សកម្មជន​សិទ្ធិ​ដីធ្លី ត្រូវ​បាន​កាត់​ទោស​ជា​ថ្មី​ ពី​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ

ប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាសុំឲ្យ​មាន​ការដោះលែងសកម្មជនដីធ្លី ទេព វន្នី នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ ខែ០៩ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

ការ​​ផ្ដន្ទាទោស​នេះ​ ​កើតមាន​ឡើង​ ​ក្រោយ​ពី​ការ​​ស្រែក​តវ៉ា​ប្រឆាំង​ការ​កាត់​ក្តី​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​របស់​ប្រជា​ពលរដ្ឋ​ជាង​៣០នាក់​​ និង​ការ​ធ្វើពិធី​សាសនា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្កោល​ទោស​ដល់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ រឹតត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។​

សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន​បួន​នាក់​មកពី​សហគមន៍​បឹង​កក់​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ ៦​ខែ​ ក្រោម​បទ​ចោទ​ថា​បាន​ «​ជេរ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ»​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​ ​២០១១​ ​គឺ​នៅ​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​ការ​វាយ​បំផ្លាញ​ផ្ទះ​ប្រជា​ពល​រដ្ឋក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ដ៏​ចម្រូង​ចម្រាស​នោះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ និង​សកម្ម​ជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់។​

ក្រុម​អ្នកតវ៉ា​ធ្វើ​ពិធី​បួងសួង​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភំ្នពេញ​នា​ថ្ងៃ​ទី ១៩ ខែ​កញ្ញា​ ឆ្នាំ ២០១៦ ប្រឆាំង​នឹង​ជនប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។ (ហ៊ុល រស្មី/VOA)

អ្នក​ដែល​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោស​ រួម​មាន​ អ្នក​ស្រី​ ទេព​ វន្នី ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices អ្នកស្រី​ គង់ ចន្ថា​ អ្នក​ស្រី​ បូ ឆវី​ និង​អ្នកស្រី​ ហេង មុំ។

ការផ្ដន្ទាទោស​នេះ​ ​កើតមាន​ឡើង​ ​ក្រោយ​ពី​ការស្រែក​តវ៉ា​ប្រឆាំង​ការ​កាត់​ក្តី​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​របស់​ប្រជា​ពលរដ្ឋ​ជាង​៣០នាក់ និង​ការ​ធ្វើពិធី​សាសនា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្កោល​ទោស​ដល់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ រឹតត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា។​

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ​ ថ្លែង​ថា​ តាម​ការ​សង្កេត​លើ​ការ​សួរ​ដេញដោល​របស់​តុលាការ​ក្រុង​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ហាក់​មើល​មិន​ឃើញ​ភស្តុតាង​ជា​ដុំ​កំភួន​ណាមួយ​សម្រាប់​ការ​គាំទ្រ​ការ​ចោទ​ប្រកាន់​នោះ​ទ។

លោក​ប្រាប់​ VOA ​បន្ត​ទៀត​ថា​ ការ​ដាក់​ទោស​នេះ​ ជា​ការ​បន្ថែម​នៃ​ទម្ងន់​រឹតត្បិត​សិទ្ធិ​សេរីភាព​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​

«ខ្ញុំ​គិត​ថា​នេះ​ជា​ស្ថាន​ភាព​មួយ​ដែល​បន្ថែម​ទម្ងន់​ ឬក៏​ជា​ការ​គំរាម​កំហែង​ បន្ថែម​ទៀត​ទៅលើ​សហគមន៍​បឹង​កក់​ គឺ​មិន​ចង់​ឲ្យ​មាន​ការ​តវ៉ា​ ឬ​ក៏​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​បន្ត​ទៀត​ ជា​ពិសេស​គឺ​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​ក្នុង​ការ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បួន​នាក់​ អគ្គលេខាធិការ​រង​គ.ជ.ប ម្នាក់ ហើយ​និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ សម្រាប់​លោក​បណ្ឌិត​ កែម​ ឡី​ នោះ​បាទ»។

ប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាសុំឲ្យ​មាន​ការដោះលែងសកម្មជនដីធ្លី ទេព វន្នី នៅ​មុខសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ ខែ០៩ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ស្រែក​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ គឺ​មកពី​សហគមន៍​នានា​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ ដែល​បាន​កើត​ជា​ជម្លោះ​ជាប់​គាំង​ពុំ​មាន​ដំណោះ​ស្រាយ។​

​អ្នកស្រី​ បូវ សោភា​ សកម្ម​ជន​បឹង​កក់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​ពីរ​ដង​ក្នុង​ការ​តវ៉ា​ការ​ពារ​សិទ្ធិ​មនុស្ស​ ប្រាប់​ VOA​ នៅ​ខណៈពេល​តុលាការ​កំពុង​កាត់​ទោស​អ្នក​ជាប់ចោទទាំងបួន​នាក់​នោះ​ថា សកម្មជន​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​កំពុង​រង​ភាព​អយុត្តិធម៌​ តាម​រយៈ​ការ​ប្រើ​ផ្លូវ​ច្បាប់​ពី​រដ្ឋាភិបាល ដែល​អ្នក​ស្រី​យល់​ថា​ ​ជា​ការ​ធ្វើ​បាប​បាន​តែ​ជា​មួយ​អ្នក​ទន់​ខ្សោយ​ប៉ុណ្ណោះ។​

អ្នក​ស្រី​ថ្លែង​ថា​ ប្រជារាស្ត្រ​ខ្មែរ​សព្វថ្ងៃ​នេះ​ កំពុង​រង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​នេះ​ច្រើន​ មិនមែន​មាន​តែ​ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ និង​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។​

អ្នក​ស្រី​ប្រាប់​ VOA​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ដឹង​ថា​ សង្គម​ខ្មែរ​ពិត​ជា​នៅ​មាន​ជំងឺ​ដីធ្លី​មែន​នោះ​ រដ្ឋាភិបាល ​គួរ​មាន​សេចក្ដី​ក្លាហាន​ បើក​ឲ្យ​មាន​វេទិកា​សាធារណៈ​ ដើម្បី​និយាយ​អំពី​រឿង​នេះ​ ជា​ជាង​ប្រើ​ប្រព័ន្ធ​តុលាការ​មក​វាយ​ប្រហារ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។​

«សាក​ឥឡូវ​ហ្នឹង​ចង់​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ គាត់​រងគ្រោះ​អត់​ គាត់​ហ៊ាន​និយាយ​អត់​ បើក​វេទិកា​សាធារណៈ​ធំ​មួយ​មើល​ អា​ហ្នឹង​ថា​កុំ​ឲ្យ​និយាយ​ថា​ លាប​ពណ៌​ កុំ​ឲ្យ​ថា​មនុស្ស​តែ​មួយ​ក្ដាប់​តូច​ ចេះតែ​ដើរ​ស្រែក​ថា​ ខ្លួន​ឯង​ រង​នូវ​ភាព​អយុត្តិធម៌​សង្គម​ គេ​កំពុងតែ​វិវត្តន៍​ទៅ​រលូន»។​

ក្រុម​កងសន្តិសុខ​ខ័ណ្ឌ​៧មករា ព្យាយាម​រុញ​ក្រុម​អ្នកតវ៉ា​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​ចន្ទ ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

លោក​ លី​ សុផាណា​ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ ក្រុម​អ្នកសារព័ត៌មាន​តាម​រយៈ​សារ​អេឡិចត្រូនិក​តេឡេក្រាម​ (Telegram)ថា​ ​តុលាការ​ បាន​កាត់​ទោស​អ្នក​ទាំង​បួនដោយ​ផ្អែក​តាម​មាត្រា​ ៥០២​ និង​មាត្រា​ ៥០៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​មុខ​សាលា រាជ​ធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១។

លោក​បដិសេធ​មិន​ថ្លែង​លម្អិត​អំពី​ការ​កាត់​ទោស​ ដែល​រង​ការរិះគន់​ថា​ ជា​ការ​គាបសង្កត់​ និង​បំបិទ​សំឡេង​អ្នកការពារ​សិទ្ធិ​ដីធ្លី។

ក្រោយ​ការ​កាត់ទោស​នា​ព្រឹក​នេះ​ អ្នកស្រី​ទេព វន្នី​ អ្នកស្រី​ គង់​ ចន្ថា និង​អ្នកស្រី បូ​ ឆវី​ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ពន្ធនាគារ។​ ដោយឡែកអ្នកស្រី​ ហេង មុំ​ មិន​បាន​ទៅ​បង្ហាញ​មុខ​នៅ​ក្នុងអង្គ​សវនាការ​ជំនុំ​ជម្រះ​នោះ​ទេ។

នៅ​មុន​ការ​កាត់​ទោស​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ សហគមន៍​អន្តរជាតិ​នានា​ រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​សំដែង​ក្ដី​បារម្ភ​ ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ មក​លើក្រុម​ជំទាស់​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​ តាម​ចំណាត់​ការ​របស់​តុលាការ​នេះ។

ពួកគេ​ថា​ ការណ៍​នេះ​ ​កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ចុះ​ខ្សោយ​ទៅៗ​ ហើយ​ពួកគេ​បាន​ស្នើ​ឲ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយប្រហារ​នេះ​ផង​ដែរ៕​