រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ការប្រឆាំងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ចំពោះករណីដែលអ៊ុយក្រែនប្រើសព្វាវុធរបស់អាមេរិកបាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីគឺ «ស្របទាំងស្រុង» ជាមួយនឹងគោលជំហររបស់រដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដែលថាលោកប្រឆាំង «យ៉ាងខ្លាំងក្លាបំផុត» ចំពោះការប្រើរបស់អ៊ុយក្រែននូវមីស៊ីលដែលផ្គត់ផ្គង់ដោយអាមេរិកដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។
ការលើកឡើងរបស់លោក Trump នេះត្រូវបានរដ្ឋាភិបាលរុស្ស៊ីស្វាគមន៍ ដោយកាលពីថ្ងៃសុក្ររុស្ស៊ីបានបញ្ជាក់ថាខ្លួនបានបើកការវាយប្រហារតាមអាកាសដ៏ធំមួយលើបណ្ដាញថាមពលរបស់អ៊ុយក្រែនដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើវាលយន្តហោះមួយដោយប្រើអាវុធរបស់អាមេរិកនៅសប្ដាហ៍នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកកាសែតថា៖ «ការលើកឡើងនេះគឺស្របទាំងស្រុងជាមួយនឹងគោលជំហររបស់យើង ជាមួយនឹងទស្សនៈរបស់យើងលើមូលហេតុនៃការរីករាលដាល [នៃសង្គ្រាមនេះ]។ យើងមានការស្ញប់ស្ញែងចំពោះការលើកឡើងនេះ។ វាបង្ហាញឲ្យឃើញថាលោក Trump យល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឲ្យស្ថានការណ៍នេះរីករាលដាលឡើង»។
លោក Trump បានប្រាប់ទស្សនាវដ្ដី Time ថា៖ «ខ្ញុំប្រឆាំងខ្លាំងក្លាបំផុតចំពោះការបាញ់មីស៊ីលរាប់រយគីឡូម៉ែត្រចូលទៅក្នុងប្រទេសរុស្ស៊ី។ ហេតុអ្វីបានជាយើងធ្វើដូច្នេះ? ខ្ញុំគិតថាវាជាការសម្រេចចិត្តមួយបែបឆោតល្ងង់»។
លោក Trump ធ្លាប់បានអះអាងនៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថាលោកអាចធ្វើឲ្យមានការឈានទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងពេលតែ ២៤ ម៉ោងប៉ុណ្ណោះ។ ឥឡូវនេះ មន្ទិលសង្ស័យនៃលទ្ធភាពដែលអាចឈានទៅដល់បទឈប់បាញ់មួយកំពុងកើនឡើងនៅមុនការស្បថចូលកាន់តំណែងរបស់លោកនៅខែមករាខាងមុខ។
ប៉ុន្តែ រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា «លក្ខខណ្ឌតម្រូវជាមុន» សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែនមិនទាន់បានសម្រេចបាននៅឡើយទេ៕
ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី —