ឡាវ​នៅ​តែ​ប្រកាន់​គោលជំហរ​មុតមាំ​ទៅ​លើ​ទំនប់វារី​អគ្គិសនី​ ទោះបីជា​មាន​គ្រោះមហន្តរាយ​បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់​ក៏ដោយ

លោក Kongvilay Inthavong និង​ភរិយា​របស់​លោក​សម្អាត​ផ្ទះ​របស់​ពួកគេ នៅ​ទឹក​ជំនន់​ចាប់​ផ្តើម​ស្រក​ចុះ​ទៅ​វិញ នៅ​ក្នុង​ក្រុង Sanamxay ខេត្ត Attapeu ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​អ្នក​គាំទ្រ​ថាមពល​ផលិត​ឡើងវិញ​បាន​ចាប់​យក​ឱកាស​ពី​ឧបទ្ទវហេតុ​បាក់​ទំនប់​វារីអគ្គិសនី​មួយ​នៅ​ឡាវ⁠ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​មួយ​នេះ​ងាក​ចញ​ពី​ការ​ប្រើប្រាស់​ទំនប់​អគ្គិសនី «ដ៏​ច្រើន​លើស​លុប»។​

ឡាវ​កំពុង​រៀបចំ​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួនប្រហែល​ ១៤០ បន្ថែម​ទៀត​ នៅ​ក្នុង​ដំណើរ​ដើម្បី​ក្លាយ​ជា «ប្រភព​អគ្គិសនី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍»។⁠ នេះ​បើ​យោង​ទៅ​តាម​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ Stimson Center។

ផែនការ​ខាង​លើ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អភិរក្ស⁠ និង​អង្គការ​សិទ្ធ​មនុស្ស​ ដែល​អះអាង​ថា ថ្នាក់​ដឹកនាំ​ប្រទេស​នេះ​កំពុង​តែ​កេងចំណេញ​យ៉ាង​ខ្លាំង​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ ដែល​បង្ក​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ។

មាន​ការ​បាក់​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​ដង​កាល​ពី​ឆ្នាំ​មុន⁠ហើយ​ការ​បាក់​ទំនប់​វារីអគ្គិសនី​មួយ​នៅ​តំបន់​ទំនប់​វារីអគ្គិសនី⁠ Xe⁠ Pian Xe⁠ Namnoyនា​ពេល​ថ្មីៗ​បំផុត​មួយ​ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ បាន​សម្លាប់​មនុស្ស​ជាង ៣០នាក់⁠ ⁠និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ទៀត​បាត់បង់​ទីលំនៅ។​

​នាយកប្រតិបត្តិ​ប្រចាំ​គណៈកម្មាធិការ​ទន្លេមេគង្គ⁠ ហៅ​កាត់​ថា MRC លោក Tuan Phan បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា៖

«ទោះ​បី​ជា​ការ​បាក់​ទំនប់​ជា​សោកនាដកម្ម​ថ្នាក់​ជាតិ​មួយ​ក៏​ដោយ ឧបទ្ទវហេតុ​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ ដែល​មាន​លក្ខណៈ​ចំណេញ​⁠ជាង​មុន​ប្រកប​ដោយ​ចីរភាព​ជាង​មុន និង​មាន​ភាព​ចម្រូងចម្រាស​តិច​ជាង​មុន​សម្រាប់​ទន្លេ​ដ៏​អស្ចារ្យ​ជាង​គេ​បង្អស់​មួយ​នេះនៅ​លើ​ពិភពលោក»។​

ទំនប់វារី​អគ្គិសនី​ Xe⁠ Pian Xe⁠ Namnoy​ ទាញ​យក​ថាមពល​ពី​ដៃ​ទន្លេ​មេគង្គ​ ដែល​ជា​ផ្លូវ​ទឹក​ប្រវែង​ប្រហែល​ជាង​ ៤.០០០​ ម៉ែត្រ។⁠ ទន្លេ​មេគង្គ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជនរាប់​លាន​នាក់​ ដែល​ពឹងផ្អែក​ទៅ​លើ​ផ្លូវ​ទឹក​មួយ​នេះ​សម្រាប់នេសាទ និង​កសិកម្ម​នៅឡាវ និង​ប្រទេសចំនួន​ប្រាំ​ផ្សេង​ទៀត ដែល​ទន្លេ​មេគង្គ​រត់​កាត់។

​ក្រុម​អ្នក​អភិរក្ស​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​កំពុង​តែ​រងការ​ប៉ះពាល់​ពី​ទំនប់វារីអគ្គិសនី​នៅ​បណ្តា​ប្រទេស​នានា ដែល​តែងតែ​ទទួល​បាន​ហរិញ្ញប្បទាន​តាមរយៈ​កិច្ចសន្យាដើម្បី​លក់​អគ្គិសនី​ឆ្លង​ព្រំដែន។

កាល​ពី​ខែ​កុម្ភៈ​ គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​បង្ហាញ​ការ​រក​ឃើញ​នៅ​ក្នុង «ការ​សិក្សា​ថ្នាក់​ក្រុមប្រឹក្សា»⁠ មួយ​⁠ ដែល​បានចំណាយ​ថវិកា​រាប់​លាន​ដុល្លារ និង​ប្រើ​ពេល​វេលា​អស់រយៈពេល​ប្រាំ​មួយ​ឆ្នាំ។ ការ​សិក្សា​នេះ​ព្យាករណ៍​ពី​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ប្រសិន​បើ​ផែនការ​អភិវឌ្ឍលើ​ទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បន្ត​ទៅ​មុខ ដែល​រួមមាន​ការ​បាត់បង់​ដី​សណ្ត​បាត​ទន្លេ​ចំនួន ៩៧​ភាគរយ​នៅ​តំបន់​ទន្លេ​មេគង្គ​នៅ​ត្រឹម​ឆ្នាំ​២០៤០។

​នាយក​ផ្នែក​គ្រប់គ្រង​បរិស្ថាន​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ⁠ លោក​ So⁠ Nam បាន​លើកឡើង​នៅ​ពេល​លោក​ធ្វើ​បទបង្ហាញ​ពី​ការ​សិក្សា​នោះ​ថា៖

«ហើយ​នៅ​ត្រឹម​ឆ្នាំ ២០៤០ ការ​បាត់បង់⁠ [ដីសណ្ត] នឹង​កើនឡើង​រហូត​ដល់​ជិត​៤០​ភាគរយ ដូច្នេះ​ត្រី​ជិត​១លាន​តោន​នឹង​ត្រូវ​បាត់បង់​ជា​រៀងរាល់ឆ្នាំ​ ដែល​មាន​តម្លៃ​ស្មើ​នឹង​៤,៥ ទៅ៤,៧⁠ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ»។

​បញ្ហា​សុវត្ថិភាព​មិន​មាន​នៅ​ក្នុង​ការ​ព្រួយបារម្ភ​ចម្បង​លើក​ឡើង​ដោយ​គណៈកម្មាធិការ​ទន្លេមេគង្គ⁠នោះ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​ នៅ​ខណៈ​ដែល​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​បាន​បាក់​នៅ​ប្រទេស​ឡាវ​នៅ​ក្នុង​រយៈពេល​ដ៍​ខ្លី​មួយ​ បញ្ហា​សុវត្ថិភាព​បាន​ក្លាយ​ជា​ចំណុច​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្នុង​បរិបទ​បច្ចេកវិទ្យា​ទំនប់វារីអគ្គិសនី។​

លោក Brian⁠ Eyler នាយក​ទទួល​បន្ទុក​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ Stimson Centerកំពុង​ព្យាយាម​ពន្យល់​ទៅ​រដ្ឋាភិបាល​ឡាវ​ថា⁠ បច្ចេកវិទ្យា​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់​អាច​ផលិត​អគ្គិសនី​បាន​ក្នុង​ទំហំ​ប្រហាក់ប្រហែល​គ្នា​ និង​នៅ​ក្នុង​តម្លៃ​អាច​ប្រជែង​គ្នា​មួយ ដោយ​មិន​បង្ក​ការ​ប៉ះពាល់​ច្រើន​ដូច​ទំនប់វារី​អគ្គិសនី​ឡើយ។

