ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ថា​ សំណុំរឿង​លោក​ នី ចរិយា ​ហួស​ដែន​សមត្ថកិច្ច​ខ្លួន


រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​ឯករាជ្យ​របស់​ គ.ជ.ប.​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃសុក្រ​នេះ​ថា ​សមាជិក​ក្រុម​ការងារ​នេះ​គឺ​ជា​អ្នកច្បាប់ ​ដើម្បី​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ករណី​លោក​នី ចរិយា ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​រួម​គំនិត​សូកប៉ាន់​សាក្សី។

មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​បាន​ឲ្យ​ដឹង​ថា ​ស្ថាប័ន​របស់​ខ្លួន​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ ដើម្បី​សិក្សា​អំពី​សំណុំ​រឿង​របស់​លោក​ នី ចរិយា ​អគ្គ​លេខាធិការ​រង​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ។

​លោក​ ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​ឯករាជ្យ​របស់​ គ.ជ.ប.​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃសុក្រ​នេះ​ថា ​សមាជិក​ក្រុម​ការងារ​នេះ​គឺ​ជា​អ្នកច្បាប់ ​ដើម្បី​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ករណី​លោក​នី ចរិយា ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​រួម​គំនិត​សូកប៉ាន់​សាក្សី។

ក្រុម​ការងារ​នេះ​រួមមាន​លោក​ កែវ ផល្លា​ ប្រធាន​នាយកដ្ឋាន​ច្បាប់ ​លោក​ កែ រិទ្ធ ​ទីប្រឹក្សា​ច្បាប់​ប្រធាន​ គ.ជ.ប. ​និង​លោក​ ខន កែវមនោ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន។

លោក​ក៏បាន​ឲ្យដឹង​ដែរ​ថា ភរិយា​របស់​លោក​ នី ចរិយា​ បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​គ.ជ.ប.​ដើម្បី​ធានា​ឲ្យ​លោក នី ​ចរិយា​ នៅ​ក្រៅ​ឃុំ។ ​ប៉ុន្តែ​លោក​និយាយ​ថា៖«គ.ជ.ប.​បាន​រៀបចំ​កិច្ច​ប្រជុំ ហើយ​បាន​យក​ទិដ្ឋភាព​ច្បាប់​ព្រហ្មទណ្ឌ យក​លក្ខន្តិកៈ​ដោយ​ឡែក ​ និង​យក​ច្បាប់​បោះឆ្នោត​ហ្នឹង​ យក​មក​ពិនិត្យ ​ពិចារណា​ទៅ​ឃើញ​ថា ​គ.ជ.ប.​មិនមាន​សមត្ថកិច្ច​លូកលាន់​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ស្ថាប័ន​ដទៃ​ទៀត។ ​អញ្ចឹង​ហើយ​គ.ជ.ប.​មិន​អាច​ធ្វើអ្វី​បាន​ទេ​ បាទ»។

​លោក ​ហង្ស ពុទ្ធា​ បាន​ឲ្យ​ដឹង​ថា ​ទោះជា​យ៉ាង​ណាក្តី ​គ.ជ.ប.​ក៏​បាន​បញ្ជូន​លិខិត​នោះ​ទៅ​តុលាការ​ដែរ ​ក្រោយ​ពី​បាន​សិក្សា​ទិដ្ឋភាព​ច្បាប់។ លោក​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា ​លោក ​នី ចរិយា ​នៅមាន​តួនាទី​ជា​អគ្គលេខាធិការ​រង​របស់​គ.ជ.ប.​នៅ​ឡើយ។​

«ត្រៀម​ខ្លួន​ទៅសួរ​សុខទុក្ខ​គាត់​តាមរយៈ​មេធាវី​របស់​គាត់​នោះ​បាទ»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ មេធាវី​របស់​លោក​ នី ចរិយា​ ក៏​កំពុង​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ ដើម្បី​សុំ​ធានា​ឲ្យ​លោក​ នី ចរិយា​ នៅ​ក្រៅ​ឃុំ។​

លោក​ សំ សុគង់​ មេធាវី​របស់​លោក​ នី ចរិយា ​បាន​ប្រាប់​ VOA ​កាល​ពីថ្ងៃ​អង្គារ​ថា ​លោក​មាន​អង្គហេតុ​មួយ​ចំនួន​ក្នុង​ការ​ធានា​ឲ្យ​លោក​ នី ចរិយា​ នៅ​ក្រៅឃុំ។ ​តែ​លោក​សុំ​មិន​ទាន់​បញ្ចេញ​អង្គ​ហេតុ​ទាំង​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

