កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​ប្រវត្តិសាស្រ្ត​រវាង​អឺរ៉ុប​ និង​វៀតណាម​​ត្រូវ​បាន​​យល់​ឃើញ​ថា ​ជា​គំរូ​សម្រាប់​តំបន់​​អាស៊ីអាគ្នេយ៍

អ្នកលក់​ឥវ៉ាន់​អង្គុយនៅខាង​ក្រៅ​ហាងលក់​សំលៀកបំពាក់​មួយ​នៅ​ក្រុងហាណូយ នា​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ២០១៤។

គេ​រំពឹង​ថា​ វៀតណាម​នឹង​ទិញ​ម៉ាស៊ីន​របស់​អ៊ីតាលី​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​ ហើយ​ប្រជាជន​អូទ្រីស​ជាច្រើន​នាក់​ទៀត​នឹង​ពាក់​ស្បែកជើង​កីឡា​ផលិត​នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ទៅ​ដល់​ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប។

ជាមួយ​នឹង​ការចរចា​ដែល​បាន​បញ្ចប់​កាល​ពី​ដើម​ខែ​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​នឹង​បញ្ចប់​នេះ​ផ្តល់​នូវ​សក្តានុពល​ជា​យុទ្ធសាស្រ្ត​ដល់​ភាគី​ទាំង​សងខាង។ សម្រាប់​ប្រទេស​វៀតណាម​ កិច្ច​ព្រមព្រៀង​នេះ​នឹង​រឹត​ចំណង​ចម្រុះ​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​ ដែល​មិនមែន​ជា​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ ដូចជា​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក។ សម្រាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប កិច្ច​ព្រមព្រៀង​នេះ​នឹង​គាំទ្រ​ដល់​ការទាមទារ​មួយ​ដែល​ធំជាង​នេះ​នៅ​ក្នុង​តំបន់​អាស៊ី ខណៈ​ពេល​ដែលប្រទេស​ជា​ច្រើន​យកចិត្តទុកដាក់​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ដែល​ផ្តួចផ្តើម​ដោយ​សហរដ្ឋអាមេរិក​នោះ។ ​


មន្រ្តី​នានា​របស់​អឺរ៉ុប​បាន​ជំរុញ​ដល់​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​វៀតណាម​នេះ ដែល​បាន​លុបចោល​នូវ​ពន្ធ​នាំចេញ​នាំ​ចូល​៩៩​ភាគរយ ខណៈ​ដែល​នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​អឺរ៉ុប​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​នឹង​អាច​ក្លាយ​ជា​គំរូ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​នៅ​ពេល​អនាគត។

លោកSimon van der Burg ដែល​ជា​អគ្គកុងស៊ុល​របស់​ប្រទេស​ហូឡង់​ប្រចាំ​នៅ​ទីក្រុង​ហូជីមិញ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ថា «កិច្ចព្រមព្រៀង​នេះ គឺ​ជា​គំរូ​សម្រាប់​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍»។

សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ក្លាយ​ជា​គំរូ​មួយ​ដែល​តម្រូវ​ឲ្យ​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ធ្វើ​កំណែ​ទម្រង់​រាល់​ក្រុមហ៊ុន​ដែល​ជា​របស់​រដ្ឋ​ និង​ពង្រឹង​ការ​ការពារ​បរិស្ថាន។ កិច្ចព្រមព្រៀង​នេះ​ក៏​បាន​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ដោយ​មាន​ជំនួយ​អភិវឌ្ឍន៍​ផង​ដែរ។ អ្នកចរចា​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​ លោកស្រី Jana Herceg បាន​ថ្លែង​នៅ​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ថា ប្រទេស​វៀតណាម​នឹង​ទទួល​បាន​ការគាំទ្រ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ និង​ដើម្បី​លើកស្ទួយ​បច្ចេកវិទ្យា​ពណ៌បៃតង ថាមពល​ ការថែទាំ​សុខភាព ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ៕