​លោក​និយាយ​ថា ក្រុម​វិនិយោគិន​ដែល​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទំនប់វារីអគ្គិសនី​ឡាវ «ដ៍​ច្រើន​លើស​លុប»⁠ នេះ⁠គួរ​គិត​ពិចារណា​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា វិនិយោគិន​គួរ​តែ​មាន​ការ​ព្រួយបារម្ភ។ សូម​មើល​ទៅ​ក្រុមហ៊ុន​កូរ៉េ​នានា​ដែល​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​រួម​ហ៊ុន​គ្នា​នៅ​លើ​ផ្សារ​ហ៊ុន​នៅ​ប្រទេស​កូរ៉េ​បាន​រងការ​ខាតបង់ ហើយ​នៅ​តែ​មិន​ទាន់​អាច​ងើប​ឡើង​វិញ​បាន​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​បណ្តាលមក​ពី​ទំនប់វារី​អគ្គិសនី​ Xe⁠ Pian Xe⁠ Namnoy​ កាល​ពី​ពេល​មុន​នេះ»។​⁠

​⁠​ប៉ុន្តែ​ដរាបណា​ឡាវ​នៅ​តែ​អាច​ទទួល​បាន​កិច្ចសន្យា​ទិញ​អគ្គិសនី​ពី​គម្រោង​ទំនប់វារីអគ្គិសនី​របស់​ខ្លួន ការ​ផ្តល់​ហិរញ្ញប្បទាន​នៅ​តែ​មាន​ ជា​ពិសេស​ពី​ប្រទេស​ចិន​តាមរយៈ​ប្រភព​នានា​ «ដែល​ល្បី​ដោយ​សារ​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​នានា​ ដែល​មិន​អាច​ទៅ​រួច​តាម​បែប​ពាណិជ្ជកម្ម​ និង​គ្រាន់​តែ​បំពេញ​តម្រូវការ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ»។

ក្រុមហ៊ុន⁠ SK⁠ E&C ​ដែល​សាងសង់​ទំនប់​វារីអគ្គិសនី ​ដែល​បាន​បាក់ បាន​បដិសេធ​ជា​ច្រើន​ដង​ចំពោះ​សំណើ​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​ VOA ដែល​រួម​មាន​សំណើ​សុំ​ការ​ចុះ​មើល​ការិយាល័យ​របស់​ក្រុមហ៊ុន​នៅ​តំបន់​កើត​មាន​ឧបទ្ទវហេតុ​ដោយ​ផ្ទាល់​នៅ​ខេត្ត​ Attapeu⁠ ប្រទេស​ឡាវ។​

​⁠​នាពេល​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​ឡាវ​បាន​ប្រកាស​ធ្វើ​ការ​ត្រូត​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​គម្រោង​ទំនប់វារីអគ្គិសនី​ ដែល​មាន​ស្រាប់​ មុន​ពេលគ​ម្រោងទំនប់វារីអគ្គិសនី​ថ្មីៗ​ផ្សេង​ទៀត​ត្រូវ​បាន​សម្រេច​ឲ្យ​សាងសង់។ សំណើ​ទៅ​កាន់​មន្ត្រី​នៅ​ក្រសួងការបរទេស​ និង​ក្រសួង​រ៉ែ និង​ថាមពល​ សុំ​ការ​បកស្រាយ​លម្អិត​អំពី​ការត្រួតពិនិត្យ​នោះ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ឡើយ។

