ព្រះ​មហាក្សត្រ​ខ្មែរ​យាង​​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម

រូបឯកសារ៖ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ បានមកដល់​​វិមានឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

ព្រះ​មហា​ក្សត្រ​ខ្មែរ​ កាលពី​នៅថ្ងៃ​ពុធម្សិលម៉ិញ​នេះ​ បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កុម្មុនីស្តមួយ​​នេះ​រយៈ​ពេល​បីថ្ងៃ។​ ​មិន​មាន​ការ​បញ្ជាក់​ពី​គោល​បំណង​របស់​ព្រះអង្គ​ក្នុង​ការ​យាង​ទៅ​វៀតណាម​នោះ​ទេ។

កាលពីថ្ងៃ​ពុធម្សិលម៉ិញ​ ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​នរោត្តម​សីហមុនី​បាន​យាង​ទៅ​ប្រទេស​វៀត​ណាម​ដើម្បី​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​នៅ​ក្នុង​ទីក្រុង​ហាណូយនិង​ទី​ក្រុង​ដាណាង។​ នេះ​បើ​យោង​តាម​ព្រះ​រាជសារ​របស់​អង្គ​ព្រះ​មហា​ក្សត្រ។​

ព្រះ​រាជសារ​របស់​ព្រះអង្គ​មិន​បាន​ផ្តល់​ហេតុផល​នៃ​ការ​យាង​ចេញ​ទៅ​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា​នោះ​ឡើយ។​

ក៏​ប៉ុន្តែ​ការ​យាង​ចេញ​របស់​ព្រះ​អង្គ​ពី​ប្រទេស​កម្ពុជា​ទៅ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះកើត​មាន​ឡើងក្រោយ​ការ​បញ្ចប់​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​ជាន់ខ្ពស់​ខ្មែរ​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ទៅប្រទេស​វៀតណាម​ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​ធ្នូ​នេះ។

ព្រះរាជ​សារ​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ចុះ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ទូល​ព្រះ​បង្គំ ខ្ញុំ​ព្រះ​ករុណា​ ខ្ញុំ​សូម​ព្រះ​អនុញ្ញាត ​និង​អនុញ្ញាត​ពី​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទាំង​ពីរ​គណ និង​ព្រះ​ថេរានុត្ថិរៈ​គ្រប់​ព្រះ​អង្គ ​សម្តេចឯកឧត្តម​លោក​ជំទាវ​ អស់​លោក​ ​លោកស្រី​ លោក​តា​ លោក​យាយ​ ​មាមីង​ បងប្អូន​ ក្មួយៗ​ ជនរួម​ជាតិ​ទាំង​អស់​ អវត្តមាន​ពី​មាតុ​ប្រទេស​ពី​ថ្ងៃ​ទី​១៩​ថល់២១ខែ​ធ្នូឆ្នាំ​២០១៨​ត​ទៅ​ ដើម្បី​យាង​បំពេញ​ព្រះ​រាជទស្សន​កិច្ច​ នៅទី​ក្រុង​ហាណូយ និង​ទីក្រុង​ដាណាងនៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ តាម​សំណើសុំ​យាង​របស់​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម»។​

ព្រះ​រាជសារ​របស់​ព្រះ​អង្គ​បាន​បន្ត​ទៀត​ថា​ ក្នុង​ពេលព្រះ​អង្គ​ពុំមាន​វត្តមាន​ក្នុង​ប្រទេស​នោះលោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភានឹង​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី។​ ​លោក​សាយ ឈុំ ​ក៏​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

កាល​ពី​ដើម​ខែ​ធ្នូ​នេះ​ លោ​ក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ​បាន​ដឹកនាំ​ក្រុម​មន្ត្រី​សំខាន់ៗ​របស់​លោក​ មាន​ទាំង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ព្រំដែន​ផង​នោះ ​ ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​ ​ទីដែល​លោក​ហ៊ុន សែន​បាន​ជួប​ក្រុម​មេដឹក​នាំ​នៃ​រដ្ឋ​កុម្មុយ​នីស្ត​មួយ​នេះ។​

ក្នុង​ដំណើរ​ទស្សន​កិច្ច ​ដែល​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី​៦ដល់​ថ្ងៃ​ទី​៨​ខែ​ធ្នូនោះ​ ​លោក​ហ៊ុន សែននិង​ភាគី​វៀតណាម​«បាន​ឯកភាព​គ្នា​រៀប​ចំ​រំឭក​ខួប​អនុស្សា​វរីយ៍​លើក​ទី​៤០នៃ​ការ​តស៊ូ​រួម​គ្នា​ដើម្បីរំលំរបប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត»។​

ប្រទេស​កម្ពុជានិង​វៀតណាមក៏​បាន​ព្រម​ព្រៀង​គ្នា​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ​មិត្តភាព​ សន្តិភាព​ ​ស្ថិរភាព​ ​និង​សហ​ប្រតិបត្តិ​ការ​រឹងមាំ​យូរ​អង្វែង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយៗ​ និង​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​ទាំង​សង​ខាង​ ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​គោក​ដែល​នៅ​សេស​សល់ចំនួន​១៦​ភាគរយ​ផ្អែក​លើ​ស្មារតី​នៃ​មិត្តភាព​ ​និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ អ៊ុំ ដារ៉ាវុធ​ អ្នកនាំ​ពាក្យ​ព្រះ​បរម​រាជវាំង​ ​តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ ​នៅ​ថ្ងៃ​ពុធ​នេះ។​

ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​នរោត្ត​សីហមុនី​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជំនួស​ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បរម​រតន​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០០៤។ ​ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​អង្គ​ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​សកម្ម​ភាព​ជា​ច្រើន​នៅ​ក្នុង​កិច្ចការ​មនុស្ស​ធម៌។​ ​ ព្រះ​អង្គ​ក៏​ពុំទាន់​បាន​ធ្វើ​អ្វី​ឲ្យ​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​នៅ​ក្នុង​នយោបាយ​កម្ពុជា​ ដូច​ព្រះ​បិតា​របស់​ព្រះ​អង្គ​នោះ​ដែរ​ ដោយ​ព្រះ​អង្គ​បាន​គ្រង​រាជ្យ​ តែ​មិន​ធ្វើ​នយោបាយ ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

ការណ៍​នេះត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​កាលពី​ពេល​កន្លង​មក​ថា​ ​ការ​យាង​បំពេញ​ទស្សន​កិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​វៀតណាម​នោះនឹង​ពុំមាន​ឥទ្ធិពល​ខាង​នយោបាយ​នោះ​ឡើយ​ តែ​ការ​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នោះគឺជា​កាយ​វិការ​នៃ​ការ​ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជនវៀតណាម​ ក៏​ដូច​ជា​ការ​រឹតចំណង​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត។​

ក្រៅ​ពីការ​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​នោះ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​នរោត្ត​សីហមុនី​ ក៏​បាន​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ចិន​ជា​ញឹកញាប់​ដែរ។​ ​ប្រទេស​ចិន​ក៏​ជាទី​ដែល​ព្រះអង្គ​ទទួល​បាន​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​ជា​ប្រចាំ​ផង​ដែរ៕