រដ្ឋាភិបាលប្រទេសលាវត្រូវបានរដ្ឋាភិបាលរបស់ប្រទេសក្នុងតំបន់និងអ្នកជំនាញបរិស្ថានស្តីរិះគន់យ៉ាងខ្លាំង ចំពោះភាពព្រងើយកន្តើយអំពីការព្រួយបារម្ភរបស់ពួកគេ និង ចំពោះការបន្តគម្រោងសាងសងទំនប់វារីអគី្គសនីមួយទៀតនៅលើទន្លេមេគង្គ។ លោក Luke Hunt រាយការណ៍ពីកោះ Don Det ភាគខាងត្បូងប្រទេសលាវ ដែលជាសហគមន៍ក្នុងតំបន់ បានបង្ហាញពីការព្រួយបារម្ភជាច្រើន ប៉ុន្តែមិនមែនគ្រប់គ្នាប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង (Don Sahong) ដែលនៅក្បែរនោះឡើយ។
នៅក្នុងសហគមន៍ដែលនៅដាច់ពីគេនៃកោះ ស៊ីផានដន (Siphandone) ឬកោះបួនពាន់ ដែលនៅញែកទន្លេមេគង្គស្ថិតនៅភាគខាងត្បូងប្រទេសលាវនោះ ការពិភាក្សាអំពីការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង ដែលមានតម្លៃ៦០០រយលានដុល្លារអាមេរិក បានទាក់ទាញឲ្យមានការចាប់អារម្មណ៍មកលើតំបន់កោះនៅដាច់ស្រយាលមួយនេះ ដែលតាមធម្មតាជាកន្លែងទេសចរសម្រាប់អ្នកចង់ទៅដើរលេងតំបន់ដាច់ស្រយ៉ាលតែប៉ុណ្ណោះ។
គម្រោងរបស់រដ្ឋាភិបាលក្នុងការសាងសង់ទំនប់វារីអគ្គីសនីនៅច្រកផ្លូវទឹកដ៏សំខាន់នៃទន្លេមេគង្គនឹងអាចផ្តល់ថាមពល កម្លាំង២៦០ មេហ្គាវ៉ាត់នោះ បានធ្វើឲ្យមានការអភិវឌ្ឍថ្មីៗដែលពឹងផ្អែកលើភាពថិតថេរនៃការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការបង្កើនការប្រើប្រាស់ទឹកម៉ាស៊ីន។ តម្លៃអចលនាទ្រព្យបានកើនឡើងសឹងតែទ្វេដងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលពួកអ្នកលក់ដូរដីធ្លីបាននាំគ្នាចូលទៅរកស៊ីនៅទីនោះ។
ក្រុមអ្នកស្រុកមួយចំនួនប្រឆាំងនឹងគម្រោងនោះ។ អ្នកខ្លះនិយាយថាទំនប់វ៉ារីអគ្គីសនីនោះនឹងធ្វើឲ្យជីវភាពរបស់ពូកគេបានប្រសើរឡើង ហើយពួកគេត្រូវបានគេសន្យាថានឹងឲ្យសំណងសមរម្យប្រសិនបើមានការផ្លាស់ទីលំនៅ។
ប៉ុន្តែអ្នកនិពន្ធដែលសរសេរអំពីការធ្វើដំណើរម្នាក់ អ្នកនាង Anna Fenton បានកត់សម្គាល់ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួនថា ឧបសគ្គធំបំផុតគឺនៅតែជាកង្វះខាតព័ត៌មានដែលគួរឲ្យជឿទុកចិត្តអំពីទំនប់វារីអគ្គីសនីនេះ និងផលប៉ះពាល់ដែលមាននៅលើផលត្រីនិងបរិស្ថានជុំវិញ។
«រឿងសំខាន់គឺប្រជាជនក្នុងតំបន់ហាក់បីដូចជាមិនយល់ច្បាស់លាស់ថាតើទំនប់វារីអគ្គីសនីមានន័យយ៉ាងដូចម្តេចចំពោះពួកគេ។ អ្នកខ្លះបានប្រាប់ខ្ញុំថា ពួកគេគិតថាវាគ្រាន់តែប៉ះពាល់ដល់ល្បាក់ខោន (Khon Fall) ដែលជាកន្លែងព័ទ្ធជុំវិញតូចមួយ ហើយអ្នកខ្លះទៀតដូចជាគិតថា វាគ្របដណ្តប់តំបន់កោះបួនពាន់ទាំងមូលដែលជាទន្លេមេគង្គនៅចំកន្លែងមានទទឹងធំជាងគេបង្អស់ ហើយរហូតដល់ពេលណាដែលគេអាចប្រាប់អ្នកស្រុកឲ្យបានច្បាស់លាស់ ក្រុមអ្នកស្រុកនឹងពិបាកយល់ថាតើទំនប់វារីអគ្គីសនីមានន័យដូចម្តេច»។
ការពន្យល់ឲ្យដឹងជាការពិបាកមួយ។
នៅក្នុងប្រទេសលាវ គណបក្សកុំម្មុយនីស្តដែលកំពុងកាន់អំណាចគ្មានការអត់ធ្មត់ចំពោះការរិះគន់ខ្លួនឡើយ។ អ្នកប្រឆាំងនឹងទំនប់វារីអគ្គីសនីនិយាយថា មានការបង្រ្កាបកាន់តែខ្លាំងកាលពី២ឆ្នាំមុន នៅពេលដែលសកម្មជនសិទ្ធិដីធ្លីដ៏ល្បីឈ្មោះម្នាក់ គឺលោក Sombath Somphone បានបាត់ខ្លួនដោយគ្មានតម្រុយ បន្ទាប់ពីលោកត្រូវបានប៉ូលីសបញ្ឈប់ ដែលមានការថតជាវីដេអូនោះ។
ក្រុមប្រទេសលោកខាងលិចនិងអ្នកជំនាញបរិស្ថានដែលត្រូវបានស្គាល់ថាជា «មិត្តនៃទន្លេមេគង្គ» បានជម្រុញឲ្យរដ្ឋាភិបាលប្រទេសលាវពន្យាពេលសម្រេចចិត្តក្នុងការចាប់ផ្តើមការសាងសង់រហូតដល់ពេលមានការសិក្សាបន្ថែម។ នៅក្នុងការជួបប្រជុំក្នុងពេលថ្មីៗនេះនៅទីក្រុងប៉ាកសេ បាននិយាយថាដំណើរការប្រឹក្សាយោបល់រយៈពេល៦ខែដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះ គឺមិនគ្រប់គ្រាន់នោះទេ។
លោក តឹក វណ្ណារ៉ាជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។ លោកនិយាយថា កង្វះខាតនៃការប្រឹក្សាយោបល់គឺត្រូវបានរំពឹងទុកថាមាននៅក្នុងរដ្ឋកុំម្មុយនីស្តឯកបក្ស។ ប៉ុន្តែដោយសារផលប៉ះពាល់ពីទំនប់វារីអគ្គីសនីនោះមានធំខ្លាំង ដូច្នេះរដ្ឋាភិបាលកម្ពុជា វៀតណាម និងក្រុមសង្គមស៊ីវិល ព្រមទាំងជនជាតិលាវដែលរស់នៅបរទេស បានរួបរួមគ្នាទាមទារឲ្យមានការសិក្សាកាន់តែស៊ីជម្រៅមុនគម្រោងនេះចាប់ផ្តើម។
«សម្រាប់ប្រជាជនលាវដែលស្ថិតនៅក្នុងស្ថានភាពរឹតត្បិតនយោបាយ ពួកគេមិនហ៊ានបញ្ចេញមតិបង្ហាញពីការព្រួយបារម្ភឡើយ ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិ យើងក៏បានទាក់ទងជាមួយប្រជាជនលាវរស់នៅក្រៅប្រទេស ហើយភាគច្រើនគឺមិនគាំទ្រការសង់ទំនប់វារីអគ្គីសនី ដនសាហុងឡើយ»។
លោក វណ្ណារ៉ាបាននិយាយទៀតថា ប្រជាជន៦០លាននាក់រស់នៅពឹងផ្អែកដោយផ្ទាល់ទៅលើទន្លេមេគង្គ ហើយប្រជាជន៣០០លាននាក់ទៀតរស់នៅពឹកផ្អែកលើដៃទន្លេនេះ មានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបង្ហាញពីការព្រួយបារម្ភអំពីផលត្រី និងអំពីលទ្ធភាពនៃការប្តូរកន្លែងបង្កាត់ពូជត្រីនិងការផ្លាស់ប្តូរទំលាប់ធ្វើដំណើររបស់ត្រី។
