ឡាវ​ព្យាយាម​ធ្វើ​ឲ្យ​កំណើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​មាន​តុល្យភាព

  • Ron Corben

កសិករ​ម្នាក់​កំពុង​ធ្វើ​ស្រែ​នៅ​ក្រោម​បណ្តាញ​ថាមពល​នៅ​ក្បែរ​ទំនប់​ Nam Theun 2 ក្នុង​ខែ Khammouance កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​ឡាវ​ ដែល​សម្គាល់​ដោយ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ បាន​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​អន្តរជាតិ​មួយ​ចំនួន​ព្រមាន​ប្រទេស​ឡាវ​អំពី​ការ​ពឹង​ផ្អែក​ហិរញ្ញវត្ថុ​ច្រើន​ពេក​ទៅ​លើ​ប្រទេស​ចិន។​ អ្នក​វិភាគ​និយាយ​ថា​ប្រទេស​ឡាវ​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​ឥទ្ធិពល​ចិន​មាន​តុល្យភាព​ដោយ​ស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​ជួយ​ជ្រោមជ្រែង​ដែល​មាន​រយៈ​ពេល​យូរ​គឺ​ប្រទេស​ វៀតណាម​ ព្រម​ទាំង​ប្រទេស​លោក​ខាង​លិច។​

នៅ​ក្នុង​ឆ្នាំ​២០១៤​ ចិន​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​នាំ​មុខ​គេ​របស់​ឡាវ​ដោយ​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ជាង​៥ពាន់​លាន​ដុល្លារ​ ជាមួយ​នឹង​គម្រោង​រ៉ែ​ ធនធាន​ធម្មជាតិ​ ទំនប់​វារី​អគ្គីសនី​ និង​ពាណិជ្ជកម្ម​កសិកម្ម។​

ឡាវ​និង​ចិន​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​កសាង​គម្រោង​ផ្លូវ​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​អស់​ទឹក​ប្រាក់​ចំនួន​៧ពាន់​លាន​ដុលា្លរ។​ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​ចិន​ក្នុង​ផែនការ​សំណង់​ឈ្មោះ​ «One Belt,​ One Road»​ ក្នុង​ការ​ភា្ជប់​ផ្លូវ​រថភ្លើង​នៅ​ទូទាំង​អាស៊ី​កណ្តាល​ព្រមទាំង​អាស៊ី​អាគ្នេយ៍។​

ផ្លូវ​រថភ្លើង​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ក្រុង​ Kunming​ ខេត្ត​ Yunan​ របស់​ចិន​ ជាមួយ​នឹង​ស្ពាន​ជាង​១៥០​របស់​ចិន​ ផ្លូវ​ក្រោម​ដី​ចំនួន​៧៦​ និង​ស្ថានីយ៍​រថភ្លើង​ចំនួន​៣១​ នឹង​រត់​កាត់​ប្រទេស​ឡាវ​ ទៅ​កាន់​ក្រុង​ វៀងច័ន្ទ។​ ពី​ទីនោះ​ គម្រោង​រថភ្លើង​នេះ​នឹង​ភា្ជប់​ទៅ​ប្រទេស​ថៃ​ហើយ​ជា​ចុង​បញ្ចប់​ទៅ​ដល់​ប្រទេស​សិង្ហបុរី។​

អ្នក​វិភាគ​ផ្នែក​ការពារ​ជាតិ​ Carl​ Thayer​ នៅ​សាកលវិទ្យាល័យ​ University​ of​ New​ South​ Wales​ ប្រទេស​ អូស្រ្តាលី​និយាយ​ថា​ ការ​វិនិយោគ​នោះ​បង្ហាញ​ការ​ពង្រីក​បន្ថែម​នៃ​ឥទ្ធិពល​របស់​ចិន​ ជាពិសេស​នៅ​ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ អាស៊ាន​ ហើយ​ជាពិសេស​ទៅ​ទៀត​គឺ​ក្នុង​ប្រទេស​ថៃ​ ភូមា​ និង​កម្ពុជា។​

លោក​និយាយ​ថា​ «ទាំង​អស់​នេះ​គឺ​ជា​ផ្នែក​នៃ​ការ​ជំរុញ​របស់​ចិន​ដើម្បី​អភិវឌ្ឍ​ផ្លូវ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ទិស​ខាង​ត្បូង​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​ការ​ភា្ជប់​ជា​មួយ​អាស៊ាន​ ហើយ​ក៏​ពិត​ជា​ការ​ចង់​បាន​ពី​ប្រទេស​ថៃ​ដែរ​ ពីព្រោះ​វា​នឹង​ឆ្លង​កាត់​ឡាវ​ និង​បន្ត​រហូត​ទៅ​ដល់​ប្រទេស​ថៃ។​ អ្នក​នឹង​មាន​ការ​ពង្រីក​នៃ​ផ្លូវ​រថភ្លើង​របស់​ចិន​ជា​លំដាប់។​ ផ្លូវ​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​នោះ​នឹង​ធ្វើ​ឲ្យ​ឡាវ​មាន​បំណុល​កាន់​តែ​ច្រើន​សម្រាប់​ប្រាក់​កម្ចី​សម្បទាន»។​

