មេដឹកនាំសហជីពនឹងផ្ញើសំណើមួយផ្សេងទៀតទៅក្រសួងការងារនៅសប្តាហ៍នេះដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរចំណុចដ៏ចម្រូងចម្រាសខ្លះក្នុងសេចក្តីព្រាងច្បាប់សហជីព ដែលអ្នករិះគន់មានការភ័យខ្លាចថា នឹងកាត់បន្ថយសិទ្ធិរបស់សហជីព និងអង្គការពលកម្ម ហើយវាផ្តល់ផលប្រយោជន៍ទៅឲ្យម្ចាស់រោងចក្រកាត់ដេរ ដែលជាវិស័យឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
វិស័យឧស្សាហកម្មកាត់ដេរបានផ្តល់ការងារដល់មនុស្សចំនួន៦០០.០០០នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែកម្មករបាននិយាយថា ប្រាក់ខែកម្មករនៅតែទាប ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេមានការលំបាក ហើយដែលនាំឲ្យមានការធ្វើកូដកម្ម និងបាតុកម្មជាច្រើននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលបានធ្វើសេចក្តីព្រាងច្បាប់ថ្មីគ្រប់គ្រងសកម្មភាពសហជីព ដោយមានការដាក់កម្រិត ដែលមេដឹកនាំកម្មករនិយាយថា ពួកគេចង់ឃើញការផ្លាស់ប្តូរ បន្ទាប់ពីកិច្ចប្រជុំផ្តល់យោបល់កាលពីខែកក្កដាកន្លងទៅ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា បានថ្លែងថា បើទោះជាក្រសួងបានធ្វើការផ្លាស់ប្តូរចំណុចមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះហើយក៏ដោយ តែនៅមានចំណុចផ្សេងទៀតដែលត្រូវធ្វើការផ្លាស់ប្តូរជាចាំបាច់បន្ថែមទៀត។ ហើយសហជីពគួរត្រូវបានអនុញ្ញាតឲ្យពិនិត្យសេចក្តីព្រាងច្បាប់នេះ។
លោកសាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារ បានឱ្យដឹងថា ការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមកិច្ចប្រជុំកាលពីខែកក្កដា។ លោកបានបន្តថា ខនៃច្បាប់ដែលកំណត់ថា មេដឹកនាំសហជីពមិនត្រូវមានប្រវត្តិជាប់ទោសឧក្រឹដ្ឋនោះ ត្រូវបានលុបចោល ប៉ុន្តែលោកនិយាយថា មេដឹកនាំសហជីពត្រូវបង្ហាញថា ខ្លួនមិនធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋ។
សេចក្តីព្រាងចុងក្រោយបំផុតនៃច្បាប់គ្រប់គ្រងសហជីពនេះបានអនុញ្ញាតឱ្យសហជីពនៅក្នុងរោងចក្រអាចបង្កើតសហជីព ដោយមានការគាំទ្រពីកម្មករចំនួន១០%នៃកម្មករក្នុងរោងចក្រគឺបានធ្លាក់ចុះពី២៥ភាគរយ។ លោកបាននិយាយថា តម្រូវការអាយុសម្រាប់មេដឹកនាំសហជីពត្រូវបានកាត់បន្ថយពី២៥ឆ្នាំទៅ១៨ឆ្នាំវិញ ប៉ុន្តែសហជីពនៅតែត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុសម្រាប់សមាជីពរបស់ពួកគេ ហើយថតចម្លងសេចក្តីរាយការណ៍នោះដាក់ជូនក្រសួងការងារ។
លោកសមុទ្របាននិយាយថា ក្រសួងការងារនៅតែបន្តធ្វើការផ្លាស់ប្តូរទៅលើសេចក្តីព្រាង ហើយក្រសួងមិនទាន់អាចចែករំលែកសេចក្តីព្រាងច្បាប់នេះឲ្យសហជីពនៅឡើយទេ។
«វាត្រូវបានគេពិនិត្យឡើងវិញនិងកែសម្រួលបន្ថែម»។
លោកអាត់ ធន់បាននិយាយថា ត្រូវមានការផ្លាស់ប្តូរបន្ថែមទៀត ប៉ុន្តែសហជីពត្រូវពិនិត្យមើលសេចក្តីព្រាងច្បាប់នេះឡើងវិញ។
«យើងមិនបានឃើញសេចក្តីព្រាងចុងក្រោយ ដូច្នេះយើងនៅតែមានការព្រួយបារម្ភ»។
លោកបានបន្តថា ច្បាប់គ្រប់គ្រងសហជីពនេះនៅមានផ្នែកដែលប្រឆាំងនឹងច្បាប់ការងារ ដូចជាការតម្រូវថា សហជីពត្រូវមានសមាជិកយ៉ាងតិច៥១ភាគរយនៃសមាជិកបច្ចុប្បន្នរបស់ខ្លួនទើបអាចធ្វើបាតុកម្ម ឬធ្វើសមាជបាន។
លោកបានថ្លែងថា៖ «ការធ្វើសមាជគឺសិទ្ធិរបស់សហជីព។ យើងមានចំនួនសមាជិកប៉ុន្មានស្រេចលើយើង។ ហេតុអ្វីបានជារដ្ឋាភិបាលកំណត់អញ្ចឹង?»
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយថា ការផ្លាស់ប្តូរនៅមិនទាន់ធ្វើឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ ក្រសួងបានបង្ហាញសហជីពតែចំណុចដែលក្រសួងបានធ្វើការផ្លាស់ប្តូរប៉ុណ្ណោះ ប៉ុន្តែក្រសួងមិនបានបង្ហាញសេចក្តីព្រាងច្បាប់ទាំងមូល ដែលសហជីពអាចនឹងផ្ដល់ជាយោបល់ និងលើកសំណើច្រើនទៀត។
លោកបាននិយាយថា៖ «វាមិនទាន់គ្រប់គ្រាន់ទេ។ យើងចង់ឃើញសេចក្តីព្រាងច្បាប់ចុងក្រោយ ដើម្បីឲ្យយើងអាចពិនិត្យមើលមាត្រាទាំងអស់»៕