បន្ទាប់ពីមានករណីស្រ្តី៧៨នាក់ត្រូវបានចាញ់បោកមេខ្យល់នាំទៅ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំ នាំពួកគេឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ហើយអាជ្ញាធរកម្ពុជាកំពុងបើកការស៊ើបអង្កេតតាមរកក្រុមហ៊ុនដែលនៅពីក្រោយអំពើឆបោកនោះ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ។
គេមិនទាន់ដឹងថា តើស្ត្រីទាំង៧៨នោះត្រូវបានសង្គ្រោះដោយរបៀបណាឡើយបន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត តែក្រុមមន្ត្រីកម្ពុជាថា ស្ត្រីទាំងនោះនឹងមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះក្នុងខែមេសានេះ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីនេះ ក្រសួងបានសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីរៀបចំបញ្ជូនពលករខ្មែរជាស្ត្រីទាំង៧៨នាក់មកកាន់ប្រទេសកម្ពុជាវិញ។
លោកថ្លែងថា៖«បងប្អូនពលករយើងសរុប៧៨នាក់ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃនេះតទៅ។ ទន្ទឹមនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏កំពុងអង្កេតទៅលើករណីក្រុមហ៊ុន ដែលបានបញ្ជូនពលករទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនោះ ថាតើការបញ្ជូននោះមានលក្ខណៈអនុវត្តត្រឹមត្រូវតាមនីតិវិធី ការធានាបានលក្ខខណ្ឌការងារសិទ្ធិការងារ និងសុវត្ថិភាពជូនបងប្អូនកម្មករនៅទីនោះ។ តើអ្វីដែលជាមូលហេតុនៃការកើតឡើងពិតប្រាកដនៅទីនោះ? ដូច្នេះក្រសួងនឹងមានវិធានការទៅតាមក្រោយ»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងនឹងរៀបចំសំបុត្រយន្តហោះជូនពលករទាំងនោះ ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញគឺ នៅថ្ងៃទី១៩ ខែមេសា ចំនួន២៩នាក់ នៅថ្ងៃទី ២០ ខែមេសា ចំនួន២៧នាក់ និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសាចំនួន២២នាក់។
អំឡុងពេលមានការរៀបចំបញ្ជូនពលករនេះ លោកអ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រវេសន៍នៃប្រទេសម្ចាស់ផ្ទះ ដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់ពលករដែលត្រូវបានជួយសង្គ្រោះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោកឃុន ថារ៉ូ ប្រាប់វីអូអេថា ករណីឆបោកនេះមិនមែនជាករណីទីមួយចំពោះពលករខ្មែរនោះទេ។ លោកបន្ថែមថា ក្រៅពីមានការជួយសង្គ្រោះជនរងគ្រោះ រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែស្វែងរកជនដែលប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ដើម្បីលុបបំបាត់រាល់សកម្មភាពឆបោកគ្រប់ទម្រង់។
លោកថ្លែងថា៖«ករណីនេះវាទាមទារឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើការស៊ើបអង្កេតឱ្យមានតម្លាភាព ហើយវែកមុខអ្នកដែលពាក់ព័ន្ធទាំងអស់ហ្នឹង ហើយត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យរាងចាល។ កន្លងមកករណី យើងឃើញមានការបង្ក្រាបករណីមួយចំនួន ក៏ប៉ុន្តែវាអាចសង្គ្រោះតែជនរងគ្រោះ ប៉ុន្តែរកអ្នកប្រព្រឹត្តបទល្មើសហ្នឹងវាអត់ឃើញ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចុះថ្ងៃទី១៨ ខែមេសា ពលករទាំង៧៨នាក់នោះ នឹងត្រូវបានបញ្ជូនចេញពីរាជធានី Riyadh និងក្រុង២ទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺទីក្រុង Jeddah និងDammam៕