ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលកំពុងជាប់គាំងក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន គ្រោងនឹងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅនៅថ្ងៃច័ន្ទនេះ ទាមទារឲ្យមានការដោះលែងមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសកម្មជនបរិស្ថានបីនាក់ដែលកំពុងជាប់ឃុំ។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំនៅខេត្តកោះកុង និងតំណាងប្រជាពលរដ្ឋរងគ្រោះដោយជម្លោះដីធ្លី។
ការតវ៉ាស្លៀកពាក់ឈុតខ្មៅនេះ នឹងកើតឡើងស្របគ្នាជាមួយនឹងក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀតដែលគ្រោង នឹងស្លៀកពាក់ឈុតខ្មៅនេះផងដែរ ដើម្បីទាមទារឲ្យតុលាការផ្ដល់យុត្តិធម៌ពិតប្រាកដដល់មន្ត្រីនៃសមាគមអាដហុក រួមមានលោក នី សុខា ប្រធានបច្ចេកទេសស៊ើបអង្កេតនៃសមាគមអាដហុក និងលោក យី សុខសាន្ត លោក ណៃ វង់ដា អនុប្រធានបច្ចេកទេសស៊ើបអង្កេតនៃសមាគមអាដហុក និងលោកស្រី លឹម មុន្នី មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមនេះ និងលោក នី ចរិយា អគ្គលេខាធិការរងនៃគ.ជ.ប។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំនៅខេត្តកោះកុង បានប្រាប់ VOA ថា ការតវ៉ាដោយស្លៀកសំលៀកបំពាក់ពណ៌ខ្មៅនេះ នឹងមិនបង្កឲ្យមានភាពច្របូកច្របល់នោះទេ ដោយអ្នកតវ៉ា នឹងឈរមួយកន្លែង។
លោកថ្លែងថា ការតវ៉ានេះ គឺជាការផ្ដល់ការគាំទ្រដល់សកម្មភាពតវ៉ានៅរាជធានីភ្នំពេញ។
«ពួកគាត់ប្រមូលម្ដុំគ្នា ដូចជាដោយសន្តិវិធី គាត់ឈរនៅមុខផ្ទះគាត់ទេ មិនមែននៅលើផ្លូវសាធារណៈ ទេណា៎ ហើយការដែលគាត់ធ្វើ ក៏មិនមែនធ្វើរាល់ថ្ងៃដែរ គ្រាន់តែជាថ្ងៃច័ន្ទ ដើម្បីឲ្យមានការឯកភាពទៅនឹងអ្វីដែលខាង អង្គការ និងគ្រួសារ សកម្មជនសិទ្ធិមនុស្សដែលគាត់គ្រោងធ្វើនៅមុខពន្ធនាគារព្រៃស នៅថ្ងៃស្អែក។ ជញ្ជឹងគាត់ចូលរួមជាមួយអ្នកនៅភ្នំពេញហ្នឹង»។
លោកបន្ថែមថា ការតវ៉ានេះ មិនមែនជាចលនាធ្វើបដិវត្តន៍ពណ៌ ដូចការចោទប្រកាន់ពីមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលត្រូវបានរាយការណ៍តាមសារព័ត៌មានក្នុងស្រុកនោះទេ។
អ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុក ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងមន្ត្រីគ.ជ.បម្នាក់ពីបទសមគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ អ្នកទាំងប្រាំនាក់ ត្រូវបានតុលាការឃុំឃាំងរង់ចាំការកាត់ទោស។
អ្នកស្រី ផាវ ញឺង តំណាងប្រជាពលរដ្ឋមកពីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ថ្លែងថា ការតវ៉ាក្នុងសំលៀកបំពាក់ឈុតខ្មៅ និងអាចមានការបង់កក្រមានេះ មិនមែនធ្វើឡើងដោយចង់ឲ្យមានការវិលមកវិញរបស់របបខោអាវខ្មៅកុម្មុយនិស្តខ្មែរក្រហមនោះទេ តែជាការបញ្ជាក់ការមិនចង់ឃើញប្រវត្តិសាស្ត្រខ្មៅងងឹតនោះ កើតមកម្ដងទៀតប៉ុណ្ណោះ។
«ជំនាន់ខ្មែរក្រហម គឺគេធ្លាប់ ចាប់អ្នកដែលចេះដឹង អ្នកចេះច្បាប់ទម្លាប់អីហ្នឹង គឺគេយកទៅវាយចោល ឬក៏យកគាត់ទៅកសាងខ្លួនសម្លាប់ចោល អីអញ្ចឹងជាដើម។ ប៉ុន្តែដល់ពេលសម័យនេះ ស្រាប់តែយើងហាក់ដូចជា ទ្រង់ទ្រាយចង់របៀបហ្នឹងទៅវិញ។ អញ្ចឹង យើងពាក់សំលៀកបំពាក់ពណ៌ខ្មៅនេះ ដើម្បីស្នើសុំឲ្យមានការដោះលែង ហើយយើងមិនចង់ពាក់ទៀតទេ សំលៀកបំពាក់នេះ យើងចង់បញ្ជាក់ប្រាប់អញ្ចឹង ថាយើង អត់ចង់ឃើញទៀតទេ សភាពបែបនេះ»។
អ្នកស្រីបញ្ជាក់ថា ការប្រើប្រាស់សំលៀកបំពាក់ឈុតខ្មៅនេះ គ្រាន់តែជាការសម្ដែងមតិស្នើសុំឲ្យមានការដោះលែងអ្នកជាប់ឃុំដែលជាមន្ត្រីរបស់សមាគមអាដហុក គ.ជ.ប. និងសកម្មជននៃចលនាមាតាធម្មជាតិ។
«យើងស្នើសុំឲ្យមានការដោះលែងអ្នកដែលចេះច្បាប់ទម្លាប់ហ្នឹង ហើយដោះស្រាយដីឲ្យពួកយើងទៅ គឺអត់មានអីបដិវត្តពណ៌អីទេ បាតដៃទទេរនោះ វាមានបដិវត្តពណ៌ពីណាមក?»។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង ថ្លែងថា ការតវ៉ានេះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ។ លោកថា អាជ្ញាធរនឹងមិនធ្វើការរារាំងនោះទេ ប្រសិនបើសកម្មភាពតវ៉ានោះ មិនបង្កផលប៉ះពាល់ដល់សាធារណជន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានហៅការត្រៀមខ្លួនរបស់ក្រុមអង្គការសង្គមស៊ីវិល សម្រាប់ការចាប់ផ្ដើមតវ៉ាដោយស្លៀកពាក់ខ្មៅនេះ ជាទង្វើដែលមើលទៅដូចជាក្រុមខ្មែរក្រហម។
យ៉ាងណាក៏ដោយ លោកមិនអាចសន្និដ្ឋានថា ចលនានេះ ជាចលនាបដិវត្តន៍ពណ៌ខ្មៅនោះទេ។
«ការលើកពណ៌យកមកស្លៀកពាក់ ពណ៌ដែលធ្វើឲ្យយើងភ្ញាក់ព្រើត ផ្អើលឡើងវិញហ្នឹងគឺ ពណ៌ហ្នឹង គេប្រើប្រាស់ក្នុងឆ្នាំ ១៩៧៥ ហើយចំណាយជីវិតអស់ ២លាននាក់ ដោយសារគេពាក់ខោអាវហ្នឹងហើយ។ គេមករំដោះមនុស្សចេញ ចេញដើម្បីឲ្យមានសិទ្ធិសេរីភាព ចេញដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែ រំដោះឲ្យមនុស្សចាកចេញពីទីក្រុងភ្នំពេញ ហើយពួកនេះ ហេតុដូចម្តេចបានជាខោអាវនេះមកពាក់ មកតតាំងនឹងសាច់រឿងហ្នឹង?ហើយចំណុចទីពីរ យើងឃើញពួក ISIS ក៏ប្រើប្រាស់នូវខោអាវហ្នឹងដែរ»។
លោក ផៃ ស៊ីផាន បន្ថែមថា សកម្មភាពតវ៉ានេះ ពុំមានចេតនាក្នុងការបញ្ចេញមតិនោះទេ តែជាចេតនាចង់គៀងគរកម្លាំងប្រឆាំងនឹងស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ។
ការនិយាយពីបដិវត្តន៍ពណ៌នេះ បានធ្វើឲ្យនិស្សិតម្នាក់ ជាប់ពន្ធនាគាររួចទៅហើយ។ និស្សិតម្នាក់នោះ ឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៤ឆ្នាំ ដែលត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ១ឆ្នាំ៦ខែ តាមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ។
ការសម្រេចដាក់ពន្ធនាគារនេះ កើតមានឡើងបន្ទាប់ពីនិស្សិតរូបនេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែសីហាឆ្នាំ ២០១៥ថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ដែលនឹងចូលរួមក្នុងយុទ្ធនាការដែលក្រុមសង្គមស៊ីវិលហៅថា «ថ្ងៃច័ន្ទពណ៌ខ្មៅ» ឬ Black Monday ថ្លែងថា យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងដើម្បីសំដែងការមិនពេញចិត្តនឹងប្រព័ន្ធតុលាការ ដែលត្រូវគេសង្កេតឃើញថាបានព្យាយាមគាបសង្កត់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា ការយកពណ៌ខ្មៅមកប្រើប្រាស់នេះ បង្ហាញពីការថយចុះនៃសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា។
«បើតាមខ្ញុំដឹង ជាការគិត ជាច្រើនរបស់សង្គមស៊ីវិល ឃើញថា ដោយសារសេរីភាពរបស់អង្គការសង្គមស៊ីវិលហ្នឹងវា ធ្លាក់ធ្ងន់ធ្ងរក្នុងចំណុចមួយដែល គ្រោះថ្នាក់មែនទែន។ ដល់អញ្ចឹងហើយ វាបង្ហាញមួយការដែល យើងកើតទុក្ខមិនសុខចិត្ត ការដែលយើងមិនសប្បាយចិត្ត ចំពោះដំណើរការហ្នឹង អញ្ចឹងហើយបានជាគេជ្រើសរើសយកពណ៌ខ្មៅហ្នឹង»។
នៅមុនពេលដែលយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» ឬ Black Monday នេះមិនទាន់ចាប់ផ្ដើម ក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មាន ចោទអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ថាបានធ្វើការផ្សព្វផ្សាយបំផុសញុះញង់ឲ្យមាន «យុទ្ធនាការសំលៀកបំពាក់ខ្មៅ» និងធ្វើការប្រមូលផ្ដុំដើម្បីទាមទារឲ្យមានការដោះលែង«ជនល្មើសមួយចំនួន» ដែលត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន។
សេចក្ដីប្រកាសព័ត៌មាននោះ បញ្ជាក់ថា រដ្ឋាភិបាលតែងចាត់ទុកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូមិនអាចខ្វះបាន តែរាល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់ និងដាច់ខាតមិនត្រូវធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅឡើយ៕