អ្នក​វិភាគ​និយាយ​ថា​ ប្រាក់​កម្ចី​នេះ​ដែល​ប្រទេស​ឡាវ​ត្រូវ​យក​ធនធាន​រ៉ែ​ដែល​មិន​ទាន់​បាន​ប្រើ​ប្រាស់​របស់​ខ្លួន​ដើម្បី​ធ្វើ​ជា​របស់​ធានា​ នឹង​ធ្វើ​ឲ្យ​បំណុល​របស់​ឡាវ​កើន​ឡើង​យ៉ាង​លឿន​ ជាមួយ​នឹង​ប្រាក់​កម្ចី​ដែល​តំណាង​៩០​ភាគរយ​នៃ​ផលិតផល​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ។​

ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ និយាយ​ថា​ ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​តូច​និង​មាន​ប្រជារាស្រ្ត​ចំនួន​៦លាន​នាក់​ ដែល​ភាគច្រើន​ពឹង​លើ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត​ មិន​អាច​ធ្វើ​ការ​វិនិយោគ​ក្នុង​ផ្លូវ​ខ្សែ​រថភ្លើង​នេះ​បាន​ទេ។​

ប្រទេស​ចិន​ក៏​ជា​អ្នក​វិនិយោគ​នាំ​មុខ​គេ​ក្នុង​ទំនប់​វារី​អគ្គីសនី​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​គ្រោង​នឹង​សាងសង់​នៅ​លើ​ផ្លូវ​ទឹក​ដែល​ហូរ​ចូល​ទៅ​ទន្លេ​មេគង្គ​ ដែល​របាយការណ៍​បាន​ចង្អុល​បង្ហាញ​ថា​ប្រទេស​ចិន​កំពុង​រៀបចំ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​សំណង់​រហូត​ដល់​ ៩​ ទំនប់។​ ខេត្ត​នៅ​ភាគ​ខាង​ជើង​របស់​ឡាវ​ពឹង​ផ្អែក​លើ​អគ្គីសនី​ពី​ប្រទេស​ចិន​ ខណៈ​ដែល​ថាមពល​វារី​អគ្គីសនី​របស់​ឡាវ​ភាគ​ច្រើន​ត្រូវ​នាំចេញ​ទៅ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង។​

អ្នក​វិភាគ​និយាយ​ថា​ ជំហរ​ដ៏​មាន​ឥទ្ធិពល​របស់​ចិន​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បំផ្លាញ​ជីវចម្រុះ​ ការ​បណ្តេញ​មនុស្ស​ចេញ​ពី​ដី​ធ្លី​ និង​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​កសិករ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ។​

Thitinan​ Ponsudhirak​ ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Chulalongkorn​ និយាយ​ថា​ ចិន​មើល​ឃើញ​ឡាវ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់។​

លោក​ថ្លែង​ថា​ «ក្នុង​ចំណោម​ប្រទេស​ដែល​ពាក់ព័ន្ធ​ ឡាវ​ជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​ជាង​គេ​ក្នុង​ការ​គ្រប​សង្កត់​ពី​ចិន។​ ឡាវ​ជា​ប្រទេស​តូច​ មាន​សេដ្ឋកិច្ច​តូច​ ហើយ​ចិន​មិន​ខ្លាច​ក្នុង​ការ​ធ្វើ​ឲ្យ​ទឹកដី​ក្នុង​អាស៊ី​អាគ្នេយ៍​ដី​គោក​ ក្លាយ​ជា​ដី​ក្រោយ​ផ្ទះ​ផ្ទាល់​របស់​ខ្លួន​នោះ​ទេ។​ លោក​និយាយ​ថា​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ដូច្នេះ​រួច​ហើយ។​ អាស៊ី​អាគ្នេយ៍​ដី​គោក​ទាំង​ស្រុង​គឺ​ស្ថិត​ក្នុង​រង្វង់​ដី​របស់​ចិន»។​

ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ឡាវ​មាន​ចំនួន​ជិត​៧​ភាគរយ​ ប៉ុន្តែ​នៅ​តែ​ពឹង​ផ្អែក​លើ​វិស័យ​ដែល​ផ្តល់​ការងារ​បាន​តិច​តួច​ ដូចជា​ការ​កាប់​គាស់​យក​ធនធាន​ធម្មជាតិ​ និង​ទំនប់​វារី​អគ្គីសនី​ជា​ដើម។​

