ មូលីវណ្ណ​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​សប្តាហ៍​មុន ​បាន​ចាត់​ទុក​បឹង​នៅ​រាជធានី​ភ្នំពេញ​ជា​កន្លែង​រំដោះ​ទឹកជំនន់​ដ៏​សំខាន់។

លោក ​គិន ប៊ុនថន​ អាយុ​៦៣​ឆ្នាំ ​បាន​រំឭក​ថា ​លោក​បាន​មក​រស់​នៅ​រាជធានី​ភ្នំពេញ​ជាមួយ​ឪពុក​ម្តាយ​កាល​ពី​ឆ្នាំ​១៩៦៦។ ​លោក​ចង​ចាំ​ថា​ កាល​ណោះ ​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​មិន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​លិច​លង់ ​ដូច​បច្ចុប្បន្ន​នេះ​ទេ ​ហើយ​កន្លែង​មួយ​ចំនួន ​នៅ​ជា​បឹង​នៅ​ឡើយ។

ខណៈ​កំពុង​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ ​លោក ​ប៊ុនថន​ បាន​ថ្លែង​ថា ​ជំនន់​ទឹក​ភ្លៀង​លិច​ផ្លូវ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​កាល​ពី​មុន។​

លោក​បាន​ថ្លែង​ថា៖

«លិច​មុន​ ​ក៏​លិច​អត់​ដល់​ឥឡូវ។ ​ឥឡូវ​វា​ចំនួន​មនុស្ស​ច្រើន។​ ​ចំនួន​មនុស្ស​ច្រើន​ ប្រើប្រាស់​អីវ៉ាន់​ច្រើន។ ​អា​ច្រក​ទឹក​ចេញ ​វា​តូច​រឿង​អី​មិន​លិច!»​

មាន​មូល​ហេតុ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ទីក្រុង​ភ្នំពេញ ​ឆាប់​លិច​ផ្លូវ ​រាល់​ពេល​មាន​ភ្លៀង​ម្តងៗ។ ​លោក​ ប៊ុនថន ​បាន​លើក​ឡើង​ទៀត​ថា ​ការ​លុប​បឹង​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​ជា​មូលហេតុ​មួយ​ ដែល​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ធ្ងន់ធ្ងរ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖

«បើ​អា​កន្លែង​វា​ចាក់​ទឹក វា​ទៅ​ជា​ដី​អស់​ហើយ​ហ្នឹង!​ ពិសេស​អា​បឹង​ទំពុន ​បឹង​អី​ហ្នឹង ​វិសាលភាព​នៃ​ការ​ស្តុក​ទឹក​ហ្នឹង​វា​ច្រើន។​ ឥឡូវ​វា​ដី​អស់​ហើយ​ហ្នឹង!»​

ស្រប​ពេល​ដែល​នៅ​រាជធានី​ភ្នំពេញ​មាន​កំណើន​ប្រជាជន​ច្រើន​គួប​ផ្សំ​ជាមួយ​ការ​អភិវឌ្ឍ​នានា​ ទីក្រុង​មួយ​នេះ​បាន​ក្លាយ​ជា​កន្លែង​លិចលង់​ដោយ​ទឹក​ភ្លៀង​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

រូបឯកសារ៖ ​រូប​ថត​ថត​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ឆ្នាំ២០១១​នេះ ​បង្ហាញ​ទិដ្ឋភាព​ថត​ពី​លើ​នៃ​បឹងកក់​រាជធានី​ភ្នំពេញ ដែល​ត្រូវ​លុប ហើយ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​ច្រើន​ពាន់​នាក់​បាន​រង​ការ​បណ្តេញ​ចេញ។ (Heng Sinith/AP)

ថ្មីៗ​នេះ ​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​ស្ទើរ​តែ​កើត​ឡើង​ជា​រៀង​រាល់ថ្ងៃ។ ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ប្រកាស​ថា ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​តុលា ​ដោយសារ​កម្ពុជា​ទទួល​សម្ពាធ​ទាប។​

នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​តុលា ​នៅ​ភ្នំពេញ​មេឃ​ឡើង​ខ្មៅ ​តាំង​ពី​ព្រឹក​ព្រលឹម ​ហៀប​នឹង​បង្អុរ​ភ្លៀង។

នៅ​តំបន់​លូ​ទឹកស្អុយ​ ​ទួល​ទំពូង​ លោក ​ណុប ពុទ្ធារ៉ា​ អាយុ​៤២ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់ ​បាន​ថ្លែង​ប្រាប់ ​VOA​ នា​ព្រឹក​នោះ​ថា ​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​លើក​របស់​របរ​ឲ្យ​បាន​ខ្ពស់​ ផុត​ពី​ទឹក​ ដោយ​សារ​ផ្ទះ​របស់​លោក​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​លូ ​តែង​តែ​ជន់​លិច ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ភ្លៀង​ត្រឹម​តែ​កន្លះ​ម៉ោង ​ផ្ទះ​របស់​លោក​នឹង​ជន់​លិច​ដោយ​សារ​ទឹក​ភ្លៀង។​

លោក​បាន​លើក​ឡើង​ពី​ការ​លំបាក​ នៅ​ពេល​មាន​ភ្លៀង​ជន់​លិច​ម្តងៗ​ថា៖​

«អូ ​វេទនា​ណាស់!​ ខ្លះ​ម្ចាស់​អត់​នៅ។​ ទៅ​ធ្វើ​ការ ​មក​វិញ ​ពូក ​គ្រែ​ទទឹក​អស់​រលីង​ សើម​អស់។​ ឆ្នាំង​បាយ ​ចង្រ្កាន​ហ្គាស ​អណ្តែត​ឡើង​សំពោង»។​

លោក​បាន​ត្អូញត្អែរ​ថា ​ទឹក​លូ​ស្អុយ​ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​របស់​លោក​ និង​ក្រុម​គ្រួសារ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អូ!​ ​ស្អុយ​ណាស់ ​រមាស់​ឡើង​ពេញ​ខ្លួន»។​

លោក ​ពុទ្ធារ៉ា ​បាន​រិះគន់​ថា ​ដោយសារ​ប្រព័ន្ធ​បង្ហូរ​ទឹក​ចេញ​នៅ​តូច​នៅ​ឡើយ​ ស្រប​ពេល​មាន​បញ្ហា​ចោល​សម្រាម​ និង​ការ​លុប​បឹង​ស្តុក​ទឹក​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ទើប​បណ្តាល​ឲ្យភ្នំពេញ​ងាយ​លិច​លង់ ​នៅ​ពេល​មាន​ភ្លៀង​ម្តងៗ។

លោក​មាន​ប្រសាសន៍​ថា៖​

«អូ!​ ដឹង​តែលិច​រហូត​ហើយ!​ មិន​ងាយ​ទេ។ ​មិន​ងាយ​ដោះ​ស្រាយ​ចេញ​ទេ​ រឿង​អត់​លិច​នោះ។​ មាន​តែ​លិច​តទៅ​ទៀត។​ រឿង​ដោះស្រាយ ​បន្ថយ​អត់​លិច ​គ្មាន​ទេ។​ មាន​តែ​លិច​ត​ទៅ​ទៀត ​ព្រោះ​អី​លុប​បឹង​ចង់​អស់​ហើយ​ហ្នឹង!»​

នៅ​ក្បែរ​លូ​ទឹក​ស្អុយ​នោះ​មាន​ក្មេងៗ​លេង​នៅ​កន្លែង​លក់​គ្រឿងទេស​តូច​មួយ​ ខណៈ​មេឃ​ជិត​ភ្លៀង។​

យុវជន ​ហុង ​កក្កដា ​អាយុ​១៨​ឆ្នាំ​ ដែល​ជួយ​ម្តាយ​លក់​គ្រឿងទេស​នៅ​ផ្ទះ​ជាប់​នឹង​លូ​ទឹក​ស្អុយ ​បាន​និយាយ​ថា ​លោក​តែង​តែ​បង្ហោះ​រូបភាព​ទឹក​ជន់​លិច​ផ្ទះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​លោក​បន្តថា​ ឲ្យ​តែមាន​ភ្លៀង​ខ្លាំង ​ត្រឹម​តែ​កន្លះ​ម៉ោង គឺ​លិច​ផ្ទះ​ ហើយ​ក្រៅពី​ការ​លំបាក​ក្នុង​ការ​លើក​អីវ៉ាន់ ​គេត្រូវ​សម្អាត​ផ្ទះ​ ក្រោយ​ទឹក​ស្រក​ទៅ​វិញ។

កក្កដា​បាន​ថ្លែង​ថា៖​

«ឲ្យ​តែ​ភ្លៀង​មក​ លិច រៀប​ចំ​រើ​ ដល់​តែ​ពេល​ភ្លៀង​ហើយ។ ​យើង​ក៏​ពិបាក​មួយ​សារ​ទៀត ​ពិបាក​ពេល​បោស​ភក់​អី​វា​ឡើង​មក ​ហើយ​ឥវ៉ាន់​យើង​ក៏​ទទឹក​អស់​អីចឹង​ទៅ»។​

គំនិត​របស់​លោក ​វណ្ណ មូលីវណ្ណ​ ​ស្ថាបត្យ​ករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​នៅ​កម្ពុជាស្តីពី​ការ​អភិវឌ្ឍ​ក្រុង​ភ្នំពេញ​ និង​ការ​រំដោះ​ជំនន់​ទឹក​ភ្លៀង​ត្រូវ​បាន​គេ​ចែក​រំលែក និង​រំឭក​ឡើង​វិញ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ​ស្រប​ពេល​មរណភាព​របស់លោក។​


លោក វណ្ណ មូលីវណ្ណ និង​ដំណោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅ​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ខ្មែរ​ជា​ច្រើន​ ដែល​កកើត​ឡើង​តាម​បណ្តោយ​ផ្លូវ​ទឹក ​ឬ​ក៏​ផ្តុំ​គ្នា​ក្បែរ​ផ្លូវ​ទឹក។​ នៅ​ក្នុង​សៀវភៅ​«បុរី​ខ្មែរ​សម័យ​ទំនើប»​ ដែល​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​កាល​ពី​ឆ្នាំ​២០០៤​ លោក​ វណ្ណ មូលីវណ្ណ ​ដែល​ជា​អ្នក​ជំនាញ​រៀប​ចំ​ទីក្រុង​ ​បាន​សរសេរ​ថា ​ភ្នំពេញ​នៅ​តែ​ងាយ​លិច​ទឹក​ណាស់។​ តាម​ការ​យល់​ឃើញ​របស់​លោក ​វណ្ណ មូលីវណ្ណ​ ទំនប់​ និង​ព្រែក​នានា​នៅ​ភ្នំពេញ​ ជា​កន្លែង​រំដោះ​ទឹក​ដ៏​សំខាន់។​

រូបថត​លោក វណ្ណ មូលីវណ្ណ នៅក្នុងខ្សែភាពយន្ត​ឯកសារ «‍The Man Who Built Cambodia» ឬ​ប្រែ​ជាភាសា​ខ្មែរ​ថា «‍បុរស​ដែល​កសាង​កម្ពុជា»។ (រូបថតដោយ Christopher Rompré និង Haig Balian)

លោក​បាន​សរសេរ​ថា៖​

«ព្រែក​ជាច្រើន​ (ពញ្ញាឮ ​ព្រែក​តាទែន ​ព្រែកព្នៅ) ​បង្ហូរ​ទឹក​ជំនន់​ចេញ​ពី​ខាង​ជើង​ភ្នំពេញ។​ ទំនប់​កប់ស្រូវ​មិន​បាន​ទទួល​ការ​ថែ​ទាំ​ជាង​ពីរ​ទស​វត្សរ៍​ក្នុង​ពេល​ស្រុក​មាន​សង្រ្គាម ​និង​អសន្តិសុខ។ ទំនប់​នេះ​ទើប​តែបាន​ជួស​ជុល​ស្តារ​ឡើង​វិញ ​នៅ​ឆ្នាំ​១៩៩៨ ​ហើយ​នៅ​តែ​ជា​ទីតាំង​យ៉ាង​សំខាន់​សម្រាប់​ការ​ការពារ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ»។​

