នៅ​ពេល​ដែល​​ប្រទេស​កូរ៉េ​ខាង​ជើង​​បង្ក​រឿង​ជា​មួយ​កូរ៉េខាង​ត្បូង លោក​ Kim Jong Un នៅ​ស្ងៀម​ស្ងាត់

រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក Kim Jong Un និង​ប្អូនស្រី​របស់​លោក​គឺ​អ្នកស្រី Kim Yo Jong ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae-in នៅ​វិមាន​សន្តិភាព​នៅ​ក្នុង​ភូមិ Panmunjom កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

នៅ​ពេល​ដែល​​ប្រទេស​កូរ៉េ​ខាង​ជើង​​បង្ក​រឿង​ជា​មួយ​កូរ៉េ​ខាង​ត្បូង លោក​ Kim Jong Un នៅ​ស្ងៀម​ស្ងាត់ ហើយ​​អ្នក​ស្រី​ Kim Yo Jong ដែល​ជា​ប្អូន​ស្រី​លោក​​បានលេច​មុខ​បំពេញ​មុខនាទី​ច្រើន​ជាង​មុន។

នៅ​ពេល​ដែលប្រទេស​កូរ៉េ​ខាង​ជើង​បង្កើនការ​គាបសង្កត់​ខាង​យោធាលើ​កូរ៉េខាង​ត្បូង មេដឹក​នាំកូរ៉េខាង​ជើងលោក​ Kim Jong Un បាន​អវត្តមានពី​សាធារណជន។​

លោក Kim Jong Un ដែល​បានចេញ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​បន្តិចបន្តួចក្នុង​ឆ្នាំ​នេះហាក់​ដូចជា ផ្ទេរ​អំណាចឱ្យ​ប្អូនស្រី​លោកដែល​មាន​អំណាច​ច្រើន​ជាង​មុន​ឱ្យ​មើល​ការ​ខុសត្រូវ​លើ​ការ​បង្ក​រឿងរបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រឆាំងនឹង​រដ្ឋាភិបាលក្រុង​សេអ៊ូល។

អ្នកស្រី Kim Yo Jong ​ដែល​ធ្លាប់ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជំនួយការសំខាន់ម្នាក់របស់​បង​ប្រុស​ បាន​ចាប់​ផ្តើម​ចេញសេចក្តី​ថ្លែងការណ៍​សាធារណៈរបស់​អ្នក​ស្រី​ផ្ទាល់​កាលពី​ខែ​មីនា។ ចាប់​តាំង​ពីពេល​នោះ​មក​អ្នកស្រី​បាន​ក្លាយ​ទៅ​ជាមុខ​មាត់​សាធារណៈ​នៃ​គោលជំហរគឃ្លើន​ជាង​មុន​របស់​កូរ៉េខាង​ជើងប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង។​

កាល​ពី​សប្តាហ៍​ទីមួយ​នៃ​ខែ​មិថុនា​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថាខ្លួន​នឹង​កាត់​ផ្តាច់​បណ្តាញ​ទំនាក់ទំនងផ្លូវការ​ទាំង​អស់​ជាមួយ​កូរ៉េ​ខាង​ត្បូង។​ កាលពី​ថ្ងៃអង្គារ​ ទី១៦ ខែមិថុនា​ កូរ៉េ​ខាង​ជើង​បាន​ប្រើគ្រឿង​ផ្ទុះដើម្បី​បំផ្ទុះ​អាគារ​ដែល​ជា​ស្ថានទូតអន្តរ​កូរ៉េ​នៅ​ខាង​ជើង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ។​ មួយ​ថ្ងៃ​បន្ទាប់​មក​កូរ៉េ​ខាង​ជើងបាន​ប្រកាស​ថា​ខ្លួន​នឹងដាក់​ក្រុម​ទាហាន​ជា​ថ្មី ​និង​ធ្វើ​សមយុទ្ធ​យោធា​ជា​ថ្មីឡើង​វិញ​នៅ​ជិត​ព្រំដែន។

