ការសម្រេចចុងក្រោយអំពីការបិទបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវ ត្រូវបានលើកពេលទៅធ្វើនៅចុងខែមិថុនានេះវិញ ដោយសារការព្រួយបារម្ភរបស់បណ្តាប្រទេសជាប់ទន្លេមេគង្គដទៃទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដែលបានធ្វើឡើងតាមសន្និសីទវីដេអូក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃព្រស្បតិ៍។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ដោយដកស្រង់សម្តីលោក សមគៀត ប្រាចាំវង្ស (Somkiat Prajamwong) ប្រធានគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដែលនិយាយថា៖
«ដោយសារការព្រួយបារម្ភនិងយោបល់នានាដែលលើកឡើងដោយប្រទេសកម្ពុជា ថៃ និងវៀតណាម ព្រមទាំងភាគីពាក់ព័ន្ធនឹងទន្លេមេគង្គផ្សេងទៀត ហើយដោយមានការយល់ព្រមពីប្រទេសឡាវផងដែរ យើងបានសម្រេចលើកកាលបរិច្ឆេទបិទបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុនលើគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ ទៅថ្ងៃទី៣០ ខែមិថុនាវិញ»។
គណៈកម្មាធិការចម្រុះរបស់គណៈកម្មការទន្លេមេគង្គនេះ បានគ្រោងសម្រេចថា តើត្រូវបិទបញ្ចប់ឬត្រូវពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គិសនីមួយនេះ នៅថ្ងៃទី៤ ខែមិថុនា។
កាលពីថ្ងៃទី២ មិថុនា ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកអភិបាលកិច្ចទឹកនៅកម្ពុជាបានស្នើឲ្យពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងកសាងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវនេះ ដោយលើកហេតុផលថា ការសិក្សាអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះ មិនទាន់ត្រូវបានសិក្សាឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយនៅឡើយ។
ទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ ដែលគ្រោងផលិតថាមពលបាន ១៤៦០ មេហ្គាវ៉ាត់ គឺជាគម្រោងទី៥ ក្នុងចំណោមគម្រោងសាងសង់ទំនប់វារីអគ្គិសនីយ៉ាងតិច ៩ របស់ឡាវ នៅលើទន្លេមេនៃទន្លេមេគង្គ។
ដំណើរការពិគ្រោះយោបល់ជាមុនតាមធម្មតា មានរយៈពេលយ៉ាងតិច ៦ ខែ ប៉ុន្តែអាចពន្យារពេលបន្ថែមទៀតបាន អាស្រ័យលើការព្រមព្រៀងគ្នារវាងបណ្តាប្រទេសជាសមាជិកទាំង ៤ នៃគណៈកម្មការទន្លេមេគង្គដែលរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម។
ប្រទេសឡាវបានចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់ហ្លួងប្រាបាង្គនេះ កាលពីខែតុលា ឆ្នាំ២០១៩៕