លោក ​វណ្ណ មូលីវណ្ណ ​បាន​រៀបរាប់​បន្ត​ថា ​បើ​មាន​ប្រព័ន្ធ​ធារា​សាស្រ្ត​រៀប​ចំ​បាន​ល្អ​ នោះ​រាជធានី​ភ្នំពេញ​អាច​ចៀស​ផុត​ពី​ទឹក​លិច​បាន។

លោក​ វណ្ណ មូលីវណ្ណ ​បាន​បន្តទៀត​ថា៖​

«តើ​អាច​មាន​វិធាន​ការ​អ្វី​ខ្លះ​ដើម្បី​ការពារ​នឹង​ទឹក​ជំនន់​នៅ​ក្រុង​ភ្នំពេញ? ​ការ​ថែ​ទាំ​ទំនប់​នានា​របស់​ក្រុង​ ព្រម​ទាំង​ការ​ថែ​រក្សា​ផ្លូវ​ជាតិ​នានា​ ដែល​ស្ថាបនា​ឡើង​តាម​បណ្តោយ​ច្រាំង​ទន្លេ ​និង​ទំនប់​ផ្សេងៗ ​គឺ​ចាំបាច់​ដើម្បី​ទប់ទល់​ និង​គ្រប់គ្រង​ទឹក​ជំនន់។​ ព្រែក​ផ្សេងៗ​ដែល​ជីក​ក្រោយ​សម័យ​បារាំង​ធ្វើ​ឡើង​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ​ដើម្បី​ស្រូប​យក​ទឹក​ជំនន់​ ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​ក្រោម​ដី​ដែល​មាន​ច្រើន​ហួស​កម្រិត ​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ»។​

បើ​តាម​លោក ​វណ្ណ មូលីវណ្ណ​ នៅ​ទស​វត្សរ៍​១៩៦០​ ទីក្រុង​ភ្នំពេញ​ មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ចេញ​ ដែល​ដំណើរ​ការ​ល្អ រួម​មាន​ប្រព័ន្ធ​បំពង់​បង្ហូរ​សម្រាប់​នាំ​ទាំ​ង​ទឹក​ភ្លៀង​ ព្រម​ទាំង​ទឹក​ប្រើប្រាស់​តាម​ផ្ទះ​សម្បែង​ផង។ ​លោក​បញ្ជាក់​ថា ​ទន្ទឹម​នឹង​នេះ​ ព្រែក ​និង​បឹង​ដែល​មាន​ស្រាប់​ក៏​រាប់​បញ្ចូល​នឹង​ប្រព័ន្ធ​បង្ហូរ​ទឹក​នេះ​ដែរ​ ដែល​អាច​បញ្ចេញ​ទឹក​ភ្លៀង​ទៅ​ក្រៅ ​ដោយ​ប្រើ​ស្ថានីយ​បូម​ទឹក។​

លោក​ វណ្ណ មូលីវណ្ណ ​បាន​សរសេរ​ទៀត​ថា ​ប្រឡាយ​ និង​លូ​សម្រាប់​បង្ហូរ​ទឹក​ទៅ​បឹង​នានា ​ដែល​នៅ​អាច​ផ្ទុក​ទឹក​បាន​នោះ ​ត្រូវ​កក​ស្ទះ ​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ច្រាល​ហូរ​ចេញ​មក​លើ​ថ្នល់ ​ផ្លូវ​ដើរ ​និង​ទំនប់។ ​ស្ថានីយ​បូម​ទឹក​មិន​ទាន់​មាន​គ្រប់​គ្រាន់ ​និង​គ្មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​បូម​ទឹក​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។​

លោក ​វណ្ណ មូលីវណ្ណ ​ទំនង​ជា​មិន​សប្បាយ​ចិត្ត​នឹង​សំណង់​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ពុំ​មាន​ការ​គិតគូរ​ដិត​ដល់​ជាមុន​នោះ​ទេ។

លោក ​Christopher​ Rompre​ ជា​អ្នក​ដឹកនាំ​ខ្សែភាពយន្ត​ឯកសារ​ស្តី​អំពី​ខ្សែ​ជីវិត​លោក​ មូលីវណ្ណ​ «បុរស​ដែល​បាន​កសាង​កម្ពុជា» ​បាន​និយាយ​ថា ​លោក​ មូលីវណ្ណ​ សោកស្តាយ​ចំពោះ​ការ​អភិវឌ្ឍ​ទីក្រុង​ឆាប់​រហ័ស​ ដោយ​មិន​បាន​គិត​ទុក​មុន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«ខ្ញុំ​គិត​ថា ​អ្វី​ដែល​លោក​សោកស្តាយ​នោះ​គឺ​ថា ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​វិស័យ​ស្ថាបត្យកម្ម​នៅ​ប្រទេស​មួយ​នេះ ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ។​ លោក​យល់​ថា​ មាន​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ធ្វើ​ឡើង​ដោយ​សារ​តែ​ភាព​លោភលន់​របស់​បុគ្គល​ម្នាក់ៗ​ ឬ​ដោយ​សារ​មនុស្ស​ចង់​អភិវឌ្ឍ​អ្វីៗ​ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​គិត​ពី​អ្វី​ដែល​ជា​ចក្ខុវិស័យ​រយៈពេល​វែង​នៃ​ប្រទេស ​និង​ទីក្រុង»។​

ការ​លុប​បឹង​នៅ​ភ្នំពេញ

ប្រជាជន​នៅទីក្រុង​ភ្នំពេញ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ​សព្វ​ថ្ងៃ​នេះ​ ​ប្រជាជន​ជិត​៣​លាន​នាក់​កំពុង​រស់​នៅ​ភ្នំពេញ។ ​រដ្ឋាភិបាល​ក៏​បាន​ពង្រីក​ទីក្រុង​នេះ​ដើម្បី​បំពេញ​តម្រូវ​ការ​ដ៏​លើស​លប់​នេះ​ផង​ដែរ។

ការ​លុប​បឹងកក់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ។បឹង​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា ​ជា​កន្លែង​ស្តុក​ទឹក​ជិត​បំផុត​សម្រាប់​ភ្នំពេញ។​

បើ​យោង​តាម​ការ​សិក្សា​របស់​សមាគម​ធាង​ត្នោត ​ដែល​មើល​ទៅ​លើ​បឹង​ចំនួន​២៥​នៅ​រាជធានី​ភ្នំពេញ​ ​បឹង​ចំនួន​១៥​ត្រូវ​បាន​លុប​ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​ប្រព័ន្ធ​ទឹក​បឹង​ប្រមាណ​៦០​ភាគរយ​នៅ​ភ្នំពេញ។ ​បឹង​ចំនួន​៨​ទៀត​ត្រូវ​បាន​លុប​ជា​ផ្នែកៗ​ ហើយ​កាន់​តែ​រាក់​ទៅៗ។ ​ការ​សិក្សា​នោះ​បាន​បញ្ជាក់​ថា ​ការ​អភិវឌ្ឍ​ភ្នំពេញ​ដូច​សព្វ​ថ្ងៃ​នេះ​គឺ​កំពុង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ទឹក។​

ស្ថាបត្យករ​ម្នាក់​លោក​ តាំង សុចិត្រវិទូ ​មាន​ប្រសាសន៍​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ភ្នំពេញ​គឺ​ដោយសារ​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ស្ថិត​ក្នុង​ស្ថានភាព​ចាស់ ​ប្រព័ន្ធ​លូ​មិន​ទាន់​បាន​កែប្រែ​អស់​នៅ​ទូទាំង​ក្រុង​ ការ​លូត​ឡើង​ជា​បន្តបន្ទាប់​នៃ​សំណង់​ច្រើន​មិន​ទាន់​សមាមាត្រ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ព្រមទាំង​បញ្ហា​សម្រាម​ជាដើម។​

លោក​បាន​ថ្លែង​ប្រាប់ VOA​ ថា៖​

«មួយ​ផ្នែក​ធំ​គឺ​ដូច​ខ្ញុំ​លើក​ឡើង​ហ្នឹង ​គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​យើង​មិន​ទាន់​កែ​លម្អ​ឲ្យ​ទាន់ ​តាម​សមាមាត្រ​ទៅ​នឹង​ការ​អភិវឌ្ឍ​ធំៗ​ទាំងអស់​ហ្នឹង។​ អីចឹង​វា​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​អស់​ហ្នឹង»។