ចំពោះ​អ្នក​ដែល​សង្ឃឹម​ថា ការ​ត្រួត​ពិនិត្យ​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​គិត​ពិចារណា​ឡើង​វិញ​ពី​គោលនយោបាយ​ថាមពល​របស់​រដ្ឋាភិបាល​ឡាវ គេ​មិន​ឃើញ​មាន​សញ្ញា​បង្ហាញ​ពី​ការ​វិវត្ត​ទៅ​មុខ​ល្អ​ឡើយ។

​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​នោះ​ត្រូវ​បាន​ប្រកាស​ឡើង ឡាវ និង​ប្រទេស​ដៃគូ​សមាជិក​នៅ​ក្នុង​គណៈកម្មាធិការ​ទន្លេមេគង្គ⁠ ដែល​មាន​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​⁠ចាប់​ផ្តើម​ការ​ចរចា​លើកិច្ចព្រមព្រៀង​ទិញ​ថាមពល​អគ្គិសនី​ ពី​ទំនប់វារីអគ្គិសនី​ថ្មី​មួយ​នៅ​លើ​ទន្លេមេគង្គ​ ឈ្មោះ​ថា ទំនប់ ​Pak Lay។ នេះ​បើ​យោង​តាម​លោក ⁠​Eyler។

​⁠លោក Bruce⁠ Shoemaker ​បាន​សិក្សា​ពី​ការ​ផ្គត់ផ្គង់​ហិរញ្ញប្បទាន​ទៅ​លើ​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​សៀវភៅ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា Dead in⁠ the​Water: Global lessons from the World Bank's Hydropower Projects in Laos បាន​ប្រែថា «ស្លាប់​ក្នុង​ទឹក៖⁠ មេរៀន​ជា​សាកល​ពី​គម្រោង​ទំនប់វារីអគ្គិសនី​របស់​ធនាគារ​ពិភពលោក​នៅ​ឡាវ»។ លោក​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​នាពេល​ថ្មីៗ​នេះ​ថា ស្ថាប័ន​នានា​នៅ​បស្ចិម​លោក​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ទៅ​លើ​ការ​អភិវឌ្ឍ​ ដោយ​មិនមាន​ការ​ទទួលខុសត្រូវ​ លើ​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ។ លោក​បាន​រៀបរាប់​ថា៖

«ធានាគារ​ពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​បណ្តា​ស្ថាប័ន​ផ្តល់​វិភាគទាន​ដទៃ​ទៀត​កំពុង​តែ​សម្រប​ទៅ​តាម​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ ជាជាងផលប្រយោជន៍​របស់​សហគមន៍​ក្នុង​ស្រុក​នៅ​ប្រទេស​ឡាវ តាមរយៈ​ការ​លើក​កម្ពស់ និង​ការ​សម្របសម្រួល​គំរូ​ផ្គត់ផ្គង់​ហិរញ្ញប្បទាន​ទៅ​លើ​ទំនប់វារីអគ្គិសនី​ ដែល​អនុញ្ញាត​ឲ្យ​វិនិយោគិន​ពី​ក្រៅ​ប្រទេស​អាច​គេចវេស ឬ​ដាក់​កំហិត​លើ​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ចំពោះ​ការ​បង្ក​ការ​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន​ពី​គម្រោង​របស់​ពួកគេ»។

នៅ​ខេត្ត​ Attapeu ប្រជាពលរដ្ឋ​ជាង​ ១ម៉ឺន៣ពាន់​នាក់​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បាក់​ទំនប់​⁠ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ជាង⁠ ៧.០៩៥⁠នាក់​ បាត់បង់​ទី​លំនៅ។ នេះ​បើយោង​ទៅ​តាម​តួលេខ​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ឡាវ។

​⁠​សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ ដែល​គម្រោង​វារីអគ្គិសនី​បាន​បំផ្លាញ​ជីវិត​របស់​ពួកគេ⁠ ពី​មុន​មក​ប្រជាពលរដ្ឋ​រាប់​សិប​ពាន់​នាក់​ក៏​ត្រូវ​បាន​បាត់ទី​លំនៅ​ដោយសារ​សំណង់​ទំនប់វារីអគ្គិសនី​ផង​ដែរ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា​