វត្ថុ​អាថ៌កំបាំង​ដ៏​ធំ​មួយ​រសាត់​មក​ទើ​លើ​ឆ្នេរ​សមុទ្រ​ដាច់​ស្រយាល​មួយ​នៅ​អូស្ត្រាលី

  • Phil Mercer

វត្ថុ​រាង​ស៊ីឡាំងត្រូវបានឃើញ​នៅឆ្នេរ Green Head ប្រទេស​អូស្ត្រាលី​កាលពីថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២៣។

វត្ថុ​រាង​ស៊ីឡាំង​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា​កន្លង​ទៅ​នេះ​នៅ​ក្រុង Green Head ដែល​ជា​ក្រុង​ដ៏​តូច​មួយ​ជាប់​សមុទ្រ​នៅ​ចម្ងាយ ២៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង Perth រដ្ឋ Western Australian នៃ​ប្រទេស​អូស្ត្រាលី។

វត្ថុ​រាង​ស៊ីឡាំង​ពណ៌​ទង់ដែង​ដ៏​ធំ​នេះ​ត្រូវ​បាន​តោង​ជាប់​ដោយ​កូន​ខ្យង​សមុទ្រ​ជា​ច្រើន​នៅ​ពេល​ដែល​អ្នក​ស្រុក​ប្រើ​រថយន្ត​ទាញ​វត្ថុ​នេះ​ចេញ​ពី​ទឹក។ វត្ថុ​អាថ៌កំបាំង​នេះ​មាន​ទទឹង​ប្រវែង​ប្រហែល ២ ម៉ែត្រ​កន្លះ​និង​បណ្ដោយ​ប្រវែង​២​ម៉ែត្រ​កន្លះ។

បន្ទាប់​មក អាជ្ញាធរ​បាន​យក​វត្ថុ​នោះ​ចេញ។ យោធា​និង​ទីភ្នាក់ងារ​អវកាស​អូស្ត្រាលី​កំពុង​ធ្វើ​ការ​ជាមួយ​ប៉ូលិស​ដើម្បី​វិភាគ​ថា​តើ​វត្ថុ​នោះ​ជា​អ្វី​និង​មក​ពី​ណា។ គេ​គិត​ថា​វត្ថុ​នេះ​មិន​មែន​ជា​បំណែក​ណា​មួយ​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​នោះ​ទេ។

លោក Brad Tucker ដែល​ជា​តារាវិទូ​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា​ថា វត្ថុ​អាថ៌កំបាំង​នេះ​អាច​ជា​បំពង់​ឥន្ធនៈ​ដែល​គេ​បោះចោល​របស់​រ៉ុក្កែត​ឥណ្ឌា។

លោក Tucker បាន​ថ្លែង​ដូច្នេះ​ថា៖ «មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​ជា​បំណែក​ធ្លាក់​ពី​អវកាស ដែល​អាច​ជា​បំណែក​មួយ​របស់​រ៉ុក្កែត។ វា​មិន​ទាន់​ពិត ១០០% ទេ ប៉ុន្តែ​រូបរាង ទម្រង់ និង​វត្ថុធាតុ​ដើម​នៃ​វត្ថុ​នេះ​មាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​បំណែក​របស់​រ៉ុក្កែត។ មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​ជា​បំណែក​មួយ​របស់​រ៉ុក្កែត Polar Satellite Launch Vehicle របស់​ឥណ្ឌា។ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈ​ជា​ទូទៅ​ដូច​ផ្នែក​ផ្សេង​ទៀត​របស់​រ៉ុក្កែត​ផង​ដែរ។ ដូច្នេះ​ដោយសារតែ​មាន​លក្ខណៈ​ដូច្នេះ​ហើយ ទើប​គេ​គិត​ថា​វា​អាច​ជា​បំណែក​មួយ​នៃ​រ៉ុក្កែត»។

លោក Tucker និយាយ​ថា ចំណុច​សំខាន់​មួយ​ដែល​វត្ថុ​នេះ​អាច​មាន​គឺ​លេខ​សំគាល់​ឬ​ក៏​លេខ​កាតាឡុក។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «បំណែក​ភាគ​ច្រើន​នៃ​វត្ថុ​អវកាស​ឬ​ក៏​យាន​អវកាស​គឺ​តែងតែ​មាន​លេខ​កាតាឡុក​ឬ​លេខ​សំគាល់។ នៅ​ពេល​ដែល​បំណែក​យាន​អវកាស​របស់​ក្រុមហ៊ុន Space-X បែក​ជា​បំណែក​នៅ​រដ្ឋ New South Wales ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ជួប​កសិករ​និង​បាន​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​របស់​បំណែក​នោះ ហើយ​នៅ​លើ​បំណែក​ធំៗ យើង​ឃើញ​មាន​លេខ​សំគាល់​នៅ​លើ​នោះ។ នៅ​លើ​បំណែក​នោះ​មិន​មាន​ពាក្យ​ណា​សរសេរ​ថា «ប្រសិនបើ​រក​ឃើញ សូម​ប្រគល់​ឱ្យ​ឥណ្ឌា​ឬ​ក៏​ចិន» នោះ​ទេ»។

ប៉ូលិស​រដ្ឋ Western Australia បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា​ថា វត្ថុ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ដែល​បាន​រសាត់​មក​ទើ​លើ​ឆ្នេរ​សមុទ្រ​ទីក្រុង Perth នោះ​គឺ​ជា​បំណែក​ធ្លាក់​ពី​អវកាស «ហើយ​គេ​នឹង​ចាត់ចែង​វត្ថុ​នោះ​តាម​ការ​កំណត់​ដូច្នេះ​រហូត​ទាល់តែ​ដល់​ពេល​ដែល​វា​ត្រូវ​បាន​កំណត់​ថា​ជា​អ្វី​ផ្សេង»៕


ប្រែ​សម្រួល​ដោយ​លោក ភី សុភាដា។