លោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់នៅថ្ងៃចន្ទនេះ ដោយធ្វើឱ្យគណបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party (DPP)) ដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ កាន់អំណាចនៅអាណត្តិទី៣ ជាបន្តទៀត។ គណបក្សនេះបានពន្លេចឡើងជាប់ជានិច្ចនូវភាពខ្លាំងក្លារបស់លទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។
នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះ លោក Lai បានបញ្ជាក់ថាការផ្ទេរអំណាចលើកទី ៣ របស់តៃវ៉ាន់តាំងពីឆ្នាំ ១៩៩៦ មកគឺដោយសារប្រជាជនតៃវ៉ាន់ និងថាកោះតៃវ៉ាន់គឺជា «តួអង្គដែលគេទទួលស្គាល់បំផុតនៃពិភពប្រជាធិបតេយ្យ»។
លោក Lai បាននិយាយនៅពីមុខឥស្សរជនបរទេសនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានាថា៖ «នៅក្នុងដំណើរឆ្ពោះទៅមុខ រដ្ឋបាលរបស់ខ្ញុំនឹងបន្តប្រើប្រាស់ភាពក្លៀវក្លានៃប្រជាធិបតេយ្យរបស់តៃវ៉ាន់ជាកម្លាំងជានិរន្តរ៍ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
នៅក្នុងការបង្ហាញអំពីឆន្ទៈល្អរបស់លោកចំពោះប្រទេសចិន លោកបានអំពាវនាវឱ្យរដ្ឋាភិបាលចិនបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយនិងយោធាលើតៃវ៉ាន់និងធ្វើការជាមួយនឹងតៃវ៉ាន់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោក Lai បានលើកឡើងអំពីទេសចរណ៍ជាក្រុមនិងការចុះឈ្មោះនិស្សិតចូលរៀនថាជាចំណុចពីរដែលតៃវ៉ាន់និងចិនអាចព្យាយាមបន្តឡើងវិញនូវការផ្លាស់ប្ដូរទ្វេភាគី។
លោកបញ្ជាក់ដូច្នេះថា៖ «ចូរយើងរួមគ្នាបន្តសម្រេចឱ្យបាននូវសន្តិភាពនិងវិបុលភាពទៅវិញទៅមក»។
ទោះបីជាលោក Lai បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់រដ្ឋបាលរបស់លោកក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនក៏ដោយ ក៏លោកបានលើកឡើងផងដែរអំពីភាពចាំបាច់សម្រាប់តៃវ៉ាន់ក្នុងការពង្រឹងសមត្ថភាពការពារខ្លួននៅក្នុងការប្រឈមនឹងសម្ពាធយោធាកើនឡើងពីចិន៕