បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​នាក់​ប្រជែង​គ្នា​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ដើម្បី​ប្រកួត​ជាមួយ​លោក Trump នៅ​ឆ្នាំ ២០២០

  • Jim Malone

លោក Bernie Sanders ថ្លែងនៅក្នុងវេទិកា «We the People‍» នៅរដ្ឋធានីវ៉ាស៊ីនតោន Washington កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ មាន​ភាព​ចម្រុះ​គឺ​ មាន​តាំង​ពី​ស្ត្រី បុរស ជនជាតិ​ភាគ​តិច និង​អ្នក​ដែល​មាន​បទ​ពិសោធន៍​នយោបាយ​ខុសៗ​គ្នា

នៅ​សល់​ពេល ១០ ខែ​ទៀត​មុន​នឹង​អ្នក​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ដំណើរការ​ជ្រើសរើស​បេក្ខជន​ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ជួប​ប្រជុំ​គណបក្ស និង​ការ​បោះ​ឆ្នោត​បឋម ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ​ បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ១៥ នាក់ ឬ​ក៏​ច្រើន​ជាង​នេះ កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​មមាញឹក​ ដើម្បី​ប្រជែង​យក​តំណែង​ជា​អ្នក​ប្រកួតប្រជែង​ជាមួយ​លោក​ប្រធានាធិបតី Donald Trump នៅ​ឆ្នាំ​ក្រោយ។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ មាន​ភាព​ចម្រុះ​គឺ​ មាន​តាំង​ពី​ស្ត្រី បុរស ជនជាតិ​ភាគ​តិច និង​អ្នក​ដែល​មាន​បទ​ពិសោធន៍​នយោបាយ​ខុសៗ​គ្នា។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន បាន​ប្រឹងប្រែង​ស្វែងរក​ការ​គាំទ្រ​នៅ​ចំពោះ​មុខ​ក្រុម​សហជីព​កម្មករ និង​ក្រុម​សកម្មជន​សេរី​និយម​នានា​ នៅ​ឯ​វេទិកា​មួយ​ដែល​មាន​ឈ្មោះ​ថា «We the People»។

លោកស្រី Elizabeth Warren នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងនៅក្នុង​វេទិកា «We the People‍» ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ថា៖ «រដ្ឋបាល​របស់​លោក Trump គឺ​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិសុខ​ជាតិ​គ្រប់​រូបភាព​ទាំង​អស់ ហើយ​យើង​ត្រូវតែ​បញ្ឈប់​រឿង​នេះ‍»។

លោកស្រី Amy Klobuchar នៃគណបក្សប្រជាធិបតេយ្យថ្លែងនៅក្នុងវេទិកាមួយនៃសាកលវិទ្យាល័យ Buena Vista University ក្នុងទីក្រុង Storm Lake រដ្ឋ Iowa កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

អ្នកស្រី Warren គឺ​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ជា​ស្ត្រី​មួយ​ចំនួន ដែល​មិន​ខ្លាច​នឹង​រិះគន់​លោក​ប្រធានាធិបតី Donald Trump។ ក្រុម​ស្ត្រី​ទាំង​នោះ​ក៏​មាន​អ្នកស្រី Amy Klobuchar ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota ផង​ដែរ។

អ្នកស្រី Klobuchar បាន​សន្យា​ដូច្នេះ​ថា៖ «ពេល​ខ្លះ លោក Trump គិត​ថា អំពើ​ស្អប់​គុំកួន​ដែល​រៀបចំ​ទុក​គឺ​មាន​ឥទ្ធិពល​ជាង​សេចក្ដី​ស្រលាញ់​ដែល​មិន​រៀបចំ​ទុក។ ការ​គិត​របស់​លោក Trump ប្រហែល​ជា​ត្រូវ​ដែរ។ ប៉ុន្តែ​តើ​យើង​ឆ្លើយតប​ចំពោះ​រឿង​នេះ​តាម​វិធី​ណា? គឺ​យើង​ត្រូវ​រួម​កម្លាំង​គ្នា ហើយ​ការ​រួម​កម្លាំង​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ឈ្នះ»។

