តំណាងប្រជាពលរដ្ឋ៥០គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច អាចនឹងត្រូវជាប់ពន្ធនាគារជាច្រើនខែ ប្រសិនបើលោកត្រូវបានកាត់ទោសថា មានពិរុទ្ធភាព ក្នុងបទចោទដែលថា លោកបានប្រព្រឹត្តហិង្សាលើម្ចាស់ដីក្រុមហ៊ុន។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការឃុំខ្លួននេះជាសារគំរាមកំហែងមិនឲ្យអ្នកមានទំនាស់ដីធ្លីក្រោកតវ៉ា។ តែអាជ្ញាធរមូលដ្ឋានថ្លែងថា លោក ហេង សុខ តំណាងប្រជាពលរដ្ឋទាំង៥០គ្រួសារ បានទទួលស្គាល់ថា លោកបានបោះបង្គោលលើដីដែលក្រុមហ៊ុនមានកម្មសិទ្ធិ។
នៅក្រោយពេលអយ្យការអមសាលាដំបូងខេត្តកោះកុងបានចោទប្រកាន់លោក ហេង សុខ តាមមាត្រា២៥៣នៃច្បាប់ភូមិបាលប្រទេសកម្ពុជា តំណាងប្រជាពលរដ្ឋចំនួន៥០គ្រួសាររូបនេះបានខ្នះខ្នែងសុំការប្រឹក្សាខាងច្បាប់ជាមួយមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
កិច្ចខិតខំរបស់លោក ហេង សុខ ដើម្បីបានយោបល់ប្រឹក្សាខាងច្បាប់នេះមិនអាចបង្អាក់បណ្តឹងរបស់មេការក្រុមហ៊ុន LYP Group របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានទេ។ បន្ទាប់ពីលោកត្រូវបានសាកសួរ ដោយក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញារងម្នាក់ តំណាងពលរដ្ឋរូបនេះ ត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោសក្រោមបទចោទថា «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
VOA ព្យាយាមសុំការអធិប្បាយពីលោកហេង សុខ បន្ទាប់ពីលោកត្រូវបានលោក អ៊ង រី ព្រះរាជអាជ្ញារង ចោទប្រកាន់តាមមាត្រា២៥៣នៃច្បាប់ភូមិបាល ក៏ប៉ុន្តែលោកមិនមានពេលដើម្បីបកស្រាយបញ្ជាក់ពីការចោទប្រកាន់មកលើរូបលោកទេ។ មុនពេលត្រូវបានគេយកទៅឃុំនៅពន្ធនាគារខេត្តកោះកុង លោកហេង សុខបានប្រាប់ VOA ថា៖
«កុំអាលៗ ខ្ញុំកំពុងនៅក្នុងតុលាការឥឡូវហ្នឹង។ សុំកុំអាល បាទៗ ខ្ញុំកំពុងចៅក្រមសាកសួរខ្ញុំឥឡូវហើយបាទ»។
លោកហេង សុខ វ័យ៤៨ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលកំពុងមានវិវាទដីទំហំ១០៣ហិកតាជាមួយក្រុមហ៊ុន LYP Group របស់លោក លី យ៉ុងផាត់ ដែលជាសេដ្ឋីម្នាក់ដ៏មានឥទ្ធិពល ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ គឺពីរថ្ងៃមុនពេលការបោះឆ្នោតព្រឹទ្ធសភា បន្ទាប់ពីតំណាងប្រជាពលដ្ឋរូបនោះត្រូវសង្ស័យថា បានចូលទៅបោះបង្គោលលើដីដែលរងការឈូសឆាយដោយគ្រឿងចក្ររបស់ក្រុមហ៊ុន កាលពីចុងឆ្នាំ២០១៧។
មាត្រា២៥៣ នៃច្បាប់ភូមិបាលឆ្នាំ២០០១បានចែងថា៖
«ជនណាដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះជាមិនទាន់បានធ្វើប័ណ្ណ ឬកំពុងមានទំនាស់ក៏ដោយ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១៥០០០០០(មួយលានប្រាំសែន)រៀលដល់២៥០០០០០០(ម្ភៃប្រាំលាន) រៀល ឬ/និងដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស»។
