អាជ្ញាធរ​ខេត្ត​កោះកុង​ហាមប្រាម​អ្នក​ភូមិ​មិន​ឱ្យ​ជួប​ជុំ​ពិភាក្សា​រឿង​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ

រូបឯកសារ៖ អ្នកស្រី​ផាវ ញ៉ឺង​ តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​នៅថ្ងៃ​ព្រហស្បត៌ ខែ​សីហា ឆ្នាំ​២០១៦នៅ​ភ្នំពេញ ។ (ឡេង ឡែន/VOA)

មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង​ប្រជា​ពល​រដ្ឋ​​​និយាយ​ថា ​បម្រាម​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​មិន​ឲ្យ​ជន​រង​គ្រោះ​ទំនាស់​ដីធ្លី​ជួប​ជុំ​គ្នា​នៅ​អំឡុង​ពេល​បោះឆ្នោត​ព្រឹទ្ធ​សភា​​គឺ​ជា​ទង្វើ​បំបិទ​សិទ្ធិ​​របស់​ប្រជា​ពល​រដ្ឋ។

តំណាង​ប្រជា​ពល​រដ្ឋប្រមាណ​១៧៥​គ្រួសារ​បាន​ចោទ​ប្រកាន់មេប៉ុស្តិ៍​មួយ​រូប​ថា​ ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​របស់​ប្រជា​ពល​រដ្ឋ​ដើម្បី​រៀបចំ​ផែនការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ រវាង​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ថៃ​ក្នុង​ខេត្ត​កោះកុង។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

ការ​ត្រៀម​ជួប​ប្រជុំ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​កើត​មាន​ឡើងបន្ទាប់​ពី​ក្រុម​មន្ត្រី​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​ខកខាន​ ​មិន​បាន​ធ្វើ​ឲ្យ​ដូច​ពាក្យ​សន្យា​ ដែល​បាន​ធ្វើ​ឡើង​តាំងពី​ខែ​មេសា​ឆ្នាំ​ ​២០១៧​ ក្នុងការផ្តល់​សំណង​ជា​ដី​ចំនួន​បី​ហិកតា​ និង​ប្រាក់​ចំនួន​២៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​សម្រាប់​ប្រជា​ពល​រដ្ឋ​ទាំង​១៧៥​គ្រួសារ​នោះ។​

លោក អ៊ិន គង់ជិត​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​អំពីការ​ហាម​ឃាត់​យ៉ាង​ដូច្នេះ៖​

«គាត់​នឹង​ប្រជុំ​នៅ​ថ្ងៃ​២៣​នេះ ​អីចឹង​ ពួកគាត់​ថា​ មិន​អាច​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​បានទេណា៎​ ហើយ​រឿង​ហ្នឹង​គឺខាង​សមត្ថកិច្ច​នគរបាល​ នៅតែ​បញ្ជាក់​ថា​ គឺ​មិន​អាច​ឲ្យ​មាន​ការ​ប្រជុំ​អី​បាន​ទេ​ ដោយ​សារ​ នៅពេល​នេះ​ ជាពេល​ដែល​ ​បេក្ខជន​ឈរ​ឈ្មោះ​ឲ្យ​ព្រឹទ្ធ​សភា​ហ្នឹង​គាត់​ ឃោសនា។​ អីចឹង​វា​អាច​... វា​អាច​មាន​ឥទ្ធិពល​មិន​ល្អ ​ឬ​ក៏​អាច​មាន​អ្វី​មួយ​វា​រាំង​ស្ទះ​ដល់​ការ​ឃោសនា​របស់​បេក្ខជន​ បាទ»។​

ប្រជា​ពល​រដ្ឋ​ប្រមាណ​១៧៥​គ្រួសារ​នេះ​បាន​ជាប់​ផុង​ក្នុង​ទំនាស់​ដី​ទំហំ៧៨២​ហិកតា​ជាមួយ​ក្រុម​ហ៊ុន​ ​Koh Kong Sugar Industry Co., Ltd ​និង​ ​Koh Kong Plantation Co.,Ltd​ ​របស់​ថៃ​ ​ដែល​បាន​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ ​LYP Group​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ ​លី យ៉ុងផាត់​ ​នៅឆ្នាំ​២០១០។​ ​លោក​អ៊ិន គង់ជិតអះអាង​ថា​ ​លោក​ ​លី យ៉ុងផាត់​ ​ដែល​ជា​សេដ្ឋី​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​មួយ​រូប​ផង​ដែរ​ ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ចទំហំ​១៩.១០០​ហិកតា នៅខែ​សីហា​ ​ឆ្នាំ​២០០៦​ ​មុនពេល​លោក​លក់​ភាគ​ហ៊ុន​របស់​លោក​ឲ្យ​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ថៃ​ទាំង​ពីរ​នេះ។​

អ្នកស្រី​ ​ផាវ ញឺង​ ​តំណាង​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ ​បញ្ជាក់​ថា​ ​ប្រជា​ពល​រដ្ឋ​ចង់​ជួប​ប្រជុំ​គ្នា​ក្នុង​ភូមិ​ត្រពាំង​កណ្តោល​ ក្នុង​ឃុំ​ជីខ​លើ​ នៅ​ចន្លោះ​ថ្ងៃ​ទី​២៣​ និង​ថ្ងៃទី២៥​ខែ​កុម្ភៈ​នេះ​ តែ​ត្រូវ​លោក​ សាក់​ ប៊ុន​ធៀម​ មេ​ប៉ុស្តិ៍​ឃុំជីខ​លើ​ ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ប្រាប់​ថា​ មិន​ឲ្យ​មាន​ការ​ជួប​ជុំ​នោះ​ឡើយ​ ដោយ​រង់​ចាំ​ដល់​ចប់​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​សិន។ ​អ្នកស្រី​ថា​ ប្រជា​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ការ​ស្នើ​សុំ​ ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​រប​ស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួបប្រជុំ​គ្នា​នោះ​ទេ។​

អ្នក​ស្រី​ថ្លែង​យ៉ាង​ដូច្នេះ៖

«សហគមន៍​ពួក​ខ្ញុំ​ គឺ​អត់​ទទួល​យក​បាន​ទេ​ យោបល់​របស់​គាត់​ដែល​គាត់​និយាយ​ថា​ សុំ​ឲ្យ​ផ្អាក​ការ​ប្រជុំ ​ហើយ​ចាំ​ឲ្យ​ដាច់​ខែ​ហ្នឹង​អីសិនអី​ចឹង។​ ពួក​យើង​អត់​ទទួល​យក​បាន​ទេ​ ព្រោះ​មូលហេតុ​ចាំបាច់​បំផុត​គឺ​ដំណោះ​ស្រាយ​ អត់​ដោះ​ អត់បាន​ដោះ​ស្រាយបែរ​ជា​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបប្រជុំ​របស់​ពួក​យើង។​ បើសិន​ណា​ជា​ចង់​ឲ្យ​ពួកយើង​កុំប្រជុំ​ កុំអី​ហើយ​សំណូម​ពរ​អី​បាន​ហ្នឹង​អី​ អាហ្នឹង​ដោះ​ស្រាយ​ដី​ឲ្យ​ពួកយើង​ឲ្យ​បាន​លឿន​មក​ អាហ្នឹង​បាន​ពួក​យើង​ទទួល​យក​បាន»។​

អ្នកស្រី​បន្ត​ថា​ ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​នេះ​ អ្នកស្រី​និងក្រុម​ប្រជា​ពល​រដ្ឋ​នឹង​ពិភាក្សា​រៀបផែន​ការ​តវ៉ា ទាមទារ​សំណងដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​ផ្តល់​ឲ្យ​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ។

មុន​ពេល​ទម្លាក់ទូរស័ព្ទចុះ ​ លោក​ ​សាក់ ប៊ុនធៀម​ ​មេប៉ុស្តិ៍ន​គរបាល​ឃុំ​ជីខ​លើ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«បាទ​ ខ្ញុំអត់​បាន​ហាម​ឃាត់​ទេ​ បាទ!​ សុំ​ទោស​បាទ»។

ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ត្រូវ​គេ​ជឿ​ថា​ នៅ​បន្ត​កើត​មាន​ និង​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចប់​រួច​រាល់​នៅ​ឡើយ​ ដោយ​ហេតុ​ថា​ វិវាទ​ខ្លះ​គឺ​មាន​ការ​ជាប់ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ហើយ​វិវាទ​ខ្លះ​ទៀត​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ចិន​ ក្នុងនោះ​មាន​ក្រុម​ហ៊ុន​ Union Development Group ​(UDG)។​

ក្រុមហ៊ុន​ UDG​ ​ខាងលើ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨។ ​គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹមស្កៃ​នេះ​កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។​

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគេ​កាន់​កាប់​ បន្ទាប់​ពី​ពួក​គេ​បាន​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី៕