លោកស្រី Kamala Harris នៃគណបក្សប្រជាធិបតេយ្យ ថ្លែងទៅកាន់ក្រុមមេដឹកនាំសហជីពនៅក្នុងសន្និសីទមួយ នៅទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ក្រុម​បេក្ខជន​ចម្រុះ

បេក្ខជន​ដែល​ជា​ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ក៏​បាន​ចូលរួម​ប្រកួត​ដើម្បី​បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ដែរ។ ក្នុង​នោះ​មាន​ដូចជា​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California លោក Julian Castro អតីត​ប្រធាន​គណៈរដ្ឋមន្ត្រី និង​លោក Cory Booker សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Jersey ដែល​ជា​រឿយៗ​ផ្ដោត​លើ​ប្រធានបទ​សាមគ្គីភាព​ជាតិ​ជា​ដើម។

លោក Cory Booker និយាយ​ដូច្នេះ​ថា៖ «ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២០ គឺ​មិន​គ្រាន់តែ​ជា​ការ​បោះ​ឆ្នោត​ដើម្បី​ទម្លាក់​មនុស្ស​ម្នាក់​ចេញ​ពី​តំណែង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ចាប់ផ្ដើម​នូវ​យុគសម័យ​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដែល​ក្ដី​សុបិន​គឺ​មិន​មែន​ត្រឹមតែ​ជា​ពាក្យ​សម្ដី ឬ​ក៏​បទ​ចម្រៀង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ពិត​សម្រាប់​មនុស្ស​គ្រប់​គ្នា»។

លោក Beto O'Rourke អតីតសមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Texas ថ្លែងទៅកាន់អ្នកគាំទ្ររូបលោក នៅទីក្រុង Manchester រដ្ឋ New Hempshire កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

សាមគ្គីភាព​ជាតិ​ក៏​ជា​ប្រធានបទ​មួយ​សម្រាប់​លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Texas ផង​ដែរ។ លោក Beto O'Rourke បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់​លោក​នៅ​ក្នុង​ទីក្រុង El Paso រដ្ឋ Texas ដែល​ជា​ស្រុក​កំណើត​របស់​លោក។

លោក Beto O'Rourke និយាយ​ដូច្នេះ​ថា៖ «យើង​មិន​ត្រូវ​ទុក​ឲ្យ​ភាព​ខុស​គ្នា​នេះ​កំណត់​ថា​ពួក​យើង​ជា​នរណា ឬ​ក៏​មក​បំបែក​បំបាក់​ពួក​យើង​បាន​ទេ។ ចូរ​យើង​ឯកភាព​គ្នា​ថា ពួក​យើង​ផ្ដោត​លើ​ពលរដ្ឋ​អាមេរិកាំង​មុន​អ្វីៗ​ទាំង​អស់»។

លោក O'Rourke បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា «We the People» ថា លោក​នឹង​គាំទ្រ​ការ​លុបចោល​អង្គ​បោះ​ឆ្នោត​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី ហើយ​នឹង​គាំទ្រ​ការ​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ផ្ទាល់​ដើម្បី​សម្រេច​អំពី​លទ្ធផល។

អត្រា​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ

ការ​គាំទ្រ​លោក O'Rourke នៅ​ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​មាន​ការ​កើន​ឡើង។ បេក្ខជន​ថ្មីៗ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​គឺ​លោក Pete Buttigieg អភិបាល​ក្រុង South Bend រដ្ឋ Indiana និង​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California។

