ពលរដ្ឋ​កោះកុង​តវ៉ា​សុំ​ដោះលែង​សកម្មជន​បរិស្ថាន​បីនាក់

រូបភាព​​ឯកសារ៖ ​ទិដ្ឋភាព​​បង្ហាញ​កន្លែង​បូម​ខ្សាច់​មួយ​កន្លែង​នៅ​ខាង​ក្រៅ​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុងកាល​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​ ឆ្នាំ​២០១១​។ កន្លែង​​​បូម​ខ្សាច់​នេះ​ជា​របស់​លោក លី យ៉ុងផាត់ ដែល​ជា​មហាសេដ្ឋី​ (ឧកញ៉ា) កម្ពុជា​រូប​ត្រូវ​​បាន​រិះ​គន់​ថា​​​បាន​នាំ​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ប្រទេស​នេះ​។ ខ្សាច់​នេះ​ត្រូវ​បូម​សម្រាប់​​ដឹក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។ (AP Photo/Heng Sinith)

ប្រជាពលរដ្ឋ​ជាង​៥០​នាក់​មក​ពី​ស្រុក​ចំនួន​ប្រាំ​នៃ​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បន្ត​ការតវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​​បី​រូប ​ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។

ប្រជាពលរដ្ឋ​ជាង​៥០​នាក់​មក​ពី​ស្រុក​ចំនួន​ប្រាំ​នៃ​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បន្ត​ការតវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួនបី​រូប ​ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួនតាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ ទាក់ទិន​នឹង​សំណុំរឿង​តវ៉ា​បញ្ឈប់​ការ​បូម​ខ្សាច់​។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​បរិ​ស្ថាន។​

សកម្ម​ជន​បរិស្ថាន​ទាំង​បី​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​គំរាម​កំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។​ សកម្មជន​ទាំង​បី​នាក់​នោះ​រួមមាន​លោក​ សាន់ ម៉ាឡា ​អាយុ​២៣​ឆ្នាំ ជា​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក ​ទ្រី សុវិគា​ អាយុ​២៤​ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦​ឆ្នាំ។​

លោក ​អ៊ិន​ គង់​ជិត​ អ្នក​សម្របសម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ក្រុម​អ្នក​តវ៉ា​មក​ពី​ស្រុកកោះ​កុង​ គិរីសាគរ​ បទុម​សាគរ ថ្មបាំង​ និង​ស្រុក​ស្រែ​អំបិល​ បាន​ចេញ​ដើរ​ហែរក្បួន​ ដោយ​ចាប់ផ្តើម​ពី​ទីលាន​កីឡាបាល់​ទាត់នៅ​ខាង​មុខសាលាដំបូងខេត្ត​កោះកុង​ ហើយ​ឆ្ពោះ​មក​កាន់​ផ្លូវ​សំខាន់​ៗ​ និង​ផ្សារ​ដង​ទុង​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ។​ លោក​បញ្ជាក់​ថា​ អ្នក​តវ៉ា​បាន​ដើរ​ក្រោម​ដំណក់​ទឹក​ភ្លៀង​ និង​ស្រែក​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្តកោះ​កុង។​

លោក​បាន​បន្ថែម​ថា៖​ «គាត់​បាន​ចាត់​ទុកថាតុលាការ​ចាប់​ខ្លួន​ សកម្មជន​ដែល​គ្រាន់​តែ​ការពារ​ ​ធនធាន​ធម្មជាតិ​ហ្នឹង​ថា​ ជា​រឿង​មួយ​ដែល​មាន​កំហុស​ធ្ងន់​។ អញ្ចឹង​ពួកគាត់​អត់​សុខ​ចិត្ត​ទេ​ ហើយ​ក្រៅ​ពីពួកគាត់​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែងអ្នក​ទាំង​បី​ហ្នឹង​ ពួក​គាត់​ក៏បាន​អំពាវ​នាវសុំ​ឲ្យ​បញ្ឈប់​ ការបូម​ខ្សាច់​នៅក្នុង​ខេត្ត​កោះ​កុង​ទាំង​អស់»។​

ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពីការតវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាននេះក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​

សកម្ម​ភាព​របស់​ពួកគេ​មិន​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​សប្បាយ​ចិត្ត​ទេ។ ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​ការធ្វើ​លិខិត​តវ៉ា​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​សហគមន៍​មូលដ្ឋាន​ ដើម្បី​បណ្តេញ​ក្រុម​ចលនា​មាតា​ធម្មជាតិ​ចេញ​ពី​មូលដ្ឋាន​នេះ។

ប៉ុន្តែ​ លោក ​គឹម រី​ សមាជិក​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ឲ្យ​ដឹង​ថា​ អាជ្ញាធរ​មូលដ្ឋាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ទាក់​ទិន​ការ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ការ​គាំទ្រ​ សម្រាប់​ការ​បណ្តេញ​ចេញ​ចលនា​មាតា​ធម្ម​ជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​ភូមិ​២​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ។ លោក​សង្ស័យ​ថា​ អាជ្ញាធរ​កំពុង​ឃ្លាំ​មើល​សកម្ម​ភាព​របស់ចលនា​មាតា​ធម្មជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដើម្បី​ប្រមែប្រមូល​ភស្តុតាងបន្ថែម​សម្រាប់​ធ្វើការ​ចាប់កំហុស។​