គេ​ដឹង​មិន​ច្បាស់​លាស់​ទេហេតុ​ដូច​ម្តេច​បាន​ជាកូរ៉េ​ខាង​ជើង​សម្រេចនៅ​ពេល​នេះ​ថា​ជា​ពេល​វេលាដើម្បី​បង្កើនមុខមាត់​សាធារណៈ​របស់អ្នក​ស្រី Kim Yo Jong។​ ភាព​មាន​អំណាច​ជាង​មុន​របស់​អ្នក​ស្រីត្រូវ​ចំ​ពេល​គ្នា​ជាមួយពាក្យ​ចចាម​អារាមដែល​មិន​បាន​ត្រូវ​បញ្ជាក់​ថា​ពិត​ឬ​យ៉ាង​ណា​អំពី​សុខភាព​លោក Kim Jong Un ដែល​លេច​មាន​ឡើង​នៅ​ពេល​លោក​អវត្តមាន​បី​អាទិត្យ​កាលពី​ចុង​ខែឧសភា និង​ដើម​ខែ​មិថុនា។​

កង្វល់​ខាង​សុខភាព

លោក Kim Jong Un អាយុ​៣៦​ឆ្នាំដែល​ឡើង​ទម្ងន់ច្រើន​កាលពីប៉ុន្មាន​ឆ្នាំ​មុន​នេះមិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​សំខាន់​មួយ​ផ្តល់​កិត្តិយស​ដល់​សពជីតា​លោក​ដែល​ជា​មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េ​ខាង​ជើង។ ការ​និយាយ​ស្មានៗតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក៏​មាន​ច្រើន​នៅ​ពេល​បន្ទាប់​មកដោយ​មាន​រួម​បញ្ចូលរបាយការណ៍​ថា​លោកទទួលការ​វះ​កាត់​បេះដូង​ផង​ដែរ។

ពាក្យចចាមអារ៉ាម​ទាំង​នេះ​បាន​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​ស្ថិរភាព​នៃ​សន្តតិវង្ស Kim ដែល​បាន​គ្រប់គ្រងប្រទេស​កូរ៉េខាង​ជើង​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ត្រូវ​បង្កើត​កាល​ពី​ឆ្នាំ១៩៤៨​មក។​

លោក Kim Jong Un ជា​សមាជិក​ទី​បី​នៃ​គ្រួសារ​លោក​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ​ហាក់​ដូច​ជា​មិន​បាន​តែងតាំងអ្នក​បន្ត​តំណែង​ពី​លោក​ទេ។

លោក Chad O’Carroll ជា​ប្រធាន​ប្រតិបត្តិ​នៃអង្គការ Korea Risk Group ដែល​បង្កើត​គេហទំព័រ NK News។​ លោក​បាន​និយាយ​ថា ​កង្វល់​អំពី​សុខភាព និង​បញ្ហាការ​បន្ត​តំណែង​អាច​ជា​ការ​ពន្យល់​មួយ​ក្នុង​បណ្តា​ការ​ពន្យល់​មួយ​ចំនួន​អំពី​ការ​ពង្រីក​មុខ​នាទី​ដឹកនាំ​របស់​អ្នក​ស្រី​ Kim Yo Jung។

លោក O’Carroll បាន​និយាយ​ថា «ខ្ញុំ​យល់​ថា ​ការណ៍​នេះសម​ហេតុ​សម​ផល​ណាស់។ ​បើ​មិន​ដូច្នេះ​ទេ​ ហេតុ​ដូចម្តេច​មិន​ឱ្យ​នរណា​ផ្សេង​ទៀតបញ្ជូន​សារ​ទាំង​នេះ‍»?

ក៏​ប៉ុន្តែទោះ ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សម​ដូច​លោក O’Carroll និង​ជន​ឯទៀតៗ​ចង្អុល​បង្ហាញ​ថា​មាន​ការ​ពន្យល់​ច្រើន​មិន​ទាក់ទង​នឹង​សុខភាពរបស់​លោក Kim Jong Un ឬ​ស្ថិរភាព​នៃ​របប​គ្រប់គ្រង​នេះ​ទេ។

ការ​បត់​បែន​ច្រើនជាង​មុន

លទ្ធភាព​មួយ​គឺ​ថា​ដោយ​អនុញ្ញាត​ឱ្យ​ប្អូន​ស្រី​លោកជា​មុខ​មាត់​សាធារណៈ​នៃការ​ប្រឈម​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ លោក Kim Jong Un ប្រហែល​អាច​រក្សា​ទុកភាព​អាច​បត់​បែន​បានរបស់​លោក​ក្នុង​ពេល​អនាគត។