លោកឡាយ ទីរ៉ូ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោក ហេង សុខ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកោះកុង បន្ទាប់ពីតុលាការសម្រេចឃុំខ្លួនលោក។ លោកបានថ្លែងយ៉ាងដូច្នេះ៖
«គាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ហើយប៉ូលិសយើងគឺអនុវត្តតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការហ្នឹង បញ្ជូនគាត់ទៅពន្ធនាគារខេត្តកោះកុងហើយប្អូន»។
លោកមិនអាចផ្តល់សេចក្តីអធិប្បាយបន្ថែមពាក់ព័ន្ធនឹងភស្តុតាងដែលសមត្ថកិច្ចប្រមូលបានដើម្បីគាំទ្រដល់ការចោទប្រកាន់របស់អយ្យការអមសាលាដំបូងខេត្តកោះកុងបានទេ ដោយលោកហេង សុខត្រូវបាននាំខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកគីរីសាគរ ជាទីដែលមេការក្រុមហ៊ុន LYP Group គឺលោកចាន់ ណាគ្រីបានប្តឹងលោកហេង សុខ។ លោកថា អង្គភាពលោកបានទទួលបញ្ជាពីស្នងការរងមួយរូប ឲ្យដោះស្រាយករណីនេះ ដោយបញ្ជូនលោកហេង សុខមកតុលាការខេត្ត ព្រោះក្រុមហ៊ុនមិនព្រមដោះស្រាយនៅត្រឹមស្ថាប័ននគរបាល។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ថ្លែងថា ការឃុំលោកហេង សុខជារឿងអយុត្តិធម៌សម្រាប់ជនស្លូតត្រង់ និងជាយុទ្ធសាស្ត្របំបាត់សំឡេងអ្នកតវ៉ាប្រឆាំងការរំលោភបំពានដីធ្លី។ លោកបញ្ជាក់ឲ្យដឹងថា ក្រុមសមត្ថកិច្ចមួយចំនួនអះអាងបញ្ជាក់ប្រាប់លោកថា លោកហេង សុខមិនមានកាន់កាប់អាវុធណាមួយដើម្បីប្រព្រឹត្តសកម្មភាពហិង្សាលើនរណានោះឡើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះឲ្យដឹងទៀតថា មេការក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ដែលប្តឹងលោកហេង សុខនោះ ក៏មិនស្ថិតនៅកន្លែងកើតហេតុ ដូច្នេះលោកមិនដឹងថា តើតុលាការយល់យ៉ាងដូចម្តេចទើបសម្រេចឃុំខ្លួនលោកហេង សុខក្រោមការចោទពីបទបង្កអំពើហិង្សានេះ។ លោក អ៊ិន គង់ជិត អះអាងថា សកម្មជនការពារដីធ្លីរូបនេះ មិនមានប្រវត្តិប្រើអំពើហិង្សាក្នុងការតស៊ូមតិនោះឡើយ។
«គាត់បានធ្វើការតស៊ូ ទាមទារ ការពារសិទ្ធិដីធ្លីរបស់គាត់ហ្នឹងដោយអហិង្សា ដោយសុចរិត អីចឹងគាត់គ្មានគំនិត ចេតនានឹងទៅបង្កអ្វីទៅលើក្រុមហ៊ុនឡើយ»។
នៅមុនពេលដែលអាជ្ញាធរចាប់ខ្លួនលោកនោះ លោកហេង សុខ តំណាងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងឃុំព្រែកខ្សាច់ ស្រុក គិរីសាគរ ខេត្តកោះកុង បានប្តឹងទៅអភិបាលខេត្តកោះកុងគឺអ្នកស្រីមិថុនា ភូថងដើម្បីសូមកិច្ចអន្តរាគមន៍។ តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរូបនេះបានស្នើសុំអ្នកស្រីមិថុនា ភូថងចុះបញ្ជីដីទំហំដី១០៣ហិកតា គ្រប់គ្រងជាកម្មសិទ្ធិ។ បណ្តឹងរបស់លោកបានដាក់ទៅកាន់អភិបាលខេត្តកោះកុង តាំងពីខែធ្នូឆ្នាំ២០១៧ តែគ្មានការឆ្លើយតប។
លោក គឹម វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់ VOA ថា អង្គភាពរបស់លោកមិនបានចាប់ខ្លួនលោកហេង សុខនោះទេ តែលោកហេង សុខត្រូវបានគេដឹកបញ្ជូនមកប៉ុស្តិ៍នគរបាលរបស់លោកដើម្បីបំភ្លឺអំពីការចោទប្រកាន់របស់ភាគីក្រុមហ៊ុន។ លោកនាយប៉ុស្តិ៍រៀបរាប់ដំណើររឿងយ៉ាងដូច្នេះថា៖
«ខ្ញុំអត់បានទៅចាប់ទេ។ គេអញ្ជើញគាត់មកប៉ុស្តិ៍ហ្នឹង សុំគាត់បំភ្លឺយោងតាមបណ្តឹងរបស់ខាងក្រុមហ៊ុន។ ហើយគាត់អញ្ជើញមកប៉ុស្តិ៍ខ្ញុំ។ ខ្ញុំបំភ្លឺគាត់ក្នុងករណីរឿង តើប្អូនមកធ្វើបោះបង្គោលកន្លែងនោះ បោះបង្គោលកន្លែងដីក្រុមហ៊ុនគេហ្នឹង យ៉ាងម៉េច? ស្តាប់បាននៅ?...ហើយខ្ញុំក៏សួរគាត់តាមដំណើររឿង ហើយគាត់ទទួលស្គាល់ថា គាត់បោះពិតប្រាកដមែន»។
លោក គឹម វណ្ណា ពន្យល់បន្តថា៖
«ហើយដល់គាត់បោះហ្នឹង បោះក្នុងដីគេមានកម្មសិទ្ធិត្រឹមត្រូវរបស់ក្រុមហ៊ុនគេ ស៊ីញេដោយការអភិវឌ្ឍរបស់ប្រទេស តំណាងប្រទេស។ ហើយអីចឹងអ្វីដែលពាក់ព័ន្ធហ្នឹង ខ្ញុំធ្វើតាមហ្នឹង។ ដល់ឆ្លើយបំភ្លឺប៉ុណ្ណឹង ខ្ញុំក៏អញ្ជើញគាត់ទៅខេត្តទៅ។ ខ្ញុំអត់មានពាក់ព័ន្ធនឹងចាប់គាត់ទេ។ ដល់ពេលទៅដល់ខេត្តនោះ បានគេមានដំណោះស្រាយពាក់ព័ន្ធនឹងការងារយុត្តិធម៌នោះ»។
VOA ព្យាយាមសុំការអធិប្បាយពីលោកមេប៉ុស្តិ៍ប៉ូលិសឃុំនេះបន្ថែមទៀត អំពីភស្តុតាងដែលសមត្ថកិច្ចប្រមូលបានដើម្បីកសាងសំណុំរឿង តែលោកបានទម្លាក់ទូរស័ព្ទចុះ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកចាន់ ណាគ្រី មេការក្រុមហ៊ុន LYP Group នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង និងម្ចាស់ក្រុមហ៊ុន គឺលោក លី យ៉ុងផាត់ បានទេ នៅថ្ងៃច័ន្ទនេះ។ VOA ក៏មិនទាន់ទទួលបានការអធិប្បាយពីលោកកែវ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុងបានដែរ ដោយទូរស័ព្ទរបស់លោករោទិ៍ តែគ្មានអ្នកទទួល។
លោកអ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា វិវាទដីធ្លីរបស់លោកហេង សុខ តំណាងពលរដ្ឋ៥០គ្រួសារ និងប្រជាពលរដ្ឋចំនួន១៧គ្រួសារផ្សេងទៀតជាមួយក្រុមហ៊ុនរបស់លោកសមាជិកព្រឹទ្ធសភាលី យ៉ុងផាត់នោះ បានកើតឡើង ក្រោយពីក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ចប្រមាណ៩៩៧៧ហិកតាពីរដ្ឋាភិបាលនៅឆ្នាំ ២០១០។ ផ្ទៃដីនេះគឺស្ថិតក្នុងតំបន់ឧទ្យានជាតិបទុមសាគរនៃខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
ផ្ទៃដីដែលលោក ហេង សុខ និងប្រជាពលរដ្ឋផ្សេងទៀតជាង៦០គ្រួសារទៀត កំពុងទាមទារចុះបញ្ជីជាកម្មសិទ្ធិគ្រប់គ្រងនោះមានចំនួន១២៧,៨៨ ហិកតា៕