ក្រុមការពារសិទ្ធិពលកម្មនិងប្រឆាំងការជួញដូរមនុស្ស កំពុងអំពាវនាវឲ្យមានការចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅក្នុងឧស្សាហកម្មនេសាទដែលទទួលបានផលយ៉ាងច្រើនរបស់ថៃ តែជារឿយៗពឹងអាស្រ័យលើកម្លាំងកម្មករជួញដូរពីប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។ ទោះបីជារដ្ឋាភិបាលថៃកំពុងតែអនុវត្តវិធានការដើម្បីកែតម្រូវភាពខ្វះចន្លោះទាំងនោះក៏ដោយ បញ្ហាប្រឈមនៅតែមានសម្រាប់ឧស្សាហកម្មដែលពឹងអាស្រ័យលើតម្លៃពលកម្មទាបតាំងពីយូរយារមកហើយមួយនេះ។
កេរ្តិ៍ឈ្មោះរបស់ថៃដែលថាជាអ្នកនាំចេញត្រីនិងផលិតធ្វើពីសាច់ត្រីធំទីបីក្នុងសាកលលោក ដែលមានតម្លៃជាង៨ពាន់លានដុល្លារនោះ កំពុងស្ថិតក្រោមការគំរាមកំហែង ខណៈពេលមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនិងការជួញដូរមនុស្ស ជាពិសេសទៅលើកម្មករបរទេសមកពីកម្ពុជានិងមីយ៉ាន់ម៉ា។
យោងទៅតាមអង្គការពលកម្មអន្តរជាតិ (ILO) នៃអង្គការសហប្រជាជាតិ កម្មករលើទូកនេសាទរបស់ថៃរហូតដល់ទៅ២០ភាគរយបានប្រឈមមុខនឹងពលកម្មដោយបង្ខំ។
សម្ព័ន្ធនៃក្រុមការពារសិទ្ធិមនុស្សផ្តោតទៅលើការធ្វើដំណើរតាមសមុទ្រនិងឧស្សាហកម្មនេសាទនិយាយថា មានការរំលោភបំពានយ៉ាងច្រើនទៅលើនាវានេសាទ ហើយការគ្រប់គ្រងនិងការធ្វើច្បាប់សម្រាប់គ្រប់គ្រងឧស្សាហកម្មនេះ មានលក្ខណៈទន់ខ្សោយនៅឡើយ។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយក្នុងរបាយការណ៍របស់ខ្លួនអំពីឧស្សាហកម្មអាហារសមុទ្ររបស់ថៃថា កង្វះខាតកម្លាំងពលករបានជំរុញឲ្យឈ្មួញកណ្តាលចាត់គោលដៅលើបុរសពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ដែលគេធ្លាប់ហៅថាភូមា និងសូម្បីតែក្នុងប្រទេសថៃខ្លួនឯង។
នាយករងនៃអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson មានប្រសាសន៍បន្ទាប់ពីធ្វើកិច្ចសម្ភាសន៍ជាមួយបុរសដែលត្រូវបានបង្ខំឲ្យធ្វើការក្នុងឧស្សាហកម្មនេះថា មនុស្សជាច្រើនបានចង្អុលបង្ហាញអំពីការគំរាមកំហែងជាហូរហែអំពីអំពើហិង្សានិងការរំលោភបំពានផ្សេងៗនៅលើនាវានេសាទ។
លោកមានប្រសាសន៍ថា៖ «យើងឃើញមានបញ្ហាការរំលោភបំពានផ្លូវកាយជាច្រើនឥតឈប់ឈរ ដែលប្រព្រឹត្តិដោយមេកប៉ាល់និងមន្រ្តី។ គ្រប់ក្រុមនៃអ្នកនេសាទដែលអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានធ្វើការសម្ភាសន៍និយាយថា ពួកគេបានឃើញមេកប៉ាល់វាយដំ រំលោភបំពាន និងមានករណីខ្លះសម្លាប់ពួកអ្នកនេសាទ។ អ្នកនេសាទទាំងនោះ ត្រូវបង្ខំឲ្យបន្តការងារដោយឥតស្រាកស្រាន្ត។ យើងបានរកឃើញការវាយដំដោយប្រើឧបករណ៍ ដោយស្លាបចាក់ ឬដោយការបាញ់ប្រហារ»។
ពួកអ្នកនេសាទប្រឈមមុខនឹងការធ្វើការរយៈពេលយូររហូតដល់២០ម៉ោងក្នុងមួយថ្ងៃ។ ពួកគេមានពេលតិចតួចប៉ុណ្ណោះដើម្បីហូបអាហារឬសម្រាក ដែលពេលនោះមាននៅត្រឹមពេលស្បៃមោងត្រូវបានដាក់ចុះនិងនៅពេលដែលត្រីដែលបានចាប់ត្រូវបានដាក់រួចរាល់តាមផ្នែកក្នុងទូក្លាស្សេដែលមានសីតុណ្ហភាពរហូតដល់ទៅ៣០ដឺក្រេក្រោមសូន្យ។
ការស្នើសុំរបស់នាយកដ្ឋានការងារថៃក្នុងការជួលអ្នកទោសឲ្យទៅធ្វើការនៅលើកប៉ាល់ដើម្បីបំពេញកង្វះខាតកម្លាំងកម្មករ ត្រូវបានច្រានចោលបន្ទាប់ពីមានការប្រឆាំងពីសំណាក់អន្តរជាតិ។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសកម្មភាពអ្នកដើរសមុទ្រ និងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិការងារ អ្នកស្រី Patima Tuchpuchayakul មានប្រសាសន៍ថា អ្នកដែលត្រូវបានគេជួញដូរមួយចំនួន និយាយថា ពួកគេត្រូវបានដាក់ថ្នាំមុនពេលត្រូវបញ្ជូនទៅកាន់កប៉ាល់ ដែលភាគច្រើននៃពួកគេទទួលបានប្រាក់កម្រៃតិចតួចឬ មិនទទួលបានប្រាក់កម្រៃតែម្តង។ អ្នកស្រីបន្តថា ស្ថានភាពនៅលើកប៉ាល់ជាញឹកញយបានធ្វើឲ្យមនុស្សទាំងនោះអស់សង្ឃឹម។
អ្នកស្រី Patima បន្ថែមថា មនុស្សជាច្រើនបានអង្វរកសុំត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានដើរសមុទ្រអស់រយៈពេលបីឆ្នាំ។ ជាញឹកញយ អត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកទុកឬត្រូវបោះចោលពីកប៉ាល់ ហើយមនុស្សជាច្រើនភ័យខ្លាចសេចក្តីស្លាប់បើសិនពួកគេបន្តនៅលើកប៉ាល់ទាំងនោះ ហើយសម្រេចចិត្ត លោតចេញពីកប៉ាល់ដើម្បីរស់នៅលើកោះដាច់ស្រយាលផ្សេងៗ។
អ្នកស្រីបន្តថា នៅប្រទេសឥណ្ឌូនេស៊ី សាកសពអ្នកនេសាទរាប់សិបនាក់ត្រូវបានរកឃើញ។ មានកម្មករថៃយ៉ាងតិច៩នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ហើយកម្មករមីយ៉ាន់ម៉ា៣០នាក់ក៏ត្រូវបានរកឃើញផងដែរ។
លោក Wanchai Penjabat អ្នកដើរសមុទ្រដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី និយាយថា តម្រូវការកម្មករមានកាន់តែខ្លាំងរហូតដល់អ្នកនាំកម្មករសម្រេចចិត្តយកកុមារនិងមនុស្សចាស់មកបម្រើការងារនៅលើកប៉ាល់ទាំងនោះ។
លោកបានបន្តថា អ្នកដែលត្រូវគេបញ្ឆោតឲ្យទៅធ្វើការនៅលើទូកនេសាទ ត្រូវធ្វើការដូចទាសករ ឬពិបាកជាងនោះទៅទៀត។ ពួកគេត្រូវធ្វើការជាច្រើនម៉ោង ហើយមួយចំនួននៃពួកគេប្រឈមនឹងស្ថានភាពមួយដែល«មិនអាចទ្រាំបាន»។
លោក Robertson នៃអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស មានប្រសាសន៍ថា កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិអំពីឧស្សាហកម្មអាហារសមុទ្រ កំពុងត្រូវបានគេពិភាក្សា។
លោក Robertson បាននិយាយថា៖ «នៅឯក្រៅប្រទេស កិត្តិនាមរបស់ថៃរឿងអាហារសមុទ្រនេះកំពុងរងការប៉ះពាល់។ មានក្រុមហ៊ុនជាច្រើនខុសៗគ្នា ទទួលផលិតផលសមុទ្ររបស់ថៃ ដែលឥឡូវនេះ ក្រុមហ៊ុនទាំងនោះកំពុងគិតរកវិធីធ្វើយ៉ាងណាដើម្បីធានាបានថា ផលិតផលត្រីដែលពួកគេទិញនៅទីនោះ ឬបង្គាសម្រាប់ធ្វើចំណីសត្វ មិនកង្វក់ទៅដោយពលកម្មដោយបង្ខំ និងដោយញើសនិងទឹកភ្នែករបស់មនុស្សដែលត្រូវរងការជួញដូរ»។
នៅឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ប្រទេសថៃក្នុងរបាយការណ៍ជួញដូរមនុស្សឲ្យនៅចំណាត់ថ្នាក់លំដាប់ទាបទី៣ ដែលធ្វើឲ្យប្រទេសនេះអាចនឹងទទួលនូវទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងទណ្ឌកម្មផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងមនុស្សធម៌។
រដ្ឋាភិបាលថៃបានឆ្លើយតបដោយបង្កើតឡើងនូវយុទ្ធនាការដើម្បីបញ្ចប់ការជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗ។ វិធានការដែលបានធ្វើឡើងរួមមាន ការរឹតបន្តឹងច្បាប់ឧស្សាហកម្មនេសាទ ការតម្លើងកម្រិតអាយុកម្មករដល់១៨ឆ្នាំ ការចុះបញ្ជីកប៉ាល់ និងការបង្កើតប្រព័ន្ធតាមដានលើគ្រប់កប៉ាល់ឲ្យបាននៅក្នុងខែកុម្ភៈនេះ។
ក៏ប៉ុន្តែក្រុមការពារសិទ្ធិកម្មករនិយាយថា ទោះបីជាពួកគេស្វាគមន៍វិធានការក្នុងការបង្រ្កាបអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាល និងច្បាប់ទាំងនោះក៏ដោយ ច្បាប់ទាំងអស់ត្រូវតែអនុវត្តដើម្បីឲ្យវិធានការនោះមានប្រសិទ្ធភាព៕
ប្រែសម្រួលដោយ នៀម ឆេង