ទំនាស់ដីធ្លីនៅបុរីកីឡាឡើងកំដៅពេលមានការកម្ទេចអគារ និងមានយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ

អ្នកស្រី​ឃិន លីដា ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា​ពរ​​កូន​ឈរ​​មើល​​អាជ្ញាធរ​​និង​​ក្រុមហ៊ុន​​​កម្ទេច​អគារ។ (ថ្ងៃ​ច័ន្ទទី​៥​ខែ​​សីហា​ឆ្នាំ​២០១៦​/ ឡេង ឡែន VOA)

ក្រុម​ប្រជា​ពលរដ្ឋ​មាន​ជម្លោះដី​ធ្លី​នៅ​សហគមន៍បុរី​កីឡា​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុនអះអាង​ថា​ ក្រុម​សន្តិសុខ​ខ័ណ្ឌ​៧មករា​ បាន​វាយ​កម្ទេចអគារ​ចាស់​មួយ​ខ្នងនៅ​ជាប់​នឹង​គេហដ្ឋាន​ប្រជា​ពលរដ្ឋ​ បង្ក​ឲ្យ​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​តំណាង​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា។​

ការ​វាយ​កម្ទេចអគារ​នេះបាន​កើត​ឡើង​ បន្ទាប់ពី​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡាត្រៀម​រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ ដែល​មាន​គោល​ដៅ​ទាមទារ​រក​យុត្តិធម៌​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

អ្នក​សហគមន៍​បុរី​កីឡា​ឈរមើល​ការ​វាយកំទេច​អគារ។ (ថ្ងៃ​ច័ន្ទទី​៥ខែ​សីហា​ឆ្នាំ២០១៦/ ឡេង ឡែន VOA)​

អ្នក​ស្រី​ស ស៊ន​ តំណាង​ប្រជា​ពលរដ្ឋ​ជាង​២០​គ្រួសារ​ បាន​ប្រាប់​ VOAថា ការ​វាយ​កម្ទេចអគារ​នេះ​បានបណ្ដាល​ឲ្យ​រង្គើ​លំនៅ​ដ្ឋាន​ដែលប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ​ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ ភ្លើង​ផង​ដែរ។​ អ្នកស្រី​ថ្លែង​ថា​ អាជ្ញាធរ​ខ័ណ្ឌ​៧​មករា​ មិន​បាន​ជូន​ដំណឹង​ជាមុន​អំពី​ការ​វាយ​រំលំ​អគារ​នេះ​ទេ។​

នៅគ្រា​ដែល​សកម្ម​ភាព​វាយ​កម្ទេច​អគារ​កំពុង​កើត​ឡើង​នោះ អ្នក​ស្រី​ងូវ ណារី​ ដែល​រស់​នៅ​ក្នុង​សហគមន៍​នេះ​តាំងពី​ឆ្នាំ​១៩៩០​ បាន​ប្រាប់​ VOA​ ​ ថា​ អាជ្ញាធរ​ខ័ណ្ឌ​កំពុង​បង្ហាញ​សារ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ ដែល​រង់​ចាំ​ដំណោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គេជាមួយ​ក្រុមហ៊ុន​ Phanimex​ របស់​អ្នកស្រី​ស៊ុយ សុផាន។​

ក្រុម​សន្តិសុខ​ខណ្ឌ​ប្រាំពីរ​មករាឈរ​មើល​ការ​វាយកម្ទេច​អគារ។ ថ្ងៃ​ច័ន្ទទី​៥​ខែសីហា​ឆ្នាំ​២០១៦/ ឡេង ឡែន VOA

យ៉ាងណាក៏ដោយ​ ​លោក​មាន ចាន់យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​ បាន​មាន​ប្រសាសន៍​ថា​ ការ​វាយ​អគារ​នេះ​មាន​បំណង​ការ​ពារ​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​រក្សា​សណ្តាប់​ធ្នាប់​សហគមន៍។​ លោក​អះអាង​ថា​ អគារ​នេះ​ចាស់​ មាន​សភាព​ទ្រុឌទ្រោម​ និង​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​វេលា។​

ក្រុម​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ តែង​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ចូលរួម​តវ៉ា​ក្នុង​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​សមាគមន៍​អាដហុក​ចំនួន​បួនរូប ​និង​មន្រ្តី​គ.ជ.ប.​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​តាំងពី​ខែ​ឧសភា​កន្លង​មក៕