នៅភាគខាងជើងពីទីនេះ ទន្លេមេគង្គបានបែងចែកផ្លូវទឹកសំខាន់ៗនិងកោះជាច្រើន។ ផ្លូវទឹកដែលបែងចែកប្រជុំកោះដនសាហុង ពីដនសាដាម ដែលជាកន្លែងគ្រោងសាងសង់ទំនប់វារីអគ្គីសនីនោះ ប្រហែលជាកន្លែងដែលមានទឹកជ្រៅជាងគេ។ ហើយអ្នកវិទ្យាសាស្រ្តនិយាយថាវាបានផ្តល់ច្រកផ្លូវទឹកផ្តាច់មុខសម្រាប់ការផ្លាស់ទីកន្លែងរបស់ត្រីក្នុងអំឡុងពេលរដូវប្រាំង។ លោកវណ្ណារ៉ានិយាយថាមានក៏ការព្រួយបារម្ភអំពីការផុតពូជនៃត្រីផ្សោតមេគង្គផងដែរ។
«ខ្ញុំគិតថាទំនប់វារីអគ្គីសនីនឹងមានផលប៉ះពាល់ចំពោះត្រីផ្សោត ជាពិសេសត្រីផ្សោតដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជាដែលនៅជាប់ព្រំដែនឡាវ និងត្រីផ្សោតនៅក្នុងខេត្តក្រចេះ ដោយសារគុណភាពទឹកក្នុងអំឡុងពេលសាងសង់និងនៅពេលអនាគត ព្រោះការឡើងចុះទឹកនឹងមានផលប៉ះពាល់ដោយផ្ទាល់ចំពោះត្រីផ្សោត»។
អ្នកវិទ្យាសាស្រ្តឯករាជ្យថែមទាំងចង់ឃើញរបាយការណ៍លម្អិតនៃគម្រោងធ្វើឲ្យផ្លូវទឹកនៅក្បែរនោះកាន់តែជ្រៅឡើង ដើម្បីផ្តល់ផ្លូវជំនួសដ៏សមរម្យមួយសម្រាប់ត្រីដែលផ្លាស់ទីកន្លែង។
លោក Peter Degen ជាទីប្រឹក្សាអន្តរជាតិផ្នែកបច្ចេកទេស នៃគណៈកម្មការទន្លេមេគង្គ។ លោកនិយាយថារាល់ការសម្រេចចិត្តណាមួយដើម្បីឲ្យគម្រោងសាងសង់ទំនប់វារីអគ្គីសនីដំណើរការទៅមុខនោះ គឺជារឿងនយោបាយ ហើយការងាររបស់លោកគឺគ្រាន់តែផ្តល់ជំនួយផ្នែកបច្ចេកទេសតែប៉ុណ្ណោះ។ ប៉ុន្តែលោកនិយាយថា ក្រុមហ៊ុនអភិវឌ្ឍត្រូវតែផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោងនេះ។
«គម្រោងនោះមានការវាយតម្លៃផ្នែកបរិស្ថាននិងការវាយតម្លៃផលប៉ះពាល់សង្គម ប៉ុន្តែវានៅមានចន្លោះប្រហោងដែលត្រូវតែយកមកដោះស្រាយ ដើម្បីធ្វើឲ្យប្រសើរឡើងនៅក្នុងការរចនា[គម្រោង] ក្នុងករណីដែលពួកគេចង់បន្តគម្រោងនោះ»។
រដ្ឋាភិបាលក្រុងវៀងចន្ទន៍មិនទាន់បានឆ្លើយតបនឹងការជំរុញឲ្យពន្យាពេលសាងសង់នាពេលចុងក្រោយថ្មីនេះនៅឡើយទេ។ ប៉ុន្តែពួកគេទទូចថាពួកគេមានសេរីភាពក្នុងការបន្តការអភិវឌ្ឍទំនប់វារីអគ្គីសនីដនសាហុង បន្ទាប់ពីបានបំពេញដំណើរការប្រឹក្សាយោបល់អស់រយៈពេល៦ខែ ហើយហើយថាខ្លួនពេញចិត្តចំពោះការធានាពីក្រុមហ៊ុនអភិវឌ្ឍនោះគឺ ក្រុមហ៊ុនFirst Corporation Berhad Malaysia៕
ប្រែសម្រួលដោយ នូវពៅលក្ខិណា