ប្រជាពលរដ្ឋជាង៧០នាក់ មកពីភូមិចំនួន៦ក្នុងខេត្តកោះកុង តំណាងឲ្យអ្នកមានជម្លោះដីធ្លីជាង១៤០គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅចំនួន២ បានហែក្បួនដាក់ញត្តិជូនស្ថាប័នជាតិ និងអន្តរជាតិចំនួន៤ សុំឲ្យជួយដោះស្រាយទំនាស់រ៉ាំរ៉ៃរយៈពេល១០ឆ្នាំមកហើយនោះ។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន៤ឃុំ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង គឺអ្នកស្រី ផាវ ញ៉ឺង បានប្រាប់ VOA ថា ការហែក្បួននាថ្ងៃព្រហស្បតិ៍ទី៤នេះ គឺដើម្បីដាក់ញត្តិនៅរដ្ឋសភា សហភាពអឺរ៉ុប ក្រសួងដែនដី និងក្រសួងកសិកម្មសុំឲ្យស្ថានប័នទាំងនេះជួយធ្វើអន្តរាគមន៍កាត់ឆ្វៀលដីទំហំជិត ៨០០ហិកតា ប្រគល់ឲ្យប្រជាពលរដ្ឋ១៤៧គ្រួសារវិញ។ អ្នកស្រីបន្តថា ក្រុមហ៊ុនទាំងពីរ ដែលអ្នកស្រីអះអាងថា ជាក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់នោះ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍដំណាំអំពៅលើដីនេះតាំងពីឆ្នាំ២០០៦។ អ្នកស្រីបន្តថា ក្រុមហ៊ុន បានរំលោភយកដីកសិកម្មមានរយៈពេល១០ឆ្នាំទៅហើយ ហើយអាជ្ញាធរ ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ មិនជួយរកដំណោះស្រាយជូនពលរដ្ឋទេ។
«កាលណាដែលអត់មានសំណង អត់បានឆ្វៀលកាត់ដីឲ្យពួកខ្ញុំនៅក្នុងកម្មវត្ថុពួកខ្ញុំទេគឺពួកខ្ញុំនៅបន្តការតវ៉ារហូត ព្រោះកាលណាអត់តវ៉ាគឺវាងាប់ វាងាប់ហ្មងនិយាយឲ្យវាអាក្រក់ស្តាប់។ ខ្ញុំគិតថា វាងាប់ហើយ រាល់ថ្ងៃជិតងាប់ហើយ អត់ដីធ្វើ អត់ស្រែអញ្ចឹង វាអត់មានស្រូវ អត់មានស្រូវវាអត់មានអីហូប។ គោត្រូវលក់បន្តបន្ទាប់អស់រលីង ដូចផ្ទះខ្ញុំអី»។
ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី សៅ សុខុមប្រាប់ថា អ្នកស្រីដាំដំណាំធ្វើចម្ការលើដីទំហំ២ហិកតាតាំងពីឆ្នាំ១៩៧៧។ អ្នកស្រីបន្ថែមថា ចាប់តាំងពីក្រុមហ៊ុនទាំងនោះមកឈូសឆាយដីនោះ អ្នកស្រី និងប្រជាពលរដ្ឋរងគ្រោះផ្សេងទៀតប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ដោយមិនទទួលបានសំណងអ្វីទាំងអស់។
ប្រជាពលរដ្ឋទាំងនោះបានអំពាវនាវសុំឲ្យស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ជួយដោះស្រាយរកយុត្តិធម៌ និងផ្តល់សំណងជាដីដល់ពួកគេ សម្រាប់យកមកធ្វើជាកម្មសិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលដូចដើម។
ក្រោយពីបានដាក់ញត្តិ លោកស្រីផាវ ញ៉ឺង តំណាងប្រជាពលរដ្ឋ បានប្រាប់ VOA ថា តំណាងរដ្ឋសភាបានទទួលយកញត្តិដោយមិនមានសន្យាអ្វីទាំងអស់។ អ្នកស្រីបន្តថា ចំណែកក្រសួងដែនដី និងក្រសួងកសិកម្មបានទទួលញត្តិហើយ ហើយបានប្រាប់អ្នកស្រីថា គេនឹងយកញត្តិនេះជូនថ្នាក់ដឹកនាំធ្វើការសម្រេច និងមានចំណាត់ការចុះពិនិត្យភា្លមៗ។ ពលរដ្ឋបន្ថែមថា សហភាពអឺរ៉ុបក៏បានទទួលយកញត្តិរបស់ពួកគាត់ដែរ។
