អាជ្ញាធរមីន៖ ក្នុងឆ្នាំ២០២៣ ចំនួនអ្នកស្លាប់ដោយសារមីនថយចុះពី១០នាក់មក៤នាក់

រូបឯកសារ៖ គ្រាប់មីន​មួយ​ត្រូវបាន​ដៅ​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរ​មីន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ជនរង​គ្រោះដោយ​សារមីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​បាន​ថយ​ចុះ ​២៥% ​ដោយ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ​ពលរដ្ឋ​ស្លាប់​និង​រង​របួស​មាន​សរុប​ចំនួន​ ៣០ ​នាក់ ​ថយ​ចុះ​ពី​ ៤០ ​នាក់​ កាល​ពី​ឆ្នាំ​ ២០២២។​ ចំនួន​អ្នក​ស្លាប់​ក៏​ថយ​ចុះ​ពី​ ១០ ​នាក់ ​ក្នុង​ឆ្នាំ​ ២០២២​ មក​ត្រឹម​ ៤ ​នាក់ ​ក្នុង​ឆ្នាំ​ ២០២៣។ ​នេះ​បើ​តាម​លោក ​លី ធុជ ទេស​រដ្ឋមន្រ្តីនិង​ជា​អនុ​ប្រធាន​ទី ១​ អាជ្ញាធរ​មីន។​

បើ​តាម​អាជ្ញាធរ​មីន​ ក្នុង​រយៈ​ពេល​ ១១ ​ខែ ​ឆ្នាំ​ ២០២៣​ អាជ្ញាធរ​មីន​បាន​បោស​សម្អាត​ផ្ទៃ​ដី​ដែល​មាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​ប្រមាណ​ ៣០០០ ​គីឡូ​ម៉ែត្រ​ក្រឡា​សម្រាប់​ឱ្យ​ពលរដ្ឋ​បង្ក​បង្កើន​ផល​ ដោយ​ក្នុង​នោះផ្ទៃ​ដី​មាន​មីន​ដែល​ត្រូវ​បាន​បោសសម្អាត​រួច​មីន​គឺ​ជាង​ ២០០ ​គីឡូម៉ែត្រ​ក្រឡា។​

ចំនួន​ជនរង​គ្រោះ​ថយ​ចុះ​គឺ​ដោយ​សារ​ប្រតិបត្តិករ​ដោះមីន​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​បាន​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​បាន​ច្រើន​ ស្រប​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​ផែន​បោស​សម្អាត​ផ្ទៃដី​មាន​មីន ​ឆ្នាំ​ ២០២៣​ ទំហំ​ ៣៥៦​ គីឡូ​ម៉ែត្រ​ក្រឡា ​ដែល​ជា​ផែន​ការ​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​ក្នុង​រយៈ​ពេល ​៣០ ​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២។ ​នេះ​បើ​តាម​លោក​ លី ធុជ។​

លោក​បន្ត​ថា​ ការ​ធ្វើការ​រួមគ្នា​របស់​ប្រតិបត្តិ​ករ​ដោះ​មីន​ប្រមាណ ​៥០០០​ នាក់​ ដែល​រួម​ទាំង​ប្រតិ​បត្តិករ​ជាតិ ​ប្រតិ​បត្តិករ​អន្តរជាតិ​ និង​អង្គការ​ដោះ​មីន​នានា ដែល​កំពុង​ដោះមីន​ក្នុង​ប្រទេស​កម្ពុជាបាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​រង​គ្រោះ​និង​អ្នក​ស្លាប់ថយ​ចុះ​ច្រើន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​ចូល​រួម​ រួម​គ្នា​ហ្នឹង ​បាន​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ថយ​ចុះ​ច្រើន។​ យើង​មាន​ការ​អប់រំ​នៅ​តាម​មូលដ្ឋាន​ បណ្តុះ​បណ្តាល​ ណែនាំ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​យើង​ហ្នឹង​ច្រើន​ណាស់។ ​អ៊ីចឹង​នេះ​ជា​លទ្ធផល​ល្អ ​ដែល​ជា​ការ​លើក​ទឹក​ចិត្ត។​ យើង​ខិត​ខំបន្ត​ទៀត ​ខំ​បោស​សម្អាត​ឱ្យអស់​ គឺ​អស់​មាន​គ្រោះ​ថ្នាក់​ហើយ»។​

លោក​ថា ​គ្រាប់​បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត ​ដែល​មាន​នៅ​ពាស​វាល​ពាស​កាល​ក្នុង​ខេត្ត​រតន​គិរី ​មណ្ឌលគិរី ​ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​ជា​ដើម​ ក៏​ប្រតិ​បត្តិ​ករ​មីន​បន្ត​ការ​យក​ចិត្ត​ទុក​ក្នុង​ការ​បោស​សម្អាត​ជា​បន្តប​ន្ទាប់​ផង​ដែរ។​

បើ​តាម​លោក ​លី ធុជ ​គិតត្រឹម​ពេល​នេះ​ ផ្ទៃ​ដីមាន​មីន​ដែល​ត្រូវ​បាន​បោស​សម្អាត​ក្នុង​ឆ្នាំ ​២០២៣​ មាន​ប្រមាណ ​២០០​ គីឡូម៉ែត្រ​ក្រឡា ​ដោយ​តួលេខ​នេះ​នៅ​រង់​ចាំ​បូក​សរុប​បន្ថែម​ ដោយ​ប្រតិ​បត្តិករ​មួយ​ចំនួន ​ដែល​កំពុង​បង្ហើយ​សកម្ម​ភាព​ដោះ​មីន ​សម្រាប់​ផែន​ការ​ឆ្នាំ​នេះ។​

លោក​ថ្លែង​ថា៖ ​«ហើយ​រហូត​ដល់​ពេល​នេះ ​យើង​ជោគជ័យ​ធំធេង ​ហើយ​យើង​បាន​ជាង​ ២០០ ​គីឡូ​ម៉ែត្រ​ក្រឡា ​ហើយ​…​អស់​ហើយ ​ឆ្នាំ​ ២០២៣។ ​អ៊ីចឹង​សរុប​មក​ចុង​ឆ្នាំ​ ២០២៣ យើង​គិត​ទូទាំង​ប្រទេស​យើង​មាន ​១៨ ​រាជធានី​ ខេត្ត​ ដែល​យើង​ថា ​ជា​ខេត្ត​អស់​មីន»។​

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោល​ដៅ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច ​«កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»។​ ក្នុង​ឆ្នាំ​ ២០២២​ និង ​២០២៣ ​នេះ ​រដ្ឋាភិបាល​ប្រកាស​ថា ​រាជធានី -ខេត្ត​ចំនួន​ ១៨ ​«អស់មីន»​ និង​បាន​ដាក់​ផែន​ការ​សម្អាត​មីន​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៧ ​ទៀត ​ដែល​រួម​មាន​ខេត្ត​កោះកុង ​ពោធិ៍សាត់ ​បាត់ដំបង់ បៃលិន ​បន្ទាយ​មានជ័យ ​ឧត្តរ​មានជ័យ​ និង​ខេត្ត​ព្រះវិហារ។ ​នេះបើ​តាម​ លោក​ លី ធុជ ​និង​សារ​លិខិត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន សែន ​នា​ពេល​ប្រារព្ធ​ខួប​លើកទី​ ២៤ ​ឆ្នាំ​ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៣។​

ចំពោះ​រាជ​ធានី-ខេត្ត​ដែល​បាន​ប្រកាស​ថា ​«អស់​មីន»​ រួមមាន​ ខេត្ត​ស្ទឹងត្រែង ​កែប ព្រៃវែង ព្រះ​សីហនុ​ រាជធានី​ភ្នំពេញ ​កណ្តាល ​ត្បូង​ឃ្មុំ ​កំពង់ចាម ​ស្វាយរៀង​ កំពង់​ឆ្នាំង​ តាកែវ ​កំពត មណ្ឌល​គិរី​ និង​ខេត្ត​កំពង់ស្ពឺ​ជាដើម។​

