កងកម្លាំង​ Kurde វាយ​យក​បាន​ដែនដី​ប្រេង​នៅ​អ៊ីរ៉ាក់​ខាង​ជើង​មក​វិញ

ក្រុម​សកម្មប្រយុទ្ធ​ Peshmerga របស់​ក្រុម​យោធា​ Kurde យាមត្បាត​នៅ​ជាយ​ក្រុង​ Gwer Town កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។

កាល​ពី​ថ្ងៃសៅរ៍​ កង​ក​ម្លាំង​ Kurde របស់​ប្រទេស​អ៊ីរ៉ាក់​បាន​វាយ​យក​បាន​វិញ​នូវ​ស្ថានីយ​ប្រេង​មួយ​ដែល​ក្រុម​ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​បាន​វាយ​យក​បាន​ពី​ពេល​មុន​ ក៏​ប៉ុន្តែ​មាន​របាយ​ការណ៍​ផ្ទុយគ្នា​អំពី​ជោគ​វាសនា​នៃ​ក្រុម​កម្មករនៅ​កន្លែង​នោះ។​

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​ពាក្យ​សម្តី​មន្ត្រី​ពីរ​នាក់​នៃ​ក្រុមហ៊ុន​ North Oil របស់​រដ្ឋ​ដែល​បាន​និយាយ​ថា​កម្មករ​១៥នាក់​បាន​បាត់​ខ្លួន​ពី​កន្លែង​បូម​ប្រេង​ Khabbaz ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP បាន​ផ្សាយ​ថា​កម្មករ​២៤​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​បាន​ត្រូវ​ដោះលែង​ហើយ។​ ក្រុម​មន្ត្រី​សន្តិសុខ​ក៏​បាន​កត់សម្គាល់​អំពី​កង្វល់​ស្តីពី​គ្រឿងផ្ទុះ​បង្កប់​នៅក្នុង​កន្លែង​បូម​ប្រេង​នេះ​ដែរ។​

ប្រភព​យោធា​ Kurde បាន​និយាយ​ថា​អ្នក​លប​បាញ់​ប្រហារ​ម្នាក់​បាន​បាញ់​សម្លាប់​លោក​ឧត្តមសេនីយ៍​ទោ​ Hussein Mansour នៃ​ក្រុម​យោធា​ Peshmerga នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា។

លោក Mansour ជា​នាយ​ទាហាន​ Kurde ជាន់​ខ្ពស់​ទី​ពីរ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​ពី​ឧត្តមសេនីយ៍​ត្រី​ Kurde ម្នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ធំ​មួយ​ដោយ​ក្រុម​បះបោរ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ខេត្ត​ Kirkuk។​

ដោយ​មាន​ការ​គាំទ្រ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ កងកម្លាំង​ Kurde បាន​ទទួល​ផល​ចំណេញ​ដោយ​បាន​វាយ​យក​ដែនដី​ដ៏​ធំធេង​ពី​ការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​ទាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី៕