ពួកមេដឹកនាំ Kurds បានរាយការណ៍អំពីជោគជ័យដំបូងៗខ្លះ នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ បានបើកការវាយលុកនៅលើដីដែលគេរង់ចាំយូរមកហើយកាលពីថ្ងៃចន្ទ ដើម្បីវាយយកមកវិញនូវក្រុង Mosul ពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
បើតាមប្រធានាធិបតី Kurds លោក Masoud Barzani ដែលបាននិយាយនៅក្នុងសន្និសីទកាសែតមួយតាមទូរទស្សន៍ថាចាប់តាំងពីម៉ោង៦ព្រឹកតាមពេលវេលាក្នុងមូលដ្ឋាន «ផ្ទៃដីចំនួន២០០គ.ម.ក្រឡាបានត្រូវរំដោះ»ពីពួករដ្ឋឥស្លាម។
លោក Barzani បានមានប្រសាសន៍ថា ក្រុង Mosul នឹងត្រូវរំដោះដោយលោកបាននិយាយបន្ថែមថា ពួកយុទ្ធជនរបស់លោកកំពុងប្រយុទ្ធខ្លាំងក្លាបំផុតដើម្បីធ្វើកុំឱ្យក្រុង Mosul ក្លាយទីជាក្រុង Aleppo មួយទៀត ដែលជាការនិយាយយោងដល់ក្រុងនេះក្នុងប្រទេសស៊ីរីដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
កិច្ចប្រតិបត្តិការយោធានេះជាកិច្ចប្រតិបត្តិការយោធាធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីកងកម្លាំងប្រយុទ្ធរបស់ស.រ.អា.បានចាកចេញពីប្រទេសអ៊ីរ៉ាក់ កាលពីប្រាំឆ្នាំមុននេះ ហើយក៏មានកំណើនកង្វល់ដែរអំពីសុវត្ថិភាពនៃជនស៊ីវិលរាប់សែននាក់ដែលឋិតនៅក្នុងតំបន់នោះដែរ។
កិច្ចប្រតិបត្តិការយោធានេះមានទាក់ទិននឹងក្រុមយុទ្ធជន Kurds ពួកប៉ូលិសសហព័ន្ធ ពួកយុទ្ធជនកុលសម្ព័ន្ធ Sunni និងកងកម្លាំងជីវពល Shi'ite ព្រមទាំងការវាយប្រហារតាមអាកាសនិងការគាំទ្រឯទៀតៗពីក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលបានយកពួករដ្ឋឥស្លាម ជាទីដៅនៃការវាយប្រហារនៅក្នុងប្រទេស
អ៊ីរ៉ាក់ និងប្រទេសស៊ីរីក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ពួកមន្ត្រីស.រ.អា.បានពណ៌នាបេសកកម្មនេះថាជា ពេលវេលាផ្តាច់ព្រាត់មួយនៅក្នុងយុទ្ធនាការប្រឆាំងនឹងពួករដ្ឋឥស្លាមដែលបានទទួលបរាជ័យមួយចំនួនហើយបានប្រមូលផ្តុំគ្នាដោយភាគច្រើននៅក្នុងតំបន់ Mosul នៃប្រទេសអ៊ីរ៉ាក់។ក៏ប៉ុន្តែពួកមន្ត្រីអាមេរិកាំងទាំងនេះបានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះអាចមានរយៈពេលច្រើនអាទិត្យឬយូរជាងនេះទៅទៀត៕