នៅថ្ងៃអង្គារស្អែក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងជួបពិភាក្សាគ្នាអំពីបញ្ហាតានតឹងដែលកើនឡើងនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ជំនួបរបស់មេដឹកនាំទាំងពីរ នឹងធ្វើឡើងនៅល្ងាចថ្ងៃអង្គារស្អែក។
សេតវិមានប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់អំពីជំនួបនេះផងដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដូចគ្នានេះដែរ។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានលើកឡើងដូច្នេះថា៖ «លោកប្រធានាធិបតី Biden នឹងគូសបញ្ជាក់អំពីក្តីបារម្ភរបស់សហរដ្ឋអាមេរិកទាក់ទិននឹងសកម្មភាពយោធារបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនរបស់រុស្ស៊ីជាមួយប្រទេសអ៊ុយក្រែន ហើយនឹងបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន»។
ក្រៅពីការពិភាក្សាលើបញ្ហានៃការបង្កើនកងទ័ពរបស់រុស្ស៊ីនេះ វិមានប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា លោក Biden និងលោក Putin ក៏នឹងពិភាក្សាគ្នាផងដែរអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងអំពីការអនុវត្តនូវកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងជំនួបរបស់ពួកគេក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនាកន្លងទៅ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកកំពុងបង្កើតនូវគំនិតផ្តួចផ្តើមមួយចំនួន ដែលធ្វើឲ្យរុស្ស៊ីមាន «ការលំបាកខ្លាំង» នៅក្នុងការធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ដែលនៅទីនោះ រុស្ស៊ីបានបង្កើនកងទ័ពអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។