ពលរដ្ឋ​ខេត្ត​ក្រចេះ​ដាក់​ញត្តិ​លើក​ទីបី​សុំ​ឱ្យ​សភា​ជំរុញ​ដោះស្រាយ​ទំនាស់​ដីធ្លី

រដ្ឋសភា​ជាតិ​នៃកម្ពុជា

ពលរដ្ឋ​ជាង​៣០​នាក់​​បាន​នាំ​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋ​សភា​ជាតិ​ ជាលើក​ទី​បី​នៅ​ថ្ងៃ​ច័ន្ទ​​នេះ​ ដើម្បី​ស្នើ​ឲ្យ​​ជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ចេញ​ប័ណ្ណ​​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ដល់​ពួកគេ​និង​​ប្រជាពលរដ្ឋ​ដទៃ​ទៀត​សរុប​​ចំនួន​៧៣​គ្រួសារ។​

ពលរដ្ឋ​ជាង​៣០​នាក់បាន​នាំ​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋ​សភា​ជាតិ​ ជាលើក​ទី​បី​នៅ​ថ្ងៃ​ច័ន្ទនេះ​ ដើម្បី​ស្នើ​ឲ្យជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ចេញ​ប័ណ្ណកម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ដល់​ពួកគេ​និងប្រជាពលរដ្ឋ​ដទៃ​ទៀត​សរុបចំនួន​៧៣​គ្រួសារ។​

លោក​ស៊ឹម ពៅ​ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​៧៣គ្រួសារ ​រស់​នៅ​ក្នុង​សហគមន៍​ពាម​ប៉ោ​អូរ​បី​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែថ្មី​ ឃុំ​ខ្សឹម​ ស្រុក​ស្នួល​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ លោក​ធ្លាប់​បាន​ដាក់​ញត្តិ​ចូល​ទៅ​រដ្ឋ​សភា​ចំនួន​ពីរលើក​មក​ហើយ​ប៉ុន្តែ ​នៅមិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​បើទោះ​ជាមានក្រុម​និស្សិត​ដែល​ធ្វើ​ការ​វាស់​វែង​ដី​នៅមុន​ពេល​បោះឆ្នោត​ជាតិធ្លាប់​ចុះ​ទៅ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​កាល​ពី​ឆ្នាំ​២០១២​ក៏ដោយ។ ​

«ខ្ញុំ​ទាម​ទារឲ្យ​ខាងរដ្ឋសភា​ហ្នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ ជួយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ឲ្យប្រជាពលរដ្ឋ​ដែល​មាននិស្សិត​ចុះ​វាស់​វែងហ្នឹង​ ហើយ​ផ្ទៃ​ដី​តាម​ទំហំ​ដែល​គាត់​រស់​នៅ​ អាស្រ័យ​ផល​ប៉ុន្មាន​គឺ​វាស់​ឲ្យ​ប៉ុណ្ណឹង​ទៅ»។​

លោក​ស ចំរ៉ុង​ អភិបាល​ខេត្ត​ក្រចេះ​ បញ្ជាក់​ថា​ អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​នេះ​ហើយ។ ​ ​

យ៉ាងណាក៏ដោយ​ ​ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​កំពុង​មាន​ការខ្វែងគំនិត​គ្នាជាមួយ​នឹង​តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​ដែល​ទំនាស់​នេះ​កើតមានឡើងបន្ទាប់ពី​ដី​នេះ​ត្រូវបាន​ខ្វៀល​យក​ចេញ​ពីក្រុម​ហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម​ឈ្មោះ​ ប៊ិញភឿក​២ ​ កាល​ពី​ឆ្នាំ​២០១៤។​ ដី​ដែល​មាន​ទំនាស់​នេះ​ គឺ​មាន​ទំហំ​២៥០,៩៦​ហិកតា ​និងស្ថិត​នៅ​ក្នុង​ឃុំ​ខ្សឹម​ ស្រុក​ស្នួល​ខេត្តក្រចេះ។​

ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ថា​ តំណាង​ប្រជាពលរដ្ឋ​មា្នក់​ទៀត​ ឈ្មោះ​ឡុក​ សុផា​បាន​កាន់​បញ្ជី​មួយ​ផ្សេង​ទៀត​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​១០៤​គ្រួសារ។ ប៉ុន្តែ ពួកគេអះអាង​ថា​ បញ្ជីនេះ​គឺ​ជា​បញ្ជី​មិន​ត្រឹម​ត្រូវ​ព្រោះ​មិនមាន​ឈ្មោះ​មនុស្ស​មួយ​ចំនួនរស់​នៅ​ក្នុង​ដីទំនា​ស់​ជាក់​ស្តែង។​ ​

អ្នក​ស្រី​ឡុក​ សុផា ដែល​បានដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋ​សភា​ជាតិ​កាល​ពីថ្ងៃ​ទី​៨​ខែ​កញ្ញា​ម្តង​រួច​មក​ហើយ​ដែរ​នោះ​ ​បដិសេធ​មិន​ទទួល​ស្គាល់​បញ្ជី​របស់​លោក​ស៊ឹម ពៅ​ដោយ​អ្នក​ស្រីអះអាង​ថា​ ឈ្មោះ​លោក​ស៊ឹម ពៅ ​និង​តំណាង​ពលរដ្ឋ​ម្នាក់​ទៀតក៏ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​អ្នក​ស្រី​ដែរ​៖

«ខ្ញុំ​សុំ​បដិសេធ​ហ្មង​ ឈ្មោះ​ស៊ឹម ពៅ​ក៏​នៅ​ក្នុង​បញ្ជី​១០៤។​ ហាក់​ញ៉េន​ក៏​នៅ​ក្នុង​បញ្ជី​១០៤​ ទើបអាជ្ញាធរ​គាត់​ធ្វើ​ការ​បែង​ចែក​ស្មើ​ៗ​គ្នា​ គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ដោយ​សារ​ដី​គាត់​ច្រើន»។​

អ្នក​ស្រីចង់​ឲ្យ​រដ្ឋ​សភា​ជួយអន្តរាគមន៍​ដល់​អាជ្ញាធរ​ឲ្យ​ពន្លឿន​ការ​វាស់​វែង​ដីធ្លី​ដើម្បី​បញ្ចប់​ជម្លោះ​មួយ​នេះ។​

របាយការណ៍​របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ​២០១៤​ មក​ទល់​នឹង​ដំណាច់​ខែ​មិនា​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​៦០.០០០​នាក់ ​ហើយ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​គោល​នយោបាយ​រដ្ឋាភិបាលទាក់ទង​នឹង​ការ​ដណ្តើម​កាន់​កាប់​ដីធ្លី​នោះ៕