លោក​បាន​បន្ត​ថា ​ការ​លុប​បំបាត់​កន្លែង​ស្តុក​ទឹក​ដើម្បី​ការ​ពង្រីក​ទីក្រុង​ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«កន្លង​មក​យើង​ពង្រីក​ក្រុង ​ចេញ​ទៅ​ធំ​ច្រើន​ ទៅ​ក្រៅ​ក្រុង។ ​ក្រុង​ភ្នំពេញ​ វារីក​ធំ។​អីចឹង​យើង​ឃើញ​ការ​រីកក្រុង ​ប៉ុន្តែ​យើង​ហាក់​បី​ជា​បាត់​ថា​ អាច​ផ្ទៃ​ស្តុក​ទឹក​អស់​ហ្នឹង ​ដែល​ពី​មុន​មក ​វា​នៅ​ជុំ​វិញ​ទីក្រុង​ចាស់។ ​ឥឡូវ​យើង​អត់​មាន។​ យើង​បាត់​អស់»។​

លោក​ចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ភ្នំពេញ​ជា​រឿង​ស្មុគ​ស្មាញ ​និង​ត្រូវ​ការ​ពេល​វេលា។​

លោក​មាន​ប្រសាសន៍​ទៀត​ថា៖​

«បើ​យើង​មិន​ដោះស្រាយ​ទេ ​វា​ប្រឈម​មុខ​នឹង​បញ្ហា​ហ្នឹង​យូរ​អង្វែង។ ​ហើយ​ចុង​ក្រោយ​មក​ វា​បញ្ហា​ទាំងអស់​គ្នា»។​

លោក ​សឿង សារ៉ន ​នាយក​ប្រតិបត្តិ​សមាគម​ធាង​ធ្នោត ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​លោក​សង្កេត​ឃើញ​ជា​បន្ត​បន្ទាប់​នូវ​ការ​លុប​បឹង​ដើម្បី​ការ​អភិវឌ្ឍ ​ដែល​បណ្តាល​ឲ្យ​មាន​ទឹក​លិច​នៅ​រាជធានី​ភ្នំពេញ ​នា​ពេល​ភ្លៀង​បង្អុរ​មក​ម្តងៗ។​ ​លោក​បង្ហាញ​ក្តី​បារម្ភ​ទៅ​លើ​ការ​បន្ត​លុប​បឹង ដូច​ជា​បឹង​ទំពុន ​ដែល​លោក​ថា​កំពុង​ប្រឈម​នឹង​ហានិភ័យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​អាច ​យើង​គួរ​តែ​ទប់​ស្កាត់។ ​មិន​គួរ​ឲ្យ​មាន​ការ​លុប​បឹង​បន្ត​ទៀត​ទេ ​ដើម្បី​ចៀស​វាង​ការ​លិច​ទីក្រុង​ទៅ​មុខ​ទៀត»។​

លោក​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ជំនាញ​ត្រូវ​តែ​សិក្សា​ស្វែង​យល់​អនុសាសន៍​របស់​លោក ​វណ្ណ មូលីវណ្ណ ​ទាក់​ទិន​នឹង​ការ​អភិវឌ្ឍ ​បញ្ហា​រំដោះ​ទឹក​នៅ​ភ្នំពេញ ​និង​អនាគត​វែង​ឆ្ងាយ​នៃ​ការ​ពង្រីក​ទីក្រុង។

លោក​មាន​ប្រសាសន៍​ថា៖​

«ជារួម ​គួរ​តែ​យក​អ្វី​ដែល​ជា​អនុសាសន៍​ល្អៗ​ពីបិតា​ ស្ថាបត្យករ​របស់​យើង ​យក​មក​ពិចារណា​ថា​ តើ​យើង​ត្រូវ​អភិវឌ្ឍ​ក្រុង​បែប​ណា​ដើម្បី​ឲ្យ​សម​ស្រប ​សមស្រប​នឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ»។​

អ្នកនាង ​Shelby Doyle​ ជា​អ្នក​ស្រាវជ្រាវ ​និង​ជាអ្នក​ចងក្រង​ឯកសារ​ «ភ្នំពេញ៖​ ទីក្រុង​ទឹក»​ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១២។​ តាម​រយៈ​ឯកសារ​នេះ​ អ្នកនាង​បាន​លើក​ឡើង​ថា​ កង្វះ​ផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង ​និង​ការ​លុប​បឹង ​ជា​មូលហេតុ​ចម្បង​នៃ​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ។​

អ្នក​នាង​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ផ្លូវ​ទឹក​ដើម្បី​អាច​លុប​បាន ​វាត្រូវ​តែ​ប្រកាស​ជា​សាធារណៈ​ថា​ ​មិន​មាន​តម្លៃ​សម្រាប់​សាធារណ​ជន។ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​ចាប់​ដៃ​គូ​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ចាក់​បំពេញ​ផ្លូវ​ទឹក​ទាំង​នោះ ​ឲ្យ​ក្លាយ​ជាដី ​និង​ស្រប​តាម​ច្បាប់​សម្រាប់​ការ​សាងសង់»។​

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សណ្ឋាគារ​សុខា​ដែល​ស្ថិត​នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

សម្រាប់​រដ្ឋាភិបាល ​ការ​លុប​បឹង​មិន​មែន​ជា​បញ្ហា​សម្រាប់​ជំនន់​ទឹកភ្លៀង​

ជា​បន្ត​បន្ទាប់ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ ​ជាង​៣០​ឆ្នាំ​មក​ហើយ​ បាន​ចាត់ទុក​ថា ការ​លិច​ផ្លូវ​ លិច​ផ្ទះ​ពេល​ភ្លៀង​ម្តងៗ​គឺ​ដោយសារ​ភ្លៀង​ខ្លាំង។​

កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៦​ លោក​ ហ៊ុន សែន ​បាន​វាយ​បក​ទៅ​អ្នក​រិះគន់​អំពី​ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ភ្នំពេញ។​ កាល​នោះ​ លោក​បាន​ថ្លែងថា៖​

«មូលហេតុ​វា​នៅ​កន្លែង​នេះ ​រំដោះ​ទឹក​មិន​ទាន់។ ​សូម្បី​តែ​ទន្លេ ​ក៏​វា​រំដោះ​ទឹក​មិន​ទាន់។​ តែ​កាល​ណា​រំដោះ​ទឹក​មិន​ទាន់​ អា​មក​ពី​លើ​វាខ្លាំង​ហួស​កម្រិត​ អា​ហ្នឹង​វា​លិច​ហើយ»។​

មន្រ្តី​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​បញ្ហា​ចោល​សម្រាម​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ក្នុង​លូ​ ក៏​ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​

ភ្លៀង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក៏​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​ប្រជា​ពលរដ្ឋ​ រហូត​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្រ្តី​រដ្ឋាភិបាល ​ក៏​ដូច​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា លោក ខៀវ កាញា​រីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ជំនន់​ទឹក​ភ្លៀង​នៅ​ភ្នំពេញ​ថា៖​

«ឃើញ​គេ​ជេរ​គ្នា​ចុះ​ឡើង​រឿង​ភ្លៀង​លិច​ផ្លូវ។​ ខ្ញុំ​គិត​ថា ​មិនគួរ​ជេរ​ទេ​ គួរ​តែ​អាណិត។ មាន​អ្នក​បង្ហោះ​រឿង​ទឹក​ភ្លៀង​លិច​ផ្លូវ​ដើម្បី​ជេរ​អាជ្ញាធរ​ទៅ​វិញ​ទេ»។​

លោក​បញ្ជាក់​ថា៖​

«ការ​បង្ហោះ​នេះ​បង្ហាញ​ពី​សមត្ថភាព​រៀន​សូត្រ​នៅ​កម្រិត​ណា»។​

លោក​បាន​សរសេរ​ទៀត​ថា៖​

«អ្នក​រៀន​សូត្រ​អាច​ដឹង​បាន​ថា ​ទោះ​លូ​មាន​ប៉ុន្មាន​ក៏ដោយ​ ក៏​ចំនួន​មាត់​លូ​មាន​កម្រិត​ ​ទំហំ​មាត់​លូ​មាន​កម្រិត​ ដែល​ទទួល​ទឹក​ភ្លៀង​បាន​ចំណុះ​ប៉ុន្មាន​ក្នុង​មួយ​ម៉ោង?​ បើ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ដក់​រាប់​ថ្ងៃ​នោះ ​ទើប​ថា​ ជា​កំហុស​អាជ្ញា​ធរ»។​

