តុលាការខេត្តកោះកុង បានកាត់ទោសចាងហ្វាងសារព័ត៌មានគេហទំព័រម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» បន្ទាប់ពីអភិបាលរងខេត្តមួយរូប បានប្តឹងអ្នកកាសែតរូបនោះថា បានបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ទាក់ទិនការកាត់ឆ្វៀលដីនៅក្នុងខេត្តកោះកុងដែលមានព្រំប្រទល់ជាប់ប្រទេសថៃមួយនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង។
លោក យួន ឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី សម្រចប្តឹងទៅតុលាការកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកកាសែតរូបនោះ បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក Koh kong Hot News [កោះកុងព័ត៌មានទាន់ហេតុការណ៍]ថា លោក សុខ សុទ្ធី មិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយកាប់ដំណាំ និងផ្ទះប្រជាពលរដ្ឋ ដោយគ្មានការញញើតដៃ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក យួន ឈីវ ត្រូវបានចៅក្រមលោក ឡោ ក្រឹម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍»។
លោកបញ្ជាក់ទៀតថា ការសម្រេចផ្តន្ទាទោសយ៉ាងតក់ក្រហល់នេះ ធ្វើឡើងដោយយោងតាមភ័ស្តុតាងជាក់ស្តែងនៃការផ្សព្វផ្សាយព័ត៌មានរបស់លោក យួន ឈីវ កន្លងមក ការសារភាព និងការសុំអភ័យទោសរបស់គាត់។
លោកថ្លែងថា៖ «រឿងក្តីនេះ ត្រូវបានជំនុំជម្រះរួចហើយ។ ហើយត្រូវបានចៅក្រមសម្រេចផ្តន្ទាទោស លោក យួន ឈីវ ចំនួនរយៈពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀលពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ហើយរឿងក្តីនេះដែរចៅក្រម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ យួន ឈីវ ដែរ។ មានន័យថា ឈ្មោះ យួន ឈីវ កំពុងតែអនុវត្តទោសនៅពន្ធនាគារខេត្តកោះកុងរួចហើយ»។
លោកបន្ថែមថា៖ «ចំពោះរឿងក្តីនេះ មានន័យថា គាត់បានប្រព្រឹត្តអំពើហ្នឹងជាច្រើនថ្ងៃហើយ។ ហើយនៅថ្ងៃឃាត់ខ្លួនគាត់ក៏មានការសារភាពថា គាត់ពិតជាបានធ្វើមែន ដែលកំពុងត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជាដើម។ ហើយសំណុំរឿងនេះ ជាសំណុំរឿងជាក់ស្តែង អីចឹងមានការឃាត់ខ្លួនក៏ផ្អែកលើសំណុំរឿងជាក់ស្តែង»។
កាលពីថ្ងៃពុធ មន្ត្រីនគរបាលខេត្តកោះកុងបានបញ្ជូនសំណុំរឿង លោក យួន ឈីវ ទៅតុលាការ ទោះបីជាអ្នកកាសែតរូបនោះ បានចេញលិខិតសុំអភ័យទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង និងអភិបាលរងខេត្ត លោក សុខ សុទ្ធី ដោយសុំការអនុគ្រោះលើកលែងកំហុសឆ្គងចំពោះការធ្វើសេចក្តីរាយការណ៍កន្លងមក និងបានសន្យាថា នឹងមិនធ្វើឲ្យមានករណីខុសឆ្គងនេះបន្តទៀតនោះទេ។
កូនប្រុសរបស់លោក យួន ឈីវ គឺលោក យួន យីហ៊ីន អាយុ១៩ឆ្នាំ យល់ថា ការកាត់ទោសឪពុកគាត់មិនត្រឹមត្រូវទេ និងស្នើឲ្យអាជ្ញាធរផ្តល់ការអនុគ្រោះកុំដាក់ទោសទណ្ឌលើឪពុករបស់គាត់។
