ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​នឹង​បង្ក​វិនាសកម្ម​ដល់​​​សត្វ​ផ្សោត​នៅ​កម្ពុជា

សត្វ​ផ្សោត​​ហែល​នៅ​ក្នុង​ទន្លេ​មេគង្គ​​​ត្រង់​ភូមិ​កាំពី​ខេត្ត​ក្រចេះ។ (២៥ មិនា ២០០៧)

ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​ សាហុង ​(Don Sahong) ​នៅ​ប្រទេស​ឡាវនឹង​បង្ក​វិនាសកម្ម​ដល់​សត្វ​ផ្សោត​នៅ​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​កម្រិត​២៦០​មេហ្គាវ៉ាត់​នេះ​ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ​ ដោយ​មានការ​ជំទាស់​ពី​ក្រុម​អ្នក​ជំនាញ​ការ​ឯករាជ្យ​ផ្នែក​បរិស្ថាន និង​ការ​ជំទាស់​ពី​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

ទំនប់​វារី​អគ្គិស​នី​នេះស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​មួយ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះពី​ទីតាំង​ជម្រក​ដ៏​សំខាន់​របស់​សត្វ​ផ្សោត​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​កម្ពុជា។​

លោក​ ឈិត សំអាត ​នាយក​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក-កម្ពុជា​ (WWF-Cambodia) ​មាន​ប្រសាសន៍ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សត្វ​ផ្សោត​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ។​

កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ក្នុង​ពេល​ដែល​លោក​កំពុង​សង្កេត​មើលស្ថាន​ភាព​សត្វ​ផ្សោត​ក្នុង​ខេត្ត​ក្រចេះ​នោះ​ លោក​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ ទំនប់​វារី​អគ្គិសនី​នេះ​នឹង​បង្ក​មហន្តរាយ​ដល់​សត្វ​ផ្សោត​កម្ពុជា។​

«ការ​សាង​សង់​ទំនប់​ដន​សាហុង​នេះ​គឺ​នៅ​ចំ​ខ្សែ​ទឹក​ខាង​លើ​ ចំ​កន្លែង​ដែល​សត្វ​ផ្សោត​រស់​នៅ។​ ដូច្នេះ​បើ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ វា​នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ចំនួន​នៃ​សត្វ​ផ្សោត​ក្នុង​ទន្លេ​មេ​គង្គ​របស់​យើង​នេះ»។​

យោង​តាម​របាយ​ការណ៍​របស់អង្គការ ​WWF​ ឲ្យ​ដឹង​ថា​ សត្វ​ផ្សោត​ទឹកសាប​ទន្លេ​មេគង្គកំពុង​ឋិត​ក្នុង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ។​ ហើយ​សត្វ​កម្រ​នេះ​មាន​ត្រឹម​តែ​ប្រមាណ​ជា​៨៥​ក្បាល​ប៉ុណ្ណោះ​ចន្លោះ​ពី​ទន្លេ​មេ​គង្គ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​និង​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​កម្ពុជា ដែល​មាន​ចម្ងាយ១៩០​គីឡូម៉ែត្រ។

របាយ​ការណ៍​នេះ​បន្ថែម​ថា ការ​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម​ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុងនឹង​បង្កើត​ឲ្យ​មាន​រលក​សំឡេង​ខ្លាំង ​ដែល​អាច​ធ្វើ​ឲ្យ​សត្វ​ផ្សោត​ងាប់​បាន។ ម្យ៉ាង​វិញ​ទៀត ​ការ​កើន​ឡើង​នៃ​ចរាចរ​ទូក ​ការ​ប្រែប្រួល​របប​ទឹក​ និង​ការខូច​ខាត​ជម្រក ​សុទ្ធ​សឹង​ជា​កត្តា​ដែល​បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត​ផង​ដែរ។​

លោក​ឈិត​ សំអាត​លើក​ឡើង​ថា​ ការ​ចុះថយ​ ឬ​ការ​បាត់បង់​ចំនួន​ផ្សោត​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ​និង​ជីវភាព​ប្រជា​ពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​វិស័យ​នេះ។

«បើ​សិនជា​ចំនួន​ផ្សោត​ផុត​ពូជ​ទៅ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ ជា​ពិសេស​ដល់​ទេសចរណ៍។ ​កន្លង​មក​សត្វ​ផ្សោត​បាន​ស្លាប់​ដោយ​ជាប់​មង​ និង​ដោយ​ការ​នេសាទ​ខុស​ច្បាប់។ ​ដូច្នេះ​បើ​សិន​ជា​មាន​ទំនប់​វារី​អគ្គិស​នី​មក​ថែម​ទៀត ​វានឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ និង​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​ការ​បាត់​បង់​ ឬ​ធ្លាក់ចុះ​នៃ​ចំនួន​ផ្សោត​ក្នុង​ទន្លេ​មេគង្គ​នេះ»។

សត្វ​ផ្សោត​គឺជា​ប្រភេទ​សត្វ​ដែល​ត្រូវ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​អភិរក្ស​របស់​ពិភព​លោក។​ នៅ​ប្រទេស​កម្ពុជា​ សត្វ​ផ្សោតនៅ​ក្នុង​ខេត្ត​ក្រចេះកំពុង​ឋិត​ជា​ឧបករណ៍​ទាក់ទាញ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​សំខាន់។​

វីអូអេ​បាន​ព្យាយាមទាក់ទង​ស៊ី​ការ​ពន្យល់​ពីលោក​ទូច ស៊ាង តាណា ​អ្នក​ជំនាញ​ការ​របស់​រដ្ឋា​ភិបាល​លើ​ផ្នែក​សត្វ​ផ្សោត​ ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ។​

ដោយឡែក​លោក​ស៊ីន ​នីនី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​មាន​ប្រសាសន៍​ថា ប្រទេស​ឡាវ​នៅ​តែ​ការ​ពារ​គម្រោង​សាង​សង់​ទំបន់​វារី​អគ្គិសនី​របស់​ខ្លួន ហើយ​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​គិត​គូរ​ដល់​ផល​ប៉ះ​ពាល់​ធនធាន​ក្នុង​ទឹកដល់​ភាគី​របស់​ខ្លួន។​

«បញ្ហា​នេះ​ កម្រិត​បច្ចេក​ទេស​បាន​ពិភាក្សា​គ្នា​ហើយ។ ​តែ​ភាគី​ឡាវ​នៅ​តែ​ពន្យល់​ថា​ មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ។​ យើង​បាន​ស្នើ​ឲ្យ​សិក្សា​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​ប៉ុន្មាន ​ជា​ពិសេស​ផល​ប៉ះ​ពាល់​ដល់​មច្ឆា​ជាតិ។ ​ផ្សោត​ក៏​នៅ​ក្នុង​នោះ​ដែរ»។​

កាល​ពីចុង​ឆ្នាំ​មុន​ ក្រុម​ប្រជា​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិលនៅ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ប្រទេស​ឡាវ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ​ដន​សាហុង​ជា​បន្ទាន់ ​ដោយ​សំអាង​ថា ​ទំនប់​វារី​អគ្គិសនី​នេះ​នឹង​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ពួក​គេ ​ជាពិសេស​ការ​រក​ចំណូល​ពី​ធនធាន​ទន្លេ​មេគង្គ។​

ទំនប់​ដនសាហុងនេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Mega First Corporation ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​តម្លៃ​៣ពាន់៨​រយ​លាន​ដុល្លារ។​

លោកឈិត​ សំអាត​មាន​ប្រសាសន៍​ថា ​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជាយ៉ាង​តិច​ចំនួន​៦​លាន​នាក់​ដែល​កំពុង​រស់​នៅ​ជុំវិញ ​និង​ក្នុង​អាង​ទន្លេ​មេគង្គ ​ដូចជា​ក្នុង​ខេត្តក្រចេះ ​ខេត្តស្ទឹងត្រែង​ ខេត្ត​កំពង់ចាម​ ខេត្ត​កំពង់​ឆ្នាំង​ និង​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ដូចជា​ខេត្ត​សៀមរាប​ ខេត្ត​កំពង់ធំ​ ខេត្ត​បាត់ដំបង ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្តឧត្ត​មាន​ជ័យ​ជាដើម។​

ប្រទេសឡាវ​កំពុង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស់​លើ​ទន្លេ​មេ​គង្គ​ ដោយប្រឆាំង​នឹង​ការ​តវ៉ា​ពីប្រទេស​វៀតណាម​ និង​កម្ពុជា​ផង​ដែរ។​

អង្គការ​ទន្លេអន្តរ​ជាតិ ​International​ River ​អធិប្បាយ​ថា ទំនប់​ដនសាហុង​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ដូច​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​ដែរ៕