វិធាន​ការ​របស់​អាជ្ញាធរ​

រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​ជំនាញ​របស់​ជប៉ុន​ហៅ​កាត់​ថា​ JICA​ ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​បាយ័ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ លោក ​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ថា ​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​រាជធានី​ភ្នំពេញ​ មិន​ទាន់​មាន​សមត្ថភាព​ស្រូប​យក​ទឹក ​នៅ​ពេល​មាន​ភ្លៀង​ខ្លាំង​លើស​កម្រិត​នោះ​ទេ។ ​លោក​ពន្យល់​ថា ​ប្រសិន​បើ​ភ្លៀង​ខ្លាំង កម្ពស់​ទឹក​លើស​ពី​៤០​មីលីម៉ែត្រ​ក្នុង​មួយ​ម៉ោង​ គឺ​នឹង​បណ្តាល​ឲ្យ​ផ្លូវ​មួយ​ចំនួន​លិច​លង់។

បើ​តាម​លោក ​សាំ ពិសិដ្ឋ ​ទីក្រុង​ភ្នំពេញ​នៅ​ខ្វះ​បណ្តាញ​លូ​រហូត​ដល់​ជាង​៣​ពាន់​គីឡូម៉ែត្រ ​និង​អណ្តូង​លូ​រាប់​ពាន់​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​នៅ​ក្នុង​ភ្នំពេញ​នេះ​ គឺវា​មាន​ការ​លំបាក​ វា​អត់​ងាយ​ស្រួល​ដូច​ប្រទេស​ផ្សេង​ទេ»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ ​តាម​ការ​សិក្សា​របស់​ខ្ញុំ​ជាមួយ​ជំនាញ​ជប៉ុន​ គឺ​យើង​ត្រូវ​ប្រើ​ពេល​យ៉ាងតិច​៨​ឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នេះ ​មិន​មែន​ទៅ​ឃើញ​ទឹក​លិច​កន្លែង​ហ្នឹង ​ទៅ​ដោះ​កន្លែង​ហ្នឹង​ទេ។ ​ដោះ​កន្លែង​ហ្នឹង ​លិច​កន្លែង​ផ្សេង​ទៀត​ហើយ»។​

លោក ​ម៉ាសាស៊ី នីស៊ីកាវ៉ា ​(Masashi Nishikawa) ​ទីប្រឹក្សា​គម្រោង​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ ​JICA ​បាន​ធ្វើការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​បង្ហូរ​ទឹក​ចេញ​ពី​ទីក្រុង ​ក្នុង​នោះ​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​លូ ​និង​ស្ថានីយ​បូម​ទឹក​ចេញ​ជាដើម។

លោក​មាន​ប្រសាសន៍​ថា៖​

«វា​ពិបាក​ក្នុង​ការ​បញ្ចប់​ទាំងស្រុង​ស្រុង​មិន​ឲ្យ​មាន​ទឹកជំនន់​នៅ​ក្នុង​ទីក្រុង ​ខណៈ​ទីក្រុង​កំពុង​តែ​រីកចម្រើន​ ហើយ​ស្រប​ពេល​មាន​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​កម្រិត​ទឹក​កើន​ឡើង ​ដោយ​សារ​ភ្លៀង​ខ្លាំង។ ​ប៉ុន្តែ​យើង​ត្រូវ​តែ​សម្រាល​នូវ​ផល​ប៉ះពាល់​ទាំង​នោះ»។​

នៅ​ឆ្នាំ​ក្រោយ​នេះ ​JICA​ នឹង​ចាប់​ផ្តើម​គម្រោង​៣​ឆ្នាំ​ទៀត​ ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​៣៩​លាន​ដុល្លារ​អាមេរិក ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​បង្ហូរ​ទឹក​ ដើម្បី​ជួយ​តំបន់​ខាង​ជើង​វត្ត​ភ្នំ ​និងទួលគោក៕