ធនាគារ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​ឡាវ​ធ្វើ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​មុខ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការងារ​សម្រាប់​មនុស្ស​ថ្មី​ជាង​ ៩​ ម៉ឺន​នាក់​ ដែល​មាន​ចូល​មក​ក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយ​ឆ្នាំៗ។​

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ឡាវ​ក៏​នៅ​មាន​ភាព​ទន់​ខ្សោយ​ដែរ។​ នៅ​ក្នុង​ខែ​កក្កដា​កាលពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​តែងតាំង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ថ្មី​ នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ឱនភាព​ថវិកា​កាន់​តែ​ច្រើន​ឡើង។​ ក្រឹត​មួយ​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​រឹតត្បិត​ការ​ចំណាយ​ក្នុង​ផ្ទះ​ និង​កាត់​បន្ថយ​ការ​ចំណាយ។​

Thitinan​ និយាយ​ថា​ ជំហរ​ហិរញ្ញវត្ថុ​ទន់​ខ្សោយ​នឹង​បន្ថែម​ទៅ​ភាព​មាន​គ្រោះថ្នាក់​របស់​ឡាវ។​

លោក​ថ្លែង​ថា​ «ហិរញ្ញវត្ថុ​ដែល​មាន​កំណត់​ បាន​ដាក់​ឡាវ​នៅ​ក្នុង​ស្ថានភាព​មិន​ទៀង​ទាត់។​ សេដ្ឋកិច្ច​ខ្នាត​ធំ​(ម៉ាក្រូ)​របស់​ឡាវ​មិន​មាន​លក្ខណៈ​ល្អ​ទេ។​ ជា​លទ្ធផល​ លាវ​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ចិន​ ហើយ​ចិន​ធ្វើ​រឿង​នេះ​បាន​ល្អ​ណាស់​ ដោយ​បាន​ពង្រីក​ប្រាក់​កម្ចី​បន្ថែម​ និង​គម្រោង​បន្ថែម​នៅ​ក្នុង​ប្រទេស​ឡាវ។​ លោក​និយាយ​ថា​ ឡាវ​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន»។​

ក្នុង​ប្រវតិ្តសាស្រ្ត​ ឡាវ​មាន​ទំនាក់​ទំនង​ជិត​ស្និទ​ដ៏​វែង​ឆ្ងាយ​ជា​មួយ​ប្រទេស​ជិត​ខាង​ខ្លួន​គឺ​ប្រទេស​វៀតណាម​ តាំង​តែ​ពី​មុន​សង្រ្គាម​ឥណ្ឌូចិន​នៅ​ក្នុង​ទសវត្សរ៍​ ១៩៦០​ និង​១៩៧០​ ម្ល៉េះ។​ ចំណង​ដ៏​រឹងមាំ​នេះ​បាន​បន្ត​រវាង​រដ្ឋាភិបាល​កុម្មុយនីស្ត​ ចាប់​តាំង​ពី​សង្រ្គាម​ឥណ្ឌូចិន។​

ប៉ុន្តែ​ Martin​ Stuart-Fox​ ដែល​អតីត​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​នៅ​សាកលវិទ្យាល័យ​ Queensland​ និយាយ​ថា​ ចិន​បាន​បងើ្កត​គោលនយោបាយ​ដែល​មាន​គោលបំណង​ធ្វើ​ឲ្យ​ចំណង​របស់​ឡាវ​និង​វៀតណាម​ ចុះ​ខ្សោយ។​

លោក​និយាយ​ថា​ «ខណៈ​ពេល​ដែល​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​កើន​ឡើង​ ឥទ្ធិពល​នយោបាយ​ក៏​កើន​ឡើង​ស្រប​ពេល​ជាមួយ​ផង​ដែរ។​ ចិន​តែងតែ​តាំង​ចិត្ត​ថា​យ៉ាង​ហោច​ណាស់​ពួកគេ​ត្រូវ​មាន​ឥទ្ធិពល​ដូច​ប្រទេស​វៀតណាម​ដែរ។​ មាន​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​ក្រុង​ប៉េកាំង​ដែល​ថា​ឡាវ​នឹង​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​ឥទ្ធិពល​វៀតណាម​តែ​មួយ​ប៉ុណ្ណោះ​ទេ»។​

អ្នក​វិភាគ​និយាយ​ថា​ រដ្ឋាភិបាល​ឡាវ​ទទួល​ស្គាល់​សេចក្តី​ត្រូវការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ចិន​ និង​វៀតណាម​ ហើយ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​លោក​ខាង​លិច។​

នៅ​ក្នុង​ឆ្នាំ​២០១៦​ ឡាវ​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ ហើយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ក្រុង​វៀងច័ន្ទ​ទទួល​បាន​កម្លាំង​និង​អំណាច​ធ្វើ​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ប្រទេស​អំណាច​ធំ​ជាង​ខ្លួន​ដែល​នៅ​ជិតខាង​គ្នា៕​

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ​