ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សក្តានុពល​នៃ​ផលប៉ះពាល់​របស់​ទំនប់​នៅ​ទន្លេ​មេគង្គ​ត្រូវ​បាន​បង្ហាញ​ក្នុង​ភាពយន្ត​ឯកសារ


រូបភាព​មួយ​ដែល​យក​​ចេញ​ពី​ភាពយន្ត​ឯកសារ «តើ​ត្រី​ទៅ​ណា? ការ​សម្លាប់​ទន្លេ​មេគង្គ​ដោយ​ទំនប់​ម្តងមួយៗ» (Where Have All the Fish Gone? Killing the Mekong Dam by Dam) បង្ហាញ​ឲ្យ​ឃើញ​​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ដែល​កំពុង​ត្រូវ​សាងសង់​ឡើង​នៅ​តាម​បណ្តោយ​ទន្លេ

ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តីពី​គម្រោង​សាង់សង់ទំនប់​វារី​អគ្គីសនី​លើ​ដង​ទន្លេ​មេគង្គ​ ត្រូវ​បាន​ដាក់​បញ្ចាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បីបង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​លើប្រជា​សហគមន៍​នៅ​តាម​ដង​ទន្លេ​នេះ​ ប្រសិន​បើ​ទំនប់​ត្រូវ​បាន​សាងសង់​មែន​នោះ។

ខ្សែ​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «Where Have All the Fish Gone? Killing the Mekong Dam by Dam» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «តើ​ត្រី​ទៅ​ណា? ការ​សម្លាប់​ទន្លេ​មេគង្គ​ដោយ​ទំនប់​ម្តង​មួយៗ» ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ឯ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​យប់​ថ្ងៃ​អង្គារ​ ទី​២៦​ខែ​មេសា​នេះ​ ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​ប្រមាណ​២០០នាក់​ដែល​ភាគ​ច្រើន​សុទ្ធសឹង​ជា​និស្សិត​សាកលវិទ្យាល័យ។

ការ​ដាក់បញ្ចាំង​ខ្សែ​វីដេអូ​ដែល​និយាយ​ជា​ភាសា​អង់គ្លេស​នេះ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​ប្រទេស​ជាសមាជិក​ទាំង​បួន​នៃគណៈ​កម្មការ​ទន្លេមេគង្គ​គឺ​ថៃ កម្ពុជា វៀតណាម និង​ឡាវ​ បាន​បរាជ័យ​ក្នុង​ការសម្រេច​ព្រមព្រៀង​គ្នា​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស់​របស់​ឡាវ​នៅ​ក្នុង​កិច្ចប្រជុំចុង​ក្រោយ​មួយ​របស់​ប្រទេស​ទាំងបួនក្នុង​ទី​ក្រុង​វៀច័ន្ទ កាល​ពី​សប្តាហ៍​មុន។

ខ្សែ​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​២៣​នាទី​បង្ហាញ​ពី​ទំនប់​សោវ៉ាន់ (Xiaowan Dam) ដ៏​ធំ​សម្បើម​របស់​ចិន​ដែល​ត្រូវ​បាន​សាង​សង់​លើ​ដង​ទន្លេមេគង្គ​ផ្នែក​ខាង​លើ ហើយ​ក៏​បង្ហាញ​ពី​ការ​តវ៉ា​របស់​ប្រជា​សហគមន៍នៅ​តាម​ដង​ទន្លេ​មេគង្គ ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​លើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ផង​ដែរ។

ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម​ ដោយ​ចំណាយ​ពេល​អស់​ជាង​បី​ខែ​ចាប់​ពី​ចុង​ឆ្នាំ​២០១០​មក​នេះ ក៏​លាត​ត្រដាងតាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ និង​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់ អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ងរ​មក​លើ​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​ដែល​រស់​នៅ​ពឹង​អាស្រ័យ​នឹង​ទន្លេ​មេគង្គនេះ​ប្រសិន​បើ​ទំនប់​ដែលបាន​គ្រោង​ធ្វើ ពិត​ជា​នឹង​ត្រូវ​បាន​សាង​សង់​មែន​នោះ។

លោក ថម ហ្វថ្រូព (Tom Fawthrop) ផលិតករ​ភាពយន្ត​ឯកសារ​នេះ​ មាន​ប្រសាសន៍​នៅ​ក្នុង​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ ក្រោយ​ពី​ការ​បញ្ចាំង​វីដេអូនេះ​ថា ​លោក​ផលិត​ខ្សែ​ភាពយន្ត​នេះ គឺ​ដើម្បី​ទាក់​ទាញ​សាធារណៈជនឲ្យ​យល់​បន្ថែម​ទៀត​អំពី​ផលប៉ះពាល់​ដ៏ធំធេង​ដែល​អាច​បណ្តាល​មក​ពី​គម្រោង​សាង​សង់​ទំនប់​វារីអគ្គីសនី​លើ​ដងទន្លេមេគង្គ​ក្រោមនេះ។ លោក​ថ្លែង​ថា៖

«ការ​បំផ្លាញ​ទន្លេ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅ​លើ​ពិភពលោក គ្រាន់​តែ​ដើម្បី​ទាញ​យក​ថាមពល​អគ្គីសនី​នេះនឹងបង្ក​ឲ្យ​មាន​ការ​បាត់​បង់​យ៉ាង​ធំធេង។ គឺ​បាត់​បង់​ធនធាន​ជលផល​ បាត់​បង់​បរិស្ថាន​ និង​បាត់​បង់​ជីវៈចម្រុះ។ ប្រសិន​បើ​ទន្លេមេគង្គ​ត្រូវ​បាន​បំផ្លាញ​តាម​ការ​ប៉ាន​ស្មាន ធនធាន​ជលផល​នឹង​ធ្លាក់​ចុះ​ពី​៤០%ទៅ៦០​%»។

ក្រៅ​ពី​ទំនប់​យ៉ាង​តិច​ចំនួន​៨​ដែល​បាន​ដំណើរការ​ កំពុងស្ថាបនា និង​គ្រោងនឹង​សាង​សង់​នៅ​លើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ក្នុង​ប្រទេសចិន និង​ភូមា​នោះ ទំនប់​វារី​អគ្គីសនី​ចំនួន​១១​ទៀតត្រូវ​បាន​គ្រោង​នឹង​ស្ថាបនា​នៅ​លើ​ទន្លេ​នេះ​ផ្នែក​ខាង​ក្រោម​ក្នុង​ប្រទេសឡាវ​និង​កម្ពុជា។

បច្ចុប្បន្ន​ គម្រោងទំនប់​សាយ៉ាបូរី ដែល​ជា​ទំនប់​វារីអគ្គីសនី​ដំបូង​គេ​ក្នុង​ចំណោម​គម្រោង​ទំនប់​ទាំង​១១​លើ​ដង​ទន្លេ​មេគង្គ​ក្រោម​នេះ កំពុង​រង់ចាំ​ការ​ពិភាក្សា​សម្រេច​ពីរដ្ឋាភិបាល​ទាំង​បួន​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers)​ បាន​បង្ហាញ​ថា ​ប្រសិន​បើ​ទំនប់​នឹង​ត្រូវ​បាន​ស្ថាបនា​មែន​នោះ ទំនប់​សាយ៉ាបូរី​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើ​ង​ប្រទេសឡាវ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធអេកូឡូស៊ី​ និង​ជីវៈចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គជា​រៀង​រហូត​ដោយ​វានឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដូចជា​ពូជ​ត្រី​រាជ​ទន្លេមេគង្គជា​ដើម។

លោក ថម ហ្វថ្រូព មាន​ប្រសាសន៍​ថា ប្រសិន​បើ​គម្រោង​សាង​សង់​វារី​អគ្គីសនី​ណា​មួយនៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ពិត​ជា​លេច​ចេញ​ជារូប​រាង​មែននោះ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​ខាង​សន្តិសុខ​ស្បៀង​ និង​ជីវជាតិ​អាហារ ដោយ​សារ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ ទទួល​បាន​ជាតិ​ប្រូតេអ៊ីន​ពី​ការ​បរិភោគ​ត្រី។ លោក​មាន​ប្រសាសន៍​ថា៖

«សេដ្ឋកិច្ច​វិទូ​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ និង​ធ្វើ​ការ​នៅ​ក្នុងក្រសួង​នានា​ មិន​បាន​ធ្វើ​លំហាត់​នៅ​ផ្ទះ​ទាល់​តែ​សោះ។ ពួកគេ​អាច​ប្រាប់​អ្នក​ថាតើថាមពល​អគ្គីសនី​ប៉ុន្មាន​ដែល​យើង​អាច​ទទួល​បាន ប៉ុន្តែ​ពួកគេ​មិន​អាច​ប្រាប់​អ្នក​ថាតើយើង​នឹង​បាត់​បង់​ត្រី​អស់​ប៉ុន្មាន​នោះ​ទេ។ ហើយ​អ្នក​នយោបាយ​ដែល​ចង់​សាង​សង់​ទំនប់​ដោយសារ​ហេតុផល​នយោបាយ​ណាមួយ​នោះ អាចប្រាប​អ្នក​រាល់​គ្នា​ថា​ ទំនប់​នេះ​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​ ប៉ុន្តែ​តាម​ការ​ពិត​ វា​អាក្រក់​ទៅវិញ​ទេ​ សម្រាប់​សុខភាព​របស់​ត្រី​សុខភាព​របស់​មនុស្ស និង​សុខភាព​របស់​ប្រជាជាតិ​ទាំងមូល»។

របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់បរិស្ថានជា​យុទ្ធសាស្ត្រ​នៃគម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនីនៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ បាន​បង្ហាញ​ថា​ កម្ពុជា​អាច​នឹង​បាត់​បង់​បរិមាណ​ត្រីច្រើន​ជាងគេ​រហូត​ដល់​ជាង​២១០.០០០តោន​ក្នុង​មួយ​ឆ្នាំ​ ដោយសារ​ឥទ្ធិពល​នៃ​ទំនប់​វារី​អគ្គីសនី។

លោក ទូច ស៊ាង​តាណា ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​តំបន់​ទេចរណ៍​ផ្សោត​ទន្លេ​មេគង្គ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ក្រោយ​ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គីសនី​នៅតាម​ដង​ទន្លេមេគង្គ​នេះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ផ្សោត​ធម្មជាតិ​ផង​ដែរ។ ផ្សោត​ទន្លេមេគង្គ​គឺ​ជា​ប្រភព​ទាក់​ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។​ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​សង់​ទំនប់​នេះ បើសិនជា​គេសង់ គឺ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ផ្សោត​ដែល​រស់នៅ​តាម​ធម្មជាតិ។ ត្រី​ក៏​ដូច​គ្នា​ដែរ ប៉ះពាល់​ត្រី​ក៏​ដូច​ជា​ប៉ះពាល់​ផ្សោត​ដែរ​ ព្រោះ​កាល​ណា​អស់​ត្រី​ ផ្សោត​ក៏​អត់​រស់​នៅ​បាន​ដែរ​ព្រោះ​ផ្សោត​ស៊ី​ត្រី»។

កញ្ញា អ៊ឹង សិទ្ធារីន និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​និយាយ​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​ពី​គម្រោង​ស្ថាបនា​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ បាន​ផ្តល់​សារ​ដ៏​សំខាន់​មួយ​អំពី​អនាគត​ដ៏​ផុយ​ស្រួយ​របស់​ទន្លេ​មេគង្គ ប្រសិន​បើ​ទំនប់វារី​អគ្គីសនី​ពិត​ជា​ត្រូវ​បាន​ស្ថាបនា។ កញ្ញា​បញ្ជាក់​ថា៖

«ប្រសិន​បើ​មាន​ការ​សាងសង់​ដូច​វីដេអូ​ដែល​បង្ហាញ​ហ្នឹង ខ្ញុំ​គិត​ថា អនាគត​ទន្លេ​គឺ​ជា​ទន្លេ​មួយ​ដែល​បាត់​បង់​ភាព​ដើម​របស់​វា ដែល​ពុំ​មាន​ការ​ផ្តល់​នូវ​ធនធាន​ធម្មជាតិ​ដូចជា​ត្រី ដូច​ជា​បរិស្ថាន​ល្អ និង​បរិយាកាស​ដ៏​ស្រស់​ស្អាត​ទៀត​ទេ»។

កញ្ញា សិទ្ធារីន បន្ថែមថា ដូច្នេះ បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ជាពិសេស កម្ពុជា​គួរ​តែ​ពិចារណា និង​ថ្លឹង​ថ្លែង​ឲ្យ​បាន​ម៉ត់​ចត់​អំពី​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន​ថាតើគួរ​ជ្រើសរើស​យក​មួយណា៖ ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​ថាមពល​អគ្គីសនី​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ថាមពល​របស់​ខ្លួន៕

XS
SM
MD
LG