មន្ត្រីសម្របសម្រួលបញ្ហាដីធ្លីរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរគឺលោកស៊ិន សត្ថាបានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថា ក្រុមហ៊ុនទាំងពីរនោះពាក់ព័ន្ធនឹងលោកលី យ៉ុងផាត់ ដែលជាម្ចាស់ក្រុមហ៊ុនស្ករអំពៅដ៏ធំនៅខេត្តកំពង់ស្ពឺ។
«រឿងអស់ហ្នឹងគាត់បាន clear (ទូទាត់) ចប់ហើយយូរហើយរឿងហ្នឹង រួចហើយគេចេះតែច្រឡំ តាមការណ៍ពិត គេចេះតែច្រឡំ។ ចំណែកខាងកោះកុងគេចេះតែតេមកគាត់ ប៉ុន្តែតាមការណ៍ពិតខាងកោះកុងគាត់អត់មានទេ»។
VOA បានព្យាយាមទាក់ទងលេខទូរស័ព្ទលើគេហទំព័ររបស់ក្រុមហ៊ុនកោះកុងស៊ូហ្គ័រ (http://www.kohkongsugar.com) ប៉ុន្តែលេខទាំងពីរខ្សែមិនដំណើរការ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា លោកមិនដឹងពីបញ្ហាដីធ្លីនេះទេ ប៉ុន្តែលោកថា អន្តរក្រសួងកំពុងអនុវត្តការងារនេះ។
«កន្លងមក គេមានគណៈកម្មការអន្តរក្រសួងបានចុះមកដោះស្រាយជូនហើយ។ គេកំពុងដោះស្រាយបញ្ហាហ្នឹង»។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកអន ភារៈ អភិបាលស្រុកបទុមសាគរ និងលោកទួន សីលា អភិបាលស្រុកស្រែអំបិល តែមិនអាចទាក់ទងបានទេ។ ចំណែកអ្នកនាំពាក្យក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ និងអ្នកនាំពាក្យក្រសួងកសិកម្មមិនបានទទួលទូរស័ព្ទទេ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តកោះកុង ដែលតាមឃ្លាំមើលសកម្មភាពហែញត្តិរបស់ពលរដ្ឋ មានប្រសាសន៍ថា ជម្លោះដីធ្លីដែលអូសបន្លាយជាយូរមកហើយនេះកើតឡើងដោយសារក្រសួងកសិកម្មផ្តល់ដីសម្បទានទៅក្រុមហ៊ុនដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ។ លោកថ្លែងថា ក្រសួងពាក់ព័ន្ធត្រូវមានវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់។
«ល្មមដល់ពេលរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដែលតែងតែលើកកម្ពស់ជីវភាពកសិករ នៅពេលនេះគឺគាត់បានបាត់បង់ដីទាំងស្រុង ដីកសិកម្មរយៈពេល១០ឆ្នាំ ពេលនេះគឺគួរតែឆ្វៀលដីហ្នឹងយកដីពីក្រុមហ៊ុនហ្នឹងយកមកឲ្យប្រជាពលរដ្ឋវិញ ដើម្បីឲ្យគាត់បានប្រកបមុខរបរឡើងវិញ ហើយដើម្បីឲ្យគាត់បានលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ផង ពីព្រោះតាំងពីពួកគាត់បាត់បង់ដីរយៈពេល១០ឆ្នាំនេះ ធ្វើឲ្យជីវភាពគាត់ក្រីក្រ។ គាត់ធ្វើចំណាកស្រុក ហើយទីបំផុតមានអ្នកខ្លះគាត់បានធ្វើជាកម្មកររបស់ក្រុមហ៊ុនហ្នឹងវិញ»។
ពលរដ្ឋដែលមកដាក់ញត្តិ នៅពេលនេះកំពុងស្នាក់ជាបណ្តោះអាសន្ននៅវត្តសាមគ្គីរង្សី ដើម្បីរងចាំការឆ្លើយតបពីក្រសួង៕