«យើង​ឃើញ​ថា​ រាល់​សកម្មភាព​របស់មាតា​ធម្មជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​ឃ្លាំ​មើល​ ឬក៏​តាម​ដាន​ដោយ​ក្រុម​សមត្ថ​កិច្ច​ខេត្ត​កោះ​កុង។​ ខ្ញុំ​សង្ស័យ​ថា មាន​ចំណាត់​ការ​អ្វី​មួយ​បន្ត​ទៀត​ ប៉ុន្តែ​យើង​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ។​ ប្រហែល​ជា​គាត់​ព្យាយាម​លួច​ចាប់​កំហុស​យើង​ ឬ​ក៏ស្វែង​រក​ភស្តុតាង​ផ្សេងៗ ​ដើម្បី​ទម្លាក់​កំហុស​លើ​យើង​»។​

លោក​ គឹម រី ​បញ្ជាក់​បន្ថែម​ថា​ សកម្ម​ជន​នៃ​ចលនា​មាតា​ធម្មជាតិ​មិន​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​ ហើយ​ថា ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ទាំង​នោះ​បាន​ធ្វើ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​សកម្ម​ជន​ទាំង​បីនាក់​នេះ​ដោយ​ការ​ស្ម័គ្រ​ចិត្ត។​

អ្នក​ស្រី​ ផាវ ញ៉ឺង​ មក​ពី​ឃុំជីខក្រោម ​ស្រុក​ស្រែអំបិល ខេត្តកោះ​កុង​ មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឡើង​ដោយ​ការ​ខឹង​សម្បារ​នឹង​ចំណាត់​ការអាជ្ញាធរ​ និង​តុលាការ​សាលា​ដំបូង​ខេត្ត​កោះ​កុង ដែល​បាន​ចាប់​និង​ឃុំ​ខ្លួន​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ។​

អ្នកស្រី​បន្ថែម​ថា៖ «ពួក​ខ្ញុំ​ក្នុង​ក្រុមនេះ មិន​មែន​ជា​ក្រុម​ណាមួយ​អ្នកដឹក​នាំទេ គឺ​ជា​សកម្មជន​ចលនា​ប្រជាពលរដ្ឋ​ដែល​ផុស​ចេញ​ពី​បេះ​ដូង​ខ្លួន​ឯង​ផ្ទាល់​ ពួកខ្ញុំ​ទាំង​អស់​នេះ​គឺ​ផុស​ចេញ​ពី​ការ​ឈឺ​ចាប់​នេះ​តែ​ម្តង​ ដោយសារ​ តែ​អាជ្ញាធរ​ មាន​ពាក្យ​គំរាម​កំហែង​ជា​ច្រើន​ ​ដូចជា​ថា​ ដាក់​កម្លាំង​មក​ឲ្យ​ច្រើន​មក​ ដើម្បី​បង្ក្រាប​ហើយ​បិទ​ផ្លូវ​ច្រក​ចេញ​ចូល​ទាំង​អស់​ ហើយ​កន្លង​មក​គឺ​គាត់​បាន​បិទ​មែន​ នៅ​ពេល​ដែល​ដាក់អាយកូម​ហៅ​គ្នា​អញ្ចឹង​គឺ​គាត់​បាន​បិទ​មែន»។​

អ្នក​ស្រី​អះអាង​ថា​ សកម្មជន​ទាំងបីនាក់​ដែល​កំពុងជាប់ឃុំ​នេះ​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។​

លោក​ រៀល ច័ន្ទតារា ​អធិការ​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ ​បាន​ការពារ​ចំណាត់​ការ​របស់​អាជ្ញាធរ​ ដែល​ធ្វើ​ឡើង​គឺដើម្បីសម្រួល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​។​

«សេចក្តី​ជូន​ដំណឹង​របស់​សាលាក្រុង​មួយ​គឺ​ថា​ ឲ្យ​គាត់​ សុំច្បាប់​សុំអី​ទម្លាប់​តាម​ត្រឹម​ត្រូវ​មក​ ហើយ​ការ​ដើរ​ដង្ហែរ​ ការ​ដែល​ស្អី​នៅ​តាម​ដង​ផ្លូវ​ហ្នឹង​ គឺ​មិន​ឲ្យ​មាន​ប៉ះពាល់​ ធ្វើ​ឲ្យ​បែក​បាក់​ ទ្រព្យសម្បត្តិ​របស់​សាធារណៈ​អីទេ​អញ្ចឹង​ណ៎ា​ តែបើ​ការ​ហាម​ឃាត់​ហើយរារំាង​ដូច​ជា​អត់​មាន​ទេ​ មាន​តែ​សម្រួល​ មាន​តែ​សម្រួល​ចរាចរណ៍»។​ ​

ការ​សម្រច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​កើត​មាន​ឡើង​ បន្ទាប់​ពី​ពួក​គេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ ​គឺ​ក្រុមហ៊ុន​ Direct Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ហើយ ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង៕​