គណបក្សកុម្មុយនិស្តឡាវបានផ្លាស់ប្ដូរមេដឹកនាំថ្មីៗក្នុងអំឡុងពេលនៃសមាជគណបក្សលើកទី១០ ដែលបង្ហាញពីទិសដៅនាពេលអនាគតរបស់ប្រទេសនេះ ខណៈដែលប្រទេសឡាវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន (ASEAN)។ ព្រឹត្តិការណ៍វិវត្តន៍នយោបាយចុងក្រោយនេះត្រូវបានធ្វើឡើងមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវរបស់លោក John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក។
សមាជប្រជុំរបស់គណបក្សកុម្មុយនិស្តឡាវដែលមានរយៈពេល៥ថ្ងៃ កត់សម្គាល់ជាសំខាន់នូវព្រឹត្តិការណ៍ការបោះឆ្នោតជ្រើសរើសលោក Bounnhang Vorachit អាយុ៧៨ឆ្នាំ ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សនេះ ឲ្យធ្វើជាអគ្គលេខាធិការថ្មីនៃគណបក្ស។
លោក Bounnhang ចំណងទាក់ទងជាមួយនឹងប្រទេសវៀតណាមជាយូរមកហើយ គឺចាប់តាំងពីកាលលោកធ្វើការហ្វឹកហ្វឺនយោធានិងកាលពីពេលដែលលោកនៅជាសិស្ស។ លោកBounnhang ស្នងតំណែងលោក Choummaly Sayasone ដែលបានកាន់តំណែងនេះអស់រយៈពេល១០មកហើយ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានផ្សាយថា គណៈប្រតិភូជិត៧០០នាក់ដែលតំណាងឲ្យសមាជិកគណបក្សជាង២សែននាក់ បានចូលរួមក្នុងសមាជប្រជុំរយៈពេល៥ថ្ងៃ ក្នុងទីក្រុងវៀងច័ន្ទ ដែលជាការប្រជុំលើកទី១០ចាប់តាំងពីគណបក្សកុម្មុយនិស្តបានចូលកាន់កាប់អំណាចតាំងពីឆ្នាំ១៩៧៥មក។
សមាជប្រជុំដែលត្រូវបានធ្វើឡើងមុនដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ របស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry នេះ ក៏មានចំណុចគួរឲ្យកត់សម្គាល់មួយទៀត គឺការតែងតាំងលោករដ្ឋមន្រ្តីការបរទេស Thongloun Sisoulith ជានាយករដ្ឋមន្រ្តីផងដែរ។
ប្រភពអ្នកការទូតនៅទីក្រុងវៀងច័ន្ទបានប្រាប់ VOA ថា លោក Thongloun ជាអ្នកតែងបានគាំទ្រដល់ការពង្រឹងចំណងទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញ។
ប៉ុន្តែលោក Thitinan Pongsudhirak ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ បានសង្កត់ធ្ងន់ថា គោលនយោបាយរួមមិនទំនងជានឹងត្រូវបានផ្លាស់ប្ដូរក្រោមថ្នាក់ដឹកនាំថ្មីនោះទេ ហើយរដ្ឋាភិបាលក៏នឹងបន្តប្រឈមនឹងការរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្សដែលបានកើតមានផងដែរ។
អ្នកវិភាគរូបនេះថ្លែងប្រាប់ VOA ថា៖ «ថ្នាក់ដឹកនាំថ្មីនេះគឺដដែល។ ដដែលនេះ គឺសំដៅទៅលើការគាបសង្កត់និងដាក់កំហិតទៅលើអង្គការសង្គមស៊ីវិលនិងសេរីភាពជាមូលដ្ឋាន។ កាលពីពេលកន្លងទៅនេះ យើងមានរឿងអាស្រូវមួយចំនួនពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សកម្មជនអង្គការសង្គមស៊ីវិលនិងការរំលោភសិទ្ធិមនុស្ស ដែលគេរំពឹងថានឹងនៅតែបន្តកើតឡើង»។
ក្រុមអ្នកវិភាគនិយាយថា ការចូលនិវត្តន៍របស់សមាជិកការិយាល័យនយោបាយចំនួន២រូបដែលគាំទ្រប្រទេសចិននេះ ក៏ប្រហែលជាធ្វើឲ្យខ្សោយនូវឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិនទៅលើប្រទេសឡាវផងដែរ។
ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់ឡាវ បន្ទាប់មកគឺប្រទេសវៀតណាម និងប្រទេសថៃ។
លោកឧបនាយករដ្ឋមន្រ្តី Somsavat Lengsavad បានថ្លែងនៅក្នុងសមាជប្រជុំនោះថា គោលដៅរបស់គណបក្សគឺចង់ឃើញប្រទេសឡាវចេញផុតពីឈ្មោះជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបផុតត្រឹមឆ្នាំ២០២០ និងបន្តបំបាត់ភាពក្រីក្របន្ថែមទៀត។
លោក Carl Thayer អ្នកវិភាគលើផ្នែកសន្តិសុខនៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលីបានមានប្រសាសន៍ថា ប្រទេសឡាវនឹងត្រូវរក្សាតុល្យភាពនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ក្នុងនាមជាប្រទេសដែលនឹងត្រូវធ្វើជាប្រធានអាស៊ាន និងទទួលស្វាគមន៍បណ្តាមេដឹកនាំពិភពលោក ដោយរួមមានទាំងលោកប្រធានាធិបតី Barack Obama នៅក្នុងឆ្នាំនេះផងដែរ។
លោក Thayer ថ្លែងបញ្ជាក់ប្រាប់ VOA ថា៖ «លោក Obama នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់នេះក្នុងខែឧសភាខាងមុខនេះ ជាក់ស្តែងគឺទៅកាន់ប្រទេសវៀតណាមតែម្តង។ នៅក្នុងឆ្នាំចុងក្រោយនៃតំណែងជាប្រធានាធិបតីអាមេរិក លោក Obama កំពុងរៀបចំយុទ្ធសាស្ត្រនយោបាយការទូតអាមេរិកនៅក្នុងប្រទេសឡាវដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN និងព្យាយាមធ្វើឲ្យវាប្រទេសនេះមានលក្ខណៈឯករាជ្យនិងអព្យាក្រឹត្យ ជាជាងទោរទន់ទៅរកប្រទេសចិន ដូចដែលមនុស្សមួយចំនួនបានអះអាងនោះទេ»។
ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានរបស់ប្រទេសឡាវនឹងធ្វើឲ្យប្រទេសនេះស្ថិតក្រោមការឃ្លាំមើលរបស់សហគមន៍អន្តរជាតិ ខណៈដែលគណបក្សកុម្មុយនិស្តឡាវត្រូវរក្សាតុល្យភាពទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសវៀតណាម ក៏ដូចជាផ្តោតទៅលើការជំរុញកំណើនសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ ហុង ចិន្តា