«ការងារ​ខ្លះ ​ពេល​ខ្លះ​ យើង​គិត​ថា​ រឿង​មួយ​ដែល​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​ អញ្ចឹង​អង្គហេតុ​ខ្លះ ​យើង​អត់​ចង់​បញ្ចេញ​ទេ។ ​ហើយ​ខ្ញុំគិត​ថា ​ អ្នក​សារ​ព័ត៌មាន​នឹង​ដឹង ​នៅ​ពេល​មាន​សវនាការ​ ចេញ​ជា​សាធារណៈ​នោះ​ណា៎»។

លោក​និយាយ​ថា ​ការ​បញ្ចេញ​អង្គ​ហេតុ​មុន​ការ​ដេញ​ដោល​នៅ​តុលាការ​ ប៉ះពាល់​ដល់​ប្រយោជន៍​កូន​ក្តី​របស់​លោក។

ក្រៅពី​លោក​ នី ចរិយា​ ដែល​ជាអតីត​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នោះ ​នៅ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​នេះ​៤នាក់ទៀត​ ត្រូវ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​ ពី​បទ​សូកប៉ាន់​សាក្សី។ ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនេះ ​រួមមាន​លោក នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត ​ លោក ​យី សុខសាន្ត​ និង​លោក ណៃ វង់ដា ​ដែល​អ្នកទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ និង​លោកស្រី​ លឹម មុន្នី ​មន្រ្តីអង្កេត​ជាន់ខ្ពស់។ ​

ក្រៅពីនេះ​មន្ត្រី​សិទ្ធិមនុស្ស ​អ.ស.ប. ​ក៏​ត្រូវ​តុលាការ​ប្រកាស​តាម​ចាប់​ខ្លួន​ដែរ ​ក្រោយពី​រង​ការ​ចោទ​ជា​ផ្លូវការ​នៅ​ថ្ងៃតែ​មួយ​នោះ។ ការ​នាំខ្លួន​ទៅ​សាកសួរ ​និង​ការ​ឃុំឃាំង​នេះ ​បាន​ធ្វើឡើង​ក្រោយ​ពី​នាង​ ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ បាន​ចេញ​លិខិត​ចំហ​មួយ​រៀបរាប់​អំពីរឿង​រ៉ាវ ​ដែល​នាំ​ឱ្យ​នាង​លាក់​បាំង ​មិន​ឆ្លើយ​ការណ៍​ពិត​ប្រាប់​មន្ត្រី​នាយក​ដ្ឋាន​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ។​

ទោះជា​យ៉ាងណា​ក្តី ​ចម្លើយ​ចុង​ក្រោយ​របស់​នាង​នេះ​មិន​ធ្លាប់​មាន​ការ​បញ្ជាក់​ពី​នាង​ដោយ​ផ្ទាល់​មាត់​ជា​សាធារណៈ​ទេ​ គឺ​គ្រាន់តែ​ជា​ចម្លើយ​តាម​លិខិត​ចំហ​ និង​សម្តី​របស់​មន្ត្រី​តុលាការ​ និង​មន្ត្រី​ប៉ូលិស​តែ​ប៉ុណ្ណោះ។ ក្រៅពីនេះ ចម្លើយ​របស់​នាង​ក៏​នាំឲ្យ​មាន​ការ​កោះហៅ​ឡើង​តុលាការ​ជាបន្ត​បន្ទាប់​ ដែល​រួម​មាន​តំណាង​រាស្ត្រ​ពីររូប រួមមាន​លោក​ កឹម សុខា ផង​ដែរ។

លិខិត​ចំហ​របស់​នាង ​ខុម ចាន់តារ៉ាទី​ ចុះ​ថ្ងៃ​ទី២២​ ខែ​មេសា​ ឆ្នាំ​២០១៦​ ដែល​គេ​បាន​ចែក​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​បាន​ឲ្យ​ដឹង​ថា ​ នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ភ្នំពេញ ​ទារ​ជំងឺ​ចិត្ត​គិត​ជា​ទឹក​ប្រាក់​ចំនួន​៣០ម៉ឺន​ដុល្លារ​ពី​លោក កឹម សុខា ​និងជន​ពាក់ព័ន្ធ​ដទៃ​ទៀត៕

XS
SM
MD
LG