ការ​ស្ទង់​មតិ​ថ្មី​ចុងក្រោយ​បង្អស់​របស់​សាកល​វិទ្យាល័យ Quinnipiac បាន​បង្ហាញ​ថា លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden នាំ​មុខ​គេ​នៅ​ក្នុង​ក្រុម​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ទទួល​បាន​ការ​គាំទ្រ​ចំនួន ២៩ ភាគរយ ហើយ​បន្ទាប់​មក​គឺ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont ដែល​ទទួល​បាន​ការ​គាំទ្រ​ចំនួន ១៩ ភាគរយ។ ចំណែក​ឯ​លោក O'Rourke ទទួល​បាន​ការ​គាំទ្រ​ចំនួន ១២ ភាគរយ ហើយ​អ្នកស្រី Harris ទទួល​បាន​ការ​គាំទ្រ​ចំនួន ៨ ភាគរយ។

រូបឯកសារ៖ លោក Pete Buttigieg អភិបាលក្រុង South Bend នៃរដ្ឋ Indiana ថ្លែងនៅក្នុងវេទិកាគណៈកម្មាការជាតិនៃគណបក្សប្រជាធិបតេយ្យ នៅទីក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​របស់​មហាវិទ្យាល័យ Emerson អំពី​អ្នក​បោះ​ឆ្នោត​នៃ​រដ្ឋ Iowa បាន​បង្ហាញ​ថា ការ​គាំទ្រ​លោក Buttigieg បាន​កើន​ឡើង ដោយ​ទទួល​បាន​ការ​គាំទ្រ​ចំនួន ១១ ភាគរយ ដែល​ធ្វើ​ឲ្យ​លោក​ឈាន​ដល់​លំដាប់​ថ្នាក់​ទី ៣ បន្ទាប់ពី​លោក Biden និង​លោក Sanders ហើយ​លោក​នាំ​មុខ​អ្នកស្រី Harris និង​អ្នកស្រី Warren តិចតួច។

លោក Biden ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​លោក​បាន​រង​ការ​រិះគន់ បន្ទាប់ពី​ស្ត្រី​មួយ​ចំនួន​បាន​ប្ដឹង​លោក​អំពី​ការ​ប៉ះ​រាងកាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មេសា លោក Biden បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ Twitter ដោយ​បញ្ជាក់​ថា «ព្រំដែន​នៃ​ការ​ការពារ​ដែន​បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​គេ​កែប្រែ​ថ្មី»។ លោក Biden បាន​បន្ថែម​ថា លោក​នឹង​យក​ចិត្ត​ទុកដាក់​ជាង​មុន​អំពី​ការ​គោរព​ដែន​បុគ្គល​ម្នាក់ៗ​នៅ​ពេល​អនាគត។

លោក Biden ត្រូវ​បាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​ចាត់ទុក​ថា​ជា​បេក្ខជន​នាំ​មុខ​គេ ប៉ុន្តែ​ការ​បរាជ័យ​ពីរ​លើក​របស់​លោក​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​លើក​មុនៗ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង។

ការ​ពិនិត្យ​តាមដាន​រួច​មក​ហើយ

ដោយសារតែ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ដំណើរ​មុន​កាល​កំណត់​យ៉ាង​ក្លៀវក្លា​ទៅ​កាន់​រដ្ឋ​បោះ​ឆ្នោត​ដំបូង​គេ​សំខាន់ៗ​ដូចជា​រដ្ឋ Iowa និង​រដ្ឋ New Hampshire ជា​ដើម អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ពិនិត្យ​តាមដាន​បេក្ខជន​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

លោក Bill Sweeney អ្នក​ជំនាញ​នៃ​សាកល​វិទ្យាល័យ Amercain University បាន​និយាយ​ថា៖ «អ្នក​បោះ​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ចម្បង​ចោទ​សួរ​បេក្ខជន​ទាំង​នោះ​លើ​ចំណុច​ចំនួន​ពីរ។ ទី​មួយ និង​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​អំពី​ទស្សនៈ​វិស័យ​គោល​នយោបាយ​របស់​ពួកគេ​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ពេល​អនាគត។ ទី​ពីរ​គឺ​ថា​តើ​ពួកគេ​មាន​សមត្ថភាព​អាច​យក​ឈ្នះ​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខ​នេះ​បាន​ដែរ​ឬ​ទេ?»។

លោក Jay Inslee ចូលរួមពិភាក្សានៅក្នុងវេទិកា «We the People‍» ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

បេក្ខជន​ថ្មីៗ​មួយ​ចំនួន​ដែល​ឡើង​លើ​វេទិកា​ជាតិ​នេះ ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​មួយ ឬ​ក៏​ពីរ។ សម្រាប់​លោក Jay Inslee ដែល​ជា​អភិបាល​រដ្ឋ Washington វិញ បញ្ហា​ដែល​លោក​ផ្ដោត​គឺ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

លោក Inslee បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​នោះ​ថា៖ «នេះ​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​មួយ ដោយសារតែ​ពួក​យើង​គឺ​ជា​ជំនាន់​ដំបូង​បង្អស់​ហើយ​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​ពួក​យើង​គឺ​ជា​ជំនាន់​ចុង​ក្រោយ​ដែល​អាច​ស្វែងរក​ដំណោះស្រាយ​ចំពោះ​រឿង​នេះ»។

លោក Bernie Sanders ថ្លែងនៅក្នុងវេទិកា «We the People‍» នៅរដ្ឋធានីវ៉ាស៊ីនតោន Washington កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ទោះបីជា​មាន​បេក្ខជន​ថ្មីៗ​ជា​ច្រើន​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ដើម្បី​ឲ្យ​បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ក៏​ដោយ ក៏​គេ​ឃើញ​លោក Bernie Sanders ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ ក៏​បាន​ចូលរួម​ផង​ដែរ។

ជា​ថ្មី​ម្ដង​ទៀត លោក Sanders បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​អំពី​ការ​ពង្រីក​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព ការ​អប់រំ​ថ្នាក់​មហាវិទ្យាល័យ​ដោយ​ឥត​បង់ថ្លៃ និង​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច។

លោក Sanders បាន​ថ្លែង​ក្នុង​វេទិកា «We the People» យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​សន្យា​ជាមួយ​អ្នក​គឺ​ថា ប្រសិនបើ​ខ្ញុំ​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​គ្រប់​កន្លែង​ទាំង​អស់​នៅ​ក្នុង​ប្រទេស ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​នយោបាយ​មូលដ្ឋាន»។

លោក Sanders រៃ​អង្គាស​ថវិកា​នៅ​ក្នុង​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​នេះ​បាន​សរុប​ចំនួន ១៨ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​លោក​នាំ​មុខ​គេ​នៅ​ក្នុង​ចំណោម​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​អស់។ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មេសា លោក O'Rourke បាន​បញ្ជាក់​ថា លោក​រៃ​អង្គាស​ថវិកា​បាន ៩ លាន ៤ សែន​ដុល្លារ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​របស់​លោក ដែល​ជា​សញ្ញា​បង្ហាញ​ថា លោក​អាច​ជា​គូ​ប្រជែង​ដ៏​សំខាន់​មួយ។

ជម្រើស​ជា​ច្រើន

ដោយសារ​ចំនួន​បេក្ខជន​សរុប​ចុង​ក្រោយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទំនងជា​មាន​ចំនួន​ពី ១៥ ទៅ ២០ នាក់ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​មាន​ជម្រើស​ច្រើន ដោយ​បេក្ខជន​នីមួយៗ​មាន​លក្ខណៈ​សម្បត្តិ និង​ទស្សនវិស័យ​គ្រប់គ្រង​ប្រទេស​ខុសៗ​គ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Matt Dellek អ្នក​វិភាគ​នៃ​សាកលវិទ្យាល័យ George Washington។

ការ​ប្រកួត​ប្រជែង​ដ៏​ធំ​ដំបូង​បំផុត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​ដំបូង​បង្អស់​របស់​បេក្ខជន​ចាប់​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៧ ខែ​មិថុនា​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida៕

ប្រែ​សម្រួល​ដោយ ភី សុភាដា