ព្រះមហាក្សត្រ​ខ្មែរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅបោះឆ្នោត

រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ព្រះរាជសារ​អំពាវនាវ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​តាំងពីថ្ងៃទី​១៨ខែ​ឧសភា​ហើយ​ទើបតែ​ចែក​ផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះ​​និង​​ស្រប​ពេល​​​ដែល​អ្នកនយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ទៅបោះឆ្នោត។

ព្រះមហាក្សត្រ​នរោត្តម សីហមុនី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាងមុខដោយ​កុំ​ព្រួយបារម្ភ​ពី​ការគាប​សង្កត់​ ការគំរាម​កំហែង​ឬ​សម្លុត​ពីគណបក្ស​នយោបាយ​ឬ​បុគ្គលណាម្នាក់​។

ព្រះរាជសារ​អំពាវនាវត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​តាំងពីថ្ងៃទី​១៨ខែ​ឧសភា​ហើយ​ទើបតែ​ចែក​ផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះនិងស្រប​ពេល​ដែល​អ្នកនយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ទៅបោះឆ្នោត​។

ដោយ​ចាត់ទុកថា​ការបោះឆ្នោត​ក្នុង​ពេល​នេះ​ធ្វើ​ឡើង​ដោយ​«សេរី ត្រឹមត្រូវ​ យុត្តិធម៌ ស្មើភាព​និង​ដោយ​សម្ងាត់​‍» ព្រះមហាក្សត្រ​នរោត្តម សីហមុនី​បាន​បន្ថែម​នៅក្នុង​ព្រះរាជសារថា៖​

«ខ្ញុំ​សូមជនរួមជាតិ​ទាំងអស់​មេត្តាប្រើសិទ្ធិ​សេរីភាព​ បោះឆ្នោត​ទៅតាម​សតិ​សម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ​ដែល​មាន​ទំនុក​ចិត្ត​ទៅលើ​បេក្ខជន​ណាម្នាក់​ គណបក្ស​នយោបាយ​ណាមួយ​ដោយ​សេរី‍»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​នេះ​ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួត​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មានអ្នកគាំទ្រ​ជាង​៤០​ភាគរយ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុងពេល​កន្លងមក។

គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើសុំ​ពលរដ្ឋ​កុំ​ទៅបោះឆ្នោត​ដើម្បី​កុំ​ផ្តល់ភាព​ស្រប​ច្បាប់​ដល់រដ្ឋាភិបាល​ថ្មីហើយ​ចាត់ទុក​ថា​វាជាការបោះឆ្នោត​ក្លែង​ក្លាយ។ អ្នកគាំទ្រ​នៃ​គណបក្ស​នេះ​បាន​ធ្វើ​បាតុកម្មនិង​គ្រោង​ធ្វើ​បាតុកម្ម​ជាបន្ត​បន្ទាប់​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារាំង​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ដក​ការគាំទ្រ​ចេញ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ៕