ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង Las Vegas រដ្ឋ Nevada នៅថ្ងៃពុធនេះ ស្របពេលដែលអ្នកស៊ើបអង្កេតនៅទីនោះកំពុងបន្តស្វែងរកមូលហេតុដែលខ្មាន់កាំភ្លើងបានរះយ៉ាងប្រល័យទៅលើអ្នកចូលរួមមើលការប្រគំតន្ត្រីមួយកន្លែង ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥៨ នាក់ស្លាប់ និងជាង ៥០០នាក់រងរបួស។
លោក ត្រាំ បាននិយាយនៅមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុង Las Vegas នេះថា៖ «ពួកយើងនឹងធ្វើដំណើរទៅជួបអ្នកដែលនៅរស់រានមានជីវិត។ ពួកយើងក៏នឹងជួបជាមួយនឹងប៉ូលិសផងដែរនៅទីក្រុង Las Vegas»។
លោក ត្រាំ បានហៅអ្នកបាញ់ប្រហារនោះថាជា «មនុស្សវិកលចរិត» និងបានបន្ថែមថា ការពិភាក្សាអំពីច្បាប់គ្រប់គ្រងកាំភ្លើងថ្មីណាមួយគឺនឹងធ្វើឡើងនៅពេលក្រោយ។
អាជ្ញាធរបានកំណត់អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងនេះថាឈ្មោះ Stephen Paddock អាយុ ៦៤ ឆ្នាំ។
ប៉ូលិសស្រុក Clark លោក Joe Lombardo បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា លោកជឿជាក់ថាប៉ូលិសនឹងកំណត់អំពីមូលហេតុដែលខ្មាន់កាំភ្លើងនេះធ្វើការបាញ់ប្រហារ ហើយរំពឹងថានឹងទទួលបានព័ត៌មានជាច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ចំណុចសំខាន់មួយសម្រាប់ការស៊ើបអង្កេតនេះ គឺមិត្តស្រីរបស់ខ្មាន់កាំភ្លើងនេះឈ្មោះ Marilou Danley ដែលលោក Joe Lombardo បាននិយាយថាជាមនុស្សសំខាន់នៅក្នុងរឿងនេះ។
អ្នកស្រី Marilou Danley ស្ថិតនៅក្នុងប្រទេសហ្វីលីពីននៅពេលដែលហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង ហើយបន្ទាប់មកបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកវិញនៅល្ងាចថ្ងៃអង្គារ ដែលនៅពេលនោះ ភ្នាក់ងារ FBI បានជួបជាមួយអ្នកស្រីនៅឯប្រលានយន្តហោះអន្តរជាតិ Los Angeles៕