លោក​ Ramon Pacheco Pardo ដែល​ជា​អ្នក​ជំនាញ​ខាង​កិច្ច​ការ​កូរ៉េ​នៅ​ឯ​មហាវិទ្យាល័យ​ King’s College ក្នុង​ក្រុង Londres បាន​និយាយថា «និយាយ​ឱ្យ​ចំ​ទៅ​គឺ​ថា​លោក​ Kim Jong Un មិនប្រឡាក់ប្រឡូក​នឹងការ​បង្កើន​ភាព​តានតឹង​ដោយ​ផ្ទាល់​ទេ»។

ក្នុង​ឆ្នាំ២០១៨​ លោក Kim Jong Un បានធ្វើ​ជំនួប​កំពូលបី​លើក​ជា​មួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​លោក​គឺ​លោក​ប្រធានាធិបតី Moon Jae-in។​

លោក Pacheco Pardo បាន​ថ្លែង​ថា «បើ​មាន​ជំនួប​កំពូល​មួយ​លើកទៀត វា​មាន​ន័យ​ថា​លោក Kim Jong Un មិន​មែន​ជា​ជន​នាំ​ឱ្យ​មានការ​បង្កើន​ភាព​តានតឹង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ទេ»។

កាតព្វកិច្ច​ខាងចំណង​ទាក់​ទង​អន្តរ​កូរ៉េ

ហេតុ​ផល​មួយ​ទៀត​ដែល​នៅ​ពេល​នេះ​អ្នកស្រី Kim Yo Jong ជា​អ្នក​លេច​មុខ​មាត់​គឺ​ការ​ទាក់ទង​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរហាក់​ដូច​ជាការងារ​ធំ​បំផុត​របស់​អ្នក​ស្រី។

នៅ​ក្នុងឆ្នាំ២០១៨​នៃ​រយៈពេលទំនាក់​ទំនងល្អ​ប្រសើរ​ជាង​មុន​រវាង​ប្រទេស​កូរ៉េទាំង​ពីរ​ អ្នក​ស្រី Kim Yo Jong បាន​បម្រើ​ការ​ជាប្រេសិត​ពិសេសហើយ​បាន​ក្លាយ​ទៅ​ជាសមាជិក​ទីមួយ​នៃសន្តតិវង្ស Kim ដែល​បាន​ធ្វើ​ដំណើរទៅ​កូរ៉េ​ខាង​ត្បូងចាប់​តាំង​ពី​សង្គ្រាមកូរ៉េ​ក្នុង​ទសវត្សរ៍​១៩៥០​មក។​

នៅ​ពេល​នេះ​ អ្នក​ស្រី​ហាក់​ដូច​ជាបម្រើការ​ជាអ្នក​បំផ្លាញដោយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​បំផ្លាញសមិទ្ធិអន្តរកូរ៉េ​ជាច្រើន​ដែល​បាន​សម្រេច​ក្នុង​រយៈពេល​នោះ។

ក្នុង​ខែ​មិថុនាអ្នកស្រី​ Kim Yo Jong បានរិះគន់​ច្រើន​ដង​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូងថា​បាន​អនុញ្ញាតឱ្យពួក​សកម្មជនបង្ហោះ​ខិត្តប័ណ្ណ​ឆ្លង​កាត់​ព្រំដែន។​ អ្នក​ស្រី​បាន​ហៅ​ពួក​ជន​រត់​ចោល​ប្រទេសដែល​បាន​បញ្ជូន​ខិត្តប័ណ្ណ​ទាំង​នេះ​ថា​ជា​ «មនុស្ស​ថោកទាប​ និង​ជា​មនុស្ស​ពាល‍»។

នៅ​ពេលកូរ៉េខាង​ត្បូង​បាន​ស្នើ​ក្នុងសប្តាហ៍​ទី​ពីរ​នៃ​ខែ​មិថុនា​សុំ​បញ្ជូន​ពួក​បេសកជនដើម្បី​បន្ថយ​ភាព​តានតឹង​ អ្នក​ស្រី Kim Yo​ Jong ​បានច្រាន​ចោល​សេចក្តី​ស្នើ​នេះ​ថា «គ្មាន​ភាព​ប្រាកដ​និយម» «គ្មានការ​ប៉ិន​ប្រសប់» «គ្មាន​ការប្រុង​ប្រយ័ត្ន» «គួរ​ឱ្យ​ខ្លាច» និង​ជា «រឿង​កំប្លែក​កំប៉ិកកំប៉ុក‍»។

តើការណ៍​នេះនាំ​ឱ្យ​មាន​សមិទ្ធិផល​ខាង​យោធា​ឬ​ទេ?

អ្នក​ស្រី Kim Yo Jong អាយុ៣២​ឆ្នាំនៅ​ពេល​នេះកាន់​តំណែង​ជានាយិកា​រង​នៃមន្ទីរ​រណសិរ្សបង្រួប​បង្រួមនៃ​គណបក្សពលករ​កូរ៉េ​ដែល​កាន់​ការ​ខាងទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាងត្បូង​ដោយ​មាន​រួម​បញ្ចូល​ការ​ឃោសនា​ និង​ចារកម្ម​ផង​ដែរ។​

អ្នក​វិភាគ​ខ្លះមាន​ជំនឿ​ថា​គោល​ជំហរតឹង​រ៉ឹង​ថ្មីរបស់​អ្នក​ស្រី Kim Yo Jong ប្រហែល​បានត្រូវរៀប​ចំ​ឡើងដើម្បី​ពង្រឹង​គុណវុឌ្ឍិខាង​យោធា​របស់​អ្នក​ស្រី​ និង​ពង្រីក​អំណាច​អ្នក​ស្រី​ផង​ដែរ។​ការណ៍​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​នៅ​ក្នុង​ប្រព័ន្ធ​មួយ​គ្របដណ្តប់ដោយ​ពួក​បុរស និង​ជា​ប្រព័ន្ធឋានានុក្រម​ដូច​ប្រព័ន្ធ​នៅ​ក្នុង​កូរ៉េ​ខាង​ជើង។

លោក Jay Song ជាអ្នក​បង្រៀន​ផ្នែក​ការ​សិក្សា​អំពី​ប្រទេស​កូរ៉េ​នៅ​ឯ​វិទ្យាស្ថាន​កូរ៉េ​នៃ​សាកលវិទ្យាល័យ​ Melbourne ក្នុង​ប្រទេស​អូស្ត្រាលី។ ​លោក​បាននិយាយ​ថា​ «នៅ​ពេល​មាន​កង្វល់ច្រើន​ឡើងៗ​អំពី​សុខភាព​បង​ប្រុស​អ្នក​ស្រី អ្នក​ស្រី Kim Yo Jong ​បង្ហាញអំណាច​អ្នក​ស្រី​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​ពួក​អ្នកនិយមនយោបាយ​តឹងរ៉ឹង​ និង​ពី​ពួក​យោធា‍»។

ស្រដៀងគ្នា​នេះ​ដែរ​ អ្នក​វិភាគ​ខ្លះសង្ស័យ​ថា​អ្នក​ស្រី Kim Yo Jong នៅ​ពេល​នេះបង្កើនភាព​តានតឹង​ជាមួយ​កូរ៉េខាង​ត្បូង​ដើម្បី​បង្កើន​គុណវុឌ្ឍិខាង​យោធារបស់​អ្នក​ស្រី​ និង​បំបាត់កង្វល់​នៅ​ក្នុង​ចំណោមពួក​មេដឹកនាំ​កូរ៉េខាង​ជើង​នៅ​ក្រោយការ​ដំឡើងឋានៈ​អ្នក​ស្រី​នៅ​ក្នុង​ឋានានុក្រម​នៃ​ប្រទេស​នេះ។

លោក Christopher Green ដែល​ជា​អ្នក​បង្រៀនខាង​ការ​សិក្សា​អំពី​ប្រទេស​កូរ៉េ​នៅ​ឯ​សាកល​វិទ្យាល័យ​ Leiden ប្រទេសហូឡង់​បាន​និយាយ​ថា «ខ្ញុំ​យល់​ថាការណ៍​នេះគួរ​ឱ្យ​ជឿ​បាន‍»។

លោក​ Green បានថ្លែង​ថាទោះ​ណា​ជាការ​យល់​ច្រឡំមួយដោយ​ស្មានថា​ ការណ៍​នេះ​មាន​ន័យ​ថា​លោក Kim Jong Un មាន​ជំងឺ​ក៏​ដោយ។​

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា «លោក Kim Jong Un ​ប្រហែលមាន​អំណាច​ថម​ថយ ក៏ប៉ុន្តែគ្មានអ្វី​បញ្ចាក់​ថា​ជា​ការ​ពិត​ទេ‍»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ​