លោក វន់ ពៅ សង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ដល់លោកនៅចុងខែកញ្ញាខាងមុខ

រូបឯកសារ៖ លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​កាត់ថា IDEA (ឈរ​នៅ​កណ្តាល​) ថ្លែង​នៅក្នុង​ពិធី​គម្រប់​ខួប​១៦​ឆ្នាំ​នៃ​ការ​សម្លាប់​ប្រធាន​សហជីព​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)

សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ដែល​សកម្មជន​បាន​ប្តឹង​ទាស់​ជិត​ ១០ ​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ព្រម​ទាំង​បុគ្គល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រោយ​សវនាការ​បាន​បញ្ចប់ ចៅក្រម​សាលា​ឧទ្ធរណ៍​បានសម្រេច​ថា នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា ឆ្នាំ​ ២០២៣ នៅ​វេលា​ម៉ោង​៨ព្រឹក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វន់ ពៅ

លោក វន់ ពៅ បាន​ប្រាប់​វីអូអេ​ថា​ ចៅក្រម​បាន​អនុញ្ញាត​ឱ្យ​លោក​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​លើ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ពី​បទ «ញុះញង់» ពាក់ព័ន្ធ​នឹងការ​ធ្វើបាតុកម្ម​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០ ​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​កាល​ពី​ពេល​នោះ​រូប​លោក​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​និង​ទ្រោម​ខ្លួន។ លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​លើ​សំណុំ​រឿង​ដែល​បាន​កើត​ឡើង​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​នេះ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើង​គិត​ថា​យើង​សង្ឃឹម​ច្រើន​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា​ខាង​មុខ​នេះ ថា​សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​ខ្ញុំ​ ដែល​ខ្ញុំ​រង់​ចាំ​ទទួល​យុត្តិធម៌​ជិត​ ១០ ​ឆ្នាំ​ហើយ តាំង​ពី​សក់​ខ្មៅ​រហូត​ដល់​សក់​ស»។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​តាម​ដាន​សវនាការ​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​គណនី Facebook (ហ្វេសប៊ុក)​ របស់​អ្នកស្រី​ថា ​ចៅ​ក្រម​បាន​ផ្តល់​ឱកាស ដល់​លោក វន់ ពៅ និង​លោក ថេង សាវឿន ឱ្យ​តប​នឹង​សំណួរ​របស់​ចៅក្រម និង​មេធាវី​ជាដើម ហើយ​ពួកគាត់​អាច​បង្ហាញ​នូវ​ភស្តុតាង​នានា ដើម្បី​ដោះ​បន្ទុក​ចេញ​។

អ្នក​ស្រី​បញ្ជាក់​ថា លោក វន់ ពៅ និងលោក ថេង សាវឿន «សុទ្ធ​តែ​ជា​អ្នក​អហិង្សា និយម» ដូច្នេះ​ពួកគេ​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំសង្ឃឹមថា​ សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត»។

គួរ​បញ្ជាក់​ថា​ លោក វន់ ពៅ ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនា​គារ​ ៤ ឆ្នាំនិង ​៦ ​ខែ ពី​បទ ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ដែល​ពួកគេ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ៕