រូបឯកសារ៖ អ្នកដោះមីន​ម្នាក់កំពុង​ប្រតិបត្តិការ​នៅ​មណ្ឌល​ដោះមីន​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។

លោក ​លី ធុជ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ផ្ទៃដី​មាន​មីន​ សល់​មាន​ប្រមាណ​ ៣០០ ​គីឡូម៉ែត្រ​ក្រឡាដែល​ត្រូវ​បោស​សម្អាត​ឱ្យ​អស់​ត្រឹម​ឆ្នាំ ​២០២៥​ ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​ ៧​ ជា​តំបន់​អតីត​សមរភូមិ តំបន់​ព្រៃភ្នំ និងជាប់ព្រំ​ប្រទល់​ថៃ។

លោក​ថា៖ ​«បើ​យើង ​២០២៣ ​នេះ​ ជោគ​ជ័យ​ជា​ស្ថាពរ​ទៅ ​យើង​នៅ​សល់​ប្រហែល​ប្រមាណ​ ៣០០ ​គីឡូ​ម៉ែត្រ​ក្រឡា ​សម្រាប់​ពីរឆ្នាំ​ទៀត ​…​ សម្រាប់​ពីរឆ្នាំ​ខាង​មុខ​នេះ ​ ២០២៤ [និង]​ ២០២៥។ ​ប៉ុន្តែ​អ្វី​ដែល​យើង​កត់​សម្គាល់​ គឺ​តំបន់​នៅ​សេស​សល់​គឺ​តំបន់​នៅ​តាម​ខេត្ត​ជាប់​ព្រំ​ប្រទល់​ថៃ»។

លោក​ លី ធុជ ​ថា​ ជា​រឿយៗ​គ្រោះថ្នាក់​នេះក៏​កើត​ឡើង​ដោយ​ការ​ធ្វេស​ប្រហែស​របស់​ប្រជា​ពលរដ្ឋមួយ​ចំនួន​ផង​ដែរ​ ដូច​ជា​ការ​យក​មីន​មិន​ទាន់​ផ្ទុះ​ មក​កែច្នៃ​ជា​ឧបករណ៍​នេសាទ ​ឬ​ធ្វើជា​កាំបិត​ជាដើម។ ​ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន ​និង​ត្រូវ​រាយ​ការណ៍​មក​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ពេល​ប្រទះ​ឃើញ​គ្រាប់មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ។​

បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​មីន​ ជនរង​គ្រោះ​ដោយ​សារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គេ​មួយ​ចំនួន​បើក​បរ​ត្រាក់​ទ័រ​ភ្ជួរ​ដី​ចម្ការ​ និង​ដី​ក្បែរ​ភូមិ​ ដែល​ប៉ះ​មីន​ ទើប​បណ្ដាល​ឱ្យ​ផ្ទុះ​មីន​ខូចខាត​ត្រាក់ទ័រ​ និង​រង​របួស។​ អ្នក​ខ្លះ​ទៀត​ដើរ​ចូល​ព្រៃ​គាស់​គល់​ឈើ​ចំ​ព្រៃ​ចម្ការ​មីន​ និង​ដើរ​ជាន់​មីន​ក្នុង​ចម្ការ​ដំឡូង។​

អាជ្ញាធរ​មីន​ក៏​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ ថា ​គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៣​ ផ្ទៃដី​ទំហំ​ប្រមាណ​ ៣០០០ ​គីឡូ​ម៉ែត្រ​ក្រឡា​ត្រូវ​បាន​បោស​សម្អាត​សម្រាប់​យក​ទៅ​ប្រើប្រាស់ ​និង​បង្ក​បង្កើន​ផល​ដោយ​ក្នុង​នោះ ​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង ​១​លាន ​១៧​ម៉ឺន​គ្រាន់ ​មីន​ប្រឆាំង​រថក្រោះ​ចំនួន​ជាង ​២​ម៉ឺន​ ៦​ពាន់​គ្រាប់ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​រាប់​បញ្ចូល​ទាំង​គ្រាប់​បែក​ចង្កោម​ចំនួន​ជាង​៣​លាន​ ១​សែន​គ្រាប់​ ត្រូវ​បាន​រក​ឃើញ និង​បំផ្លាញ​ចោល។​

អាជ្ញាធរ​មីន​តែង​តែ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋសូម​កុំចូល​ទៅ​តំបន់​ណា​ដែល​មិន​ដឹង​ប្រវត្តិ​ច្បាស់​លាស់​ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​មុន​ចូល​តំបន់​ទាំង​នោះ និង​សូមកុំ​ប៉ះ​ពាល់​នៅ​ពេល​ឃើញ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដោយ​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ប្រតិ​បត្តិករ​បោស​សម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ ដើម្បី​យក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេច​ចោល។​

លោក ​អាគី រ៉ា ​ប្រធាន​អង្គការ​ដោះ​មីន​កម្ពុជា​ (Cambodia Self Help Demining ​ឬ​CSHD) ​ឬ​គេ​ស្គាល់​ឈ្មោះ​ថា​ អង្គការ​អាគីរ៉ា ​ប្រាប់​វីអូអេ​ថា​ ការ​អប់រំ​ដល់​ពលរដ្ឋ​ គឺ​ជា​កត្តា​សំខាន់ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ច្រៀស​ផុស​ពី​គ្រោះ​ថ្នាក់។​ លោក​ថា​ ពលរដ្ឋ​រង​គ្រោះ ​ដោយ​សារ​ពលរដ្ឋ​ទាំង​នោះចូល​ទៅ​តំបន់​ព្រៃ​ភ្នំ ​និង​ខ្លះ​ឈូស​ឆាយ​ដី​ព្រៃ​ដែល​មិន​ទាន់​សម្អាត​មីន​ និង​មិន​ទាន់​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ បើ​ទោះ​បី​ជា​ប្រតិ​បត្តិករ​មីន​និង​អាជ្ញាធរ​មូលដ្ឋាន​អប់រំ ​និង​ហាម​ឃាត់​ក្តី។​

លោក​ថ្លែង​ថា៖ ​«ការ​អប់រំ ​រាល់​ថ្ងៃ​ គាត់​យល់​បាន​ច្រើន​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ច្រើន។ ​បើ​សិន​ជា​យើង​អត់​អប់​រំទេ ​គ្រោះ​ថ្នាក់​មាន​ច្រើន។ ​កាល​ពីមុន​[មាន​អ្នក​របួស និង​ស្លាប់]​ គឺ​រហូត​ដល់​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ ដល់​ឥឡូវ​កាត់​បន្ថយ​កាន់​តែ​ថយ​ចុះ តិច​ទៅៗ»។​

លោក ​អាគី រ៉ា ​បន្ថែម​ថា​ ការ​ដោះមីន​ក៏​ប្រឈម​មួយ​ចំនួន​ផង​ដែរ ​ដោយ​សារ​កាល​ពី​ឆ្នាំ​ ២០២២​ បុគ្គលិក​ជំនាញ​ដោះ​មីន​របស់​អង្គការ​លោក​ដែល​បាន​ចុះ​ទៅ​ប្រតិ​បត្តិការ​បោស​សម្អាត​ និង​ដោះ​មីន​នៅ​ក្នុង​ឃុំ​មរកត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ហើយ​រងគ្រោះ​ស្លាប់ ​៣ នាក់​ និង​ម្នាក់​រង​របួស​ធ្ងន់ដោយ​សារ​ផ្ទុះ​មីន​តោន​ច្នៃ៕​