ដោយឈរនៅជិតជំរំតង់ទើបដំឡើងថ្មីៗជាច្រើននៅជម្រាលភ្នំ លោក Abdul Malek បកស្រាយពីបញ្ហាធំជាងគេបង្អស់មួយ ដែលជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៥សែននាក់ ដែលរត់ភៀសខ្លួនពីអំពើហិង្សានៅមីយ៉ាន់ម៉ាដើម្បីរកទីទួលសុវត្ថិភាពនៅប្រទេសបង់ក្លាដេស កំពុងប្រឈមមុខ។
បញ្ហានោះគឺ បង្គន់អនាម័យ។
«រហូតមកទល់បីថ្ងៃចុងក្រោយនេះ យើងបានប្រឈមជាមួយនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងបង្គន់អនាម័យ»។ នេះបើយោងទៅតាមសម្តីរបស់លោក Malek បុរសរ៉ូហ៊ីងយ៉ាមកពីខេត្ត Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលមានការប្រយុទ្ធគ្នាកើតឡើងកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ នៅពេលដែលកងយោធារំដោះ Arakan Rohingya បានធ្វើការវាយប្រហារទៅលើកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដោយបង្កឲ្យមានការរត់ភៀសខ្លួនឆ្លងព្រំដែន។ ការណ៍នេះត្រូវបានមន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិហៅថាជា ឧទាហរណ៍ជាក់ស្តែងមួយនៃការលុបបំបាត់ជាតិសាសន៍។
តាមរយៈពាក្យថា «ការលំបាកជាច្រើន» លោក Malek មានន័យថា មិនមានបង្គន់ប្រើប្រាស់ ហើយត្រូវចូលទៅវាលស្រែដើម្បីបន្ទោបង់។ ទោះបីយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន បង្គន់អនាម័យថ្មីមួយត្រូវបានសង់ដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
ទោះបីជាបង្គន់នេះបានបម្រើដល់តម្រូវការរបស់មនុស្សរាប់រយនាក់ ដែលនាំឲ្យមានការតម្រង់ជួរយ៉ាងវែងនៅពេលព្រឹកក៏ដោយ ក៏វានៅតែប្រសើរជាងការគ្មានបង្គន់ប្រើប្រាស់ទាល់តែសោះដែរ។ លោក Malek បានមានប្រសាសន៍ថា៖ «ឥឡូវនេះ គឺគ្រាន់បើហើយ»។
ស្របពេលដែលជនរ៉ូហ៊ីងយ៉ាបន្តចូលទៅក្នុងជំរំជនភៀសខ្លួន និងទីវាលទាំងឡាយនៅស្រុក Cox's Bazar ភាគខាងត្បូងប្រទេសបង់ក្លាដេស ការព្រួយបារម្ភមានកាន់តែខ្លាំងឡើងពីជំងឺឆ្លងតាមទឹកដូចជា ជំងឺអាសន្នរោគ ដែលអាចរីកសាយភាយតាមប្រព័ន្ធទឹកប្រើប្រាស់មិនស្អាត។
បញ្ហានេះគួបផ្សំគ្នា ពីព្រោះជំរំ និងកន្លែងស្នាក់អាស្រ័យថ្មីៗ ស្ថិតនៅក្នុងតំបន់ ដែលមានមនុស្សកកកុញ ដោយមានកុមារជាច្រើន ដែលមានប្រព័ន្ធការពារសុខភាពទន់ខ្សោយ។
ដើម្បីជួយជ្រោមជ្រែងកុំឲ្យមានគ្រោះអាសន្នផ្នែកសុខភាព ក្រុមជំនួយនានាប្រញាប់ប្រញាល់ដាក់ដំឡើងអណ្តូងស្នប់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យជាច្រើន តាមលទ្ធភាពអាចធ្វើទៅបាន។
លោក Asif Saleh នាយកជាន់ខ្ពស់អង្គការជំនួយសង្រ្គោះបង់ក្លាដេស BRAC បាននិយាយថា អង្គការមានគោលដៅដាក់ដំឡើងបង្គន់អនាម័យចំនួន ១៥.០០០ នៅត្រឹមថ្ងៃទី១៥ ខែតុលា។
លោកបានបន្តថា បង្គន់បណ្តោះអាសន្ន អាចប្រើប្រាស់បានត្រឹមតែមួយខែ គឺសំខាន់ជាងការ សង់បង្គន់អចិន្ត្រៃយ៍ ដោយសារតែកន្លែងស្នាក់អាស្រ័យបច្ចុប្បន្នមិនមានលក្ខណៈអចិន្រ្តៃយ៍នោះទេ។ មកទល់ពេលនេះ បង្គន់អនាម័យចំនួន ៤.៦០០ ត្រូវបានដាក់ដំឡើង។ លោក Saleh បាននិយាយថា៖
«យើងត្រូវព្យាយាមឲ្យមនុស្សប្រើប្រាស់បង្គន់ ឲ្យកាន់តែលឿន និងឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជា គោលដៅ ជាជាងការធ្វើគម្រោងផ្តួចផ្តើមក្នុងរយៈពេលវែង ដែលនឹងត្រូវការពេលវេលាយូរជាងនេះ ដើម្បីសង់បង្គន់មួយៗ»។
លោកបានបន្តថា៖
«ខ្ញុំគិតថា ហានិភ័យបន្ទាន់ចម្បងជាងគេគឺ ហានិភ័យផ្នែកសុខភាព។ ហើយជំងឺជាច្រើនបានរីកសាយភាយតាមរយៈការបន្ទោបង់នៅទីវាល និងការមិនមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។ នាពេលបច្ចុប្បន្ន យើងមានហានិភ័យដែលថា ជំងឺអាសន្នរោគអាចរីកសាយភាយ»។
មិនទាន់ឃើញមានជំងឺអាសន្នរោគនៅឡើយទេ ក៏ប៉ុន្តែនៅមានសញ្ញាគួរឲ្យព្រួយបារម្ភដទៃទៀតពីបញ្ហាសុខភាពទាក់ទងនឹងអនាម័យ។
លោក Saleh បាននិយាយថា ចំនួនអ្នកជំងឺមកគ្លីនិកចល័តរបស់អង្គការ BRAC ជាមួយនឹងជំងឺរាគរូស និងរាគមូល បានកើនឡើងពីរភាគរយ រហូតដល់ជិត ២០ភាគរយ។
លោកស្រី Vivian Tan អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសារ អេឡិចត្រូនិចមួយថា មកទល់ថ្ងៃនេះ អង្គការ UNHCR និងដៃគូបានដាក់បង្គន់អនាម័យចំនួន ៥០០ ដើម្បីបម្រើការដល់មនុស្សប្រមាណ ២ម៉ឺន ៥ពាន់នាក់ ដែលភាគច្រើនរស់នៅផ្នែកពង្រីកបន្ថែមនៃជំរំ Kutupalong។ អង្គការ UNHCR ក៏បានជីកអណ្តូងស្នប់ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ជនភៀសខ្លួនជិត ៣ម៉ឺន ៧ពាន់នាក់។ លោក Tan បានមានប្រសាសន៍ថា៖
«ការងារនេះកំពុងតែធ្វើឡើង ស្របពេលដែលមានបញ្ហាទំហំដី ហើយយើងសង្ឃឹមថា នឹងអាចបង្កើនចំនួនបង្គន់សម្រាប់គ្រួសារនីមួយៗប្រើប្រាស់ឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន»។
ការការពារបន្ថែមដើម្បីគ្រប់គ្រងការរីករាលដាលជំងឺអាសន្នរោគគឺ ការចាក់វ៉ាក់សាំងបង្ការ។
ដោយបានជំនួយពីអង្គការសុខភាពពិភពលោក និងមូលនិធិកុមារអង្គការសហប្រជាជាតិ ក្រសួងសុខាភិបាលបង់ក្លាដេសបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអាសន្នរោគ នៅតាមកន្លែងស្នាក់អាស្រ័យមួយចំនួននៅឃុំ Ukhia និងឃុំ Tekhnaf នៃស្រុក Cox's Bazar។
យោងទៅតាមអ្នកនាំពាក្យអង្គការ UNICEF លោក Jean-Jacques Simon វ៉ាក់សាំងចំនួន ៩សែន កំពុងតែត្រូវគេដឹកបញ្ជូនមកតាមរយៈក្រុមការងារចល័ត ដែលនេះជាយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺអាសន្នរោគធំជាងគេបង្អស់ទីពីរនៅលើពិភពលោក។ យុទ្ធនាការធំជាងគេទីមួយត្រូវបានធ្វើឡើងនៅប្រទេសហៃទី កាលពីឆ្នាំមុន។
លោក Simon បានកត់សម្គាល់ថា ក្នុងរយៈពេលតែមួយសប្តាហ៍មុន ករណីថ្មីនៃការកើតមានជំងឺរាគរូសចំនួន ១ម៉ឺន ៣រយករណីត្រូវបានគេរាយការណ៍។
ដំណាក់កាលដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងនឹងផ្តោតទៅលើកុមារជាង ៦សែន ៥ម៉ឺននាក់ ចាប់ពីអាយុមួយឆ្នាំឡើងទៅ។ ដំណាក់កាលទីពីរនៃយុទ្ធនាការនឹងចាប់ផ្តើមនៅចុងខែតុលានេះ ហើយមានគោលដៅផ្តល់វ៉ាក់សាំងដល់កុមារប្រមាណ ២សែន ៥ម៉ឺននាក់ ពីអាយុរវាង ១ឆ្នាំ ដល់៥ឆ្នាំ។
ប៉ុន្តែទំហំនៃការឆ្លើយតបផ្នែកមនុស្សធម៌ និងស្ថានការណ៍ផ្ទាល់ដែលកំពុងប្រែប្រួលអាចជួបប្រទះនឹងអ្វីដែលមិនអាចរំពឹងទុកជាមុនបាន។
សម្រាប់លោក Malek និងអ្នកនៅជំរំតង់ជិតខាងលោក ការដាក់ឲ្យមានបង្គន់អនាម័យប្រើប្រាស់បានជួយ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នានោះទេដែលកំពុងប្រើប្រាស់បង្គន់នោះ។ លោកបានបកស្រាយថា នាពេលថ្មីៗនេះ គ្រួសារនានា ដែលរស់នៅក្នុងតង់ជុំវិញបង្គន់បានសម្រេចថា បង្គន់នោះគឺ សម្រាប់តែស្រ្តីប៉ុណ្ណោះ ពីព្រោះស្រ្តីត្រូវការភាពបិទបាំងជាង។
នៅពេលសួរថាតើនៅពេលបន្ទោបង់ បុរសទៅកន្លែងណា លោក Malek ចង្អុលទៅកាន់ជើងភ្នំ និងវាលស្រែ។ លោកបាននិយាយថា៖
«យើងជាបុរស យើងអាចទៅកន្លែងណាក៏បាន»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា