ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបគ្នាក្នុងសម័យប្រជុំគ្រាអាសន្នកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាសដើម្បីទទួលស្គាល់តំបន់ផ្តាច់ខ្លួន២របស់អ៊ុយក្រែនជារដ្ឋឯករាជ្យ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិលោក Sergiy Kyslytsya បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការទទួលស្គាល់របស់លោក Putin ដល់តំបន់ Donetsk និង Luhansk ខាងកើតថា៖ «ព្រំដែនរបស់អ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិនឹងនៅតែគ្មានការផ្លាស់ប្តូរ ទោះបីមានសេចក្តីថ្លែងការណ៍និងចំណាត់ការណាមួយរបស់សហព័ន្ធរុស្ស៊ីក៏ដោយ»។
លោកបានបញ្ជាក់ទៀតថា៖ «យើងទាមទារឲ្យរុស្ស៊ីលុបចោលការសម្រេចចិត្តក្នុងការទទួលស្គាល់ហើយវិលត្រឡប់ទៅកាន់តុចរចាវិញ។ យើង ថ្កោលទោសការបញ្ជាឲ្យដាក់ពង្រាយកងទ័ពឈ្លានពានរុស្ស៊ីបន្ថែមនៅក្នុងទឹកដីរបស់អ៊ុយក្រែន។ យើង ទាមទារឲ្យដកជាបន្ទាន់នូវកងទ័ពឈ្លានពាន ដោយមានការត្រួតពិនិត្យច្បាស់លាស់»។
មេដឹកនាំលោកខាងលិចនិងអ្នកវិភាគ និយាយថា ចំណាត់ការនេះជាលេសសម្រាប់រុស្ស៊ីឈ្លានពានប្រទេសជិតខាងរបស់ខ្លួននេះ ជាអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូ បានបដិសេធរហូតមកទល់ពេលនេះថា គ្រាន់ជាការភ័យបារម្ភឥតហេតុផលរបស់ប្រទេសលោកខាងលិច។
ប្រេសិតរបស់រុស្ស៊ី បាននិយាយបន្ទាប់ពីបានស្តាប់សមាជិកផ្សេងទៀតរបស់ក្រុមប្រឹក្សាសន្តិសុខ ថា ចំណាត់ការរបស់រុស្ស៊ីអាចធ្វើគេយល់ថា ការសម្រេចរបស់រដ្ឋាភិបាលក្រុងមូស្គូ មានភាពរហ័សនិងតក់ក្រហល់ពេក។
លោកឯកអគ្គរដ្ឋទូត Vassily Nebenzia ថ្លែងថា៖ «ជាការពិត វាមិនដូច្នេះទេ។ គេត្រូវតែចងចាំថា តំបន់ Donetsk និង Luhansk បានប្រកាសឯករាជ្យពីអ៊ុយក្រែននៅឆ្នាំ២០១៤។ ក៏ប៉ុន្តែ យើងទើបតែទទួលស្គាល់តំបន់ទាំងនោះនៅពេលឥឡូវនេះ ថ្វីបើមានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងសាធារណរដ្ឋទាំងនោះនិងនៅក្នុងសង្គមរុស្ស៊ីចាប់តាំងពីដំបូងក៏ដោយ»។
លោក បាននិយាយទៀតថា ពលរដ្ឋ៦ម៉ឺននាក់ បានរត់គេចខ្លួនចេញពីតំបន់នោះចូលក្នុងប្រទេសរុស្ស៊ីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបានស្តីបន្ទោសការបង្កើនការបាញ់ផ្តក់របស់អ៊ុយក្រែន។ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនថា វាមិនមែនជាការវាយប្រហារលើប្រជាពលរដ្ឋនោះទេ៕