លោកនិយាយថា៖ «វាអត់ត្រឹមត្រូវទេ ពីព្រោះ[ការងារអ្នកសារព័ត៌មាន]នេះ ជាការជួយប្រជាពលរដ្ឋ... ខ្ញុំគ្រាន់តែចង់ឲ្យគេលើកទោស ហើយគាត់ធ្វើជារបៀបលិខិតសុំទោសអីបន្តទៀត»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងលោក ហ៊ួរ អ៊ីន បានថ្លែងថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់លើលោក យួន ឈីវ ដើម្បីឲ្យគាត់បានបំពេញការងាររបស់គាត់ ក្នុងការចូលរួមលើកឡើងអំពីបញ្ហាអយុត្តិធម៌ ដែលតែងតែកើតឡើងក្នុងសង្គម។
លោកថ្លែងថា៖ «បើសិនជាមានការជាប់ពន្ធនាគារទៀត សេរីភាពនៃសារព័ត៌មានវាត្រូវបាត់បង់ហើយ។ ហើយច្បាប់[របប]សារព័ត៌មានដែលការពារអ្នកសារព័ត៌មាន ក៏វាគ្មានតម្លៃសម្រាប់អ្នកសារព័ត៌មាន។ អីចឹងសួរថា អ្នកសារព័ត៌មានណាដែលហ៊ានរាយការណ៍(អំពី)អំពើអយុត្តិធម៌ អំពើអវិជ្ជមានផ្សេងៗរបស់អាជ្ញាធរ របស់អ្នកមានលុយ អ្នកមានអំណាច»។
លោកបន្ថែមថា សង្គមមួយដែលមិនផ្តល់លម្ហឲ្យមានមតិរិះគន់ សង្គមនោះនឹងមិនទទួលបានការអភិវឌ្ឍពេញលេញទេ ហើយផលប្រយោជន៍នឹងបានទៅតែលើក្រុមបុគ្គលមួយក្តាប់តូចប៉ុណ្ណោះ។
នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មាន(ខេមបូចា) លោក ណុប វី លើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដោយការស្នើឲ្យអ្នកសារព័ត៌មានដែលបានធ្វើខុស មានការកែតម្រូវនូវការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពមិនគ្រប់គ្រាន់ ឬត្រឹមត្រូវ ជាជាងចាប់យកច្បាប់ព្រហ្មទណ្ឌ មកដាក់ទោសទណ្ឌលើអ្នកកាសែត។
លោកនិយាយថា៖ «ការប្រើប្រាស់ស្តីពីក្រមព្រហ្មទណ្ឌ យកមកចាត់វិធានការលើអ្នកសារព័ត៌មាន គឺជាការបំភិតបំភ័យ គឺជាការធ្វើឲ្យមានការភ័យខ្លាចរបស់អ្នកសារព័ត៌មាននៅក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានផ្សេងៗ ជាពិសេសរឿងដែលទាក់ទិនមន្ត្រីធំៗ អ្នកសារព័ត៌មានទៅជាលែងហ៊ានធ្វើសេចក្តីរាយការណ៍ទៅវិញ»។
លោកបន្ថែមថា៖ «បើសិនជាយើងមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានទេ ច្បាប់ហ្នឹងនៅតែអត់មានគុណភាព និងប្រសិទ្ធភាពអ្វីនៅក្នុងការអនុវត្តនៅពេលដែលច្បាប់ហ្នឹងគឺមានជាធរមានហើយសម្រាប់ប្រើប្រាស់ ចាត់វិធានការចំពោះការអនុវត្តមិនបានត្រឹមត្រូវ អនុវត្តល្មើសរបស់អ្នកសារព័ត៌មាន ក៏ប៉ុន្តែផ្ទុយទៅវិញច្បាប់ហ្នឹងមិនត្រូវបានយកមកប្រើប្រាស់។ ដូច្នេះហើយបានធ្វើឲ្យខ្លឹមសារនៃច្បាប់ហ្នឹង វាអត់មានប្រសិទ្ធិភាពនៅក្នុងការអនុវត្ត»។
គួរបញ្ជាក់ថា លោក យួន ឈីវ បានទទួលរងពាក្យបណ្តឹងរបស់អភិបាលរងខេត្ត លោក សុខ សុទ្ធី ក្រោយពីរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយច្រានចោលសេចក្តីរាយការណ៍នានាកន្លងមក និងបានចោទលោក យួន ឈីវ ថា បានផ្សព្វផ្សាយព័ត៌មាន«ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌» ហើយថា អ្នកកាសែតរូបនោះ ក៏ស្ថិតក្នុងចំណោមក្រុមបុគ្គលដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរក្នុងខេត្តកោះកុងផងដែរ៕