ក្រុមមន្ត្រីនៃមន្ទីររៀបចំដែនដីក្នុងខេត្តប៉ៃលិនបានរួមគ្នាស្នើរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដកតំណែងថ្នាក់ដឹកនាំមន្ទីរមួយនេះ ក្រោមហេតុផលមួយចំនួនក្នុងនោះមាន«អសមត្ថភាព»ក្នុងការដឹកនាំមន្ទីរ។
ថ្នាក់ដឹកនាំមន្ទីរនោះ រួមមានលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីខេត្តប៉ៃលិន និងអនុប្រធានរបស់លោក គឺលោក កែវ សុវត្ថិ ដែលពួកគេត្រូវបានមន្ត្រី៩នាក់ ចោទថាអសមត្ថភាពចាត់ចែងការងារដែលបណ្តាលឲ្យមានការប្រព្រឹត្តអំពើពុករលួយក្នុងការចុះបញ្ជីកាន់កាប់ដីធ្លី។
សំណើរបស់ក្រុមមន្ត្រីធ្វើឡើងតាមរយៈលិខិតមួយ ចុះថ្ងៃទី៥ ខែកុម្ភៈ។ ក្នុងលិខិតនោះ ក្រុមមន្ត្រីនៃមន្ទីររៀបចំដែនដីខេត្ត បានចោទប្រកាន់ធ្ងន់ៗលើលោក សូ សុខុន និងលោក កែវ សុវត្ថិ ថាបំពេញតួនាទីដោយខ្វះតម្លាភាព និងមិនចេះប្រើបុគ្គលិកឲ្យចំកិច្ចការជំនាញ ហើយថែមទាំងចាយវាយថវិការដ្ឋមិនចំគោលដៅ។
លិខិតដែលមានឈ្មោះ និងស្នាមមេដៃរបស់ក្រុមមន្ត្រីទាំង៩រូបនោះ បញ្ជាក់ថា៖«យើងខ្ញុំទាំងអស់គ្នាមិនពេញចិត្តការដឹកនាំរបស់លោកប្រធានមន្ទីរលោក សូ សុខុន និងលោកអនុប្រធានមន្ទីរទទួលបន្ទុកកែវ សុវត្ថិ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្សពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្តនានាពុំស្ថិតក្នុងគន្លងនៃរចនាសម្ព័ន្ធនៃការចាត់តាំង និងសេចក្តីសម្រេច»។
ក្រុមមន្ត្រីចោទប្រកាន់លើថ្នាក់ដឹកនាំមន្ទីរដែនដីខេត្តប៉ៃលិនជាច្រើនចំណុចទៀត ចំពោះការបំពេញការងារមិនត្រឹមត្រូវតាមរចនាសម្ព័ន្ធមន្ទីរ និងមិនទទួលយកយោបល់ពីមន្ត្រីពាក់ព័ន្ធក្នុងមន្ទីរ។
ក្រុមមន្ត្រីទាំង៩រូបចោទថ្នាក់ដឹកនាំរបស់មន្ទីរថា៖ «ដឹកនាំមន្ទីរដែលនាំទៅរកការប្រេះឆាផ្ទៃក្នុងដ៏ជ្រាលជ្រៅ ប្រកាន់បក្សពួក និងរើសអើង បញ្ឈរជើងមន្ត្រីក្របខណ្ឌ មិនឲ្យបំពេញភារកិច្ច ប្រើប្រាស់តែមន្ត្រីកម្មសិក្សា មិនទទួលយកមតិកែលម្អ និងប្រើប្រាស់ថវិការដ្ឋមិនចំគោលដៅ»។
ក្រុមមន្ត្រីរៀបរាប់បន្ថែមថា៖ «លោកប្រធាន និងអនុប្រធានតែងតែឃប់ឃិតគ្នាចេញបណ្ណខុសប្រក្រតី ដើម្បីតែផលប្រយោជន៍ លោកអនុប្រធានទទួលបន្ទុកការងារសុរិយោដី បែរជាយកអ្នកមានបរិញ្ញាបត្រសំណង់មកធ្វើការងារជាអនុប្រធានទទួលការងារដីធ្លី លោកអនុប្រធានប្រើប្រាស់ជំនួយការកាន់ឯកសារបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគាំទ្រការចេញបណ្ណជាប្រព័ន្ធ ព្យាយាមពន្យារពេល មិនដោះស្រាយបញ្ហា តែងតែទម្លាក់បញ្ហាឲ្យក្រុមចុះបញ្ជីជាប្រព័ន្ធ លោកអនុប្រធានទទួលបន្ទុកព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនរត់ការប្លង់ចុះបញ្ជីដាច់ដោយដុំក្នុងតំបន់ប្រកាសធ្វើការវិនិច្ឆ័យចុះបញ្ជីជាប្រព័ន្ធ»។
VOA មិនអាចសុំការបញ្ជាក់ពីម្ចាស់ពាក្យបណ្តឹងទាំង៩រូបដែលប្តឹងសុំដកតួនាទីថ្នាក់ដឹកនាំបានទេ។
វីអូអេក៏មិនអាចទាក់ទងសុំការអធិប្បាយពីលោក សូ សុខុន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន និងអនុប្រធានមន្ទីរ លោក កែវ សុវត្ថិ បានទេនៅថ្ងៃច័ន្ទនេះ។
បើតាមសេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះ លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីខេត្តប៉ៃលិន បញ្ជាក់ថា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង បានដឹងឮបណ្តឹងរបស់ក្រុមមន្ត្រីរួចហើយ។ ប៉ុន្តែលោកអះអាងថា លោករដ្ឋមន្ត្រីមិនមានចំណាត់ការលើពាក្យបណ្តឹងនោះទេ។
លោក ហែម ឫទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន មានប្រសាសន៍ថាលោកមិនបានដឹងអំពីការប្តឹងផ្តល់របស់ក្រុមមន្ត្រីមន្ទីររៀបចំដែនដីខេត្តទេ ដោយបានបង្វែរសំណួរទៅកាន់មន្ទីររៀបចំដែនដីខេត្តប៉ៃលិន។
ចំណែកឯលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បដិសេធមិនផ្តល់ការអធិប្បាយនៅពេលត្រូវបានសួរអំពីបណ្តឹងរបស់ក្រុមមន្ត្រីដោយថាលោកស្នើឲ្យមន្ត្រីរបស់លោកពិនិត្យរឿងនេះសិន។
«ពួកខ្ញុំអត់ទាន់បានទទួលផង ចាំមើលខ្ញុំមើលដំណឹងហ្នឹងលម្អិតបន្តិច ចាំទាក់ទងគ្នា...ខ្ញុំឲ្យគេមើលបន្តិច»។
អ្នកយកព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកព្យាយាមទាក់ទងលោក សេង ឡូត ជាច្រើនដងនៅរសៀលថ្ងៃច័ន្ទនេះ ដើម្បីសុំការអធិប្បាយបន្ថែម ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ លោកក៏មិនឆ្លើយតបសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមផងដែរ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង តែក៏ឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅខេត្តប៉ៃលិន ប្រាប់វីអូអេថា ការប្តឹងផ្តល់របស់ក្រុមមន្ត្រីនៅមន្ទីរដែនដីខេត្តប៉ៃលិន ជារឿងកម្រក្នុងជួរមន្ត្រីរាជការ។
លោកមានប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គួរផ្តល់ការការពារសុវត្ថិភាពការងាររបស់ក្រុមមន្ត្រីដែលបានប្តឹងថ្នាក់ដឹកនាំរបស់ខ្លួន។
«នៅពេលដែលប្តឹងទៅ ពេលខ្លះមន្ត្រីដែលប្តឹងហ្នឹងអាចប្រឈមទៅនឹងការ ដកនូវមុខតំណែង តួនាទីសំខាន់ៗ ដោយសារតែគាត់ហ៊ានប្តឹងមេ។ អ៊ីចឹង យើងលើកទឹកចិត្តឲ្យមានការអង្កេតស្រាវជ្រាវឲ្យច្បាស់លាស់ ហើយនិងកុំឲ្យមានការយកគំនុំមកសងសឹកចំពោះមន្ត្រីដែលធ្វើការប្តឹងផ្តល់នេះបាទ»។
លោកបន្ថែមថា៖ «អ៊ីចឹងបើសិនជាឯកឧត្តមរដ្ឋមន្ត្រីគាត់បានទទួលនូវពាក្យបណ្តឹងហើយត្រូវធ្វើការអង្កេត ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ ដើម្បីធ្វើការឈានទៅរកធ្វើការដោះស្រាយបញ្ចប់បញ្ហាហ្នឹង។ អ្វីដែលខ្ញុំមានការបារម្ភជាងគេ គឺបារម្ភទៅលើមន្ត្រីដែលប្តឹងទេ ព្រោះយើង ជាបទពិសោធន៍ មន្ត្រីដែលប្តឹងតវ៉ាច្រើនតែរងនូវការគំរាមកំហែង ឬក៏បាត់បង់អ្វីមួយវិញ ពីអ្នកដែលយើងត្រូវប្តឹងនោះ»។
អ្នកសម្របសម្រួលសិទ្ធិមនុស្សរូបនេះកត់សម្គាល់ថា មន្ទីររៀបចំដែនដីដដែលនេះ ធ្លាប់ជួបរឿងអាស្រូវនៃការធ្វើឲ្យបាត់បង់បណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក។
លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បញ្ជាក់ថា លោកបានដឹងអំពីវិវាទក្នុងមន្ទីររៀបចំដែនដីខេត្តខ្លះៗដែរ ក៏ប៉ុន្តែលោកសុំមិនផ្តល់ការអធិប្បាយ។ យ៉ាងណាក៏ដោយ លោកលើកឡើងថា លោកទទួលដំណឹងថា មន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលរងខេត្តមួយរូបកំពុងសម្របសម្រួលដោះស្រាយវិវាទនេះ។
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថាអភិបាលខេត្តប៉ៃលិនគឺលោកស្រី បាន ស្រីមុំ កំពុងរកដំណោះស្រាយបញ្ចប់ជម្លោះ។
«អាហ្នឹងឃើញលោកជំទាវ គណៈអភិបាលខេត្តគាត់កំពុងដោះស្រាយហើយហ្នឹង។ ខ្ញុំអត់ដឹងដែរហ្នឹងបាទ»។
VOA មិនទាន់អាចទាក់ទងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានទេ។
កាលពីខែមិថុនា ឆ្នាំ២០២០ លោក សូ សុខុន និងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់អតីតអភិបាលខេត្តលោក ផាន់ ចាន់ធុល ត្រូវគេឃើញនាំគ្នាទៅស្បថស្បែនៅមុខរូបសំណាកលោកយាយយ៉ាតថាពួកគាត់នឹងមិនយកបញ្ហាផ្ទៃក្នុងទៅដើរបរិហារឲ្យគេដឹងឮ ហើយក៏គ្មានគំនិតលួចរក្សាទុកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលក្រសួងរៀបចំដែនដីផ្តល់ឲ្យដើម្បីចេញជូនប្រជាពលរដ្ឋទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់នោះដែរ។ នេះបើតាមឃ្លីបវីដេអូខ្លីមួយដែលបង្ហោះដោយអង្គភាពព័ត៌មានក្នុងស្រុក Fresh News៕